នៅក្នុង​ពិធី​សំណេះសំណាល ​ជាមួយ​បងប្អូន​កម្មករ ​កម្មការិនី​ មកពី​រោងចក្រ សហគ្រាសចំនួន ១៩ នៅក្នុង​សួន​ឧស្សាហកម្ម​ ខេមតុន (CAMTON INDUSTRIAL PARK) ក្នុង​ខេត្តកណ្ដាល នៅថ្ងៃ​ទី៣ ខែមិថុនា ឆ្នាំ២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញ​ឱ្យស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​តាមដាន​សភាពការណ៍​នយោបាយ​ប្រទេស​ថៃ ឱ្យបាន​ហ្មត់ចត់ ខណៈ​គោលនយោបាយ​របស់​អ្នក​ជាប់ឆ្នោត​ថ្មី ​នៃ​ប្រទេស​ថៃ​ មួយ​រូប​ គ្រោង​នឹង​បណ្តេញ​ពលករ​ប្រទេស​កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា​ ចេញ​ពី​ប្រទេស​ខ្លួន។

លោក ហ៊ុន សែន បានបន្ថែម​ថា នយោបាយ​របស់​អ្នកជាប់ឆ្នោត​ថ្មី​របស់​ប្រទេស​ថៃ​មួយ​រូប មិនទាន់នឹង​បានធ្វើ​ជានាយក​រដ្ឋមន្រ្តី​ថៃ​ផង បែរជា​ចេញសារ​គំរាម​បណ្តេញ​ពលករ​ខ្មែរ ពលករ​ឡាវ និងពលករ​មីយ៉ាន់ម៉ា ចេញពី​ប្រទេស​ខ្លួន​ទៅហើយ ខណៈ​នយោបាយ​បែប​នេះ អាចនឹង​ធ្វើ​ឱ្យ​រោងចក្រ សហគ្រាស​របស់​ថៃ​មួយចំនួន​ដួល​រលំ​ផងដែរ។

លោកបានបញ្ជាក់​ដូច្នេះ​ថា៖«មិនទាន់​បានអី​ផង នៅក្នុង​ប្រទេស​ថៃ​បានគំរាម​បណ្តេញ​កម្មករ​កម្ពុជា និងកម្មករ​ឡាវ​ទៅហើយ ខ្ញុំ​គ្រាន់តែ​ផ្តាំទៅ​ថា ខ្ញុំ​មិនជ្រៀតជ្រែក​ក្នុង​នយោបាយរបស់​អ្នកទេ ក៏ប៉ុន្តែ​សង្ឃឹម​ថា​អ្នកនឹង​មើល​ឱ្យ​ឆ្ងាយជាង​ពី​ប្រទេស​ថៃ។ ហើយ​អ្នកជា​អ្នកឈ្នះឆ្នោត ក៏ប៉ុន្តែ​មិនប្រាកដ​ថា អ្នកក្លាយទៅជា​នាយក​រដ្ឋមន្រ្តី​និងបង្កើត​រដ្ឋាភិបាល​បានទេ ប៉ុន្តែ​អ្នកបាន​ដាក់ចេញ​នូវ​គោលនយោបាយ​មួយ ដែលវា​បង្ក​នូវ​គ្រោះថ្នាក់ មិនមែន​គ្រាន់តែ​សេដ្ឋកិច្ច គ្រាន់តែ​ពលករ​កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា​ទេ តែវា​ខូចខាត​ដល់​សហគ្រាស​របស់ថៃ ដែលកំពុង​ប្រើប្រាស់​ពលករ​មក​ប្រទេស​ទាំងនេះ»។

លោកបានបន្ត​ថា កាលពី​នៅ​រដ្ឋាភិបាល​របស់​លោក ប្រាយុទ្ធ ចាន់អ៊ូចា បានធ្វើ​ឱ្យ​ពលករកម្ពុជា​មិនស្រប​ច្បាប់ ទៅជា​កម្មករ​ស្រប​ច្បាប់ ប៉ុន្តែ​នយោបាយ​របស់​អ្នកជាប់​ឆ្នោត​ថ្មី​នេះ ប្រហែលជា​មិនទទួល​បានការគាំទ្រ​ពីប្រទេស​ជិតខាង​ដូច​កម្ពុជា និងឡាវ​នោះទេ ខណៈ​ដែល​កម្ពុជា​កំពុង​តាមដាន​យ៉ាងយកចិត្ត​ទុកដាក់​ចំពោះ​ស្ថានភាព​នយោបាយ​របស់​ថៃ​នាពេល​ថ្មីៗ។

គួរជម្រាប​ថា បើតាម​របាយការណ៍​របស់ លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ នៅឆ្នាំ២០២៣ នេះ រោងចក្រ​វិស័យ​កាត់ដេរ​បានកើន​ដល់​ចំនួន ១ ៣២៦ ដែល​មានកម្មករ​និយោជិត ចំនួន​ប្រមាណ ៨៤ ម៉ឺននាក់ (ស្រី ៦៦​ ម៉ឺននាក់) ការនាំចេញ​មាន​រហូត​ដល់​ប្រមាណ ១៣ ពាន់លាន​ដុល្លារ អាមេរិក (ឆ្នាំ២០២២) ដែលក្នុង​នោះ នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន ៧២៧ រោងចក្រ មាន​កម្មករ​និយោជិត ចំនួន​ប្រមាណ ៣៤ ម៉ឺននាក់ (ស្រី ២៦ ម៉ឺននាក់)។

បើសរុប​ទាំងអស់​នៅត្រឹម​ឆ្នាំ២០២៣ នេះ រោងចក្រ សហគ្រាស មានចំនួន​សរុប​ជាង ១៧ ០០០ ដែលប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប​ចំនួន​ប្រមាណ ១,៥ លាននាក់៕