កាលពីថ្ងៃអាទិត្យ ទី ២០ មិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បានថ្កោលទោសជ័យជម្នះរបស់លោក Ebrahim Raisi ក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ ដោយនិយាយថា លោក Raisi នឹងបង្កើត «របបពេជ្ឈឃាតព្យួរកដ៏ឃោរឃៅ» ហើយមហាអំណាចពិភពលោកគួរតែ «ភ្ញាក់ដឹងខ្លួន» មុននឹងធ្វើការចរចា ស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
ជាប្រធានប្រព័ន្ធតុលាការអភិរក្សនិយម លោក Raisi បានជាប់ឆ្នោតជាប្រធានាធិបតីអ៊ីរ៉ង់ថ្មី ដោយទទួលសំឡេងគាំទ្រ ៦២ ភាគរយ ក្នុងការបោះឆ្នោតមួយដែលមានការចូលរួមតិចតួចពីប្រជាជន និងមានការដកសិទ្ធិឈរឈ្មោះរបស់បេក្ខជនកណ្ដាលនិយមជាច្រើន។ លោក Rasi ស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិកចាប់តាំងពីឆ្នាំ ២០១៩ ដោយសារការចូលរួមរបស់លោកក្នុងការប្រហារជីវិតអ្នកទោសនយោបាយរាប់ពាន់នាក់នៅចុងសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់។ លោក Raisi មិនដែលបានអត្ថាធិប្បាយបដិសេធ ឬបញ្ជាក់អំពីការចូលរួមរបស់លោកក្នុងការសម្លាប់ទាំងនេះទេ។
លោក Bennett បានបើកសម័យប្រជុំគណៈរដ្ឋមន្ត្រីតាមទូរទស្សន៍ជាលើកដំបូងចាប់តាំងពីចូលកាន់តំណែងកាលពីសប្ដាហ៍មុនលោកថា ការជាប់ឆ្នោតរបស់លោក Raisi គឺត្រូវបានរៀបចំដោយមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei មិនមែនដោយការបោះឆ្នោតសេរី និងពេញនិយមទេ។
លោក Bennett បាននិយាយថា៖ «ក្នុងចំណោមមនុស្សទាំងអស់ដែល Khamenei អាចជ្រើសរើស លោកបានជ្រើសរើសពេជ្ឈឃាតព្យួរកក្រុងតេអេរ៉ង់ ដែលជាបុរសម្នាក់ល្បីក្នុងបណ្តាប្រជាជនអ៊ីរ៉ង់ និងនៅទូទាំងពិភពលោកក្នុងការដឹកនាំគណៈកម្មការពិឃាត ដែលបានសម្លាប់ពលរដ្ឋអ៊ីរ៉ង់គ្មានទោសរាប់ពាន់នាក់»។
ក្នុងសេចក្ដីថ្លែងការណ៍មួយលោក Bennett បាននិយាយថា៖ «ការជាប់ឆ្នោតរបស់ Raisi ខ្ញុំអាចនិយាយបានថា គឺជាឱកាសចុងក្រោយសម្រាប់មហាអំណាចពិភពលោកភ្ញាក់ដឹងខ្លួន មុនពេលត្រឡប់ទៅកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយគួរតែស្វែងយល់ថា ពួកគេកំពុងចរចាជានរណា?»។
«ពួកនេះ គឺជាឃាតករ ឃាតករសម្លាប់រង្គាល។ របបពេជ្ឈឃាតព្យួរកដ៏ឃោរឃៅមិនត្រូវអនុញ្ញាតឱ្យមានអាវុធប្រល័យលោកឡើយ» លោក Bennett បាននិយាយបែបនេះហើយបន្តទៀតថា៖ «ជំហររបស់អ៊ីស្រាអែលនឹងមិនផ្លាស់ប្តូរលើបញ្ហានេះទេ»។
លោក Bennett ដែលជាអ្នកនយោបាយជាតិនិយម និងអភិរក្សនិយមបានប្រកាន់ជំហរដាច់ខាតប្រឆាំងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដូចអ្នកកាន់តំណែងមុនលោក Benjamin Nethanyahu ដោយគិតថា លក្ខខណ្ឌបច្ចុប្បន្ននឹងមិនហាមឃាត់អ៊ីរ៉ង់មិនឱ្យបង្កើតអាវុធ។
រដ្ឋបាលលោក ដូណាល់ ត្រាំ បានយល់ស្របនឹងជំហររបស់អ៊ីស្រាអែល ហើយបានដកខ្លួនអាមេរិកចេញពីកិច្ចព្រមព្រៀង និងដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់។ ប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក ចូ បៃដិន ចង់ឱ្យអាមេរិកចូលកិច្ចព្រមព្រៀងនេះវិញ ហើយដោយមានជំនួយពីសម្ព័ន្ធមិត្តនៅអឺរ៉ុប បានចាប់ផ្ដើមការចរចាដោយប្រយោលជាអ៊ីរ៉ង់ លពីខែមេសា ដើម្បីស្ដារកិច្ចព្រមព្រៀង។
រីឯលោក Raisi វិញ ដែលដើមឡើយប្រឆាំងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បានផ្លាស់មកគាំទ្រការស្ដារវិញ ដើម្បីលុបបំបាត់ទណ្ឌកម្មរបស់អាមេរិក ដែលបានធ្វើឱ្យសេដ្ឋកិច្ចផ្អែកលើប្រេងរបស់អ៊ីរ៉ង់បែកបាក់ ជំរុញឱ្យការមិនសប្បាយចិត្តរីករាលដាល។
រដ្ឋាភិបាលថ្មីនឹងសង្ឃឹមថា អាចទទួលបានសរសើរពីសាធារណជនសម្រាប់ការរីកចម្រើនសេដ្ឋកិច្ច ដែលកើតឡើងពីការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលជាអ្វីមួយរដ្ឋបាលមុនអាចសម្រេចបានមុនពេលលោក Raisi ចូលកាន់តំណែង៕