ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ទីក្រុង​រីយ៉ាដ ​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ការ​កាត់​បន្ថយ​សម្ភារ​យោធា​របស់​អាមេរិក​នៅ​ប្រទេស ​អារ៉ាប៊ី​ សាអ៊ូឌីត​ នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមត្ថភាព​ការពារ​របស់​ប្រទេស​នេះ​ទេ ក្រោយ​ពី​ចាប់​បាន​​​ដ្រូន​ជា​ច្រើន​គ្រឿង​របស់​ក្រុម​ឧទ្ទាម​យេម៉ែន​ក្នុង​រយៈពេល​តែ​​ ១ ​ថ្ងៃ​ប៉ុណ្ណោះ​។

ទីក្រុង​វ៉ាស៊ីនតោន​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ខ្លួន​កំពុង​កាត់​បន្ថយ​ចំនួន​ទ័ព ​និង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​មជ្ឈិមបូព៌ា​ក្នុង​នោះ​មាន​កាំភ្លើង​ធំ​ Patriot​ ជា​ច្រើន​គ្រឿង ​និង​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​ ហៅ​ថា «THAAD» ​ចេញ​ពី​អារ៉ាប៊ី​ សាអ៊ូឌីត។

អ្នក​នាំពាក្យ​ក្រុម​ចម្រុះ​លោក Turkial​Maliki បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ ​«​ការ​ដក​សម្ភារ​យោធា​របស់​អាមេរិក​នេះ​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រព័ន្ធ​​​ការពារ​ដែន​អាកាស​របស់​អារ៉ាប៊ី សាអ៊ូឌីត​ទេ​»។ ​

«យើង​មាន​ការ​យល់​ដឹង​ច្បាស់​ជា​មួយ​​ក្រុម​សម្ព័ន្ធមិត្ត​របស់​យើង​អំពី​ការ​គំរាមកំហែង​ក្នុង​តំបន់​នេះ។ ​យើង​ពិត​ជា​មាន​សមត្ថភាព​ការពារ​ប្រទេស​របស់​យើង​»។ ការ​ដក​ចេញ​របស់​អាមេរិក​នេះ​ បាន​កើត​ឡើង​ ខណៈ​ដែល​រដ្ឋការ​លោក​ប្រធានាធិបតី​ ចូ ​បៃដិន​ ប្រឹងប្រែង​បន្ធូរបន្ថយ​ភាព​តានតឹង​ជា​មួយ​​អ៊ីរ៉ង់ ​ជា​សត្រូវ​ស្លាប់​រស់​របស់​អារ៉ាប៊ី ​សាអ៊ូឌីត ​ក្រោយ​ពី​ភាព​តានតឹង​នោះ​ បាន​កើន​ឡើង​ខ្លាំង​ក្នុង​ឆ្នាំ​ ២០១៩ ​នៅ​ក្រោម​យុទ្ធនាការ​ដាក់​សម្ពាធ​អតិបរមា​របស់​អតីត​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ​ ទៅ​លើ​ទីក្រុង​តេអេរ៉ង់។

លោក​ Maliki ​មិន​បាន​បង្ហាញ​ថា ​តើ​បច្ចុប្បន្ន​ព្រះរាជណាចក្រ​នេះ​ មាន​ Patriots​ ប៉ុន្មាន​គ្រឿង​នោះ​ទេ?​

កាល​ពី​ខែ​មេសា ​ប្រទេស​ក្រិក​ បាន​និយាយ​ថា ​ខ្លួន​បាន​បញ្ជូន​កាំភ្លើង​ធំ​ Patriot ​​១ គ្រឿង ​ទៅ​កាន់​​ប្រទេស​អារ៉ាប៊ី សាអ៊ូឌីត​ ដើម្បី​ការពារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​ដ៏​សំខាន់​របស់​ខ្លួន​។ ​

អារ៉ាប៊ី​ សាអ៊ូឌីត ​ដែល​បាន​ដឹកនាំ​ក្រុម​ចម្រុះ​យោធា​ប្រឆាំង​ក្រុម​ឧទ្ទាម​ហ៊ូធី​នៅ​ប្រទេស​យេម៉ែន​ តាំង​ពី​ឆ្នាំ​ ២០១៥ ​បាន​ពឹង​ផ្អែក​ Patriots​ ដែល​ផលិត​ដោយ​​អាមេរិក​ ដើម្បី​ចាប់​មីស៊ីល ​និង​ដ្រូន​ដែល​ត្រូវ​បាន​គេ​បាញ់​សំដៅ​ទៅ​ព្រះរាជាណាចក្រ​នេះ​ស្ទើ​រតែ​រៀង​រាល់ថ្ងៃ​ដោយ​ក្រុម​ឧទ្ទាម​មាន​សម្ព័ន្ធ​មិត្ត​ជាមួយ​អ៊ីរ៉ង់។ ​

លោក​ Maliki ​បាន​និយាយ​ថា​ ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អារ៉ាប៊ី​ សាអ៊ូឌីត ​ចាប់​បាន​​ដ្រូន​​ចំនួន​ ១៧ ​គ្រឿង ​របស់​ក្រុម​ឧទ្ទាម​ហ៊ូធី​កាល​ពី​ថ្ងៃ​សៅរ៍​ ជា​ចំនួន​ច្រើន​បំផុត​ក្នុង​រយៈពេល​តែ​​១ ថ្ងៃ​ប៉ុណ្ណោះ​ ចាប់​តាំង​ពី​ជម្លោះ​នេះ​ បាន​ចាប់​ផ្តើម​។ ​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា ​កាល​ពី​ដើម​ខែ​នេះ ​ដ្រូន​​១ គ្រឿង​ផ្ទុក​គ្រាប់​បែក​របស់​ក្រុម​ហ៊ូធី ​បាន​ធ្លាក់​ចំ​សាលា​រៀន​មួយ​នៅ​ក្នុង​ខេត្ត​ Asir ​ភាគ​ខាង​ត្បូង។

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​មន្ត្រី​តំបន់​ម្នាក់​បាន​និយាយ​ថា ​អារ៉ាប៊ី ​សាអ៊ូឌីត ​មិន​អាច​ការពារ​ប្រទេស​ទាំង​មូល ដោយ​ Patriots​ បាន​ទេ»៕