ចិន​បដិសេធ​មិនឱ្យ​នាវាចម្បាំង​អាល្លឺម៉ង់ Bayern ដែលជា​នាវា​សម្រាប់​បាញ់ប្រហារ​នាវាមុជទឹក​ចូល​សំចត​នៅក្នុង​កំពង់​ផែ​របស់ខ្លួន​។​ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃ​ពុធ​។​

​នាវា​អាល្លឺម៉ង់ បាន​បើក​ចេញពី​ដែនដី​អាល្លឺម៉ង់​កាលពី​ខែ​មុន​ក្នុង​បេសកកម្ម​រយៈពេល​ ៦ ​ខែ​ ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​។​ ខណៈ​ចិន​ធ្វើការ​ទាមទារ​ថា ផ្ទៃសមុទ្រ​ចិន​ខាងត្បូង​ប្រមាណ​ ៩០​ភាគរយ ​ជា​ដែនទឹក​របស់ខ្លួន រដ្ឋធានី​ប៊ែ​រ​ឡាំង បានធ្វើការ​សង្កត់ធ្ងន់​ថា ខ្លួន​មិន​ទទួលស្គាល់​ការទាមទារ​នេះ​ទេ​។​

​ទោះបីជា​អាល្លឺម៉ង់​មិន​ទទួលស្គាល់​ក្ដី កន្លងទៅ​រដ្ឋមន្ត្រី​ការពារ​​ជាតិ​អាល្លឺម៉ង់ អ្នកស្រី Annegret Kramp-Karrenbauer បាន​លើកឡើងថា បេសកកម្ម​នាវាចរណ៍​របស់​អាល្លឺម៉ង់​មួយ​នេះ មិន​សំដៅលើ​ការគំរាមកំហែង​ប្រទេស​ណា​នោះទេ ហើយ​ការដែល​ចង់​ឈប់​សំចត​នៅ​ស្រុក​ចិន ក៏​ព្រោះតែ​ខ្លួន​មានបំណង «​រក្សា​នូវ​កិច្ចសន្ទនា​» រវាង​សម្ព័ន្ធមិត្ត និង​ចិន​តែប៉ុណ្ណោះ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​ក្រសួងការពារជាតិ​ចិន​មិនទាន់​ធ្វើការ​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការលើកឡើង​របស់​ក្រសួងការបរទេស​អាល្លឺម៉ង់​នេះ​នៅឡើយ​ទេ​៕

ហ៊ីម រដ្ឋា​