កាល​ពី​ថ្ងៃ​ពុធ ទី​ ១៥ កញ្ញា​ កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ បាន​ធ្វើ​ការ​សាកល្បង​មីស៊ីល​ផ្លោង (Ballistic Missile) រៀង​ៗ​ខ្លួន​ ដែល​ជា​ព្រឹត្តិការណ៍​ចុង​ក្រោយ​បំផុត​ក្នុង​ការ​ប្រកួត​ប្រជែង​អាវុធ​រវាង​ប្រទេស​ទាំង ​២ ​បាន​ធ្វើ​ឱ្យ​មាន​ការ​បង្កើត​អាវុធ​កាន់​តែ​ទំនើប​ទៅ​ៗ ខណៈ​ពេល​ដែល​ការ​ចរចា​ ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ជាប់​គាំង​។

កូរ៉េខាងត្បូង​បាន​ធ្វើ​ការ​សាកល្បង​មីស៊ីល​ផ្លោង​បាញ់​ចេញ​ពី​នាវា​មុជ​ទឹក​ ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ ហើយ​បង្កើត​មីស៊ីល​ប្រភេទ​នេះ​។ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក​ មូន ជេអ៊ីន ​បាន​ចូល​រួម​ទស្សនា​ការ​សាកល្បង​នេះ​ មុន​ពេល​ដែល​ទទួល​ដំណឹង​ថា​ កូរ៉េខាងជើង​ក៏​បាន​ធ្វើ​ការ​សាកល្បង​មីស៊ីល​ផង​ដែរ​។

ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង​ និង​ជប៉ុន​បាន​និយាយ​ថា ​កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​ផ្លោង​ចំនួន​ ២ គ្រឿង​ ដែល​ធ្លាក់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​ជប៉ុន​ ១​ ថ្ងៃ​ បន្ទាប់​ពី​បាន​សាក ល្បង​មីស៊ីល​ហោះ​ទាប​ ដែល​គេ​ជឿជាក់​ថា ​អាច​បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​និយាយ​ថា​ សហរដ្ឋអាមេរិក​ថ្កោល​ទោស​ការ​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង​ថា ​បាន​រំលោភ​សេចក្ដី​សម្រេច​ជា​ច្រើន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ហើយ​បាន​បង្ក​ការ​គំរាម​កំហែង​ដល់​ប្រទេស​ជិត​ខាង​។ អាមេរិក​មិន​បាន​និយាយ​ទាក់ទង​នឹង​ការ​សាកល្បង​របស់​កូរ៉េខាងត្បូង​ទេ​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក ​ចាវ លីជៀន​ បាន​និយាយ​ថា​ ប្រទេស​ចិន ​រំពឹង​ថា​គ្រប់​ភាគី​អាច​អនុវត្ត​ការ​អត់ធ្មត់​។

ប្រទេស​កូរ៉េខាងជើង​ បាន​ធ្វើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អាវុធ​របស់​ពួកគេ​ជា​បន្ត​បន្ទាប់​ ខណៈ​ពេល​មាន​ការ​ជាប់​គាំង​ក្នុង​ការ​ចរចា​ ដើម្បី​រុះរើ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ និង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ដែល​ចាប់​ផ្ដើម​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ​ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ គីម ជុងអ៊ុន​ ក្នុង​ឆ្នាំ ២០១៨​។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​កូរ៉េខាងត្បូង​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក ​មូន បាន​ធ្វើ​ការ​ចំណាយ​យ៉ាង​ធំ​ទៅ​លើ​ប្រព័ន្ធ​អាវុធ​ថ្មី​ ដែល​រួម​មាន​មីស៊ីល​ផ្លោង នាវា​មុជ​ទឹក​ និង​នាវា​ដឹក​យន្តហោះ​ដំបូង​ ហើយ​បាន​ជំរុញ​ស្វ័យភាព​គោលនយោបាយ​ការបរទេស​ពី​អាមេរិក​។ អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា ​លោក​ មូន​ បាន​ធ្វើ​បែប​នេះ​ដោយ​សារ​កត្តា​ជា​ច្រើន​ដែល​រួមមាន​ ការ​ខ្វះ​ភាព​ជឿជាក់​លើ​អាមេរិក​បន្ទាប់​ការ​កាន់​អំណាច​របស់​លោក ​ត្រាំ និង​ការ​អភិវឌ្ឍ​អាវុធ​ថ្មី​ៗ​នៅ​កូរ៉េខាងជើង និង​ចិន​៕