កាលពីថ្ងៃអាទិត្យកន្លងទៅ ប្រទេសចិន បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានចែកចាយចាក់វ៉ាក់សាំងកូវីដ ១៩ ដល់ប្រជាជនបានទៅដល់ ១ ពាន់លានដូស។
ទិន្នន័យដែលចេញផ្សាយដោយគណៈកម្មាធិការសុខភាពជាតិ (NHC) កាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា ប្រទេសចិនបានចែកចាយវ៉ាក់សាំងបានជាង ១,១ ពាន់លានដូសកាលពីថ្ងៃសៅរ៍។
ចំនួននេះ ច្រើនជាងការចែកចាយនៅសហរដ្ឋអាមេរិកស្ទើរ ៣ដង ឬស្ទើរតែស្មើនឹង ៤០ ភាគរយនៃចំនួនចែកចាយវ៉ាក់សាំងសរុបចំនួន ២,៥ ពាន់លានដូស នៅទូទាំងពិភពលោក។ នេះបើយោងតាមគេហទំព័រ Our World in Data។
ប្រទេសចិន បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់ខ្លួននៅក្នុងខែធ្នូ ឆ្នាំ ២០២០។ ទោះបីជាមាន ការចាប់ផ្តើមយឺតក៏ដោយគេមើលឃើញថា ប្រទេសនេះ បានបង្កើនបរិមាណចែកចាយប្រចាំថ្ងៃទ្វេដង ពោលគឺមានចំនួនជាង ១០ លាននាក់ ក្នុង ១ ថ្ងៃ ទៅ ២០ លាននាក់ ក្នុង ១ ថ្ងៃនៅតាមខេត្តនានានៃប្រទេសចិន។
ជាមួយគ្នានេះដែរ កាលពីថ្ងៃទី ៧ ឧសភា អង្គការសុខភាពពិភពលោក (WHO) បានសម្រេចដាក់វ៉ាក់សាំងចិន Sinopharm ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នដែលជាកត្តាជំរុញឱ្យការផលិត និងផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់ជាសកលកាន់តែកើនឡើង និងបង្កើនភាពជឿជាក់លើវ៉ាក់សាំងលើឆាកអន្តរជាតិផងដែរ។
អ្នកជំនាញបានរៀបរាប់ថា ការបង្កើនការផលិតវ៉ាក់សាំង និងការចាក់វ៉ាក់សាំងឱ្យបានលឿននៅក្នុងប្រទេសចិនឆ្លុះបញ្ចាំងពីការឆ្លើយតបយ៉ាងរហ័សរបស់រដ្ឋាភិបាលទាំងនៅក្នុងការស្រាវជ្រាវផលិតវ៉ាក់សាំង និងផែនការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ គួបផ្សំជាមួយនឹងប្រព័ន្ធអភិបាលកិច្ច ដែលមានប្រសិទ្ធភាពខ្ពស់របស់ប្រទេសចិនផងដែរ។
ប្រធានសមាគមឧស្សាហកម្មវ៉ាក់សាំងបង្ការចិន លោក Feng Duojia បានប្រាប់កាសែត Global Times ថា៖ «ព្រឹត្តិការណ៍ដ៏សំខាន់នេះ មិនត្រឹមតែតំណាងដល់ជំហានសំខាន់សម្រាប់ប្រទេសចិននោះទេ ប៉ុន្តែក៏បង្ហាញអំពីការរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះហើយប្រទេសចិនក៏នៅតែបន្តការផលិតវ៉ាក់សាំងទាំងការប្រើប្រាស់ក្នុងស្រុកនិងការផ្គត់ផ្គង់នៅបរទេសផងដែរ»។
លោកស្រី Ernan Cui អ្នកវិភាគមតិរបស់អតិថិជនចិននៅស្ថាប័ន Gavekal Dragonomics បាននិយាយតាមរយៈលិខិតមួយផ្ញើទៅកាន់សារព័ត៌មាន Fortune ថា៖ «ខ្សែសង្វាក់ផ្គត់ផ្គង់វ៉ាក់សាំងដ៏សំខាន់របស់ចិនគឺការវេចខ្ចប់វ៉ាក់សាំងដាក់បំពង់កែវ។ ប្រទេសចិន មិនអាចផលិតបំពង់កែវដាក់វ៉ាក់សាំង បានច្រើនទេ អ៊ីញ្ចឹងប្រទេសចិនត្រូវរៀនលៃលកធ្វើយ៉ាងណាឱ្យប្រើប្រាស់បំពង់កែវតិចបំផុត»។
លោកស្រី Cui បានបន្ថែមថា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសចិន បានចាប់ផ្តើមបូមវ៉ាក់សាំងចំនួន២ ដូសចេញពីដបវ៉ាក់សាំងតែ ១ ហើយក៏បានប្រើប្រាស់វិធីច្នៃដបនេះឡើងវិញ ដើម្បីប្រើដាក់វ៉ាក់សាំងបន្ថែមទៀតផងដែរ។
ប្រធានសមាគមឧស្សាហកម្មវ៉ាក់សាំងបង្ការចិន បាននិយាយថា ឥឡូវនេះ ប្រទេសចិន មានសមត្ថភាពផលិតវ៉ាក់សាំងពី ៣ ពាន់ទៅ ៤ ពាន់លានដូសក្នុងឆ្នាំ ២០២១។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត People''s Daily ។
យុទ្ធនាការចែកចាយវ៉ាក់សាំង ដែលមានល្បឿនលឿនរបស់ប្រទេសចិន បានបង្ហាញពីគុណសម្បត្តិពីការប្រកាន់របបផ្តាច់ការរបស់ទីក្រុងប៉េកាំងនិងការមិនគោរពប្រព័ន្ធជំនឿសាសនាសេរីភាពផ្ទាល់ខ្លួន ដែលជាបញ្ហាកំពុងធ្វើឱ្យមានការស្ទាក់ស្ទើរ និងភ័យខ្លាចក្នុងការទទួលយកវ៉ាក់សាំងនៅសហរដ្ឋអាមេរិក។
ទោះបីជាការចាក់វ៉ាក់សាំងនៅតែមានលក្ខណៈស្ម័គ្រចិត្តក៏ដោយទីក្រុងប៉េកាំងក៏តែអាចប្រើប្រាស់ឥទ្ធិពលដូចជា តម្រូវឱ្យមានការចាក់វ៉ាក់សាំងនៅសហគ្រាស ដែលគ្រប់គ្រងដោយរដ្ឋនិងស្ថាប័នពឹងផ្អែកលើសមាជិកបក្សកុម្មុយនីស្ត ដើម្បីទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាលផងដែរ។ ប្រសិនបើ វិធាននេះមាននិរន្តរភាពឬរឹតតែមានប្រសិទ្ធភាពខ្លាំងឡើង វាអាចនឹងជំរុញឱ្យអត្រាចាក់វ៉ាក់សាំងរបស់ប្រទេសចិនមានចំនួនច្រើនជាងសហរដ្ឋអាមេរិក។
ទោះបីជា ករណីរីករាលដាលនៃជំងឺកូវីដ ១៩ នៅប្រទេសចិន គ្រប់គ្រងហើយយ៉ាងណាក្តី ក៏ប្រទេសចិន នៅតែបន្តអនុវត្តនូវវិធានការទប់ស្កាត់ការផ្ទុះឡើងជានិច្ច។ វិធានការបែបនេះ រួមជាមួយការភ័យខ្លាចនៃរលកថ្មី គឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាដល់ប្រជាជនឱ្យទៅទទួលយកវ៉ាក់សាំង។
រហូតមកដល់ពេលនេះ ទោះបីជារដ្ឋាភិបាលចិន ឈប់ដាក់បញ្ជូលគោលនយោបាយចាក់វ៉ាក់សាំងជាកាតព្វកិច្ចយ៉ាងណាក្ដី ប៉ុន្តែរដ្ឋាភិបាលប្រទេសនេះនៅតែអំពាវនាវដល់ប្រជាជនរាប់សិបលាននាក់ ដែលធ្វើការនៅក្នុងសហគ្រាសរដ្ឋក៏ដូចជាសមាជិកនៃបក្សកុម្មុយនីស្តចិនរបស់ខ្លួនចំនួន ៩០ លាននាក់ មកទទួលការចាក់វ៉ាក់សាំងជាគំរូ និងទទួលបានរង្វាន់លើកទឹកចិត្តជាច្រើនផងដែរ។
នៅកន្លែងដទៃទៀត អ្នកប្រើបណ្តាញសង្គមចិនក៏ បានរាយការណ៍ថា អាជ្ញាធរកំពុងផ្តល់ជូននូវអំណោយដូចជា ស៊ុតពងមាន់សាប៊ូបោកខោអាវ កាបូប អង្ករ និងក្រដាសបង្គន់ដល់អ្នកដែលព្រមទទួលចាក់វ៉ាក់សាំង។ទន្ទឹមនឹងនេះ បណ្តាញសារព័ត៌មានចិន បានរាយការណ៍នៅតាមទីប្រជុំជនដូចជាទី ក្រុង ប៉េកាំងអាជ្ញាធរមូលដ្ឋានកំពុងប្រគល់វិញ្ញាបនបត្រដល់អាជីវកម្មដែលមានបុគ្គលិក ៨០% ចាក់វ៉ាក់សាំងហើយទៀតផង។ ទីភ្នាក់ងារសារព័ត៌មានចិន Xinhua Daily Telegraph ក៏បានរាយការណ៍ នៅក្នុងខែ មីនាថា អាជ្ញាធរក៏ធ្លាប់បានប្រាប់ដល់សាធារណជនមិនឱ្យពាក់ព័ន្ធនឹងអាជីវកម្មណា ដែលមានបុគ្គលិកចាក់វ៉ាក់សាំងបានតិចតួចទៀតផង។
គួរបញ្ជាក់ផងដែរថា ប្រសិនបើប្រទេសចិន នៅតែបន្តគោលការណ៍ចែកចាយវ៉ាក់សាំងចំនួន ១៥ លានដូស ក្នុង ១ ថ្ងៃ ប្រទេសនេះនឹងចែកចាយវ៉ាក់សាំងចំនួន ១,២ ពាន់លានដូស នៅថ្ងៃទី ៧ ខែកក្កដា បើតាមទ្រឹស្តី វាមានចំនួនគ្រប់គ្រាន់ ដើម្បីចែកចាយប្រជាជនចំនួន ៥៦០ លាននាក់នៅទូទាំងប្រទេស៕