អ្នក​សេដ្ឋកិច្ច និង​ទេសចរណ៍ បាន​លើក​ឡើង​ថា កម្ពុជា​ត្រូវ​តែ​ខិតខំ​ធ្វើ​ពិពិធកម្ម​ទំនិញ​នាំ​ចេញ និង​ផ្សព្វផ្សាយ​សេវាកម្ម​ក្នុង​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ឱ្យ​កាន់​តែ​មាន​ភាព​ចម្រុះ និង​សម្បូរ​បែប​ថែម​ទៀត​ ដើម្បី​ចាប់​យក​ចំណែក​ទីផ្សារ​ប្រទេស​ឥណ្ឌូនេស៊ី​កាន់​តែ​ធំ​ ខណៈ​ចរាចរណ៍​ទំនិញ​រវាង​ប្រទេស​ទាំង ២ ក្នុង​រយៈ​ពេល ៨​ខែ​ដើម​ឆ្នាំ២០២៤ សម្រេច​មាន​ជិត ៧៤០ លាន​ដុល្លារ។

ទិន្នន័យ​កត់​ត្រា​ដោយ​អគ្គ​នាយកដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ​ ២០២៤ ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ កម្ពុជា-​ឥណ្ឌូនេស៊ី មាន​ទឹក​ប្រាក់​សរុប ៧៣៩,៧៣ ​លាន​ដុល្លារ ធ្លាក់​ចុះ ០,៣ ​ភាគរយ​បើ​ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ ២០២៣ ដែល​មាន​ ៧៤២,០៧ លាន​ដុល្លារ។

​ក្នុង​ចំនួន​ខាង​លើ គឺ​ទំនិញ​ដែល​កម្ពុជា​នាំទៅ​ឥណ្ឌូនេស៊ី មាន​ទឹក​ប្រាក់​ ៦៩,៧៨​ លាន​ដុល្លារ កើន ១៣៦,១​ ភាគរយ ចំណែក​ឥណ្ឌូនេស៊ី​នាំមក​កម្ពុជា ៦៦៩,៩៥ ​លាន​ដុល្លារ ធ្លាក់​ចុះ ៦​ ភាគរយ។

ផ្អែក​តាម​ GDCE គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា មាន​ឱនភាព​ប្រមាណ ៦០០,១៧ ​លាន​ដុល្លារ។ ទឹកប្រាក់​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ​២ ស្មើ​នឹង ១,៨៧ ​ភាគរយ​ នៃ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​កម្ពុជា នា​រយៈ​ពេល ៨ ខែ ឆ្នាំ ​២០២៤ ដែល​មាន​ចំនួន ៣៦,៤៨ ​ពាន់​លាន​ដុល្លារ។​ ប្រទេស​ឥណ្ឌូនេស៊ី គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ ៧ របស់​កម្ពុជា បន្ទាប់​ពី​ ប្រទេស​ចិន អាមេរិក វៀតណាម ថៃ ​ជប៉ុន និង​កាណាដា។

សេដ្ឋវិទូ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៥ ខែ​កញ្ញា នេះថា ​ឥណ្ឌូនេស៊ី ជា​ប្រទេស​ធំ មាន​ប្រជាជន​ច្រើន និង​ជា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ជាមួយ​កម្ពុជា​ ដូច្នេះ​ប្រសិន​បើ​កម្ពុជា​អាច​ស្វែង​រក​ឱកាស​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល​របស់​ខ្លួន​ទៅ​​ទីនោះ​កាន់​តែ​ច្រើន គឺ​ជា​ការ​ប្រសើរ​ណាស់​។

លោក​បន្ត​ថា ដើម្បី​អាច​ជំរុញ​ការ​នាំ​ចេញ កម្ពុជា​ក៏​ត្រូវ​មាន​ភាព​ចាំបាច់​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ផលិត​កម្ម​របស់​ខ្លួន។

លោក​បាន​ថ្លែង​ថា៖​ «​ការខិតខំ​ធ្វើ​ពិពិធកម្ម​ទំនិញ​នាំ​ចេញ​របស់​ខ្លួន​ទៅ​ទីផ្សារ​ឥណ្ឌូនេស៊ី គឺ​ជា​រឿង​ចាំបាច់​ដើម្បី​កាត់​បន្ថយ​អតុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម។ ដោយ​សារ​ឥណ្ឌូនេស៊ី​ជាប្រ​ទេស​មាន​ប្រជាជន​ច្រើន ដូច្នេះ ​ក្រៅ​ពី​ទំនិញ​ប្រើប្រាស់ ​វិស័យ​ទេសចរណ៍​ ក៏​ជា​ចំណុច​អាទិភាព​មួយ​ដែល​កម្ពុជា​ត្រូវ​យក​ចិត្ត​ទុកដាក់​ផង​ដែរ​ ក្នុង​ការ​ស្រូប​ទាញ​ពួក​គេ​ឱ្យ​មក​កម្សាន្ត​ក្នុង​ប្រទេស​របស់​ខ្លួន»។

លោក​លើក​ឡើង​ថា សម្រាប់​មូល​ហេតុ​ដែល​ទឹក​ប្រាក់​នាំ​ចេញ​ទំនិញ​កម្ពុជា ​មាន​គម្លាត​ឆ្ងាយ​ពី​ចំនួន​ទឹក​ប្រាក់​នាំ​ចូល​ពី​ឥណ្ឌូនេស៊ី គឺ​ដោយ​សារ​ឥណ្ឌូនេស៊ី ជា​ប្រទេស​មាន​ខឿន​ឧស្សាហកម្ម​រឹង​មាំ ខណៈ​បច្ចុប្បន្ន​ឥណ្ឌូនេស៊ី​ ក៏​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ក្រុម​ប្រទេស​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​ទាំង ២០ (G 20) នៅលើ​ពិភពលោក​ផងដែរ។

បើតាម www.worldometers.info គិតត្រឹមថ្ងៃ​ទី​២៥ ខែ​កញ្ញា ប្រទេស​ឥណ្ឌូនេស៊ី មាន​ប្រជាជន​សរុប ២៨៤ ០១២ ៦៥៧ នាក់។

ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ World Express Co., Ltd លោក ហូ វណ្ឌី (Ho Vandy, Managing Director of World Express Co., Ltd) បាន​និយាយ​ថា ឥណ្ឌូនេស៊ី ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​ក្នុង​តំបន់​អាស៊ាន ដូច្នេះ​បើ​កម្ពុជា​អាច​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​ខ្លួន​កាន់​តែ​ទូលំទូលាយ វា​ជា​រឿង​ប្រសើរណាស់​។ ទោះយ៉ាង​ណា ការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង ២ គឺ​មិន​មាន​ទេ​នៅ​ពេល​នេះ។

លោក​លើក​ឡើង​ថា​៖​«​លើស​ពី​ការ​ផ្សព្វផ្សាយ​ ខ្ញុំ​ចង់​ឱ្យ​មាន​ជើង​ហោះហើរ​ត្រង់​រវាង​គ្នា ខណៈ​ការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង ២ បាន​ផ្អាក​ប៉ុន្មាន​ឆ្នាំមុន​។ មិន​មាន​ជើង​ហោះហើរ​ត្រង់ បាន​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​រវាង​ប្រទេស​ទាំង ២ ត្រូវ​ឆ្លង​កាត់​ប្រទេស​ដទៃ ដែល​នាំឱ្យ​ខាត​ពេល​វេលា និង​ចំណាយ​ច្រើន»។

លោក​បាន​បន្ថែម​ថា ការ​តភ្ជាប់​ជើង​ហោះហើរ​ឡើង​ជាមួយ​ឥណ្ឌូនេស៊ី​នេះ វា​មិន​ត្រឹមតែ​ជួយ​បង្កើន​លំហូរ​ទេសចរណ៍ ពាណិជ្ជកម្ម និង​ការវិនិយោគ​ប្រទេស​ទាំង​២​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ទាក់ទាញ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​កោះ​បាលី  នៃ​ប្រទេស​ឥណ្ឌូនេស៊ី ឱ្យ​មក​កាន់​កម្ពុជា​ផង​ដែរ។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​ឱ្យ​ដឹង​ថា ​រយៈ​ពេល ៧ ខែ​ដើម​ឆ្នាំ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ជនជាតិ​ឥណ្ឌូនេស៊ី ចំនួន​ ៩៥ ២៧៥នាក់ កើន​ឡើង ៣០,៧​ ​ភាគរយ​បើ​ធៀបរយៈ​ពេល​ដូចគ្នា​ឆ្នាំ​២០២៣។កាល​ពី​ឆ្នាំ​២០២៣ ជនជាតិ​ឥណ្ឌូនេស៊ី ចូល​មក​ប្រទេស​កម្ពុជា មាន​ចំនួន​ ១២៧ ១៧៨ណ នាក់​។

ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ខែកញ្ញា ឆ្នាំ​ ២០២៣​ បាន​ប្រកាស​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ២៥០ ០០០ ​តោន ក្នុង ១​ ឆ្នាំ​ ដែល​ជា​វិធានការ​ដើម្បី​ធានា​សុវត្ថិភាព​ស្បៀង​អាហារ​នៅ​ក្នុង​ប្រទេស ខណៈ​ឥណ្ឌូនេស៊ី​ក៏​បាន​សន្យា​នឹង​គាំទ្រ​ហេដ្ឋារចនា​សម្ព័ន្ធ​សន្តិសុខ​ស្បៀងអាហារ​កម្ពុជា តាមរយៈ​ការ​ផ្គត់ផ្គង់​ជី និង​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​ប្រជា​កសិករ​ផងដែរ​។​

អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ធ្លាប់​និយាយ​ថា ក្នុង​នាម​ជា​ប្រ​ទេស​សមាជិក​អាស៊ាន​តែមួយ និង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច ព្រមទាំង​ការ​ចូល​ជាធរមាន​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​តំបន់ RCEP បាន​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ ២ កើន​ឡើងជា​បន្ត​បន្ទាប់​។ ទោះ​យ៉ាង​ណា​បើ​គេ​ពិនិត្យ​លើ​ចំនួន​ទឹក​ប្រាក់​ដែល​ឥណ្ឌូនេស៊ី​នាំ​ទំនិញ​មក​កម្ពុជា គឺ​មាន​លើស​លប់​ច្រើន ដែល​បញ្ហា​នេះ គឺ​ដោយសារ​ឥណ្ឌូ​នេ​ស៊ី​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន និង​រោងចក្រ​/​សហគ្រាស​ច្រើន ដូច្នេះ​សមត្ថភាព​ផលិត និង​នាំចេញ​របស់គេ​ក៏​ខ្លាំង​ជាង​កម្ពុជា​ដែរ។

លោក​បន្ត​ថា តាមរយៈ​ការ​ខិតខំ​របស់​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​កម្ពុជា លោក​រំពឹងថា​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​គោលដៅ​អន្តរជាតិ​ផ្សេងៗ​ទៀត​ប្រាកដជា​នឹង​កើនឡើង ពិសេស​នៅពេល​កំណើន​សេដ្ឋ​កិច្ច​ពិភពលោក​រឹងមាំ​វិញ។

លោក​ថ្លែងថា​៖«​ភាព​វិជ្ជមាន​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​គឺជា​រឿង​ល្អ​ហើយ ប៉ុន្តែ​អ្វី​ដែល​កម្ពុជា​ត្រូវ​ខិតខំ​ថែម​ទៀត​នោះ គឺ​ការ​លើកកម្ពស់​សមត្ថភាព​នាំចេញ​របស់​ខ្លួន​ទៅ​គ្រប់​គោលដៅ​ឱ្យបាន​កាន់​តែ​ច្រើន​។ កសិផល នឹង​ក្លាយជា​ផ្នែក​សំខាន់​ដែល​កម្ពុជា​អាច​ចាប់យក​ដើម្បី​ជំរុញ​ការនាំចេញ​»៕