តម្លៃ​មាស​កាលពី​ថ្ងៃ​អង្គារ​បាន​កើន​ឡើងដល់​តម្លៃ ២ ០២៥,១៧​ ដុល្លារ (​ក្នុង ១​ អោន​ស៍​) ដែលជា​តម្លៃ​ខ្ពស់បំផុត បន្ទាប់ពី​តម្លៃ ២ ០៧០​ ដុល្លារ ដែល​បាន​កើនឡើង​នៅ​ខែមីនា ឆ្នាំ​ ២០២២​។ តម្លៃ ២ ០៧០​ ដុល្លារ​នេះ ត្រូវការ​ត្រឹមតែ​​ប្រហែល ៥​ ដុល្លារ​ទៀត​ប៉ុណ្ណោះ ដើម្បី​បំបែក​តម្លៃ​ខ្ពស់បំផុត​ជា​ប្រវត្តិសាស្ត្រ​របស់​មាស​នៅក្នុង​ខែសីហា ឆ្នាំ​២០២០​។​

​សម្រាប់​ទិសដៅ​រយៈពេល​វែង មាស​អាច​បំបែក​កំណត់ត្រា​ខ្ពស់​នៅក្នុង​ប្រវត្តិ​សាស្ត្រ​របស់ខ្លួន ដែល​បាន​កើតឡើង​ក្នុងអំឡុងពេល​នៃ​វិបត្ដិ​សេដ្ឋកិច្ច​ពិភព​លោក ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​សកល ជាមួយនឹង​ការព្រួយបារម្ភ​បញ្ហា​សេដ្ឋកិច្ច​ថ្មីៗ​ទូទាំង​ពិភពលោក ដូចជា​៖ វិបត្តិ​ធនាគារ​នៅ​សហរដ្ឋអាមេរិក និង​ស្វ៊ី​ស និង​សង្គ្រាម​រុស្ស៊ី​​អ៊ុយ​ក្រែ​ន​ជាដើម​។

​ក្នុង​រយៈពេល​ខ្លី​វិញ អ្នកវិនិយោគ​អាច​ផ្តោតលើ​ទិន្នន័យ​ការងារ​នៅ​សហរដ្ឋ​អាមេរិក​សម្រាប់​ខែមីនា ដែល​គ្រោង​នឹង​ចេញផ្សាយ​ថ្ងៃ​សុក្រ​នេះ វេលា​ម៉ោង ៧:៣០ យប់ (​ម៉ោង​នៅ​កម្ពុជា​)​។ គួរបញ្ជាក់​ផងដែរ​ថា អត្រា​អ្នកមាន​ការងារ​ធ្វើ​នៅ​សហរដ្ឋអាមេរិក​ត្រូវបាន​ព្យាករ​ថា នឹងមាន​ការបន្ថែម​ ២៣៦ ០០០ ប៉ុន្ដែ ដែល​ទាប​ជាង​តួលេខ​ជាក់ស្តែង​កាលពី​ខែ​មុន ៧៥ ០០០ ខណៈ​អត្រា​អ្នក​​គ្មាន​ការងារ​ធ្វើ​ត្រូវបាន​ព្យាករ​ថា នឹង​នៅតែ​កម្រិត ៣,៦% ដដែល​។​

​សម្រាប់​ការវិភាគ​ជួញដូរ​ក្នុង​សប្តាហ៍​នេះ វិនិយោគិន និង​អ្នកជួញដូរ​អាច​ពិចារណា​លើ​ការជួញដូរ​ក្នុង​ចន្លោះ​សុវត្ថិ​ភាព​ពី​តម្លៃ ១ ៩៨៩ ទៅ ២ ០០០​ ដុល្លារ ដោយ​កំណត់​មុខងារ​ទាញយក​ប្រាក់​​ចំណេញ​នៅ​តម្លៃ ២ ០២៣ ​ដុល្លារ និង​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ១ ៩៦៥​ ដុល្លារ​៕