កំពត៖ សហគមន៍​អេកូ​ទេសចរណ៍​ត្រពាំង​សង្កែ គឺជា​ទីតាំង​ទេសចរណ៍​ដ៏​មាន​ភាព​ទាក់ទាញ​មួយ​នៅ​ក្នុង​ខេត្ត​កំពត បាន​ក្លាយជា​ទៅជា​សហគមន៍​គំរូ នៃ​ការអនុវត្តន៍​គម្រោង​ជលផល​ឆ្នេរសមុទ្រ និង​តំបន់​ឆ្នេរ​ប្រកប​ដោយ​ចីរភាព (SCMF) របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏ដូចជា​ការបង្កើត​ជំនាញ និង​ចំណេះដឹង​ថ្មីៗ​ដល់​ស្ត្រី​នៅក្នុង​សហគមន៍។

​លោក ខូវ គួង អគ្គនាយករង​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់ និង​នេសាទ បាន​ឱ្យ​ដឹង​ថា សហគមន៍​​ត្រពាំង​សង្កែ គឺជា​សហគមន៍​ដែល​សក្កា​នុព​ល​ទាំង​ធនធានធម្មជាតិ និង​ជលផល​សមុទ្រ និង​ត្រូវបាន​ជ្រើសរើស​ឱ្យក្លាយ​សហគមន៍​គំរូ​ផងដែរ។​

ការជ្រើសរើស​សហគម​ន៍​អេកូ​ទេសចរណ៍​ត្រពាំង​សង្កែ​ឱ្យ​ក្លាយជា​សហគមន៍​គំរូ​បែបនេះ លោក ខូវ គួ​ង ពន្យល់ថា៖ ​«​កន្លងមក សហគមន៍​នេះ បានទទួល​ការគាំទ្រ​ផ្នែក​បច្ចេកទេស ពី​រដ្ឋបាល​ជលផល និង​ដៃគូ​អភិវឌ្ឍន៍​នានា ហើយ​ទាំង​គណៈកម្មការ និង​សមាជិក​សហគមន៍ បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​ការពារ​ធនធាន​ជលផល ជាច្រើន មាន​ទាំង​ការ​ដាណ​ស្តារ​ព្រៃកោងកាង ការការពារ​ស្មៅ​សមុទ្រ និង​ចូលរួម​ការពារ​នូវ​បទល្មើស​ផ្សេង នៅក្នុង​ដែន​សហគមន៍​របស់គាត់ ទទួលបាន​លទ្ធផល​ល្អ»។

លោក​បានដឹង​ទៀតថា នាពេល​កន្លងមក ក្រុមការងារ​បាន​អនុវត្ត​សកម្មភាព​មួយចំនួន​ដូចជា ការដាក់​ពង្រាយ​ប្រអប់​ត្រី​សប្ប​និមិត្ត​នៅតាម​សហគមន៍​, ជម្រុញ​ការធ្វើ​វារីវប្បកម្ម​សមុទ្រ ដោយ​មិន​ប្រើ​ចំណី​, ការពិនិត្យ​តាមដាន​គុណភាព​ទឹក និង​ពិភាក្សា​ជាមួយ​សហគមន៍ ក្នុង​ការដាក់​ផែនការ​អភិវឌ្ឍន៍​សហ​គម​ន៍​ទាំង​អស់​នេះ ក្នុង​នោះ​ក៏មាន​នូវ​ការអភិវឌ្ឍ​ហេ​ដ្ឋ​រ​រចនាសម្ព័ន្ធ​នៅតាម​តំបន់ឆ្នេរ​ផងដែរ។

សហគមន៍​ត្រពាំង​សង្កែ បាន​បង្កើតឡើង​ដំបូង​នៅក្នុង​ឆ្នាំ​២០០៩ គឺជា​សហគមន៍​នេសាទ និង​បង្កើតជា​សហគមន៍​អេកូ​ទេសចរណ៍​នៅក្នុង​ឆ្នាំ​២០១៤ ដោយ​បច្ចុប្បន្ន​មាន​សមាជិក​ជាង​៩០០​នាក់​។

លោក សេង សិរី បុត្រ​ អភិបាលរង​ខេត្តកំពត បាន​ឱ្យ​ដឹងថា ចាប់តាំងពី​បង្កើត​សហគមន៍​នេះ​ឡើង ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អប្រសើរ តាមរយៈ​ការ​ផ្តល់នូវ​សេវាកម្ម​ទេសចរណ៍ បន្ថែម​ពីលើ​ការនេសាទ ហើយ​រដ្ឋបាលខេត្ត ក៏បាន​ចូលរួម​ក្នុងការ​ធ្វើយ៉ាងណា​ឱ្យ​ប្រជា​សហគមន៍ មាន​ភាពងាយស្រួល ដូចជា​ការពារ​នូវ​ធនធានធម្មជាតិ និង​ការអភិវឌ្ឍន៍​ផ្សេង​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍។

លោក​បន្ថែម​ថា ក្នុងនាម​រដ្ឋបាលខេត្ត តែងតែ​គាំទ្រ ជាពិសេស​គម្រោង​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ជាមួយនឹង​សហគមន៍​ត្រពាំង​សង្កែ ទី​១ បង្កើតជា​ជម្រក​ត្រី  ការពារ​ធនធានធម្មជាតិ ដែល​ធ្វើឱ្យ​ធនធាន​ជលផល​កើន​ឡើង។ ទី​២ វា​ធ្វើ​ឱ្យ​ប្រជា​សហគមន៍​មាន​ជីវភាព​ធូរស្រាល ទាក់ទង​នឹង​វិស័យ​ទេសចរណ៍។

គម្រោង​ជលផល​ឆ្នេរសមុទ្រ និង​តំបន់ឆ្នេរ​ប្រកបដោយ​ចីរភាព ជាមួយ​កញ្ចប់​ហិរញ្ញប្បទាន ៧០​លាន​ដុល្លារ (៥១​លាន​ដុល្លារ​ជា​ប្រាក់កម្ចី និង​២២​លាន​ដុល្លារ​ជា​ជំនួយឥតសំណង​របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​២០​លាន​ដុល្លារ ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) មាន​គោលបំណង​ជំរុញ​ភាព​ធន់ នឹង​អាកាសធាតុ និង​និរន្តរភាព​នៃ​តំបន់​សមុទ្រ និង​ជលផល​សមុទ្រ​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​២០២៣ ដល់ ២០២៩។

ប្រធាន​សហគមន៍​ត្រពាំង​សង្កែ លោក សឹម ហ៊ីម បានឱ្យដឹងថា លោក​ពិតជា​សប្បាយចិត្ត នៅពេលដែល​ទទួលបាន​គម្រោង​ពី​ខាង​ធនាគារអភិវឌ្ឍន៍អាស៊ី​នេះ ខណៈ​សហគមន៍ បានចាប់ផ្តើម​ការដាក់​ការ​គម្រប​សប្បិ​និមិត្ត​សម្រាប់​ជលផល​សមុទ្រ ដែលជា​ជម្រក​របស់​ជីវៈ​ចម្រុះ នៅ​ដើមឆ្នាំ​២០២៤ ហើយ​សហគមន៍​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​បន្តបន្ទាប់​ទៀត។

លោក​បន្ថែមថា ប្រសិនបើ​គម្រោង​នេះ​ទទួលបាន​ជោគជ័យ នោះ​ផល​ប្រ​យោ​ជ៍​នឹង​ផ្តល់ឱ្យ​សហគមន៍​ច្រើន​ទាំង​ស្ត្រី កុមារ និង​មនុស្ស​ចាស់។

លោក សឹម ហ៊ីម បញ្ជាក់ថា៖ «គម្រោង​នេះ ជួយ​សង្គម​បាន​ច្រើន ឧទាហរណ៍​ក្រុម​ចម្អិន​អាហារ គឺ​ស្ត្រី​សុទ្ធ អ៊ីចឹង​បើ​មាន​គេ​កក់​៣០០​នាក់ បើ​យើង​មិន​ទទួល យើង​ខាត​ចំណូល អ៊ីចឹង​បាន​ហើ​ង​ទទួល​យើង​បាន​ចំណូល ទី​១ ក្រុម​ស្ត្រី​ចុងភៅ​បាន​ចំណូល ទី​២ គាត់​បាន​បង់​បដិភាគ​ចូល​សហគមន៍​២០​ភាគរយ ហើយ​២០​ភាគរយ​នេះ យើង​ជួយ​ទៅដល់​មនុស្សធម៌ ទី​១ ចាស់ជរា​ដែល​ស្ថិតក្នុង​គ្រួសារ​ក្រីក្រ ទី​២ ស្ត្រី​មេម៉ាយ ទី​៣ យើង​ជួយ​ដល់​ក្មេងៗ​ដែល​បោះបង់​ការសិក្សា ព្រោះ​សម្ភារៈ​សិក្សា»។

អ្នកស្រី ម៉ាន យូ​វៃ សមាជិក​សហគមន៍​ត្រពាំង​សង្កែ បានឱ្យដឹងថា​: «យើង​គិតថា​ថ្ងៃ​អនាគត ទេសចរណ៍​កាន់តែ​មាន​ច្រើន​ទៅ ដោយសា​រ​គម្រោង​ADB ផ្តោតទៅលើ​ការចិញ្ចឹម​ជីវិត​របស់​ស្ត្រី​ ថា​ស្ត្រី​យើង​មាន​ការងារ​ធ្វើ​ច្រើន​នៅក្នុង​សហគមន៍ ធ្វើ​ភ្ញៀវ​ទេសចរណ៍​ច្រើន គាត់​ចង់បាន​អីៗ ADB គាត់​ធ្វើតាម​តម្រូវការ​របស់​សហគម​ន៍»។

លោកស្រី Jyotsana Varma នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា (ADB) បានឱ្យដឹងថា គម្រោង​ជលផល​ឆ្នេរសមុទ្រ និង​តំបន់ឆ្នេរ​ប្រកបដោយ​ចីរភាព ពិតជា​ពិសេស​ណាស់​សម្រាប់ ADB  ដោយសារ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​ខាងមុខ​របស់ ADB ផ្តោតទៅលើ​៣​ចំណុច ទី​១ វិបុលភាព ទី​២ ប្រជាពលរដ្ឋ និង​ទី​៣ ភពផែនដី​របស់​យើង»។

​លោកស្រី​បន្ថែមថា មូលហេតុ​ដែល ADB ធ្វើការ​ជាមួយ​សហគមន៍​ត្រពាំង​សង្កែ ដោយសារ សហគមន៍​នេះ បានធ្វើ​ការងារ​ជោគជ័យ​ជាច្រើន​នាពេល​កន្លងមក ដូច្នេះ ADB ចង់ឱ្យ​សហគមន៍​នេះ កាន់តែ​ជោគជ័យ​បន្ថែមទៀត តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ និង​ចំណេះដឹង ដល់​ស្ត្រី ដែលជា​អ្នកចូលរួម ដើម្បី​ពង្រឹង​ជីវភាព​របស់​ពួកគាត់។​

លោកស្រី​បន្ត​ថា៖ «ស្ត្រី​បាន​ចូលរួម​ក្នុងការ​ខ្សែចង្វាក់​នៃ​ការនេសាទ​ត្រី ចឹ​ង​នា​ន​សារៈ​ណាស់ ពេល​ពួកគាត់​មានចំណេះដឹង​ថ្មីៗ និង​មាន​ជំនាញ​ច្បាស់លាស់ មួយទៀត​គឺ​ការបង្កើន​តម្លៃ​ផល​នេសាទ​របស់​ពួក​គាយ់​ក័​មាន​សារៈសំខាន់​ដែរ ពេល​គាត់រ​កបាល​ផល​នេសាទ គាត់​យក​ជំនាញ​គា​តើ ច្នៃ​លើ​ផល​ទាំងនោះ ដើម្បី​ឱ្យបាន​កម្រៃ​បន្ថែម»។ នេះ​បើតាម​លោកស្រី Jyotsana Varma នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕