របាយការណ៍​ស្រាវជ្រាវ​របស់​អ្នក​ស្រាវជ្រាវ​ចិន​បាន​បង្ហាញ​ពី​កម្រិត​អង់ទីគ័រ​វ៉ាក់សាំង​ការពារ​កូវីដ ១៩​ របស់ ​Sinovac​ Biotech​ មាន​កា​រអន់​ថយ​គុណភាព​ក្នុង​រយៈ​ពេល​ប្រហែល​ ៦​ ខែ​ បន្ទាប់​ពី​ការ​ចាក់​លើក​ទី២​ ទោះ​បី​ជា​ការ​ចាក់​លើក​ទី​៣​ អាច​ជំរុញឱ្យ​អង់​ទីគ័រ​មាន​ឥទ្ធិពល​ខ្លាំង​ក៏​ដោយ​។

អ្នក​ស្រាវជ្រាវ​ជនជាតិ​ចិន​បាន​រាយការណ៍​ពី​ការ​ស្រាវជ្រាវ​ពី​វ៉ាក់សាំង​របស់ ​Sinovac​ Biotech ​ដោយ​យក​គំរូ​ឈាម​មនុស្ស​ពេញ​វ័យ​ដែល​មាន​សុខភាព​ល្អ​មាន​អាយុ​ចន្លោះ​ពី​ ១៨​ ដល់​ ៥៩​ ឆ្នាំ​។

សម្រាប់​អ្នក​ទទួល​ការ​ចាក់​វ៉ាក់​សាំង​ចំនួន​ ២​ ដូស​ ដោយ​ចន្លោះ​ពី​គ្នា​ក្នុង​រយៈ​ពេល​ពី​ ២​ ទៅ​ ៤​ សប្តាហ៍​មាន​តែ​ ១៦,៩​ ភាគរយ ​និង​ ៣៥,២​ ភាគរយ​ ដែល​នៅ​មាន​កម្រិត​អង្គបដិបក្ខ​ប្រាណក្នុង​រយៈ​ពេល​ ៦​ ខែ ​បន្ទាប់​ពីការ​ចាក់​វ៉ាក់សាំង​លើក​ទី​២​។

ការ​ស្រាវជ្រាវ​នេះ​ផ្អែក​លើ​ទិន្នន័យ​ពី​ក្រុម​អ្នក​ចូល​រួម​ចំនួន ​២ ​ដែល​មាន​អ្នក​ចូល​រួម​ច្រើន​ជាង​ ៥០​ នាក់ ​ខណៈ​ដែល​ការ​សិក្សា​នេះ​បាន​ផ្តល់​វ៉ាក់សាំង​ដូស​ទី​៣​ ទៅ​អ្នក​ចូល​រួម​សរុប​ចំនួន​ ៥៤០​ នាក់​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយ​ថា​ មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ចំពោះ​ការ​ថយ​ចុះ​នៃ​អង្គ​បដិបក្ខ​ប្រាណ​ថា អាច​នឹង​ប៉ះ​ពាល់​ដល់​ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​ដោយ​របៀប​ណា​ទេ​ ព្រោះ​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​កំណត់​កម្រិ​ត​ជាក់​លាក់​នៃ​កម្រិត​អង្គ​បដិបក្ខ​ប្រាណ​សម្រាប់​វ៉ាក់​សាំង ​ដើម្បី​អាច​ការពា​រជំងឺ​នេះ​បាន​ទេ​៕