The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជំនួយ​ជាង ១ ​ពាន់​លាន​ដុល្លារ ​ត្រូវ​បាន​សន្យា​សម្រាប់​ប្រទេស​​អាហ្វហ្គានីស្ថាន​ ខណៈ​ដែល​ UN ព្រមាន​ពី​វិបត្តិ​




ជំនួយ​ជាង ១ ​ពាន់​លាន​ដុល្លារ ​ត្រូវ​បាន​សន្យា​សម្រាប់​ប្រទេស​​អាហ្វហ្គានីស្ថាន​ ខណៈ​ដែល​ UN ព្រមាន​ពី​វិបត្តិ​

Content image - Phnom Penh Post
លោក អង់តូនីញ៉ូ ហ្គុយតឺរេស ថ្លែងក្នុ​ង​សន្និ​សីទកាសែត​​​មួយស្តីពី​ជំនួយសម្រាប់​​ប្រទេសអាហ្វហ្គា​នី​ស្ថាន​។ AFP

ជំនួយ​ជាង ១ ​ពាន់​លាន​ដុល្លារ ​ត្រូវ​បាន​សន្យា​សម្រាប់​ប្រទេស​​អាហ្វហ្គានីស្ថាន​ ខណៈ​ដែល​ UN ព្រមាន​ពី​វិបត្តិ​

កាល​ពី​ថ្ងៃ​ចន្ទ​ ទី​ ១៣ កញ្ញា​ ជំនួយ​ជាង ១ ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​សន្យា​សម្រាប់​ប្រទេស​អាហ្វហ្គានីស្ថាន​ នៅ​ក្នុង​សន្និសីទ​មួយ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វ៊ីស​ ខណៈ​ពេល​ដែល​ប្រជាជន​រាប់​លាន​នាក់​របស់​ប្រទេស​នេះ​ប្រឈម​​​នឹង​ភាព​ស្រេក​ឃ្លាន​ក្នុង​ «វិបត្តិ​​មនុស្ស​ធម៌​ដ៏​អាក្រក់​បំផុត​»​។

អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​​សំណើ​ជំនួយ​បន្ទាន់​ប្រមាណ​ ៦០៦ លាន​ដុល្លារ​ សម្រាប់​ជួយ​ដោះ​ស្រាយ​បញ្ហា​ធំ​បំផុត​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​រៃអង្គាស​ប្រាក់​ជំនួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​ អង់តូនីញ៉ូ ហ្គុយតឺរេស បាន​និយាយ​ថា ​អត្រា​ភាព​ក្រីក្រ​នៅ​អាហ្វហ្គានីស្ថាន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ការ​ចូល​កាន់​កាប់​របស់​តាលីបង់​ កាល​ពី​ខែ​មុន ដោយ​ប្រជាជន​ម្នាក់​ ​ក្នុង​ចំណោម​ ៣ នាក់​​មិន​មាន​ម្ហូប​អាហារ​ជា​ទៀងទាត់​ ហើយ​សេវាកម្ម​សាធារណៈ​មិន​មាន​ដំណើរការ​។

«ប្រជាជន​ត្រូវ​ការ​ជំនួយ​ចេញ​ពី​ស្ថានភាព​ដ៏​លំបាក​។ បន្ទាប់​ពី​សង្គ្រាម​ជា​ច្រើន​ទសវត្សរ៍​ការ​រង​ទុក្ខ​​វេទនា​ និង​អសន្តិសុខ​ពួក​គេ​កំពុង​ប្រឈម​មុខ​នឹង​ពេល​វេលា​ដ៏​គ្រោះ​ថ្នាក់​បំផុត​» លោក ​ហ្គុយតឺរេស​ និយាយ​បែប​នេះ ហើយ​បន្ត​​ទៀត​ថា​៖ «ប្រជាជន​អាហ្វហ្គានីស្ថាន​កំពុង​ប្រឈម​មុខ​នឹង​ការ​ដួល​រលំ​នៃ​ប្រទេស​ទាំង​មូល​​នៅ​ពេល​តែ​មួយ​»។

លោក​និយាយ​ថា​ អាហ្វហ្គានីស្ថាន​អាច​អស់​ស្បៀង​អាហារ​ត្រឹម​​ដំណាច់​ខែ​នេះ ហើយ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​បាន​ព្យាករ​ថា​ ​ប្រជាជន​ជាង​ ១៤ លាន​នាក់ នឹង​​ប្រឈម​មុខ​នឹង​ការ​ស្រេក​ឃ្លាន។

ដោយ​មាន​សង្គ្រាម​រ៉ាំរ៉ៃ គ្រោះ​រាំង​ស្ងួត​ជា​បន្ត​បន្ទាប់​ និង​អត្រា​ភាព​ក្រីក្រ​ខ្ពស់​ អាហ្វហ្គានីស្ថាន​គឺ​​ក្នុង​ចំណោម​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​ជំនួយ​ច្រើន​បំផុត​ក្នុង​ពិភព​លោក​។ ជំនួយ​ពី​បរទេស​ គឺ​ស្មើ​នឹង​ ៤០ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​​សរុប​របស់​អាហ្វហ្គានីស្ថាន​ និង​ផ្គត់ផ្គង់​ ៣ ភាគ​ ៤​ នៃ​ចំណាយ​សរុប​​របស់​រដ្ឋាភិបាល​។ ជាង​ពាក់​​កណ្ដាល​នៃ​ប្រជាជន​អាហ្វហ្គានីស្ថាន​ គឺ​រំពឹង​ទៅ​លើ​ជំនួយ​ដោយ​ផ្ទាល់​ពី​ខាង​ក្រៅ​។

ជាមួយ​នឹង​ការ​ត្រឡប់​មក​កាន់​អំណាច​វិញ​របស់​ក្រុម​តាលីបង់​ និង​ការ​ដក​ទ័ព​របស់​អាមេរិក​ប្រាក់​​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​ជា​​រាង​រាល់​ឆ្នាំ​ ត្រូវ​បាន​កាត់​ផ្ដាច់​ដោយសារ​​ការ​មិន​ទុក​ចិត្ត​ក្រុម​នេះ​ដោយ​បណ្ដា​ប្រទេស​លោក​ខាង​លិច ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​។

ការ​មិន​ទុក​ចិត្ត​របស់​លោក​ខាង​លិច ​ត្រូវ​បាន​កត់​សម្គាល់​ដោយ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​លោកស្រី​ មីសែល បាសេលេត ​ដែល​បាន​ចោទ​ប្រកាន់​ក្រុម​តាលីបង់​ថា​ បាន​ក្បត់​ការ​សន្យា​ ដោយ​បាន​បញ្ជា​ឱ្យ​ស្ត្រី​ចាកចេញ​ពី​កន្លែង​​ធ្វើ​ការ​ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ហើយ​​រារាំង​មិន​ឱ្យ​កុមារី​មិន​ឱ្យ​ចូល​រៀន​។

ប៉ុន្តែ​អ្នក​ខ្លះ​បាន​និយាយ​ថា ​លោក​​ខាង​លិច​នៅ​មាន​កាតព្វកិច្ច​ជួយ​ប្រជាជន​អាហ្វហ្គានីស្ថាន​ បន្ទាប់​ធ្វើ​សង្គ្រាម​អស់​រយៈពេល​ ២០ ឆ្នាំ​នៅ​ក្នុង​ប្រទេស​នេះ​។
កាល​សប្ដាហ៍​មុន​ប្រទេស​ជិត​ខាង​​ ចិន និង​ប៉ាគីស្ថាន​ បាន​ប្ដេជ្ញា​ផ្ដល់​​ជំនួយ​ឱ្យ​ប្រទេស​អាហ្វហ្គានីស្ថាន​។

ក្រុង​ប៉េកាំង​បាន​សន្យា​ផ្ដល់​ជំនួយ​ជា​ស្បៀង និង​ឱសថ​ក្នុង​តម្លៃ​ ៣១ លាន​ដុល្លារ​ ហើយ​នឹង​​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ជំងឺ​កូវីដ ១៩ ​ចំនួន​ ៣ ​លាន​ដូស​។ ក្រុង​អ៊ីស្លាម៉ាបាដ ​បាន​ផ្ដល់​ជំនួយ​ជា​ស្បៀង​ និង​ឱសថ​ ហើយ​បាន​ទាមទារ​ឱ្យ​ដោះលែង​ទ្រព្យសម្បត្តិ​អាហ្វហ្គានីស្ថាន​ជាប់​កក​នៅ​បរទេស​។

ក្នុង​សន្និសីទ​ខាង​លើ​ចិន និង​រុស្សី​និយាយ​ថា ​បន្ទុក​សំខាន់​ក្នុង​ការ​ជួយ​អាហ្វហ្គានីស្ថាន​ចេញ​ពី​វិបត្តិ​គួរ​តែ​ស្ថិត​នៅ​ជាមួយ​បណ្ដា​ប្រទេស​លោក​ខាង​លិច​។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ហ្សឺណែវ លោក​ ឈិន ស៊ូ បាន​និយាយ​ថា៖​​ «សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​មាន​កាតព្វកិច្ច​ធំ​ជាង​នេះ ដើម្បី​ពង្រីក​ជំនួយ​ផ្នែក​សេដ្ឋកិច្ច មនុស្សធម៌ និង​ការ​រស់នៅ​»​។

សហរដ្ឋអាមេរិក​បាន​សន្យា​ផ្តល់​​ជំនួយ​មនុស្ស​ធម៌​ថ្មី​ចំនួន ៦៤ លាន​​ដុល្លារ ​នៅ​ក្នុង​សន្និសីទ​នេះ​ ខណៈ​ដែល​ន័រវែស​បាន​សន្យា​បន្ថែម ១១,៥ លាន​ដុល្លារ​។

ប្រាក់​ថ្មី​ប្រហែល ២០០ លាន​ដុល្លារ​ ត្រូវ​បាន​កំណត់​សម្រាប់​កម្មវិធី​ស្បៀងអាហារ​ពិភព​លោក​របស់​អង្គការ​សហប្រជាជាតិ ដែល​​បាន​រក​ឃើញ​ថា ៩៣ ​ភាគរយ នៃ​​ជនជាតិ​អាហ្វហ្គានីស្ថាន ១ ៦០០ ​នាក់ ដែល​បាន​ស្ទង់​មតិ​នៅ​ខែ​សីហា​ ​និង​ខែ​កញ្ញា​ មិន​ទទួល​បាន​អាហារ​គ្រប់គ្រាន់​ទេ​៕

អត្ថបទគួរចាប់អារម្មណ៍