ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្តកាលពីថ្ងៃព្រហស្បតិ៍បានចូលរួមបរិច្ចាគមីកញ្ចប់ ៥០០ កេស ដល់សាលារាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ក្នុងការជួយសម្រាលបន្ទុកដល់បងប្អូនដែលកំពុងស្នាក់នៅក្នុងតំបន់បិទខ្ទប់នៅក្នុងរាជធានីភ្នំពេញ។ ថ្នាក់ដឹកនាំក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានប្រគល់អំណោយ ជូនឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក Loke Kah Meng អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមផ្គត់ផ្គង់ស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់នៅក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ចូលរួមឧបត្ថម្ភមីចំនួន ៥០០ កេស ដល់សាលារាជធានី-ភ្នំពេញក្នុងការចាត់ចែងទៅតាមតំបន់ដែលមានតម្រូវការចាំបាច់»។
លោកមានប្រសាសន៍បន្ថែមទៀតថា៖ «មី ៥០០ កេសនេះ មិនមែនជាចំនួនច្រើនទេ តែជាការជួយគ្នាក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រសិនបើយើងគ្រប់គ្នាចូលរួមម្នាក់បន្តិចៗ នោះពិតជាអាចដោះស្រាយបញ្ហាដែលកំពុងកើតឡើង។ សូមចូលរួមអនុវត្តទាំងអស់គ្នានូវវិធានការ ៣ការពារ និង ៣កុំ។ ជាចុងក្រោយ ខ្ញុំសូមបួងសួងឱ្យព្រះរាជាណាចក្រកម្ពុជាអាចឆ្លងផុតពីជំងឺកូវីដ១៩នាពេលដ៏ខ្លីខាងមុខនេះ និងសូមជូនពរបងប្អូនដែលបានឆ្លងជំងឺកូវីដ១៩ ឱ្យឆាប់ជាសះស្បើយ ដើម្បីអាចវិលត្រឡប់ទៅជួបជុំគ្រួសារវិញ»៕ សហការី