ភ្នំពេញ៖ ប្រាំ​មួយខែ​បន្ទាប់ពី​ការបន្ត​ជើងហោះហើរ​ប្រចាំថ្ងៃ​មកកាន់​ទីក្រុង​ភ្នំពេញ Emirates បានចូលរួម​​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

​ការ​ត្រឡប់​មកវិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​មូលដ្ឋាន​នៅអេមីរ៉េត អារ៉ាប់រួម​នេះ​ គឺជា​ជំហាន​ឆ្ពោះទៅមុខ​ដ៏​សំខាន់​មួយ​សម្រាប់​ឧស្សាហកម្ម​អាកាសចរណ៍​នៅ​​កម្ពុជា ដោយ​ភ្ជាប់​​​ជាមួយនឹង​មហិច្ឆតា​ទេសចរណ៍​របស់​ប្រទេស និង​កិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែល​ចុះហត្ថលេខា​រវាង​អេមីរ៉ាត​អារ៉ាប់​រួម និង​កម្ពុជា​។​

​Emirates ដែល​ប្រតិបត្តិការ​បណ្តាញ​គ្របដណ្តប់ ១៤៨ គោលដៅ​ក្នុង ៨០ ប្រទេស បានបង្ហាញ​​វត្តមាន​​​នៅក្នុង​ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​ដើម្បី​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្សព្វផ្សាយ​ប្រទេស​ជា​គោលដៅ​ទេសចរណ៍​ដែល​កំពុង​រីកចម្រើន​ផងដែរ​។​

​នៅក្នុង​កិច្ចពិភាក្សា​តុមូល​នាពេល​ថ្មីៗ​នេះ​ជាមួយអ្នកសារព័ត៌មាន​​កម្ពុជា លោក Mohammed Al Qassim អ្នកគ្រប់គ្រង​ប្រចាំ​ប្រទេសកម្ពុជា​​របស់ Emirates ​បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​អំពី​តួនាទី​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ការតភ្ជាប់​ប្រទេស​កម្ពុជា​ជាមួយ​ពិភពលោក និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ​ជាមួយ​អាជ្ញាធរ​ទេសចរណ៍​ក្នុងស្រុក​។​

​ចាប់តាំងពី​ក្រុមហ៊ុន Emirates បាន​បន្ត​សេវា​ហោះហើរ​ប្រចាំថ្ងៃ​របស់ខ្លួន​ឡើងវិញ​រវាង​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ឌូ​បៃ តាមរយៈ​ប្រទេស​សិង្ហ​បុរី​ក្នុង​ខែឧសភា ឆ្នាំ ២០២៤​ តម្រូវការ​អ្នកដំណើរ​មានការ​កើន​ឡើងជា​លំដាប់​។​

​ការកើនឡើង​នៃ​ការចាប់អារម្មណ៍​នេះ​គឺ​ឆ្លុះបញ្ចាំង​ពី​និន្នាការ​កាន់តែ​ទូលំទូលាយ​ក្នុងការ​ធ្វើដំណើរ​ជុំវិញ​ពិភពលោក ដោយសារតែ​ប្រទេស​កម្ពុជា​ទទួលបាន​ការ​ចាប់អារម្មណ៍​កាន់តែខ្លាំង​ឡើង​ពី​ភ្ញៀវទេសចរ​អន្តរជាតិ​។​

​លោក Al Qassim បានថ្លែង​ថា៖ «​​យើង​បានកត់សម្គាល់​ឃើញថា ទីក្រុង​ភ្នំពេញ​កំពុង​ក្លាយជា​គោលដៅ​ទាក់ទាញ​កាន់តែខ្លាំង​ឡើង​សម្រាប់​អ្នកដំណើរ​ទូទាំង​បណ្តាញ​សាកល​របស់​យើង​ជាមួយនឹង​កំណើន​ជើងហោះហើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី​»​។

លោក Mohammed Al Qassim និយាយថា ក្រុមហ៊ុនអាកាសចរណ៍នេះបានបង្ហាញនូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសជាតិ និងទេសភាពដ៏ស្រស់ស្អាត។ រូបថត ហុង រស្មី

​ទស្សនវិស័យ​សុទិដ្ឋិនិយម​នេះ​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដោយ​ក្រុមហ៊ុន Emirates ក្នុងការ​លើកកម្ពស់បេតិកភណ្ឌ​​ទេសចរណ៍​របស់​កម្ពុជា​។​

​តាមរយៈ​យុទ្ធនាការ​ទីផ្សារ​ជា​យុទ្ធសាស្ត្រ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បានបង្ហាញ​នូវ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប​របស់​ប្រទេសជាតិ និង​ទេសភាព​ដ៏​ស្រស់ស្អាត​។​

​គួរ​កត់សម្គាល់ថា វីដេអូ​ផ្សព្វផ្សាយ​ចំនួន​ពីរ​ដែល​បង្ហាញ​ពី​បុគ្គលិក​របស់ Emirates ទស្សនា​​ប្រាសាទអង្គរវត្ត និង​វិមានឯករាជ្យ រាជធានី​ភ្នំពេញ ត្រូវបាន​ចែករំលែក​ទូទាំង​ពិភពលោក ដែល​ជួយ​លើកស្ទួយ​ប្រវត្តិរូប​របស់​ប្រទេស​កម្ពុជា​ក្នុងចំណោម​អ្នកធ្វើដំណើរ​អន្តរជាតិ​។​

​លោក Al Qassim បាន​និយាយថា៖ «​ចាប់តាំងពី​សប្តាហ៍​ដំបូង​នៃ​ខែឧសភា​មក យើង​បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ផ្សព្វផ្សាយ​ប្រទេស​កម្ពុជា​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ​របស់​យើង ដែលមាន​ទិសដៅ​ដូចជា​ទីក្រុង​ភ្នំពេញ និង​ខេត្តសៀមរាប​។​ ក្រុម​នារី​អាកាសចរណ៍​​របស់​យើង ដែល​ត្រូវបាន​គេ​មើលឃើញថា​មក​ទស្សនា​ប្រាសាទអង្គរវត្ត​ក្នុង​វីដេអូ​របស់​យើង បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការបង្ហាញ​​កម្ពុជា​នៅលើ​ផែនទី​ពិភពលោក​»​។​

​លើសពី​ការផ្សាយពាណិជ្ជកម្ម​បែប​ប្រពៃណី ក្រុមហ៊ុន Emirates បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងទេសចរណ៍​កម្ពុជា និង​ក្រុមប្រឹក្សា​ទេសចរណ៍​កម្ពុជា (CTB) ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​របស់​កម្ពុជា​។​

​កិច្ចសហការ​នេះ​មាន​គោលបំណង​នាំ​ភ្ញៀវទេសចរ​អន្តរជាតិ​កាន់តែច្រើន​មកកាន់​ប្រទេស និង​គាំទ្រ​គោលដៅ​ទេសចរណ៍​របស់ខ្លួន ដូចដែល​បាន​គូសបញ្ជាក់​នៅក្នុង​យុទ្ធសាស្ត្រ BUILD Plus 3Ds របស់​ក្រសួងទេសចរណ៍ ដែល​ផ្តោតលើ​ការលើកកម្ពស់​ការប្រកួត​ប្រជែង​ទេសចរណ៍​ជា​សាកល។​

​លោក Al Qassim បាន​បន្ដ​​ថា៖ «​​យើង​មាន​ក្តីសង្ឃឹម​យ៉ាងខ្លាំង​ចំពោះ​ការបន្ត​តួនាទី​របស់​ក្រុមប្រឹក្សា​ទេសចរណ៍​កម្ពុជា​ក្នុងការ​លើកកម្ពស់​ប្រទេស​ជា​គោលដៅ​ទេសចរណ៍​កំពូល​។ កិច្ចសហការ​របស់​យើង​ជាមួយ​ពួកគេ​កំពុង​បន្ត ហើយ​យើង​ពិតជា​រំភើប​ក្នុងការ​ឃើញ​ការវិវត្ត​នាពេលខាងមុខ​»​។​

​សម្លឹង​ឆ្ពោះទៅមុខ ក្រុមហ៊ុន Emirates គ្រោង​នឹង​ពង្រីក​តួនាទី​របស់ខ្លួន​នៅក្នុង​សក្ដានុពល​ពាណិជ្ជកម្ម​ដែល​កំពុង​វិ​វត្ត​នេះ ដោយ​បង្កើន​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​។​

លោក Mohammed Al Qassim បានធ្វើបទបង្ហាញអំពីក្រុមហ៊ុន Emirates ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍កម្ពុជា និងក្រុមប្រឹក្សាទេសចរណ៍កម្ពុជា (CTB) ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍លោក Mohammed Al Qassim របស់កម្ពុជា។ រូបថត ហុង រស្មី

ក្រុមហ៊ុន Emirates ក៏​កំពុង​ពង្រឹង​វត្តមាន​ក្រុមហ៊ុន​អាកាសចរណ៍​របស់ខ្លួន​ពី​ការ​រិ​យា​ល័យ​កណ្តាល​នៅ​អគារ The Peak នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ផងដែរ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកដំណើរ​ពី​ប្រទេស​កម្ពុជា ។ ហាង​ទំនិញ​របស់​ក្រុមហ៊ុន Emirates ថ្មី​រំពឹងថា​នឹង​បើក​ដំណើការ​នៅ​ឆ្នាំ ២០២៥​។​

​ប្រតិបត្តិការ​នៅ​កម្ពុជា​របស់ Emirates មិនត្រូវ​បានកំណត់​ចំពោះ​ទីក្រុង​ភ្នំពេញ​ទេ​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏​កំពុង​សម្លឹងមើល​ខេត្តសៀមរាប​ផងដែរ សម្រាប់​ការបន្ថែម​សក្តានុពល​នៃ​បណ្តាញ​ដែល​កំពុង​រីកចម្រើនរ​បស់​ខ្លួន​។​

​លោក Al Qassim បាន​បញ្ជាក់ថា​៖ «​យើង​កំពុង​តាមដាន​យ៉ាង​ដិតដល់​ និង​វាយតម្លៃ​ពី​លទ្ធភាព​នៃ​ការហោះហើរ​ទៅ​ខេត្តសៀមរាប​»​។​

​ជាងនេះទៅទៀត ក្រុមហ៊ុន​អាកាសចរណ៍​ក៏មាន​ក្តីរំភើប​ដូចគ្នា​ចំពោះ​ការផ្លាស់ប្តូរ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ថ្មី​របស់​រាជធានី​ភ្នំពេញ​នាពេលខាងមុខ​។​

​លោក Al Qassim បាន​និយាយថា៖ «​យើង​មាន​ភាព​វិជ្ជមាន​យ៉ាងខ្លាំង​ចំពោះ​ការផ្លាស់ប្តូរ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​។ វា​ជា​អាកាសយានដ្ឋាន​ថ្មី ជាមួយនឹង​បរិក្ខារ​ទំនើបៗ ហើយ​យើង​ត្រៀមខ្លួន​ជាស្រេច ដើម្បី​គាំទ្រ​ដល់​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពង្រីក​ការតភ្ជាប់​អន្តរជាតិ​»​។​

នៅក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ​ ក្រុមហ៊ុន Emirates បាន​រាយការណ៍​ពី​ការកើនឡើង​យ៉ាងខ្លាំង​នៃ​តម្រូវការ​ក្នុងអំឡុង​ពិធីបុណ្យ​អុំទូក​កម្ពុជា ដោយ​ជើងហោះហើរ​ដំណើរការ​ពេញ​ៗ​ពី​ទីក្រុង​ភ្នំពេញទៅ​កាន់​​គោល​ដៅនានា​​។​

​ក្នុង​រយៈពេល​ប្រាំ​មួយខែ​កន្លងមកនេះ Emirates បាន​ដឹក​អ្នកដំណើរ​ប្រមាណ ១៩០០០ នាក់ និង​ដឹកជញ្ជូន​ទំនិញ​ជាង ៣លាន​ គីឡូក្រាម​។​

​បន្ថែម​ពីលើ​កំណើន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៃ​ចំនួន​អ្នកដំណើរ Emirates បាន​គូសបញ្ជាក់​ពី​គោលដៅ​កំពូល​ទាំង​ប្រាំ​របស់ខ្លួន​ពី​ប្រទេស​កម្ពុជា ​ដូចជា ឌូ​បៃ សិង្ហ​បុរី បារាំង ស្វី​ស និង​ចក្រភព​អង់គ្លេស​។​

​ផ្លូវ​ហោះហើរ​ទាំងនេះ​ត្រូវបាន​គេ​មើលឃើញថា​មាន​តម្រូវការ​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ប្រាំ​មួយខែ​កន្លងមកនេះ ដោយបាន​គូសបញ្ជាក់​ពី​តួនាទី​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងការ​សម្រួល​ដល់​ការធ្វើដំណើរ​អាជីវកម្ម និង​ការកម្សាន្ត​រវាង​ប្រទេស​កម្ពុជា និង​ទីផ្សារ​អន្តរជាតិ​សំខាន់ៗ​។​

​លោក Al Qassim លើកឡើង​ថា៖ «​ទន្ទឹមនឹងនោះ ជើងហោះហើរ​ដែល​មកដល់​កម្ពុជា​ភាគច្រើន​គឺ​មកពី​ប្រទេស​បារាំង សិង្ហ​បុរី ចក្រភព​អង់គ្លេស អ៊ីតាលី និង UAE ដែល​ឆ្លុះបញ្ចាំង​ពី​លំហូរ​តុល្យភាព​នៃ​អ្នកធ្វើដំណើរ​រវាង​ប្រទេស​កម្ពុជា និង​មជ្ឈមណ្ឌល​ពិភពលោក​សំខាន់ៗ»៕