រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​អ៊ឺរ៉ុប​បានលើក​ឡើងពី​ការវាយ​លុករបស់​វីរុសកូវីដ ១៩ ​ប្រភេទ Delta​ កំពុងបង្កើន​ករណីវិជ្ជមាន​នៅ​ចក្រភព​អង់គ្លេស ​ប្រទេស​ព័រ​ទុយហ្កាល់ ​អាល្លឺម៉ង់ ​បារាំង ​និងអេស្ប៉ាញ​ជាដើម​។

តាមការ​ស្រង់​សម្តី​របស់សារព័ត៌មាន NikkiAsia​ រដ្ឋ​មន្រ្តីក្រសួង​សុខាភិបាល​របស់​ប្រទេស​បារាំង​លោក Olivier Veran បានប្រាប់​អ្នក​យកព័ត៌មាន​នៅឯ​មជ្ឈមណ្ឌល​ចាក់វ៉ាក់សាំង​ប៉ារីស​មួយ​កាលពី​សប្តាហ៍មុនថា៖ «យើ​ងកំពុងស្ថិត​ក្នុងដំណើរ​ការ​កម្ចត់​វីរុស និង​ការរាតត្បាត​ហើយយើងមិន​ត្រូវអនុញ្ញាតឱ្យ​វីរុស​ប្រភេទនេះ​ដណ្តើមយក​ឈ្នះ​បានឡើយ​»។

លោក Veran បាននិយាយថា​សំណាក​មេរោគ​ពី ២ ទៅ ៤ ភាគរយ ដែល​ត្រូវបាន​គេវិភាគ​នៅក្នុង​ប្រទេស​បារាំង​ កំពុង​បង្ហាញ​ថា​ជាវីរុស​ប្រភេទ​ដែល​តា។ លោកបាន​និយាយថា​៖ «អ្នកអាច​និយាយថា ​ទិន្នន័យនេះ​នៅទាប​ប៉ុន្តែវា​ស្រដៀង​នឹង​ស្ថានភាព​នៅ​ចក្រភព​អង់គ្លេស​ កាលពី​ប៉ុន្មាន​សប្តាហ៍មុន​»។

ចំនួន​ករណី​ទាប ប៉ុន្តែ​ចំនួនកើន​ឡើងបាន​ធ្វើឱ្យមាន​ការ​ព្រួយបារម្ភ​ថា ប្រភេទ​វីរុស​នេះ​អាចរារាំង​របស់​សហភាព​អឺរ៉ុប​ក្នុងការ​ទប់ស្កាត់​ការរីករាលដាល​នូវជំងឺ​កូវីដ ១៩ ​ក្នុងរយៈពេល ២ ខែ​កន្លង​មកនេះ​។

បន្ទាប់ពី​ទិន្នន័យជា​ផ្លូវការ​បាន​បង្ហាញថា ​វីរុស​ប្រភេទ Delta ​ហាក់ដូចជា​បង្កើនហានិ​ភ័យ​ចំនួន​ ២,២ ដង​បើ​ប្រៀបធៀប​ជាមួយ​ប្រភេទ​វីរុសដើម។​ រដ្ឋាភិបាល​អង់គ្លេស​នៅសប្តាហ៍នេះ​បានពន្យារ​ពេល ១ ខែ ចំពោះ​ការដក​ចេញនូវ​ការរឹតបន្តឹង​ដោយសារ​ករណីវិជ្ជមាន​នៅតែ​បន្តកើន​ឡើង។

ការស្រាវជ្រាវ​របស់​រដ្ឋាភិបាល​អង់គ្លេស​នាពេលថ្មីៗនេះ​ បាន​បង្ហាញពី​ភាពចាំបាច់​ក្នុងការ​បញ្ចប់យុទ្ធនា​ការ​ចាក់វ៉ាក់សាំង​ឱ្យបាន​លឿន​បំផុត។ យោងតាម​ទិន្នន័យ​ដែលបាន​ប្រមូលដោយ​សុខភាព​សាធារណៈ​អង់គ្លេស​ការ​ចាក់វ៉ាក់​សាំង​ការាពារ​កូវីដ ១៩​ ដូសដំបូង​មិនសូវ​មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​វីរុសប្រភេទ​ Delta ឡើយ។​ ដូសទី២ បង្កើន​ការការពារ​ប្រឆាំងនឹង​ការឆ្លង​វីរុស​បំប្លែង​ប្រភេទ Delta​ ពី ៣៣ ​ភាគរយ​ដល់ ៨១ ​ភាគរយ។

វីរុស​ប្រភេទដែលតា​ត្រូវបាន​គេស្គាល់ជា​ផ្លូវការថា ​B.1617.2 ដែលជា​ប្រភេទ ១ ​នៃ​បណ្តាញ​ប្រភេទទាំង ៤ ដែល​ប្រភេទវីរុសនេះ​ត្រូវបាន​រកឃើញ​ដំបូង​នៅក្នុង​ប្រទេស​ឥណ្ឌា។ កាលពី​ខែ​ឧសភា អង្គការ​សុខភាព​ពិភពលោក​បានដាក់ឈ្មោះ​វីរុស​ប្រភេទ​បំប្លែង​ដែលរក​ឃើញនៅ​ ប្រទេសឥណ្ឌាថា ​វីរុស​ដែលតា។

នៅប្រទេស​អាល្លឺម៉ង់ ​វីរុស​ដែលតា ​ត្រូវបានគេរក​ឃើញ​ប្រមាណ ៦ ភាគរយ​នៃ​ករណីថ្មីៗ​នៅដើមខែ​មិថុនានេះ។ ទោះបីជា​ចំនួននេះ​ទាបពី​ចក្រភព​អង់គ្លេស​ដែលមាន​ចំនួន​ប្រមាណ ៩០​ភាគរយ​ ប៉ុន្តែវីរុស​ប្រភេទនេះ​ កំពុងតែ​រីករាល​ដាល​យ៉ាងឆាប់​រហ័ស។ នៅក្នុងរដ្ឋ​មួយចំនួន​នៃ​ប្រទេសអាល្លឺម៉ង់ ​បាន​រាយការណ៍​ថា​ កុមារមាន​វិជ្ជមាន​កូវីដ ១៩ ​វីរុស​បំប្លែង​ប្រភេទ​ដែលតា​ដែលធ្វើឱ្យ​អាជ្ញាធរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​រៀបចំ​អនុវត្ត​ការ​បិទ​សាលា​រៀន​ដោយ​ផ្នែក​ម្តងទៀត៕