លោកស្រី ការី ឡាម ប្រមុខ​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ហុងកុង​បាន​លើកឡើង​ថា យុទ្ធសាស្ត្រ​របស់​ហុងកុង​ក្នុង​ការ​ពង្រឹង​តួនាទី​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​គឺ តាម​រយៈ​ការ​ធ្វើ​សមាហរណកម្ម​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ចិន​ដី​គោក។ នេះ​បើ​តាម​ការ​សម្រង់​សម្ដី​របស់​លោក​ស្រី​នៅ​ក្នុង​វេទិកា​ហិរញ្ញវត្ថុ​មួយ​ ដោយ​សារព័ត៌មានរ៉យទ័រ​។

ជាមួយ​គ្នា​នេះ​ដែរ លោកស្រី​ក៏​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​រដ្ឋធានី​ប៉េកាំង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​សន្តិសុខ​របស់​ហុងកុង តាម​រយៈ​ការ​អនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​កាល​ពី​ឆ្នាំ ២០២០ ក៏​ដូច​ជា​ការ​ស្ដារ​សន្តិសុខ និង​ស្ថិរភាព​ហុងកុង ក្រោយ​ពី​ផ្ទុះ​ការ​តវ៉ា​កាល​ពី​ឆ្នាំ ២០១៩។ លោកស្រី​ ការី ឡាម យល់​ថា សកម្មភាព​របស់​រដ្ឋាភិបាល​កណ្ដាល​ចិន​ធ្វើ​ឱ្យ​ការ​អនុវត្ត​ប្រព័ន្ធ​គ្រប់គ្រង «ប្រទេស ១ ប្រព័ន្ធ ២» បាន​យ៉ាង​រលូន ដែល​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​កាន់​តែ​ជឿនលឿន​នៅ​ហុងកុង។

ហុងកុង​អាច​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​ហិរញ្ញវត្ថុ​ចិន ដោយ​រាប់​បញ្ចូល​ទាំង ការ​សម្របសម្រួល​ក្នុង​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​យន់​​របស់​ចិន​នៅ​លើ​ឆាក​អន្តរជាតិ ជួយ​ទ្រទ្រង់​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​នៅ​ចិន​ដី​គោក ក៏​ដូច​ជា​ផ្ដល់​ជា​កន្លែង​សុវត្ថិភាព​ក្នុង​ការ​រក្សា​រូបិយប័ណ្ណ​របស់​ចិន។

ប្រមុខ​ហុងកុង​វ័យ ៦៤ ឆ្នាំ​រូប​នេះ​ បាន​បន្ថែម​ថា ហុងកុង​ត្រៀម​ខ្លួន​ជា​ស្រេច​ឆ្លើយតប​នឹង​ឱកាស​ ដែល​បង្កើត​ឡើង​ដោយ​ផែនការ​របស់​ចិន​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ហុងកុង ម៉ាកាវ និង​តំបន់​អភិវឌ្ឍន៍​ក្វាងតុង៕

ហ៊ីម រដ្ឋា