ភ្នំពេញៈ កម្ពុជា​រកចំណូលបាន​ជិត​ ៩៨០ ​លាន​ដុល្លារ​ពី​ការ​នាំចេញ​ម៉ាស៊ីន ឧបករណ៍​អគ្គិ​​ស​នី និង​បំណែក​របស់​វា នៅក្នុង​រយៈពេល ៤ ​ខែ ដើមឆ្នាំ​ ២០២៣ កើន​ជាង​ ៩៤​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២២​។ នេះ​បើតាម​ស្ថិតិ​ពាណិជ្ជកម្ម​នាំចេញ​នៃ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​តារាង​ទិន្នន័យ​ឱ្យដឹងថា ចន្លោះ​ពី​ខែមករា​-​ខែមេសា ឆ្នាំ​ ២០២៣ ទឹកប្រាក់​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​ជំពូក​ទំនិញ ​(HS ២​ខ្ពង់​)​ លេខ​កូដ ៨៥ រួមមាន ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា ទៅ​ទីផ្សារ​អន្តរជាតិ គឺ​ ៩៧៩,០៦​ លាន​ដុល្លារ កើនឡើង ៩៤,២​ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២ ដែលមាន ៥០៤,០៤​ លាន​ដុល្លារ​។ ចំនួន​ទឹកប្រាក់​នេះ​ស្មើនឹង ១៣,៥ ​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​ដែលមាន​ចំនួន

៧ ២៣៤,១២ លាន​ដុល្លារ​។​

​ផ្អែក​តាម​ទិន្នន័យ​ខាងលើ គឺ​ក្នុង​ខែមេសា ឆ្នាំ​ ២០២៣ ការនាំចេញ​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា មាន​ទឹកប្រាក់ ២៤២,២៨​ លាន​ដុល្លារ កើនឡើង ៧៤,៦ ​ភាគរយ​ធៀប​នឹង​ខែមេសា ឆ្នាំ​ ២០២២ ដែលមាន​ចំនួន ១៣៨,៧៦ ​លាន​ដុល្លារ​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៩ ខែឧសភា​ថា ការនាំ​ចេញ​ម៉ាស៊ីន ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា ដែល​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ គឺ​ដោយសារ​កម្ពុ​ជាមាន​ទីផ្សា​រ​ប្រទេស​ធំៗ​ច្រើន​ចាំ​ទទួល​ទិញ​ដូចជា អាមេរិក អឺរ៉ុប ជប៉ុន និង​កូរ៉េ​។ កំណើន​ទឹកប្រាក់​នាំចេញ​ទាំងអស់នេះ ព្រោះតែ​កម្ពុជា​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូលទៅ​ប្រទេស​ជាច្រើន​ផងដែរ​។​

​លោក​លើកឡើង​ទៀតថា ទន្ទឹមនឹង​កំណើន​ទឹកប្រាក់​នាំចេញ​នេះ កម្ពុជា​ក៏​កំពុង​ទាក់ទាញ​បាន​រោងចក្រ​ផលិត​ផលិតផល​ទាំងនេះ​ឱ្យមក​វិនិយោគ​កាន់តែច្រើន​។ បន្ថែម​លើ​នេះ ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​, កម្ពុជា​-​កូរ៉េ​, និង​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP) ក៏​នឹង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​ឱ្យមក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។​

​លោក​ថ្លែងថា​៖ «​កត្តា​ច្បាប់​វិនិយោគ ទីតាំង​ភូមិសាស្ត្រ សម្បូរ​កម្លាំង​ពល​កម្ម ព្រមទាំង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ធំៗ​បាន​ក្លាយជា​ឱកាស​របស់​កម្ពុជា​ក្នុងការ​ទាក់ទាញ​គម្រោង​វិ​និ​យោគ​នានា​ឱ្យ​ប្តូរ​ទីតាំង​មក​ប្រទេស​កម្ពុជា​ដើម្បី​ផលិត​សម្រាប់​នាំចេញ​»​។ លោក​បន្តថា​៖«​នៅពេល​កម្ពុជា​អាច​ផលិត​ផលិតផល​ខាងលើ​បាន​កាន់តែច្រើន វា​ក៏​នឹង​ជួយ​ទាក់ទាញ​ក្រុមហ៊ុន​ផលិត​រថយន្ត និង​ឧស្សាហកម្ម​ធំៗ​ឱ្យមក​វិនិយោគ​ផ្ទាល់​កាន់តែច្រើន​»​។​

​លោក​ប្រាប់ទៀតថា ការនាំចេញ​នឹងមាន​បរិមាណ​កាន់តែច្រើន​នៅពេលដែល​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​ដំណើរ​ទៅមុខ​កាន់តែ​រលូន​។

​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​និយាយថា ការទទួលបាន​ភាព​អនុ​​គ្រោះ​ពន្ធ​ពី​ប្រទេស​ធំៗ​បានធ្វើឱ្យ​ចំនួន​ក្រុមហ៊ុន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​កើន​ឡើងជា​បន្តបន្ទាប់​។ អ្វីដែល​គួរឱ្យកត់សម្គាល់​នៅពេលនេះ គឺ​ប្រភេទ​នៃ​ការបណ្តាក់ទុន​មាន​លក្ខណៈ​ចម្រុះ​។ ការបង្កើត​ភាព​ចម្រុះ​នេះ គឺមាន​ភាព​​ចាំបាច់​ណាស់​សម្រាប់​ផែនការ​បង្កើន​ការនាំ​ចេញទៅ​នៅ​ទីផ្សារ​អន្តរជាតិ ព្រោះ​បើសិន​ផលិតផល​ណាមួយ​មាន​បញ្ហា​ក្នុង​ការបញ្ជាទិញ គឺ​កម្ពុជា​នៅមាន​ផលិតផល​ចម្រុះ​ជាច្រើន​ទៀត​មក​ជំនួស​។ នេះ​គឺជា​ការធ្វើ​ពិពិធ​កម្ម​សម្រាប់​ទំនិញ​នាំ​ចេញពី​កម្ពុជា​។​

​លោក​បញ្ជាក់ថា​៖ «​តាមរយៈ​កំណើន​នេះ ខ្ញុំ​រំពឹងថា​នឹងមាន​រោងចក្រ​ផលិត​ផលិតផល​សម្រេច​ជាច្រើន​ចូលមក​បើក​ដំណើរការ​នៅ​កម្ពុជា​តែម្តង​»​។​

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បង្ហាញថា ក្នុង​ឆ្នាំ ​២០២២ កម្ពុជា​ប្រមូលបាន​ប្រាក់ ១ ៩៩៨,១៩ ​លាន​ដុល្លារ​ពី​ការនាំចេញ​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា កើនឡើង ៨៤,៨ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២១ ដែលមាន ១ ០៨១,១​ លាន​ដុល្លារ​។ ទឹកប្រាក់​នាំចេញ​ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី និង​បំណែក​របស់​វា ស្មើនឹង ៨,៩ ​ភាគរយ​នៃ​ចំនួន​ទឹកប្រាក់​នាំចេញ​សរុប​ដែលមាន​ចំនួន ២២ ៤៨២,៩៣៧​ លាន​ដុល្លារ​៕