៦ ​ខែ​ បន្ទាប់​ពី​រដ្ឋ​ប្រហារ​ថ្ងៃ​ទី ១ កុម្ភៈ ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក ​Min ​Aung ​Hlaing បាន​សន្យា​​ក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ នឹង​មាន​ការ​រៀប​ចំ​ការបោះឆ្នោត​ពហុបក្ស​ និង​ការ​លុប​ចោល​ការ​ដាក់​ប្រទេស​ ក្រោម​ស្ថានភាព​អាសន្ន​ត្រឹម​ខែ​សីហា ​ឆ្នាំ ២០២៣ ​ដោយ​ការ​ប្រកាស​នេះ​នឹង​ដាក់​មីយ៉ាន់ម៉ា​ ក្រោម​ការគ្រប់គ្រង​របស់​យោធា​រយៈ​ពេល ​២ ឆ្នាំ​កន្លះ​បន្ត​ទៀត​ផ្ទុយ​ពី​ការ​សន្យា​មុន​។

ប្រទេស​មីយ៉ាន់ម៉ា​ មាន​ភាព​ច្របូក​ច្របល់​ ចាប់​តាំង​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​ដោយ​យោធា​ ដោយ​មាន​ការ​ប្រឈម​មុខ​នឹង​ការ​តវ៉ា​និង​កូដកម្ម ​ដែល​បាន​ធ្វើ​ឱ្យ​រដ្ឋបាល​និង​សេដ្ឋកិច្ច​ធ្លាក់​ចុះ។​ ក្រុម​ឃ្លាំមើល​ក្នុង​តំបន់​បាន​និយាយ​ថា ​កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​មនុស្ស​ជាង​ ៩០០ នាក់​រួច​មក​ហើយ​ នៅ​ក្នុង​ការ​បង្រ្កាប​បាតុកម្ម​ប្រឆាំង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ ហើយ​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជម្លោះ​ប្រដាប់​អាវុធ​ឡើងវិញ​ នៅ​តាម​តំបន់​ព្រំដែន​។ ប្រទេស​នេះ​ក៏​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង ការ​កើន​ឡើង​នៃ​ការ​ឆ្លង​មេរោគ​កូរ៉ូណា​ ផង​ដែរ​ដោយ​មន្ទីរពេទ្យ​ជាច្រើន​គ្មាន​បុគ្គលិក​ពេទ្យ​ប្រចាំ​ការ​នោះ​ទេ​។

នៅក្នុង​សុន្ទរកថា​របស់​គាត់​ លោក​ Min ​Aung ​Hlaing បាន​និយាយ​ថា​ អាជ្ញាធរ​យោធា «ត្រូវតែ​បង្កើត​លក្ខខណ្ឌ​មួយ​ចំនួន​ ដើម្បី​រៀបចំ​ការបោះឆ្នោត​សកល​ដោយ​សេរី​និង​យុត្តិធម៌​»។

លោក​បាន​និយាយ​ថា៖ «យើង​ត្រូវ​តែ​រៀបចំ​ខ្លួន​ឱ្យ​ហើយ ​ខ្ញុំ​សូម​សន្យា​ថា​នឹង​រៀបចំ​ការបោះឆ្នោតសកល​ពហុបក្ស​ដោយ​មិន​ឱ្យ​បរាជ័យ​ឡើយ​»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃអាទិត្យ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា​ លោក​ Min ​Aung ​Hlaing បាន​ដើរ​តួនាទី​ជា​ នាយករដ្ឋមន្ត្រី​ នៅ​ក្នុង​រដ្ឋាភិបាល​ចាំផ្ទះ ​ដែល​ទើប​បង្កើត​ថ្មី​ដែល​នឹង​ជំនួស​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​ ដែល​ក្រុម​នាយ​ឧត្ដមសេនីយ៍​មួយ​ចំនួន​ជា​មួយ​លោក​ Min ​Aung ​Hlaing បាន​បង្កើត​ឡើង​ភ្លាមៗ ​បន្ទាប់​ពី​ដណ្ដើម​បាន​អំណាច​៕

មឹង​ ច័ន្ទ​សុម៉ា​នីតា​