ពី «អាកោត្នោត» ទៅ «នំបុ័ងត្នោត» ដាក់ចែកចាយក្នុងហាង 7-Eleven បន្ថែមតម្លៃផលិតផលកសិកម្ម ចែករំលែកឱកាសដើម្បីបង្កើនគុណភាពជីវិត និងជាមោទនភាពមួយទៀតសម្រាប់ប្រជាជនកម្ពុជា។
ដោយមិនចង់ឃើញដើមត្នោតដែលប្រៀបបានទៅនឹងអត្តសញ្ញាណរបស់ប្រទេសកម្ពុជាបាត់បង់ លោក ប៊ុន វុធឌីកា មានអាយុ ៤៣ ឆ្នាំ បានគិតច្នៃយកផ្លែត្នោតមកធ្វើជាគ្រឿងផ្សំរបស់នំសម័យថ្មី។ ពីនំដែលគេស្គាល់ថា ជា «អាកោត្នោត» ឱ្យក្លាយទៅជា «នំបុ័ងត្នោត»ជម្រើសថ្មីមួយទៀតសម្រាប់ អតិថិជនដើម្បី ឆ្លើយតបទៅនឹងតម្រូវការផ្សេងៗ។
ដើមកំណើតនៃអាជីវកម្ម «ហាងនំបុ័ងគ្រីសប៊ែន» គឺត្រូវបានបើកដំណើរការតាំងពីឆ្នាំ ២០២១ បន្ទាប់មកបានទទួលជោគជ័យម្តងទៀត ដោយនាំយកផលិតផល «គ្រីសប៊ែន» (Chrizt Ben) ចូលដាក់លក់នៅហាងដែល កំពុងពេញនិយម ហាង 7-Eleven គ្រប់សាខាក្នុងរាជធានីភ្នំពេញ។
បច្ចុប្បន្ន ហាងនំបុ័ងគ្រីសប៊ែន មានសរុបទាំងអស់ ៤ សាខា ក្នុងនោះមានដូចជា សាខាសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញសាខា The Green Community Mall, សាខា CG Mall និងសាខាឧដុង្គ កំពង់ឆ្នាំង។
ផលិតផលរបស់ គ្រីសប៊ែន ដែលមានដាក់លក់នៅក្នុងហាង 7-Eleven មានជាច្រើនមុខឱ្យជ្រើសរើសដូចជា នំបុ័ងត្នោត នំបុ័ងខ្មៅ នំបុ័ងត្នោតបាក់យ៉ុង នំបុ័ងត្នោតស្នូលសូកូឡា នំបុ័ងស្នូលតើយ ជាដើម។ ចំណុចពិសេសរបស់គ្រីសប៊ែន គឺការផលិតថ្មីៗ ប្រើវត្ថុធាតុ-ដើមដែលមានគុណភាព ស្អាត មានអនាម័យ និងសុវត្ថិភាពខ្ពស់ តាំងពីដំណាក់កាលផលិត ការវេចខ្ចប់ រហូតដល់ការដឹកជញ្ជូន ជាពិសេសគឺផ្លែត្នោតដែលនាំពីខេត្តកំពង់ស្ពឺ។
លោក ប៊ុន វុធឌីកា ថ្លែងថា ៖«ខ្ញុំមានអារម្មណ៍ថាមានមោទនភាព ក្នុងឋានៈជាជន-ជាតិខ្មែរដែលបានធ្វើនំមួយដែលប្រៀបបានទៅនឹង អត្តសញ្ញាណជាតិ ហើយបានដាក់លក់នៅក្នុងហាងដែលមានឈ្មោះល្បី 7-Eleven នេះ។ ខ្ញុំសូមអរគុណ 7-Eleven ដែលផ្ដល់ឱកាស មិនមែនសម្រាប់តែខ្ញុំដែលជាអ្នក-ផលិតនោះទេ តែបានជួយឱ្យក្មេងៗ ចាស់ៗនៅជនបទមានចំណូលពីការរើសផ្លែត្នោតមកលក់ ហើយជួយមនុស្សជាច្រើនឱ្យមានចំណូល និងការងារដ៏មានស្ថិរភាពមួយ មិនថា បុគ្គលិកធ្វើនំបុ័ង អ្នកវេចខ្ចប់ អ្នកលក់ និងអ្នកដឹកជញ្ជូនជាដើម»៕