កំពង់ធំ៖ អនុរដ្ឋលេខាធិការក្រសួងសាធារណការ បានឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងស្ទឹងសែន បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងលើកកម្ពស់សោភ័ណភាពក្រុងស្ទឹងសែន និងជួយឱ្យក្រុងរួចផុតពីការជន់លិច ជាពិសេសធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើង។
លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង កែលម្អបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាបបានឱ្យដឹងថា គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងស្ទឹងសែននេះ គ្របដណ្តប់លើផ្ទៃដីផ្នែកខាងត្បូងក្រុងស្ទឹងសែន ប្រមាណ១៥៩ហិកតា ឬស្មើនឹង ៧០% ក្នុងនោះប្រជាពលរដ្ឋប្រមាណ ១២០០ គ្រួសារបានទទួលផលពីគម្រោងនេះ។
នាយកគម្រោងរូបនេះ បញ្ជាក់ទៀតថា គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន បានដើរតួនាតីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សោភណ្ឌភាពក្រុងស្ទឹងសែន និងជីវភាពប្រជាពលរដ្ឋក្នុងតំបន់។
លោកបញ្ជាក់ដូច្នេះថា៖ «គម្រោងនេះ ជួយច្រើន នៅពេលដែលក្រុងមិនមានការជន់លិច ជីវភាពរបស់ប្រជាពលរដ្ឋនឹងមានការលើកស្ទួយ កែប្រែ មានប្រាក់ចំណូល ហើយសោភ័ណភាពទីក្រុងក៏ស្អាតជាងមុន ជាពិសេសក្រុងស្ទឹងសែនអាចឈានទៅដល់ការទាក់ទាញការវិនិយោគ ព្រោះទីក្រុងរបស់យើងមិនមានការជន់លិច យើងមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ យើងមានទីលានទុកដាក់សម្រាមកាកសំណល់រឹង បើប្រៀបធៀបពេលមិនទាន់មានគម្រោង និងក្រោយពេលមានគម្រោង ជីវភាពពលរដ្ឋមានការកើនឡើងខ្ពស់»។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៣៥០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ព្រមទាំងកាត់បន្ថយការបំពុលទឹកក្នុងអាងទន្លេសាប ដែលជាជម្រក របស់ប្រជាពលរដ្ឋប្រមាណមួយភាគបី នៃចំនួនពលរដ្ឋសរុបនៅក្នុងប្រទេសកម្ពុជា ហើយជិតពាក់កណ្តាលនៃចំនួនពលរដ្ឋសរុបនៅក្នុងប្រទេស ពឹងអាស្រ័យលើធនធានបឹងទន្លេសាប។
អ្នកស្រី អ៊ិន សោភា ប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន និយាយថា ប្រជាពលរដរស់នៅក្នុង ភូមិដំរីជាន់ខ្លាពិតជាមានភាពសប្បាយរីករាយជាខ្លាំង ក្រោយពីមានប្រព័ន្ធលូរំដោះទឹក ដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋមានភាពងាយស្រួល លែងជួបប្រទះនឹងបញ្ហាលិចលង់ និងអាចធ្វើដំណើរទៅមកបានងាយស្រួល។
អ្នកស្រី សោភា បាននិយាយថា៖ «កាលពីមុន ពិបាកណាស់ ខែក្តៅ (ប្រាំង) ហ៊ុយ ខែវស្សាលុយទឹក ភក់ក៏ភក់ ហើយពិបាកជិះណាស់ ផ្លូវក្រឡាច់កន្លុក ហើយវាក៏ប៉ះពាល់ដល់ការរកស៊ីដែរ ធ្វើយ៉ាងម៉េចចេះតែទ្រាំទៅ តែឥឡូវនេះ បាន ADB ធ្វើឱ្យអ៊ីចឹង (ប្រព័ន្ធលូរំដោះទឹក) ស្រួលណាស់ កាលពីមុនបើលិចទឹកវិញ ត្រឹមៗភៅ្ល ត្រឹមចង្កេះ គឺលុយទាំងអស់ពលរដ្ឋនៅទីនេះ ហើយវាក៏ប៉ះពាល់ដល់ការរកស៊ី»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី អ៊ុ ភួង បានរៀបរាប់ថា ប្រព័ន្ធលូរំដោះទឹកនេះ បានធ្វើឱ្យស្ថានភាពនៅក្នុងសហគមន៍មានភាពល្អប្រសើរ ដោយគម្រោងនេះ មានទាំងការសាងសង់ប្រព័ន្ធបណ្តាញលូនៅផ្នែកក្រោម និងមានរៀបចំប្រព័ន្ធផ្លូវស្អាតនៅផ្នែកខាងលើ។
អ្នកស្រីរំឭកថា៖ «កាលមុន ពេលភ្លៀងម្តងៗ ខ្ញុំនាំកូន នាំចៅជិះចានដែក បណ្តែតទឹក ព្រោះវាលិចយូរថ្ងៃ ទឹកក៏ស្អុយ អ៊ីចឹងវាក៏ប៉ះពាល់ដល់សុខភាពយើងដែរ»។
លោកស្រី Jyotsana Varma នាយិកាធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) មានប្រសាសន៍ថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែន បានជួយធ្វើឱ្យសោភ័ណភាពក្រុងល្អប្រសើរ ហើយគម្រោងនេះបានជួយធ្វើឱ្យសហគមន៍មានសុខភាព ដោយសារប្រព័ន្ធបណ្តាញលូនេះ បានញែករវាងទឹកកខ្វក់ និងទឹកភ្លៀង រួចចម្រុះទឹកកខ្វក់ទាំងនោះ ទៅជាទឹកស្អាត។
ទាក់ទងនឹងការងារទឹកស្អាត និងអនាម័យនេះ លោកស្រី Jyotsana Varma បន្ថែមថា កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើកិច្ចការងារអនុវត្តគម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយ ADB បានចំណាយជាង ២០០០លានដុល្លារ ក្នុង៥០០លានដុល្លារ ឬស្មើនឹង ២៥% ADB បានផ្តោតទៅលើទឹក និងអនាម័យនៅទីប្រជុំជន។
ការវិនិយោគសរុបនៅក្នុងគម្រោងដោយ ADB គឺ ៨៩ លានដុល្លារ (កម្ចី ៨៧,៧៣ លានដុល្លារ និងជំនួយឥតសំណង ១,២៧លានដុល្លារ)។
រាជរដ្ឋាភិបាលកម្ពុជាក៏បានចូលរួមប្រមាណ ៨,៧ លានដុល្លារផងដែរ។ ហើយវាដំណើរការពីខែធ្នូ ឆ្នាំ ២០១៨ ដល់ខែមិថុនា ឆ្នាំ២០២៦។
គួរបញ្ជាក់ថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងសែនេះ សាងសង់ឡើងក្រោមគម្រោងគ្រប់គ្រងបរិស្ថានទីក្រុងជុំវិញ បឹងទន្លេសាប ជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគាំទ្រក្រុងចំនួន ៣ របស់ប្រទេសកម្ពុជាគឺ ក្រុងបាត់ដំបង ក្រុងសិរីសោភណ្ឌ និងក្រុងស្ទឹងសែន ដោយរំពឹងថានឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋយ៉ាងហោចណាស់ ១៨៨ ៨០០នាក់៕