The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ដ្រូន​មុជ​ទឹក​របស់​ចិន ​អាច​ផ្លាស់​ប្តូរ​របៀប​ប្រយុទ្ធ​គ្នា​​ថ្មី​លើ​ដែន​សមុទ្រ




ដ្រូន​មុជ​ទឹក​របស់​ចិន ​អាច​ផ្លាស់​ប្តូរ​របៀប​ប្រយុទ្ធ​គ្នា​​ថ្មី​លើ​ដែន​សមុទ្រ

Content image - Phnom Penh Post
ប៉ូលិ​ស​ចិន​​ឈរ​នៅក្បែរ​យន្ត​ហោះដ្រូន​គ្មាន​មនុស្ស​បើ​ក​ ដែល​ក្រុ​ង​ប៉េ​កាំង​ប​ង្ហាញ​ជាលើកដំបូង​។ AFP

ដ្រូន​មុជ​ទឹក​របស់​ចិន ​អាច​ផ្លាស់​ប្តូរ​របៀប​ប្រយុទ្ធ​គ្នា​​ថ្មី​លើ​ដែន​សមុទ្រ

ក្រុម​ស្រាវជ្រាវ​មួយ​នៅ​ប្រទេស​ចិន ​បាន​បង្ហាញ​ពី​គម្រោង​ដ្រូន​មុជ​ទឹក​របស់​ខ្លួន​ដែល​អាច​សម្គាល់​តាម​ដាន និង​​វាយ​ប្រហារ​សត្រូវ​ដោយ​មិន​ចាំបាច់​មាន​មនុស្ស​បញ្ជា​។ នេះ​បើ​តាម​ឱ្យ​ដឹង​ពី​សារព័ត៌មាន​ South China Morning Post។

គម្រោង​សម្ងាត់​ដែល​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​យោធា​នេះ ​ត្រូវ​បាន​ប្រកាស​ជា​ផ្នែកៗ​កាល​ពី​សប្តាហ៍​មុន​ ជាមួយ​នឹងការ​ចែកចាយ​ព័ត៌មាន​តាមរយៈ​ឯកសារ​ស្ដីអំពី​ការ​សាកល្បង​ប្រើប្រាស់​ប្រភេទ​ដ្រូន​មុជ​ទឹក​គ្មាន​មនុស្ស​បើក​ (UUV) ដែល​ហាក់​ដូច​ជា​ដាក់​សាកល្បង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​កាល​ពី​ជាង​ ១ ​ទសវត្សរ៍​មុន​ឯណោះ​។

គេ​មិន​ទាន់​ដឹង​ច្បាស់​ថា ​ហេតុ​អ្វី​បាន​ជា​ប្រទេស​ចិន ​ទើប​បាន​ប្រកាស​លម្អិត​អំពី​ការ​សាកល្បង​នេះ​ ប៉ុន្តែ​ភាព​តានតឹង​លើ​ច្រក​សមុទ្រ​តៃវ៉ាន់​ថ្មីៗ នេះ​បាន​កើន​ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ បណ្តា​ប្រទេស​ដូចជា​សហរដ្ឋ​អាមេរិក​ និង​ជប៉ុន​បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​ធ្វើ​អន្តរាគមន៍​​ផ្នែក​យោធា ​ប្រសិន​បើក្រុង​ប៉េកាំង​ដែល​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែកមួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ព្យាយាម​ដណ្តើម​យក​កោះ​នេះ​ដោយ​កម្លាំង​បាយ។

យោងតាម​សាស្ត្រាចារ្យ ​Liang Guolong និង​សហសេវិក​មក​ពី​សាកល​វិទ្យាល័យ​វិស្វកម្ម​នាវា​មុជ​ទឹក​កំពូល​របស់​ប្រទេស​ចិន ​បាន​ឱ្យ​ដឹង​ថា​ យន្ដហោះ​រ៉ូបូត​ទាំង​នេះ​ កំពុង​ធ្វើ​ការ​វិវឌ្ឍម្ដង​បន្ដិចៗ​ ប៉ុន្តែ​ការ​ធ្វើ​ឱ្យ​ប្រសើរ​បច្ចេកវិទ្យា​អាច​នឹង​ធ្វើ​ឡើង​ជា​កញ្ចប់​សរុប​តែ​ម្ដង​។ នាវា​ប្រភេទ​ផ្សេងៗ​គ្នា ​អាច​ត្រូវ​ប្រើប្រាស់​ដើម្បី​តាំង​ទី​នៅ​ក្នុង​បាត​សមុទ្រ​ និង​ដាក់​ធ្វើ​ឱ្យ​សកម្ម​ក្នុង​ករណី​មាន​ការ​ប៉ះ​ទង្គិច​ ឬ​​សង្គ្រាម។​

អ្នក​ស្រាវជ្រាវ​បាន​និយាយ​នៅ​ក្នុង​ឯកសារ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ទិនានុប្បវត្តិ​នៃ​សាកល​វិទ្យាល័យ​វិស្វកម្ម​ Harbin Engineering University ​កាល​ពី​ថ្ងៃ​សុក្រ​ថា​៖ «សេចក្តី​ត្រូវ​ការ​នៃ​អភិវឌ្ឍន៍​អាវុធ​ក្រោម​ទឹក​នេះ​ នឹង​នាំ​មក​នូវ​​ឱកាស​អភិវឌ្ឍន៍​ថ្មី​សម្រាប់​សង្គ្រាម​អាវុធ​ដោយ​គ្មាន​មនុស្ស​បញ្ជា​នៅ​ថ្ងៃ​អនាគត»។

នាវា​មុជ​ទឹក​ភាគ​ច្រើន​មាន​កុំព្យូទ័រ ​ដើម្បី​​ជួយ​កំណត់​អត្តសញ្ញាណ​ ឬ​តាមដាន​គោលដៅ​ ប៉ុន្តែ​ប្រតិបត្តិករ​អាវុធ​ទាំង​នេះ​នៅ​តែ​ត្រូវ​ការ​ប្រើ​ភ្នែក​ និង​ត្រចៀក ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ​លើ​បញ្ហា​សំខាន់ៗ​ ដូចជា​ការ​កំណត់​នាវា​ដែល​សង្ស័យ​ និង​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​ វាយ​ប្រហារ​លើ​គោលដៅ​ដោយ​ប្រធាន​ក្រុម។

លោក Liang ​បាន​សរសេរ​ថា ​ភាព​ស្មុគស្មាញ​នៃ​បរិយាកាស​ខាង​ក្រៅ​មាន​ន័យ​ថា​ មនុស្ស​ជា​ធម្មតា​ត្រូវ​ការ​សំឡេង​ និង​រូបភាព​ច្បាស់​មួយ​ ដើម្បី​ទទួល​បាន​​លទ្ធផល​ល្អ​ក្នុង​ការ​កំណត់​សម្គាល់​ និង​តាមដាន​គោលដៅ​សត្រូវ​។

យ៉ាងណា​មិញ ដ្រូន​​មុជ​​ទឹក​ដែល​គ្មាន​​មនុស្ស​បើក​នេះ​ មាន​តួនាទី​​ទទួល​ព័ត៌មាន​រក​មើល​គោលដៅ​វាយ​តម្លៃ​ស្ថានភាព​ និង​ការ​ត្រួត​ពិនិត្យ​ប៉ារ៉ាម៉ែត្រ​ និង​មាន​សមត្ថភាព​ធ្វើ​ការ​សម្រេច​ចិត្ត​ឯករាជ្យ​ទាំង​ស្រុង​ដែល​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទំនើប​ មិន​ដូច​នាវាមុជ​ទឹក​បុរាណ​មួយ​ចំនួន​ ដែល​​គ្មាន​ប្រយោជន៍​។

ទោះ​ជា​យ៉ាង​ណា ​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​​រក​ឃើញ​គំរូ​រូបវិទ្យា​ដែល​ដំណើរការ​បាន​ល្អ​ទាំង​លើ​អាកាស​ និង​ទឹក​នៅ​ឡើយ​ទេ ដូច្នេះ​ដំណើរ​នៃ​ការ​ឆ្លង​កាត់​ដែន​សមុទ្រ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​នៅ​ឡើយ។

ដោយ​ឡែក ប្រទេស​ជាច្រើន​ក៏​បាន​វិនិយោគ​យ៉ាង​ច្រើន​ក្នុង​ការ​ស្រាវជ្រាវ​នៅ​ក្នុង​វិស័យ​នេះ​ដូចគ្នា​ ដោយ​សង្ឃឹម​ថា ការ​​អភិវឌ្ឍ​បច្ចេកវិទ្យា​នេះ​អាច​នឹង​ផ្លាស់ប្តូរ​របៀប​​នៃ​សមរភូមិ​លើ​ដែន​សមុទ្រ​។

ជាក់​ស្ដែង​ប្រទេស​ចិន ​កំពុង​អភិវឌ្ឍ​យន្តហោះ​ដ្រូន​​ transmedium ដែល​ត្រូវ​បាន​បញ្ចេញ​ ដោយ​នាវា​មុជ​ទឹក​រាប់រយ​ម៉ែត្រ​ក្រោម​ផ្ទៃ​ទឹក​សម្រាប់​ឃ្លាំមើល​ការ​ទំនាក់ទំនង​ ឬ​វាយ​ប្រហារ​តាម​អាកាស​ផង​ដែរ។​ នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​បាន​បង្ហាញ​ជា​សាធារណៈ​។

អ្នក​វិទ្យា​សាស្ត្រយោធា​ចិន ក៏​កំពុង​អភិវឌ្ឍ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​មាន​ល្បឿនលឿន​ដែល​អាច​លោត​ចូល​ និង​ចេញ​ពី​ទឹក​ ដើម្បី​គេច​ពី​ប្រព័ន្ធ​ការពារ​របស់​នាវា​ចម្បាំង​ ឬ​នាវា​ផ្ទុក​យន្តហោះ​ទៀត​ផង​។ ទោះបី​ជា​ការ​ដាក់​ពង្រាយ​ជា​ផ្លូវ​ការ​​នូវ​អាវុធ​បែប​នេះ​ នៅ​មិន​ទាន់​មាន​គេ​​រាយការណ៍​ជា​ចំហ​ក្ដី​ ប៉ុន្តែ​អ្នក​ជំនាញ​យោធា​មួយ​ចំនួន​ជឿជាក់​ថា​ ពួក​គេ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​យុទ្ធសាស្ត្រ​ និង​យុទ្ធសាស្ត្រ​កងទ័ព​ជើង​ទឹក​ដែល​មាន​ស្រាប់​៕

អត្ថបទគួរចាប់អារម្មណ៍