កម្ពុជា​​ស្នើ​ឱ្យ​ក្រុម​វិនិយោគិន​ខេត្ត​ Yunnan នៃ​ប្រទេស​ចិន​ពិចារណា​ពីការ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា​ ជា​ពិសេស​ការ​វិនិយោគ​លើ​ការ​កែច្នៃ​កសិផល​សម្រាប់​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក និង​សម្រាប់​នាំ​ចេញ ​តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​មាន​តម្លៃ​បន្ថែម​កាន់​តែ​ខ្ពស់។

សំណើ​នេះ​ត្រូវ​បាន​លោក ជា វុទ្ធី អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា លើក​ឡើង​ក្នុង​ជំនួប​ជា​មួយ​គណៈ​ប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​មក​ពី​ខេត្ត Yunnan ប្រទេស​ចិន ដែល​ដឹកនាំ​ដោយ​លោក Liu Jie អនុ​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត Yunnan នៅ​ទីស្តីការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា។ នេះ​បើ​​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC។

លោក ជា វុទ្ធី បាន​លើក​ឡើង​ថា កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​​ដែល​មាន​បរិយា​កាស និង​កាលានុវត្ត​ភាព​ច្រើន​សម្រាប់​ការ​ចូល​មក​វិនិយោគ​ ដោយ​ប្រព័ន្ធ​ច្បាប់ និង​បទបញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ គឺ​មាន​ភាព​បើក​ចំហ តម្លាភាព និងភាព​អាច​ប៉ាន់​ប្រមាណ​ទុក​ជាមុន​បាន រួម​ជាមួយ​នឹង​កញ្ចប់​លើក​ទឹកចិត្ត​ជា​ច្រើន​ពី​រាជ​រដ្ឋាភិបាល​។

លោក​បន្ត​ថា ជា​មួយ​គ្នា​នេះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​(កម្ពុជា-​ចិន)​ក៏​បាន​សម្រេច​បង្កើត​នូវ​“ច្រក​របៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា” និង "ច្រក​របៀង​មច្ឆា និង​អង្ករ” រួម​គ្នា​ដើម្បី​ជំរុញ​បន្ថែម​ការ​អភិវឌ្ឍ​សង្គម-​សេដ្ឋកិច្ច។

លោក​បាន​ថ្លែង​ថា៖​«​ជា​ការ​កត់​សម្គាល់​គឺ​កម្ពុជា​ទទួល​បាន​កំណើន​ខ្ពស់​នៃ​ការ​វិនិយោគ​របស់​ចិន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ»។​

លោក​បន្ថែម​ថា៖​«ខ្ញុំ​សូម​ជំរុញ​លើក​ទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​គិតគូរ​ពី​ការ​វិនិយោគ​កែច្នៃ​កសិផល​កម្ពុជា​សម្រាប់​ផ្គត់ផ្គង់​ដល់​ទីផ្សារ​ក្នុង​ស្រុក និង​សម្រាប់​នាំចេញ ​តាម​រយៈការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ទំនើប និង​មាន​តម្លៃ​បន្ថែម​ខ្ពស់»។

ប្រធាន​គណៈ​ប្រតិភូ​ពាណិជ្ជកម្ម​ខេត្ត Yunnan លោក Liu Jie បាន​និយាយ​ថា ​ព័ត៌មាន​ដែល​លោក និង​សហការី​ទទួល​បាន​ពី​ជំនួប​នេះ នឹង​ក្លាយ​ជា​មូលដ្ឋាន​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​នៅ​ខេត្ត Yunnan ធ្វើ​ការ​សម្រេច​ចិត្ត​វិនិយោគ​នៅ​កម្ពុជា​ទៅ​តាម​វិស័យ​វិស័យ​រៀងៗ​ខ្លួន។

លោក​ប្រាប់​ទៀត​ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​ខេត្ត​ Yunnan មក​កម្ពុជា​ពេល​នេះ ក៏​មាន​បំណង​ចូល​រួម​ជួយ​ផ្សព្វ​ផ្សាយ និង​ទាក់​ទាញ​វិនិយោគិន​ចិន ពិសេស​ក្នុង​ខេត្ត Yunnan ឱ្យមក​បណ្តាក់​ទុន​នៅ​កម្ពុជា​ផងដែរ។

បើយោង​តាម CDC សមាសភាព​នៃ​ក្រុមគណៈ​ប្រតិភូនៃ​ខេត្ត​ Yunnan រួម​មាន​វិនិយោគិន​ក្នុង​វិស័យជា​ច្រើន​ដូចជា​ ថាមពល, បច្ចេក​វិទ្យា​ឌីជីថល, ពាណិជ្ជកម្ម​អេឡិច​ត្រូនិក, កសិកម្ម និងកសិ ឧស្សាហកម្ម, ផលិតកម្ម​ម្ហូប​អាហារ និង​ការ​ផ្តល់​សេវាប្រឹក្សា​ពាក់​ព័ន្ធ​នឹង​ការ​វិនិយោគ។

ក្រៅ​ពី​ជំនួប​ខាង​លើ ក្នុង​ថ្ងៃ​ទី​២៥ ដដែល​នេះ ថ្នាក់​ដឹកនាំ CDC ក៏បាន​ជួប​ពិភាក្សា​ជា​មួយ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​មួយ​ចំនួន​ទៀត​ដូចជា ក្រុមហ៊ុន SICHUAN PAN-ASIA INVESTMENT CO., LTD ដែល​មាន​ជំនាញ​ក្នុង​វិស័យរ៉ែ ការ​សាងសង់​ប្រព័ន្ធ​ឡូជីស្ទីក វិស័យ​កសិកម្ម និង​កសិ​-ឧស្សាហកម្ម និង​ក្រុមហ៊ុន CGN Energy International Holdings Co., Limited. (CGNEI) ដែល​មាន​ជំនាញ​លើ​វិស័យ​ថាមពល​កកើត​ឡើង​វិញ។

កាល​ពី​ឆ្នាំ​២០២៣ ​លោក ជា វុទ្ធី ធ្លាប់​បាន​លើក​ឡើង​ថា ដើម្បី​សម្រួល​ដល់​វិនិយោគិន​ចិន បច្ចុប្បន្ន​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏មាន​តុ​ចិន (China Desk) សម្រាប់​ផ្តល់​ការ​ប្រឹក្សា​ជូន​វិនិយោគិន​ចិន​ផង​ដែរ​។​

សេដ្ឋវិទូ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ​ថា កិច្ច​សហ​ប្រតិបត្តិការ​ល្អ​រវាង​រដ្ឋាភិបាល​កម្ពុជា-ចិន បាន​ធ្វើ​ឱ្យ​ចរន្ត​នៃ​ការ​ចូល​មក​បណ្តាក់​ទុន និង​ចំនួន​ទឹក​ប្រាក់​នាំ​ចេញ-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ២ បង្ហាញ​សញ្ញា​វិជ្ជមាន​ជា​បន្ត​បន្ទាប់​។

ប្រទេស​ចិន មាន​ប្រជាជន​ច្រើន និង​សេដ្ឋកិច្ច​រីកលូត​លាស់​លឿន​ ដូច្នេះ​ចំនួន​វិនិយោគិន​ចិន​ដែល​ចេញ​ទៅ​វិនិយោគ​ក្រៅ​ប្រទេស ពិសេស​ប្រទេស​ក្នុង​តំបន់​ ក៏​កំពុង​កើន​ឡើង​ដែរ។​

លោក​បាន​ថ្លែងថា៖ ​«​បច្ចុប្បន្ន​នៅ​កម្ពុជា​មិន​ថា​គម្រោង​តូច ឬ​ធំគឺ​ភាគ​ច្រើន​មាន​ការ​ចូល​រួម​ពី​សំណាក់​វិនិយោគិន​ចិន។ ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង​ថែម​ទៀត​នៅ​ពេល​ខាង​មុខ ខណៈ​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ផ្សព្វផ្សាយ និង​រៀបចំ​ច្បាប់​ថ្មីៗ​ជាបន្ត​បន្ទាប់​ដើម្បី​ទាក់​ទាញ​វិនិយោគិន​ចម្រុះ​ជាតិ​សាសន៍​ឱ្យ​ចូល​មក​បើក​ដំណើរ​អាជីវកម្ម​ផ្ទាល់នៅ​កម្ពុជា​»។​

ទិន្នន័យ​ពី​ CDC ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ​៦ ខែ​ដើម​ឆ្នាំ ២០២៤ ប្រទេស​ចិន​ ឈរ​លើ​លំដាប់​ទី២ ក្នុង​នាម​ជា​ប្រទេស​ដែលមាន​វិនិយោគិន​ដាក់​ទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ច្រើន​ជាង​គេ បន្ទាប់​ពី​វិនិយោគិន​កម្ពុជា។

សម្រាប់​ស្ថិតិ​នាំចេញ​នាំចូល​ទំនិញ​រវាង​កម្ពុជា-​ចិន ដែល​កត់ត្រា​ដោយ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) ឱ្យ​ដឹងថា គិត​ពី​ខែ​មករា ដល់​ខែ​សីហា ឆ្នាំ​២០២៤ ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់​សរុប​ជិត ១០,០៨ពាន់​លាន​ដុល្លារ កើន​ឡើង ២៤,៥​ភាគ​រយ ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅចិន​ចំនួន ១,១៥ ពាន់​លាន​ដុល្លារ កើន ២២,៣​ភាគរយ និង​ចិន​នាំមក​វិញ ៨,៩៣ ពាន់​លាន​ដុល្លារ​ កើន​ឡើង ២៤,៨ ភាគរយ។ ប្រទេស​ចិន​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​បណ្តា​ប្រទេស​ដែល​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​៕