វិនិយោគិនម៉ាឡេស៊ីបានបង្ហាញការចាប់អាម្មណ៍ក្នុងការបណ្តាក់ទុនលើវិស័យចំនួន ៤ នៅកម្ពុជាដែលជាប្រទេសមានសក្តានុពលសម្រាប់ការវិនិយោគលើវិស័យជាច្រើន ខណៈពាណិជ្ជកម្មរវាងកម្ពុជា-ម៉ាឡេស៊ី រយៈពេល ១០ ខែដើមឆ្នាំ ២០២៤ មានទឹកប្រាក់ជាង ៧១៥ លានដុល្លារ។
នៅក្នុងជំនួបជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាថ្ងៃទី ២៩ ខែវិច្ឆិកា នេះ លោក Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងជាតំណាងក្រុមហ៊ុនម៉ាឡេស៊ី Hong Leong Manufacturing Group បានលើកឡើងថា ក្រុមហ៊ុនរបស់លោកកំពុងគិតគូរលើការវិនិយោគក្នុងវិស័យចំនួន ៤ នៅកម្ពុជាដែលរួមមាន គម្រោងវិនិយោគលើរោងចក្រផលិតម៉ូតូ, ផលិតកម្ម Ceramic, ផលិត Semi-conductor, និងវិស័យអចលនទ្រព្យ។
ជាការឆ្លើយតបចំពោះគម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូតូ លោក ជា វុទ្ធី បានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាបន្ថែមពីទំហំទីផ្សារ ក៏ដូចជាតម្រូវការនៅក្នុងប្រទេសកម្ពុជា និងបានប្រកាសស្វាគមន៍គម្រោងផលិតកម្ម Ceramic និងផលិត Semi-conductor ដែលក្រុមហ៊ុនអាចរកទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសណាមួយ ឬវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយខ្លួនឯង។
បន្ថែមពីលើនេះ លោកអគ្គលេខាធិការ ក៏បានលើកឡើងអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយបច្ចុប្បន្នមានគម្រោងវិនិយោគដែលប្រើបច្ចេកវិទ្យាទំនើបជាច្រើនកំពុងប្រមូលផ្តុំនៅទីនោះ ពិសេសគម្រោងវិនិយោគលើរោងចក្រផលិតសំបកកង់រថយន្ត, សម្ភារបរិក្ខារអេឡិចត្រូនិក, គ្រឿងបន្លាស់រថយន្ត, គ្រឿងសង្ហារឹម និងការផ្គុំដំឡើងទោចក្រយាន ជាដើម។ ក្រៅពីនៅទីនោះក៏មានកន្សោមឧស្សាហកម្ម (industrial cluster) ដែលបានលេចឡើងជាបន្តបន្ទាប់ មានដូចជា ការផលិតអំពូលលម្អអគ្គិសនី ខ្សែភ្លើង សម្ភារតុបតែងលម្អដើមគ្រីស្មាស់ គ្រឿងសង្ហារឹម ក្តារប្លាកេ ក្តារបន្ទះ និងការផ្គុំដំឡើងទោចក្រយាន។ល។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) ចន្លោះពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ការនាំចេញ នាំចូលទំនិញរវាងកម្ពុជា ម៉ាឡេស៊ី មានទឹកប្រាក់សរុប ៧១៥,១៥ លានដុល្លារ កើនឡើង ៣៥,៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះទំនិញកម្ពុជានាំទៅម៉ាឡេស៊ី មានចំនួន ១០៩,៩៥ លានដុល្លារ កើនឡើង ៣៥,៧ ភាគរយ ចំណែកទំនិញម៉ាឡេស៊ីនាំមកកម្ពុជា ៦០៥,២១ លានដុល្លារ កើនឡើង ៣៥,៣ ភាគរយ។
ប្រទេសម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ១២ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន កាណាដា ឥណ្ឌូនេស៊ី អេស្ប៉ាញ អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងសិង្ហបុរី។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី២៩ ខែវិច្ឆិកា ស្ថិរភាពនយោបាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អប្រព័ន្ធច្បាប់វិនិយោគ បានជួយឱ្យកម្ពុជាទាក់ទាញបានគម្រោងវិនិយោគថ្មីៗ និងពង្រីកផលិតកម្មកាន់តែច្រើន។
បច្ចុប្បន្នមានវិនិយោគិនម៉ាឡេស៊ីជាច្រើនកំពុងបណ្តាក់ទុននៅកម្ពុជា ខណៈកម្ពុជា និងម៉ាឡេស៊ី គឺសុទ្ធជាប្រទេសសមាជិកអាស៊ានដូចគ្នា។
លោកបន្តថា ក្នុងនាមជាប្រទេសក្នុងតំបន់តែមួយ និងជាប្រទេសសមាជិកនៃកិច្ចព្រមព្រៀង RCEP ដូចគ្នា គឺការនាំចេញនាំចូលទំនិញរវាងប្រទេសទាំង ២ ប្រាកដជាមានភាពអនុគ្រោះពន្ធទៅវិញទៅមក។
លោកលើកឡើងទៀតថា កំណើនទំហំពាណិជ្ជកម្ម គឺបញ្ជាក់ពីកំណើននៃតម្រូវការ និងសមត្ថភាពផលិតកម្មប្រទេសនីមួយៗដែលបំពេញឱ្យគ្នាទៅវិញទៅមក។
លោកថ្លែងថា៖«ទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងបន្តកើនឡើងបន្ថែមទៀត។ ខ្ញុំមានសុទិដ្ឋិនិយមថាគម្លាតទឹកប្រាក់នាំចេញរបស់កម្ពុជាធៀបនឹងការនាំចូលពីម៉ាឡេស៊ីនឹងត្រូវកាត់បន្ថយនាពេលអនាគត»។
លោកបានប្រាប់ទៀតថា ទោះបីជញ្ជីងពាណិជ្ជកម្មទំនិញកម្ពុជា មានឱនភាពច្រើនជាមួយម៉ាឡេស៊ី ប៉ុន្តែកម្ពុជាក៏ទទួលបានប្រាក់ចំណូលជាច្រើនលានដុល្លារផងដែរពីប្រទេសម៉ាឡេស៊ី តាមរយៈប្រាក់ចំណូលរបស់ពលករខ្មែរដែលកំពុងបម្រើការនៅម៉ាឡេស៊ី។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២ ឱ្យរឹតតែខ្លាំង កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី និង ទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ី លោក Abdul RasheedGhaffour បានចុះអនុស្សរណៈនៃការយល់យោគគ្នា(MoU) ស្តីពីកិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែន ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពថែមទៀត ព្រមទាំងផ្តល់ជាប្រយោជន៍ដល់ប្រជាជននិងធុរជននៃប្រទេសទាំងពីរ។ MoU នេះគឺជាការបើកផ្លូវឱ្យ កម្ពុជា-ម៉ាឡេស៊ី ធ្វើការទូទាត់ប្រាក់តាមរយៈ QR Code។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា៖ «ការណ៍នេះនឹងផ្តល់ភាពងាយស្រួលដល់ប្រជា ពលរដ្ឋម៉ាឡេស៊ី អាចធ្វើការទូទាត់ដោយស្កេន QR Code នៅប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជាក៏អាចធ្វើការទូទាត់ដោយស្កេន QR Code នៅក្នុងប្រទេសម៉ាឡេស៊ីទៅវិញ ទៅមកផងដែរ ដោយប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់ ព្រមទាំងបានជួយគាំទ្រ ដល់យន្តការកិច្ចសហការត្រួតពិនិត្យការទូទាត់ឆ្លងដែន ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព និង សុវត្ថិភាព។ MoU នេះក៏នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរណ៍ នៃប្រទេសទាំង ២ ផងដែរ»៕