ភ្នំពេញ៖ តម្រា​ភោជនាហារ ជា​សៀវភៅ​ម្ហូប​​ពណ៌ខៀវ​រំលេច​ព្រះ​​ឆាយាល័ក្ខណ៍ សម្ដេច​​ព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ្ឌ អម​ដោយ​ក្បាច់​ស៊ុម​ពណ៌​មាស និង​ស៊ក​ក្នុង​ស្រោម​ច្រក​។

ជាមួយ​នឹង​ការ​រចនា​យ៉ាង​ពិសេស វា​ហាក់​ដូចជា​ល្អ​ឥត​ខ្ចោះ​ចំពោះ​សៀវភៅ​មុខ​ម្ហូប​ ដែល​ត្រូវ​បាន​ដក​ស្រង់​​ពី​ស្នា​ព្រះហស្ត​សម្ដេច​ព្រះរាជកនិដ្ឋា។

សៀវភៅ​គំរូ​ដើម​បោះ​ពុម្ព​ក្នុង​ឆ្នាំ ​១៩៦០ មាន​ភាសា​អង់គ្លេស​ជាង ៣០០​ មុខ​ម្ហូប និង​ខ្មែរ​ចំនួន ១៧០ ​មុខ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​បោះ​ពុម្ព​ក្នុង​ឆ្នាំ​ ១៩៧០​។

សម្ដេច​ព្រះ​រាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ្ឌ ឬ Princess Norodom Rasmi Sobbhana បាន​ប្រសូត​នៅ​​ក្នុង​ឆ្នាំ​ ១៨៩៥ និង​សោយ​ទិវង្គត​ក្នុង​ឆ្នាំ​ ១៩៧១ នៅ​រាជ​ដំណាក់​ក្នុង​រាជធានី​ភ្នំពេញ​។

ព្រះអង្គ​មិន​ត្រឹម​តែ​ព្យាយាម​ថែរក្សា​រូបមន្ដ​មុខ​ម្ហូប​ប្រចាំ​រាជវាំង​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​​បញ្ចូល​ស្នាដៃ​ម្ហូប​ផ្សេងៗ​ទៀត តាមរយៈ​ការ​ចងក្រង​បញ្ជី​មុខ​ម្ហូប​​​ខ្មែរ​ទាំង​មូល​ផង​ដែរ​។

លោក ប៊េណាដ ខូហេន ជា​ស្ថាបនិក​ Angkor Database ជា​ធនធាន​អប់រំ​មិន​រក​ប្រាក់​ចំណេញ​ ដែល​ផ្ដល់​សេវាកម្ម​​ព័ត៌មាន​ស្ដីពី​ប្រវត្ដិសាស្ដ្រ និង​វប្បធម៌​ខ្មែរ ដូចជា សៀវភៅ រូបថត និង​ភាពយន្ដ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​នៅ​កម្ពុជា​អត់​មាន​ការ​រឹត​បន្ដឹង​ចំពោះ​ក្រម​ «​ក្រយា» និង​មាន​ការ​ធ្វើ​ឱ្យ​ខុស​ប្លែក​ពី​មុខ​ម្ហូប​ពលរដ្ឋ​ខ្មែរ​​ទូទៅ​ឡើយ ដោយ​ខុស​ពី​រាជវង្ស​នៅ​ថៃ និង​ជប៉ុន​​»។

លោក​បន្ដ​ថា​៖ «​រូបមន្ដ​ម្ហូប​ទាំង​​នោះ​ឆ្លុះ​បញ្ចាំង​ពី​ការ​សព្វ​ព្រះរាជ​ហឫទ័យ​ជា​ម្ហូប​មិន​សូវ​ហឹរ​របស់​ព្រះបរមរតន​កោដ្ឋ​។ ជា​ថ្មី​ម្ដង​ទៀត ព្រះរាជកនិដ្ឋា គិតគូរ​ពី​ចំណូល​ចិត្ដ​ពលរដ្ឋ​ខ្មែរ​​គ្រប់​រូប ពេល​ព្រះអង្គ​កត់ត្រា និង​​អភិវឌ្ឍ​ប្រពៃណី​ម្ហូប​អាហារ​»។

សម្ដេចព្រះរាជកនិដ្ឋា នរោត្ដម រស្មីសោភ័ណ្ឌ (រូបឆ្វេង) និង​លោក John F Kennedy។ រូបថត សហ​ការី

តម្រា​ភោជនាហារ​ពេល​​នេះ​ ត្រូវ​បាន​បោះពុម្ព​ឡើង​​វិញ និង​​ដាក់​លក់​ដោយ​ប្រាក់​ចំណូល​ទាំង​​អស់​នឹង​បរិច្ចាគដល់​ទង្វើ​មនុស្សធម៌​។ វា​ត្រូវ​បាន​បញ្ចូល​នៅ​ក្នុង​យុទ្ធនាការ​ «​អាហារ​ការ​ទូត​​ឆ្នាំ​ ២០២១-២០២៣» ផ្សព្វផ្សាយ​ដោយ​ក្រសួង​ក្នុង​ការ​លើក​ស្ទួយ​មុខ​ម្ហូប​ខ្មែរ​លើ​ឆាក​អន្ដរជាតិ​។

លោក ខូហេន ជា​អ្នក​នៅ​ពី​ក្រោយ​គម្រោង​នេះ ​និយាយ​ថា៖ «​ខ្ញុំ​គិត​ថា ចំណង​ជើង​ក្រប​មុខ​របស់​សៀវភៅ​បាន​ឆ្លុះ​​បញ្ចាំង​ពី​គោល​បំណង​របស់​ព្រះអង្គ​ ដែល​ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​ភាព​ល្បីល្បាញ​នៃ​ម្ហូប​ខ្មែរ​»។

សៀវភៅ​ ១៨៤ ​ទំព័រ មាន​សមាសធាតុ​ ៤ ​សំខាន់​ៗ ដូចជា មូលដ្ឋាន​គ្រឹះ​នៃ​ប្រវត្ដិ​ច្បាប់​ចម្លង​ភាសា​អង់គ្លេស​ចុះ​ផ្សាយ​ក្នុង​ឆ្នាំ​ ១៩៦០ សម្រាប់​ប្រិយមិត្ដ​ជា​បរទេស​​ និង​កម្រង​អត្ថបទ​ខ្មែរ​ពិសេស​ចំនួន ១៧០ ​មុខ ក៏​ដូចជា ការ​រចនា​ម្ហូប ៣ ​ឈុត​ពិសេស​ចំនួន ៥ ​ប្រភេទ។

លោក​​​បន្ថែម​ថា​៖ «​ការ​រចនា​​ម្ហូប ៣ ​ឈុត​ពិសេស​ចំនួន ៥ ​ប្រភេទ ត្រូវ​បាន​ជ្រើស​រើស​ និង​រៀបចំ​ឡើង​ដោយ​បងប្អូន​ស្រី​ ៣ ​នាក់ ត្រកូល ម៉ែន​ ដែល​នាំ​យក​ជំនាញ​របស់​ខ្លួន​ក្នុង​ផ្នែក​ប្រវត្ដិសាស្ដ្រ ការ​អភិរក្ស​កេរ​ដំណែល និង​សិល្បៈ​​​អាហារ​​មក​កាន់​គម្រោង​នេះ​»។

បងប្អូន​ស្រី​ទាំង​ ៣ បាន​ជ្រើសរើស​ឈុត​ម្ហូប​ទាំង ៥​ ប្រភេទ ដោយ​មាន​បំណង​ថា អាហារ​​ប្រពៃណី​​​ខ្មែរ​អាច​​ត្រូវ​បាន​​ផ្សព្វផ្សាយ​​យ៉ាង​ទូលំទូលាយ។

លោក ខូហេន បាន​ឱ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​លើ​សៀវភៅ​ស្ទើរ​បាត់បង់​ពី​រាជកាល​មាស​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​ ២០១៩ ដើម្បី​ឆ្លើយ​តប​​បំណង​ប្រាថ្នា​របស់​លោក​គ្រូ វាសនា ម្ចាស់​រីសត​ Templation Angkor Resort ក្នុង​ខេត្ដ​សៀមរាប​។

ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ក៏​ដូចជា​ក្រសួង​ការ​បរទេស និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ថ្មីៗ​បាន​បង្កើត​យុទ្ធនាការ​​ផ្សព្វផ្សាយ​ម្ហូប​ខ្មែរ​លើ​ឆាក​អន្ដរជាតិ​ ហៅថា Food Diplomacy 2021-2023 និង​មើល​ពី​សក្ដានុពល​នៃ​សៀវភៅ​តម្រា​ភោជនាហារ។

លោក ខូហេន ​​និយាយ​ថា​៖ «​វា​ពិត​ជា​សម​ទំនង​ណាស់​នា​វេលា​​​ដែល​មាន​កង្វល់​ពី​បញ្ហា​សុខភាព​ ដោយ​មាន​ការ​​ផ្ដើម​បង្ហាញ​មុខ​ម្ហូប​ខ្មែរ​ដែល​​ផ្ដោត​​លើ​ផលិតផល និង​​គ្រឿង​​ផ្សំ​ស្រស់ៗ​ បែប​​ជនបទ​»។

តម្រាភោជនាហារ ឆ្លុះបញ្ចាំងពីព្រះរាជហឫទ័យ​​ព្រះ​បរម​រតន​កោដ្ឋ​។ ហុង មិនា

ប្រាក់​ចំណូល​ពី​ការ​លក់​សៀវភៅ ៥​ ពាន់​ក្បាល​ដំបូង នឹង​ត្រូវ​ផ្ដល់​ជូន​មូលនិធិ​រស្មី​សោភ័ណ្ឌ​សម្រាប់​ស្ដ្រី និង​អារាម​​រស្មី​សោភ័ណ្ឌ ក្នុង​ខេត្ដ​កណ្ដាល​ ជា​ឈ្មោះ​លំនាំ​តាម​ព្រះរាជ​កនិដ្ឋា និង​រៀបចំ​ឡើង​ដោយ​បងប្អូន​ត្រកូល ម៉ែន​ ទាំង ​៣។

មូលនិធិ​រស្មីសោភ័ណ្ឌ​សម្រាប់​​ស្ដ្រី ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​ព្រះនាង​ នរោត្ដម ម៉ារី ដើម្បី​ពង្រីក​កិច្ច​គាំទ្រ​ស្នាព្រះហស្ត​របស់​សម្ដេច​ព្រះរាជ​កនិដ្ឋា សម្រាប់​ការ​ពង្រឹង​​ដល់​វិស័យ​សុខុមាលភាព​​សាធារណៈ និង​អប់រំ​ ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ដ្រី ក៏​ដូចជា​អភិវឌ្ឍ​សិប្បកម្ម​ប្រពៃណី​ចីរភាព​។

លោក​ ខូហេន ​លើក​ឡើង​ថា៖ «​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ តេសសូ ក៏​បាន​ផ្ដល់​ការ​ចូលរួម​ចំណែក​ចំពោះ​គម្រោង​នេះ ដែល​ព្រះអង្គ​មាន​បេសកកម្ម​​អភិរក្ស​ និង​អភិវឌ្ឍ​ភាព​ល្បីល្បាញ​​នៃ​វប្បធម៌​»។

តម្រា​ភោជនាហារ ត្រូវ​បាន​ដាក់​លក់​នៅ​តាម​គោលដៅ​មួយ​​​ចំនួន​ជុំវិញ​ប្រទេស​កម្ពុជា ​ក្នុង​តម្លៃ​សម្រាប់​ការ​បរិច្ចាគ ២១ ​​ដុល្លារ ​១ ​ក្បាល​ ហើយ​ខាង​​មុខ​នេះ វា​នឹង​ត្រូវ​បាន​​លក់​អនឡាញ​​សម្រាប់​អតិថិជន​មក​​ពី​ជុំវិញ​ពិភពលោក​។

សម្រាប់​ព័ត៌មាន​ស្ដីពី​ការ​ទិញ​សៀវភៅ​តម្រា​ភោជនាហារ​សុំ​ទាក់ទង​តាម​អ៊ីមែល angkor.database@templation.asia៕