បុគ្គលិកកាសែតភ្នំពេញ ប៉ុស្តិ៍ជិត ១០០ នាក់ បានជួបជុំគ្នានៅស្រុកស្អាង ខេត្តកណ្តាលកាលពីថ្ងៃសៅរ៍កន្លងទៅ ដើម្បីអបអរសាទរខួបលើកទី ២៨ នៃការបង្កើតកាសែតភ្នំពេញ ប៉ុស្តិ៍គិតត្រឹមថ្ងៃទី ១០ ខែកក្កដាកន្លងទៅ។ នៅក្នុងពិធីអបអរសាទរនេះថ្នាក់ដឹកនាំ និងបុគ្គលិកបានទៅវត្តភ្នំធនមន្ត និងវត្តស្អាងភ្នំ ដើម្បីប្រគេនទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សា។ បន្ទាប់មក ថ្នាក់ដឹកនាំ និងបុគ្គលិកបានទៅទទួលទានអាហារថ្ងៃត្រង់នៅផ្ទះគ្រួសាររបស់លោក លី តៃសេង ដែលជាអគ្គនាយក និងចាងហ្វាងកាសែតភ្នំពេញ ប៉ុស្តិ៍ ។ នៅថ្ងៃដែលពោរពេញទៅដោយភាពរីករាយនោះ បុគ្គលិក និងភ្ញៀវក៏បានភ្លក្សរសជាតិផ្លែឈើធម្មជាតិដែលមានដាំដុះនៅក្នុងបរិវេណដីឡូត៍នៃគេហដ្ឋានរបស់គ្រួសារលោក លី តៃសេង ផ្ទាល់ក្នុងនោះមានដូចជា ផ្លែមៀន ផ្លែត្របែក ផ្លែចេក ក្រូច និងផ្លែឈើជាច្រើនទៀត។ នៅជិតបញ្ចប់នៃកម្មវិធីដ៏រីករាយនោះ លោក លី តៃសេង ត្រូវបានប្រគល់បណ្ណថ្លែងអំណរគុណដែលមានចុះហត្ថលេខាពីបុគ្គលិកដើម្បីទុកជាអនុស្សាវរីយ៍ និងបង្ហាញពីសមានចិត្ត ភក្ដី ចំពោះលោក លី តៃសេង ដែលជាចាងហ្វាង និងអគ្គនាយកដ៏ល្អសម្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍បច្ចុប្បន្ន៕ រូបថត ហ៊ាន រង្សី