វិស័យ​ទេសចរណ៍​កម្ពុជា​រំពឹង​ថា​នឹង​បង្ហាញ​សញ្ញា​វិជ្ជមាន​កាន់តែ​ច្រើន​ចាប់​ពី​ត្រីមាស​ទី ៤ ឆ្នាំ​២០២៤ ខណៈ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន បាន​បង្ហាញ​ពី​ឆន្ទះ​ក្នុង​ការ​ចូល​រួម​សហការ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​ដែល​វិស័យ​នេះ​បាន​បន្ត​ជួប​ប្រទះ​ក្នុង​រយៈ​ពេលជាង ៤​ឆ្នាំ កន្លង​មក​នេះ។

បញ្ហា​ប្រឈម និង​សំណូម​ពរ​មួយ​ចំនួន​ដែល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​កំពុង​ជួប​ប្រទះ ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ទើប​តែង​តាំង​ថ្មី លោក ហួត ហាក់ ជា​មួយ​នឹង​សមាគម​ទេសចរណ៍​កម្ពុជា​(Cambodia Tourism Association-CATA) ដែល​ដឹកនាំ​ដោយ​ លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម CATA កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ ២០២៤។

ក្នុង​ជំនួប​ខាង​លើ លោក ហួត ហាក់ បាន​កោត​សរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សមាគម CATA លើ​ការ​ប្តេជ្ញា​ចិត្ត និង​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដោយ​លោក​ជឿ​ជាក់​ថា CATA នឹង​នៅ​តែ​បន្ត​ចូល​រួម​ចំណែក​គាំទ្រ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បន្ថែម​ទៀត។

ជា​មួយ​គ្នា​នេះ​លោក​ក៏​សន្យា​ទទួល​យក​បញ្ហា​ដែល​ផ្នែក​ឯកជន លើក​ឡើង ដើម្បី​យក​ទៅ​ពិភាក្សា​ក្នុង​ក្របខណ្ឌ​ក្រសួង, អន្តរ​ក្រសួង, ក្រុម​ការងារ​ផ្នែក​ទេសចរណ៍ និង​ក្នុង​ក្របខណ្ឌ​វេទិកា​រាជ​រដ្ឋាភិបាល-​ផ្នែកឯកជន ដើម្បី​ធ្វើ​ការ​ឆ្លើយតប​ឱ្យ​មាន​ប្រសិទ្ធភាព ប្រសិទ្ធផល និង​ទាន់​ពេលវេលា។

ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៥ ខែ​កញ្ញា នេះ លោកស្រី ឆាយ ស៊ីវលីន ឱ្យ​ដឹង​ថា ទោះបី​បច្ចុប្បន្ន​កំណើន​សេដ្ឋកិច្ច​សកល ព្រម​ទាំង​សកម្មភាព​ក្នុង​វិស័យ​ទេសចរណ៍​ពិភពលោក ចាប់​ផ្តើម​មាន​ភាព​ល្អ​ឡើង​វិញ​ពី​វិបត្តិ​ដែល​បណ្តាល​មក​ពី​ជំងឺ​កូវីដ​១៩ ក៏​វិស័យ​ទេសចរណ៍​កម្ពុជា ហាក់​នៅ​មិន​ទាន់​ទទួល​បាន​ភាព​វិជ្ជមាន​ខ្លាំង​ដូច​បណ្តា​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​ឡើយ។ 

លោក​ស្រី​បន្ថែម​ថា ទោះយ៉ាង​ណា​​តាម​រយៈ​ជំនួប​ដែល​ប្រើ​ពេល​ដ៏យូរ​ជាមួយ​ថ្នាក់​ដឹកនាំ​ថ្មី​របស់​ក្រសួង​ទេសចរណ៍ លោកស្រី​ និង​សហការី​ទាំង​អស់​មាន​សុទិដ្ឋិនិយម​ថា វិស័យ​ទេសចរណ៍​កម្ពុជា​នឹង​បង្ហាញ​ភាព​វិជ្ជមាន​បន្ថែម​ទៀត​ចាប់​ពី​ពេល​នេះ​តទៅ។

លោកស្រី​បាន​និយាយ​ថា៖​​​«​មុន​ចេញ​ដើរ​កម្សាន្ត​ទៅ​គោលដៅ​ទេសចរណ៍​ប្រទេស​ណា ភ្ញៀវ​ទេសចរ​តែង​គិត​ទៅ​លើ​ភាព​ងាយ​ស្រួល​ដែល​ប្រទេស​នោះ​ផ្តល់​ឱ្យ និង​ថវិកា ដូច្នេះ​បើ​យើង​អាច​សម្រួល​បាន​ច្រើន ខ្ញុំ​គិត​ថា​ឱកាស​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​បរទេស​ឱ្យ​ចូល​មក​កម្ពុជា​ក៏​នឹង​មាន​ចំនួន​កាន់​តែច្រើន​ដែរ»។

បើ​តាម​លោកស្រី ស៊ីវលីន ក្នុង​ជំនួប​កាល​ពី​ចុង​សប្តាហ៍​មុន ផ្នែក​ឯកជន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា បាន​លើក​ឡើង​បញ្ហា​ប្រឈម​ និង​សំណូម​ពរ​មួយ​ចំនួន​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ ដែល​មាន​ដូច​ជា ការ​ជំរុញ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​កាន់​តែ​ទូលំទូលាយ​ទូទាំង​ពិភពលោក​, ការ​កាត់​របាំង​មួយ​ចំនួន​សម្រាប់​ភ្ញៀវ​បរទេស​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ចូល​មក​កម្សាន្ត​នៅ​កម្ពុជា ​​(​ការ​លើកលែង​ទិដ្ឋាការ, ការ​ទម្លាក់​តម្លៃ​ទិដ្ឋាការ, លក្ខខណ្ឌ​ក្នុង​ការ​ស្នើ​សុំ​ទិដ្ឋាការ​[ប្រទេស​ខ្លះ​តម្រូវ​ឱ្យ​មាន​របាយការណ៍​ហិរញ្ញវត្ថុ]), ការ​កាត់​បន្ថយ​តម្លៃ​សំបុត្រ​ចូល​កម្សន្ត​សម្រាប់​ភ្ញៀវ​បរទេស, ... និង​កាតព្វកិច្ច​បង់ពន្ធ​សម្រាប់​ប្រតិបត្តិករ/​ក្រុមហ៊ុន​ទេសចរណ៍ ជា​ដើម។

លោកស្រី​បញ្ជាក់​ថា៖​«​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​ថ្នាក់​ដឹកនាំ​ក្រសួង​ទេសចរណ៍​នឹង​ជួយ​សម្របសម្រួល​ ព្រម​ទាំង​ព្យាយាម​ដោះ​របាំង​ទាំង​ឡាយ​ដែល​កំពុង​កើត​មាន ដើម្បី​ឱ្យ​កម្ពុជា​អាច​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​បាន​កាន់​តែ​ច្រើន​នា​ពេល​ខាង​មុខ»។​

ជា​មួយ​គ្នា​នេះ ប្រធាន​សមាគម CATA ក៏​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​សម្រេច​ធ្វើការ​កែសម្រួល​វិធានការ​ជា​ច្រើន រួម​ទាំង​ការ​ថត​រូបភាព​តាម​ប្រាសាទ​នានា។

ប្រធាន​សមាគម​មគ្គុទេសក៍​ទេសចរណ៍​ភាសា​ចិន​កម្ពុជា ​(​ខេត្តសៀមរាប​) លោក អន ហេង សុ​ភ័ក្រ បាន​និយាយថា ចំនួន​ភ្ញៀវ​បរទេស​ដែល​មក​ទស្សនា​តំបន់​ទេសចរណ៍​នានា​នៅ​ក​ម្កុ​ជា​បាន​កើន​ឡើង​បើ​ធៀប​នឹង​អំឡុង​ពេល​ពិភព​លោក​ជួបនឹង​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ប៉ុន្តែ​អត្រា​កំណើន​គឺ​មិន​ច្រើន​ដូច​នៅ​ប្រទេស​ជិត​ខាង​ឡើយ។

ទោះ​យ៉ាង​ណា លោក​ស្នើ​ឱ្យ​អាជ្ញាធរ និង​ប្រជាជន​ខ្មែរ​ទាំងអស់​ត្រូវ​ខិតខំ​រួមគ្នា​រៀបចំ​សោភណភាព និង​បរិស្ថាន​ទេសចរណ៍​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​ប្រសើរ ដែល​មាន​ដូចជា ការ​គ្រប់គ្រង​បរិស្ថាន អនាម័យ សេវាកម្ម ផលិតផល​ទេសចរណ៍​ថ្មីៗ និង​ការ​គោរព​ច្បាប់ និង​សីលធម៌ ជាដើម។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ បង្ហាញ​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កក្កដា ឆ្នាំ ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​សរុប ៣ ៧៤២ ២៣០ ​នាក់ កើន​ឡើង ២៣,២​ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២៣ ដែល​មាន​ចំនួន ៣ ០៣៧ ៣៤៤នាក់។

ក្នុង​ចំណោម​ភ្ញៀវ​ខាង​លើ គឺ​ភ្ញៀវ​មក​ពី​ប្រទេស​ថៃ មាន​ចំនួន​ ១ ១៤៧ ៥៣៤​ នាក់, ​វៀតណាម ៧៥៧ ៤៣៧​ នាក់​, ចិន ៤៦៣ ៩៨០​ នាក់, ឡាវ ២២៤ ៨៧១ ​នាក់, អាមេរិក ១២៩ ៥១៧​ នាក់។ ក្រៅពី​នោះ​មាន​ដូច​ជា កូរ៉េ ឥណ្ឌូនេស៊ី, បារាំង ចក្រភព​អង់គ្លេស និង​ប្រទេស​ជប៉ុន។ល។

ឆ្នាំ​ ២០១៩ គឺ​ជា​ពេល​កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ច្រើន​បំផុត គឺប្រមាណ​ ៦,៦១ ​លាន​នាក់ កើន ៦,៦​ ភាគរយ​។ ចំណូល​ដែល​កម្ពុជា​ទទួល​បាន​ពី​ទេសចរណ៍​អន្តរជាតិ​នៅ​ពេល​នោះ គឺ ៤,៩២​ ពាន់​លាន​ដុល្លារ​។ វិស័យ​ទេសចរណ៍ បាន​ចូលរួមចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប ​(GDP) ១២,១​ ភាគរយ​។ នេះ​បើតាម​ក្រសួង​ទេសចរណ៍៕