ចិន​បានបញ្ចប់​លំ​ហាត់​សមយុទ្ធ​លើ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​កាលពី​ថ្ងៃ​ពុធ​ សប្ដាហ៍​នេះ ​ដោយមាន​ការចូលរួម​ពី​សំ​ណាក់​កងទ័ព​មកពី​ប្រទេស​ម៉ុង​ហ្គោ​លី ប៉ា​គី​ស្ថាន និង​ប្រទេស​ថៃ​ជាដើម​។

លំ​​ហាត់​សមយុទ្ធ​នេះ​ត្រូវ​បានផ្ដល់​ឈ្មោះថា «​សមយុទ្ធ​ជោគវាសនា​រួម​ឆ្នាំ​ ២០២១» ដែលជា​ការហាត់​សម​យោធា​បែប​ពហុ​ប្រ​ទេស​លើកដំបូង​បង្អស់​ដែល​រៀបចំ​ដោយ​ប្រទេស​ចិន​ សម្រាប់​បេសកកម្ម​រក្សា​សន្តិ​ភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​។​

​ការហាត់​សមនេះ មានការ​ចូលរួម​ពី​ទាហាន​សរុប​ចំនួន​ ១ ​ពាន់​នាក់ ហើយ​ចាប់​​ផ្ដើម​ពីថ្ងៃ​ទី​ ៦ រហូតដល់​ថ្ងៃទី​ ១៥ ខែកញ្ញា ​ដែល​ធ្វើឡើង​នៅ​មូលដ្ឋាន​កងទ័ព​រំដោះប្រជាជន​ចិន (PLA) នា​ឯ​ស្រុក Queshan ខេត្ត Henan ដែល​ស្ថិតនៅ​ភាគ​កណ្ដាល​ប្រទេស​ចិន​។​

​ក្រសួងការពារជាតិ​ចិន​បាន​ចាត់ទុកថា​ ការធ្វើ​សមយុទ្ធ​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំ​ខាន់​មួយ​ក្នុងការ​រំឭក​ខួប ​៥០ ​ឆ្នាំ​ នៃ​ការ​​ទទួលបាន​អាសនៈ​អង្គការសហប្រជាជាតិរ​បស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ចិន​ដែល​ដឹកនាំ​ដោយ​គណបក្ស​កុ​ម្មុយ​​នី​ស្តទ​ទួលបាន​កៅអី​នៅ​ស្ថាប័ន​ពិភពលោក​កាលពី​ឆ្នាំ​ ១៩៧១ ​ក្រោយពី​អាសនៈ​នេះ​កាន់កាប់​ដោយ​រដ្ឋាភិបាល​សាធារណៈ​ចិន​ ឬ​គេ​ច្រើនតែ​ស្គាល់​ថា តៃវ៉ាន់ អស់​ជិត​ ៣០​ ឆ្នាំ​ ចាប់​តាំង​ឆ្នាំ​ ១៩៤៥​។​

​អំឡុង​ពេលធ្វើ​សមយុទ្ធ​នេះដែរ​ចិន​បានបង្ហាញ​នូវ​បរិក្ខារ​យោធា​ទំនើបៗ​របស់ខ្លួន​ដែលមាន​ដូចជា យន្ត​ហ្រោះ​ដូន និង​មនុស្ស​យន្ត​សម្អាត​មីន​ជាដើម​។​

​កងទ័ព​ទាំងអស់ បាន​ចូលរួម​នៅក្នុង​ការ​ហាត់​សមនេះ​បាន​ពាក់មួក និង​អាវ​អម​ជាមួយនឹង​និមិត្តសញ្ញា​អង្គការ​សហ​ប្រជា​ជាតិ ខណៈ​សម្ភារ​ប្រើប្រាស់​នានា​ក៏បាន​បិទ​ស្លាក​អង្គការ​នេះ​ដូចគ្នា​ដែរ​។​

«​សមយុទ្ធ​ជោគវាសនា​រួម​ឆ្នាំ ​២០២១​ ជាការ​គូសបញ្ជាក់​ជំហរ​របស់​ចិន​ក្នុងនាម​ជា​អ្នកការពារ​ដ៏​ស្មោះស្ម័គ្រ​នូវ​សន្តិភាព​ពិភពលោក និង​សណ្ដាប់ធ្នាប់​អន្តរជាតិ​»​។​នេះ​ជាការ​លើកឡើង​របស់លោក Lu Jianxin ដែលជា​អ្នកជំនាញ​យោធា​ចិន​ប្រាប់​ទៅកាន់​អ្នកកាសែត​នៅក្នុង​កន្លែង​ធ្វើ​សមយុទ្ធ​នោះ​។​

​ការហាត់​សម​ធ្វើឡើង​ជាមួយ​លំ​ហាត់​ជា​ច្រើន​ផ្សេងៗ​គ្នា​ដោយ​ក្នុងនោះដែរ​មានការ​​ធ្វើ​ត្រាប់​ទៅនឹង​ឧបទ្ទវហេតុ​មួយ​នៅ​ប្រ​ទេស​ម៉ាលី​ កាលពី​ឆ្នាំ​ ២០១៦ ដោយ​កាល​​នោះ​កងទ័ព​មួក​ខៀវ​ចិន ត្រូវបាន​ទទួលរង​ការវាយប្រហារ​ដោយ​ក្រុម​ភេរវកម្ម​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​អាល់​កៃ​ដា​។​

​ជាមួយគ្នា​នោះដែរ​ សេណារីយោ​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​មួក​ខៀវ និង​ភេរវជន ក៏ដូចជា​សេណារីយោ ដែល​ទាហាន​រក្សា​សន្តិភាព​ត្រូវការពារ​ជន​ស៊ីវិល​អំឡុងពេល​ការ​-​ប៉ះទង្គិច​គ្នា​។​

​បន្ថែម​ពីលើ​ការហ្វឹកហាត់​នូវ​លំ​ហាត់​ផ្សេងៗ​គ្នា កងទ័ព​បរទេស​ក៏បាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​អាវុធ និង​ឧបករណ៍​ថ្មីៗ​របស់​ចិន​ផងដែរ​។​

​ទាក់ទិន​នឹង​រឿងនេះ​ដែរ លោក Collin Koh អ្នកស្រាវជ្រាវ​ផ្នែក​វិស័យ​ការពារជាតិ​នៃ​សាលា​សិក្សា​អន្តរជាតិ S. Rajaratnam ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ​បាន​និយាយថា​៖ «​ការប្រើប្រាស់​ឧបករណ៍​ចិន​ដោយ​កងទ័ព​បរទេស​អាចជា​សញ្ញា​មួយ​បង្ហាញថា ចិន​អួត​ពី​អា​នុ​ភាព​ឧបករណ៍​របស់ខ្លួន ហើយក៏​អាចជា​យុទ្ធសាស្ត្រ​ស្វែងរក​ទីផ្សារ​របស់​ចិន​ក្នុង​ការលក់​ឧបករណ៍​ទាំងនោះ​ឱ្យ​យោធា​បរទេស​»​។​ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ប្រាប់​សារព័ត៌មាន​ Reuters​។​

​លំ​ហាត់​សមយុទ្ធ​នេះ​ក៏​ធ្វើឡើង​ បន្ទាប់ពី​អាមេរិក​ដកទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ខែសីហា​កន្លងទៅ​។​

​លោក ​Wei Dongxu​ អ្នកជំនាញ​យោធា​ចិន ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​ប៉េកាំង​បាន​ប្រាប់​សារព័ត៌មាន Global Times​ ថា ការធ្វើ​សមយុទ្ធ​នេះ​បង្ហាញ​ពី​ការទទួល​ខុសត្រូវ និង​សមត្ថភាព​របស់​ចិន​ក្នុងការ​ការពារ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។ ការដក​ទ័ព​របស់​អា​មេ​រិ​ក បាន​បង្ក​ជា​បញ្ហា​នានា ដែល​រាប់បញ្ចូល​ទាំង​ការវាយប្រហារ​ពី​ក្រុម​ភេរវកម្ម ហើយ​អាច​រាលដាល​ទៅ​កាន់​ប្រទេសជិតខាង​ក្នុង​តំបន់​។ នេះ​បើតាម​ការបន្ថែម​របស់​លោក Wei​។​

​ក្នុង​មួយរយៈ​ចុងក្រោយ​នេះ​ចិន​កំពុង​លេចមុខ​លេច​មាត់​យ៉ាងខ្លាំង​នៅក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។ មហាអំណាច​ជំនាន់​ថ្មី​មួយ​នេះ ​បាន​បញ្ជូន​កងទ័ព​ច្រើនជាងគេ​ចំណោម​ប្រទេស​មហាអំណាច​ទាំង​ ៥ លើ​ពិភពលោក​ឱ្យ​បម្រើ​ការរក្សា​សន្តិភាព​នៅ​ប្រទេស​ដែលមាន​ជម្លោះ​។​

​គិត​ចាប់ពី​ឆ្នាំ ​១៩៩០ មក ចិន​បញ្ជូន​កង​ទ័ព ​៥​ ម៉ឺន​នាក់ ក្នុងការ​ចូលរួម​ក្នុង​ប្រតិ​ប​ត្តិ​ការ​កងទ័ព​មួក​ខៀវ​ចំនួន ២៥ ​បេស​ក​កម្ម​ជុំវិញ​ពិភពលោក​។ ​ក្នុង​ឆ្នាំ​ ២០២១​ នេះ ទាហាន​ចិន​ប្រមាណ​២​ ពាន់​នាក់ ​កំពុងតែ​បំពេញបេសកកម្ម​ដែល​ច្រើន​នៅ​ប្រទេស​តំបន់​អ្រា​ហ្វិ​ក ដូចជា​ស៊ូដង់​ខាងត្បូង ម៉ាលី និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ជាដើម​៕​

​ហ៊ីម រដ្ឋា​