អ្នក​ចម្រៀង​ប្រពៃណី​អាហ្វហ្គានីស្ថាន​ម្នាក់ ​ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​ក្រុម​តាលីបង់ ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​ក្រុម​ជ្រុល​និយម​នេះ​បាន​ធ្វើ​ការ​ប្រកាស​ថា​ «តន្ត្រី​ត្រូវ​បាន​ហាម​ឃាត់​ក្នុង​សាសនា​អ៊ិស្លាម​»។

ក្រុម​គ្រួសារ​របស់​លោក ​ហ្វាវ៉ាដ អាន់ដារ៉ាប៊ី​ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ Associated Press ថា​ លោក​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​សុក្ រ​នៅ​ពេល​ដែល​កង​កម្លាំង​សមត្ថកិច្ច​តាលីបង់​បាន​វិល​ត្រឡប់​មក​ផ្ទះ​របស់​លោក​វិញ បន្ទាប់​ពី​ពួកគេ​បាន​ធ្វើ​ការ​ឆែកឆេរ​មុន​នោះ​បន្តិច ហើយ​ថែម​ទាំង​បាន​ផឹក​តែ​ជា​មួយ​លោក​ផង​ដែរ​។

«ពួកគេ​បាន​បាញ់​គាត់​ចំ​ក្បាល​នៅ​ចម្ការ​» កូន​ប្រុស​របស់​លោក​អាន់ដារ៉ាប៊ី​ បាន​ប្រាប់​សារព័ត៌ មាន​ AP បែប​នេះ​ ហើយ​បន្ត​ទៀត​ថា​៖ «គាត់​គ្មាន​ទោស​ទេ គាត់​អ្នក​ចម្រៀង​ដែល​គ្រាន់​តែ​កំដរ​អារម្មណ៍​របស់​មនុស្ស​»។

អ្នក​នាំ​ពាក្យ​តាលីបង់​លោក ​ហ្សាប៊ីហ៊ីលឡា មូចាហ៊ីដ​ បាន​និយាយ​ថា ​ពួកគេ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ឧបទ្ទវហេតុ​នេះ ប៉ុន្តែ​មិន​បាន​ផ្ដល់​ព័ត៌មាន​បន្ថែម​អំពី​ការ​សម្លាប់​នេះ​ទេ​។ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​លោក​​ មូចាហ៊ីដ​ បាន​ប្រាប់​កាសែត​ញូវយ៉ក​ថាមស៍​ថា ​តាលីបង់​ នឹង​ហាមឃាត់​ប្រគំនិង​ការ​ស្ដាប់​តន្ត្រី​ ដូច​កាល​ពី​ពេល​ពួកគេ​ចូល​កាន់​អំណាច​ដំបូង​នៅ​ឆ្នាំ​ ១៩៩៦​។

«តន្ត្រី​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្នុង​សាសនា​អ៊ិស្លាម​» លោក ​មូចាហ៊ីដ​ បាន​លើកឡើង​បែប​នេះ​ ហើយ​បន្ត​ទៀត​ថា​៖ «យើង​សង្ឃឹម​ថា​ យើង​អាច​បញ្ចុះបញ្ចូល​មនុស្ស​កុំ​ឱ្យ​ធ្វើ​រឿង​បែប​នេះ ជាជាង​ដាក់​សម្ពាធ​លើ​ពួកគេ​»​។

លោក​ស្រី ​ខារីម៉ា បេននឿន​ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​វប្បធម៌​បាន​និយាយ​ថា​ លោក​ស្រី​មាន ​«ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​» ចំពោះ​ការ​សម្លាប់​លោក​ អាន់ ដារ៉ាប៊ី​។ លោក​ស្រី​បាន​សរសេរ​តាម​បណ្ដាញ​សង្គម​ Twitter ថា៖ « យើង​អំពាវនាវ​ឱ្យ​បណ្ដា​រដ្ឋាភិបាល​ទាមទារ​ឱ្យ​តាលីបង់​គោរព​សិទ្ធិ​មនុស្ស​របស់​សិល្បករ​»​៕