ឯកឧត្តម កែវ វណ្ណថន នាយឧត្តមសេនីយ៍អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ភោគ ចន្ថា ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និងថ្នាក់ដឹកនាំដទៃទៀតកាលពីព្រឹកថ្ងៃទី ១៣ ខែមិថុនា បានអញ្ចើញទស្សនកិច្ច សួនឧទ្យានឧស្សាហកម្មបច្ចេកវិទ្យារបស់ JIN SHA KONG GU CO., LTDនៅស្រុកជ្រៃធំ ខេត្តកណ្តាល។ ក្នុងដំណើរទស្សនកិច្ចនោះ លោក លីវ យ៉ាង ប្រធានក្រុមហ៊ុន JIN SHA KONG GU CO., LTD និងជាប្រធានសមាគមសហពាណិជ្ជកម្ពុជា - ចិន បានដឹកនាំបុគ្គលិកទទួលស្វាគមន៍ ឯកឧត្តម កែវ វណ្ណថន និងថ្នាក់ដឹកនាំយ៉ាងកក់ក្តៅបំផុត។
ឯកឧត្តម កែវ វណ្ណថន បានសង្កត់ធ្ងន់ថា៖ «រាជរដ្ឋាភិបាលលើកទឹកចិត្តយ៉ាងខ្លាំងចំពោះក្រុមហ៊ុនបរទេសឱ្យវិនិយោគនៅកម្ពុជាហើយនឹងដោះស្រាយបញ្ហាយ៉ាងសកម្មនៅក្នុងដំណើរការអភិវឌ្ឍ»។
ឯកឧត្តម កែវ វណ្ណថន ក៏បានបញ្ជាក់ពីសារៈសំខាន់នៃភាពជាវិជ្ជមានដែលបានចុះធ្វើអធិការកិច្ចលើកនេះផងដែរ ដោយបានមានប្រសាសន៍ថា៖ «កាលពីឆ្នាំមុន ការផ្ទុះឡើងនៃជំងឺកូវីត ១៩ នៅប្រទេសកម្ពុជា ស្ថិតក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចជាតិ ក្រុមហ៊ុន JIN SHA KONG GU CO., LTD បានធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីជួយដល់ប្រជាជនក្រីក្រ ព្រមទាំងបុគ្គលិកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត ១៩ ជួរមុខដែលមានកាតព្វកិច្ចការពារប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ ការបង្កើនការវិនិយោគ ត្រូវបានជំរុញទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងវិស័យការងារ ហើយបានបង្កើតអោយមានគំរូថ្មីនៅក្នុងការអភិវឌ្ឍមូលដ្ឋាន»។
លោក លីវ យ៉ាង បានធ្វើបទបង្ហាញប្រវត្តិរូបសង្ខេបរបស់ក្រុមហ៊ុន JIN SHA KONG GU CO., LTD ដែលបានបង្កើតឡើងនៅខែឧសភាឆ្នាំ ២០២០ ហើយសួនឧស្សាហកម្មនេះគឺជាគម្រោងដំបូងបង្អស់របស់ក្រុមហ៊ុន JIN SHA KONG GU CO., LTD នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក លីវ យ៉ាង មានប្រសាសន៏ថា JIN SHA KONG GU CO., LTD គឺជាស្ថាប័នគ្រប់គ្រងការវិនិយោគទ្រព្យសម្បត្តិឌីជីថលអន្តរជាតិខ្នាតធំដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ។ ក្រុមហ៊ុន JIN SHA KONG GU CO., LTD បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងវិនិយោគយ៉ាងសកម្មក្នុងការអភិវឌ្ឍគម្រោងជាច្រើនក្នុងវិស័យសេដ្ឋកិច្ចផ្សេងៗ។ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ការវិនិយោគនឹងផ្តោតទៅលើវិស័យវេជ្ជសាស្ត្រ បច្ចេកវិទ្យាខ្ពស់ ទេសចរណ៍វប្បធម៌ វិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការការពារបរិស្ថាន វិស័យហិរញ្ញវត្ថុ អាជីវកម្មឆ្នៃប្រឌិតថ្មី និងវិស័យផ្សេងទៀត ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕