ក្រុម​ដែល​ស្និទ្ធ​នឹង​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន និង​ជា​កីឡាករ​ប្រដាល់​ដ៏​ល្បី​​លោក Manny Pacquiao បាន​ព្យាយាម​ទម្លាក់​លោក​ប្រធានាធិបតី​ហ្វីលីពីន​​លោក Rodrigo Duterte ចេញ​ពី​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​គណបក្ស​ប្រជាធិបតេយ្យ​ហ្វីលីពីន​អំណាចប្រជាជន ឬ​គេ​ច្រើន​តែ​ស្គាល់​ថា PDP-Laban។

កាល​ពី​ថ្ងៃ​អាទិត្យ​ កន្លង​ទៅ ក្រុម​របស់ Pacquiao បាន​បោះឆ្នោត​ជ្រើសរើស​លោក Aquilino "Koko" Pimentel III ដែល​ជា​អតីត​ប្រធាន​គណបក្ស​ និង​កូន​ប្រុស​របស់​ស្ថាបនិក​គណបក្ស​កាន់​អំណាច​មួយ​នេះ ធ្វើ​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ ដោយ​ទម្លាក់​លោក Duterte ចេញ។

ឆ្លើយ​តប​នឹង​សកម្មភាព​ ដូច្នេះ​ក្រុម​របស់​លោក Duterte បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយ​នៅ​ទទួល​ស្គាល់​លោក Duterte ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ដដែល ហើយ​ហៅ​ក្រុម​លោក Pacquiao ថា​ជា​ក្រុម​ចង់​បាន​តែ​ចំណាប់​អារម្មណ៍។

ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ ក្រោយ​ពេល​ដែល​ក្រុម​ដែល​ស្និទ្ធ​នឹង​លោក Duterte បាន​ទម្លាក់​លោក Pacquiao ចេញ​ពី​តំណែង​ប្រធាន​គណបក្ស​កាល​ពី​ខែ​កក្កដា​ កន្លង​ទៅ​នេះ​៕

ហ៊ីម រដ្ឋា