ក្នុង​ការ​បោះជំហាន​ដ៏​កម្រ​មួយ​ប្រធានាធិបតី​អាមេរិក​លោក ​ចូ បៃដិន​ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ​បូរីស ចនសុន​ និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ​ស្កត ម៉ូរីសុន ​កាល​ពី​ថ្ងៃ​ពុធ ​បាន​ប្រកាស​ថា​ សហរដ្ឋ​អាមេរិក​ និង​ចក្រភព​អង់គ្លេស​ នឹង​ចែក​រំលែក​បច្ចេកវិទ្យា​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ជា​មួយ​អូស្ត្រាលី ជា​ផ្នែក​មួយ​នៃ​ភាព​ជា​ដៃគូ​សន្តិសុខ​ត្រីភាគី​ថ្មី​នៅ​ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈ​ពេល​ដែល​ប្រទេស​ទាំង​ ៣ ​មាន​គោលដៅ​ប្រឆាំង​ការ​រីក​ចម្រើន​ឥទ្ធិពល​របស់​ប្រទេស​ចិន​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ភាព​តានតឹង​បាន​កើន​ឡើង​រវាង​ប្រទេស​ចិន​ និង​បណ្ដា​ប្រទេស​លោក​ខាង​លិច​ ជា​ពិសេស​ជុំវិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ជា​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​សំខាន់​មួយ​ហើយ​ពោរ​ពេញ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ដូចជា​ប្រេង​ ឧស្ម័ន​ធម្មជាតិ​ និង​មច្ឆជាតិ​។ ថ្មី​ៗ​នេះ សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់​អាមេរិក​ ដូចជា​អង់គ្លេស​ បារាំង​ អាល្លឺម៉ង់​ បាន​បង្កើន​សកម្មភាព​របស់​ពួកគេ​នៅ​តំបន់​នេះ​ ធ្វើ​ឱ្យ​ចិន​ខឹង​សម្បា។

ក្នុង​សន្និសីទ​រួម​គ្នា​តាម​រយៈ​វីដេអូ ​មេដឹកនាំ​ទាំង​បី​បាន​សង្កត់​ធ្ងន់​ថា​ អូស្ត្រាលី​នឹង​មិន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ទេ​ ប៉ុន្តែ​នឹង​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ​សម្រាប់​ដំណើរ​ការ​នាវា​ទាំង​នេះ ដែល​នឹង​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​លឿន​ជាង​មុន និង​ឆ្ងាយ​ជាង​មុន​ ហើយ​ងាយ​លាក់​ខ្លួន​ជាងមុន​។

អាមេរិក​ធ្លាប់​បាន​ចែក​រំលែក​បច្ចេកវិទ្យា​នាវា​មុជ​ទឹក​នុយក្លេអ៊ែរ​តែ​ ១ ​ដង​គត់​ នោះ​គឺ​ជា​មួយ​ចក្រភព​អង់គ្លេស​កាល​ពី​ឆ្នាំ ១៩៥៨ ប្រមាណ​ជាង​ ៦០ ឆ្នាំ​មុន​។ សហរដ្ឋអាមេរិក​ចាត់​ទុក​បច្ចេកវិទ្យា​នេះ​ថា​ជា​ផ្នែក​ដ៏​សំខាន់​សម្រាប់​សមត្ថភាព​កង​ទ័ព​ជើង​ទឹក​របស់​ពួកគេ​ ហើយ​បាន​រក្សា​ការ​សម្ងាត់​យ៉ាង​ខ្លាំង​។

សេចក្ដី​ប្រកាស​ត្រី​ភាគី​នេះ​បាន​បង្ក​ឱ្យ​មាន​ប្រតិកម្ម​តបត​យ៉ាង​ឆាប់​រហ័ស​ពី​ប្រទេស​ចិន និង​តួអង្គ​សំខាន់​របស់​ពិភព​លោក​មួយ​ទៀត ​គឺ​ប្រទេស​បារាំង​។

អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​វ៉ាស៊ីនតោន​លោក ​លូ ប៉េងយូ​ និយាយ​ថា ​បណ្ដា​ប្រទេស​ «មិន​គួរ​បង្កើត​ប្លុក​រើសអើង​ ដើម្បី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ភាគី​ទី៣​។ ជា​ពិសេស​ពួកគេ​គួរ​តែ​រុះរើ​ចិត្ត​គំនិត​សង្គ្រាម​ត្រជាក់ និង​ការ​រើសអើង​មនោគមន៍​វិជ្ជា»​។

រីឯ​ប្រទេស​បារាំង​វិញ​ បាន​និយាយ​ថា ​ពួកគេ​មាន​ការ​អាក់អន់​ចិត្ត​ដោយ​សារ​មិន​បាន​ចូល​រួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​ ហើយ​មាន​ការ​ខឹង​សម្បាចំពោះ​ការ​សម្រេច​ចិត្ត​របស់​អូស្ត្រាលី​ ផ្អាក​ការ​បញ្ជា​ទិញ​នាវា​មុជ​ទឹក​ជាង​ ៤០ ពាន់​លាន​ដុល្លារ​ពី​បារាំង​៕