ក្រុមហ៊ុនមិសុតា (Misota) ដែលមានមូលដ្ឋាននៅខេត្តបាត់ដំបង ជាក្រុមហ៊ុនកែច្នៃ និងចែកចាយផ្លែឈើសំងួត និងផលិតផលអាហារជាច្រើន សម្រាប់ទីផ្សារកម្ពុជា និងនាំចេញទៅបរទេស បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនជប៉ុន Rohto ដែលមានឯកទេសផលិតទំនិញប្រើប្រាស់ និងសាជីវកម្មឱសថ។
ស្ថាបនិក និងជានាយកក្រុមហ៊ុន Misota លោក Michel Tan និងនាយកគ្រប់គ្រងក្រុមហ៊ុន Rohto Cambodia លោក Shunsuke Shinoda បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានគោលបំណងបង្កើនគុណតម្លៃដល់ផលិតផលកសិកម្មក្នុងស្រុក បង្កើតការងារសម្រាប់ប្រជាជនក្នុងស្រុក និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងនៅមជ្ឈមណ្ឌល Premier Center សែនសុខ កាលពីថ្ងៃទី៩ ខែមិថុនា នាឱកាសប្រារព្ធខួបលើកទី១០ឆ្នាំ នៃក្រុមហ៊ុន Rohto ដែលជា ក្រុមហ៊ុនឯកទេសផលិត និងចែកចាយផលិតផលឱសថ គ្រឿងសំអាង និងអាហារជាច្រើនប្រភេទ។
លោក Michel Tan មានប្រសាសន៍ថា៖««Misota នឹងធ្វើការជាមួយ Rohto ដើម្បីលើកិកម្ពស់សុខភាពនិងអភិវឌ្ឍមុខងារអាហារសម្រាប់អតិថិជនដ៏មានតម្លៃរបស់យើងនៅក្នុងប្រទេសកម្ពុជា និងទូទាំងទីផ្សារនាំចេញរបស់យើង ដោយសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីបង្កើតផលិតផលប្រកបដោយភាពច្នៃប្រឌិតដែលផ្តល់គុណប្រយោជន៍សម្រាប់សុខភាព»។
«យើងនឹងប្រែក្លាយរុក្ខជាតិ និងផ្លែឈើក្នុងស្រុកទៅជាផលិតផលដែលមានគុណភាពខ្ពស់ ដែលបំពេញតម្រូវការអតិថិជនរបស់យើង ទាក់ទងនឹងតម្លៃអាហារូបត្ថម្ភ គុណភាព និងសុវត្ថិភាពចំណីអាហារ។ កិច្ចសហការរបស់យើងក៏នឹងស្វែងរកការអភិវឌ្ឍផលិតផលជាក់លាក់ដែលដោះស្រាយបញ្ហាសុខភាព ផងដែរ»។
លោកបានបន្ថែមថា MoU នេះគឺមានគោលបំណងបង្កើតភាពជាដៃគូឈ្នះ-ឈ្នះ មិនត្រឹមតែលើវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការកសាងគុណតម្លៃបន្ថែមដល់កសិផលកម្ពុជា បង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ថែមទៀតផង។
លោកថ្លែងថា ៖«កត្តាសំខាន់មួយនៅពីក្រោយភាពជាដៃគូនេះគឺថា ទាំងក្រុមហ៊ុន Misota និង Rohto ចែករំលែកនូវឧត្តមគតិ និងចក្ខុវិស័យដូចគ្នា។ យើងសម្លឹងឆ្ពោះទៅបន្តដោះស្រាយបញ្ហាសង្គម ខណៈដែលយើងមានបំណងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងស្តង់ដារនៃការរស់នៅរបស់ប្រជាជនកម្ពុជា»៕