The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អង្គការ WHO ជំរុញឱ្យមាន​ការចាក់​ដូ​ស​ជំនួយ​លើ​មនុស្ស​ចាស់ ដែល​ធ្លាប់​ចាក់​ស៊ី​ណូ​វ៉ា​ក់ ​ឬ​ស៊ី​ណូ​ហ្វា​ម​




អង្គការ WHO ជំរុញឱ្យមាន​ការចាក់​ដូ​ស​ជំនួយ​លើ​មនុស្ស​ចាស់ ដែល​ធ្លាប់​ចាក់​ស៊ី​ណូ​វ៉ា​ក់ ​ឬ​ស៊ី​ណូ​ហ្វា​ម​

Content image - Phnom Penh Post
វ៉ាក់សាំងប្រភេទស៊ី​ណូ​វ៉ា​ក់ និងស៊ី​ណូ​ហ្វា​ម​។ ហុង មិនា

អង្គការ WHO ជំរុញឱ្យមាន​ការចាក់​ដូ​ស​ជំនួយ​លើ​មនុស្ស​ចាស់ ដែល​ធ្លាប់​ចាក់​ស៊ី​ណូ​វ៉ា​ក់ ​ឬ​ស៊ី​ណូ​ហ្វា​ម​

​ក្រុម​ផ្តល់​ប្រឹក្សា​របស់​អង្គការ​សុខ​ភាព​ពិភពលោក (WHO) បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ការចាក់​ដូ​ស​ជំនួយ​គួរតែ​ចាក់​លើ​ក្រុមមនុស្ស​អាយុ​ចាប់ពី ៦០​ ឆ្នាំ​ឡើងទៅ​ ដែល​ធ្លាប់​បានទទួល​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ និង​ស៊ី​ណូ​ហ្វា​ម​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន South China Morning Post (SCMP)​។

​ក្រុម​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​ស្តីពី​ការចាក់​ថ្នាំ​បង្ការ​រោគ (SAGE) ក៏​​បាន​និយាយថា ដូ​ស​ជំនួយ​គួរតែ​ត្រូវបាន​ផ្តល់​ដល់​មនុស្ស​ដែលមាន​ប្រព័ន្ធ​ការពារ​ខ្សោយ​មធ្យម​ និង​ធ្ងន់ធ្ងរ ដែល​ធ្លាប់​ទទួលបាន​វ៉ាក់សាំង​កូ​វីដ ​១៩ ​គ្រប់​ប្រភេទ ដែល​អនុញ្ញាត​ដោយ​អង្គការ WHO​។​

​ក្រុមប្រឹក្សា​ដដែល​នេះ បានប្រកាស​អនុសាសន៍​របស់ខ្លួន បន្ទាប់ពី​ការពិនិត្យ​ទិន្នន័យ ដែល​បាន​ប្រមូល​កាលពី​សប្តាហ៍​មុន គិត​ចាប់ពី​អង្គការ WHO បានអនុម័ត​វ៉ាក់សាំង​កូ​វីដ​មួយចំនួន​តូច​សម្រាប់​ប្រើពេល​មាន​អាសន្ន​រួចមក​។​

​ទិន្នន័យ​ទាំងនេះ បាន​បង្ហាញថា​ ​មនុស្ស​នៅក្នុង​ក្រុម​ទាំង ២ នេះ មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​មេរោគ​ឆ្លង បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​ទាំង ២ ដូ​សមក​។ មនុស្ស​ដែល​មិនមាន​ប្រព័ន្ធ​ការពារ​នៅក្នុង​ក្រុម​នេះ ភាគច្រើន​រួមមាន អ្នកមាន​ជំងឺមហារីក ឬ​អ្នកជំងឺ​​ដទៃទៀត កំពុង​ទទួល​ការព្យាបាល និង​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ​។​

​ក្រុមប្រឹក្សា​ដដែល​នេះ​ បាន​សង្កត់​ធ្ងន់​ថា អ្នកជំនាញ​សូម​មិន​ណែនាំ​ឱ្យប្រើ​ដូ​ស​ជំនួយ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រសិទ្ធភាព​វ៉ាក់សាំង​ថយចុះ​ ឬការប្រែប្រួល​លើ​ផលប៉ះពាល់​មួយចំនួន​ទេ​។ ផ្ទុយទៅវិញ ក្រុម​នេះបានផ្តល់​អនុសាសន៍​ថា ការទទួល​ដូ​ស​ជំនួយ ​គឺជា​ផ្នែក​មួយ​នៃ​ «​ការការពារ​ស៊េរី​បឋម​បន្ថែម​» សម្រាប់​ក្រុម​ងាយ​-​រងគ្រោះ​ទាំងនេះ ​ដែល​មិនមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង​គ្រប់គ្រាន់​ក្រោយ​ទទួល ២ ដូ​សរួច​។​

​លោក Joachim Hombach លេខាធិការ​នៃ​ក្រុម​អ្នកជំនាញ​ឯក​រាជ្យ​ដែល​បាន​បើក​កិច្ចប្រជុំ​បិទទ្វារ​រយៈពេល​ ៤​ ថ្ងៃ​ចុង​ក្រោយនេះ​ បាន​និយាយថា​៖ «​យើង​ធ្លាប់​ទទួលបាន​ការអំពាវនាវ​ពី​សុខភាព​សាធារណៈ​យ៉ាងច្បាស់​ហើយ យើង​ដឹងថា ការចែកចាយ​ដូ​ស​ទី​៣ ​អាច​បង្កើន​ការ​ឆ្លើយតប​នៃ​ប្រព័ន្ធ​ភាពស៊ាំ​»​។

​ទិន្នន័យដែល​បាន​ពិនិត្យ​លើ​ប្រសិទ្ធភាព​វ៉ាក់សាំង​ការពារ​កូ​វីដ​ ១៩ របស់​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់ ​និង​ស៊ី​ណូ​ហ្វា​ម ​បានបង្ហាញ​យ៉ាងច្បាស់​ថា នៅក្នុងក្រុមមនុស្ស​វ័យ​ចំណាស់ វ៉ាក់សាំង​ទាំងនេះ​នៅមាន​ប្រសិទ្ធភាព​តិច​ណាស់ ប្រសិនបើ​ទទួល​បានតែ ២ ដូ​ស​។​

​សម្រាប់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក ​និង​ស៊ី​ណូ​ហ្វា​ម​អ្នកជំនាញ​បាន​ណែនាំ​ឱ្យ​ចាក់​ដូ​ស​ទី៣ ក្នុង​ចន្លោះ​ទី១ ទៅ ៣ ខែ​បន្ទាប់ពី​ចាក់​ដូ​ស​ទី២ រួច​។

​ក្រុមប្រឹក្សា​ថ្នាំ​បង្ការ​រោគ ​SAGE បាន​និយាយថា​៖ «​នៅពេល​អនុវត្ត​​អនុសាសន៍​នេះ ដំបូង​ប្រទេស​នានា​គួរតែ​បង្កើន​ការចាក់​ដូ​ស​ទី២ ឱ្យបាន​ច្រើន មុននឹង​ចែកចាយ​ដូ​ស​ជំនួយ​ដល់​ក្រុមមនុស្ស​ចាស់​។ យើង​មាន​អា​រ​ម្មណ៍​ថា អនុសាសន៍​នេះ គឺអាច​ធ្វើបាន​ទាន់ពេលវេលាក្នុងន័យ​ថា យើង​ដឹងថា​វា​អាច​នឹងមាន​ផលប៉ះពាល់​ដល់​ការផ្គត់ផ្គង់​វ៉ាក់សាំង​ទាំងនេះ ដូច្នេះ​យើង​ចង់​ធ្វើ​វា​ឱ្យបាន​ឆាប់​ជាង​នេះ​»​។​

​ទោះជា​យ៉ាងណា ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​ និង​មធ្យម​មួយចំនួន​នៅ​អាមេរិក​ឡាទីន និង​អាស៊ីអាគ្នេយ៍ បាន​ពឹងផ្អែក​យ៉ាងហោចណាស់​មួយផ្នែក​លើ​វ៉ាក់សាំង​ចិន ដែល​ប្រទេស​នេះ​បាន​សន្យា​នឹង​ផ្គត់ផ្គង់​វ៉ាក់សាំង​ប្រមាណ ២ ពាន់​លាន​ដូ​ស ​ដល់​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​នៅ​ឆ្នាំនេះ ដោយ​ភាគច្រើន​ជា វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ និង​ស៊ី​ណូ​ហ្វា​ម​។​

​លោក Yanzhong Huang អ្នក​ជំនាញ​ជាន់ខ្ពស់​ផ្នែក​សុខភាព​ពិភព​​លោក​នៅ​ក្រុមប្រឹក្សា​ទំនាក់ទំនង​បរ​ទេស​នៅ​ទីក្រុង​ញូវយ៉ក​លើកឡើងថា​៖ «​អនុសាសន៍​របស់​ក្រុមប្រឹក្សា SAGE អាចមាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ​មនុស្ស​ចាស់​រា​ប់​សិប​លាន​នាក់​នៅក្នុង​ប្រទេស​ចិន​ តែម្នាក់ឯង​ ដែល​ប្រជាជន​ជាង ១៨ ភាគរយ ​មាន​អាយុ​លើសពី ៦០​ ឆ្នាំ​»​។​

​ក្រុមប្រឹក្សា​ដដែល​នេះ​នឹង​ពិនិត្យ​មើល​ទិន្នន័យ​ទាក់ទង​នឹង​តម្រូវការ​នៃ​ការចាក់​ថ្នាំ​បង្ការ​រោគ​សម្រាប់​វ៉ាក់សាំង​ទាំងនេះ​ ឬ​វ៉ាក់សាំង​ផ្សេងទៀត​ នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​ខែក្រោយ ខណៈ​អង្គ​ការ​សុខភាព​ពិភពលោក WHO​ បានចេញ​សេចក្តីប្រកាស​ផ្អាក​ការចែក​​ចាយ​ដូ​ស​ជំនួយ​រហូតដល់​ដំណាច់​ឆ្នាំនេះ​ ដោយ​លើកឡើង​ពី​ភាពមិន​ស្មើគ្នា​នៃ​លទ្ធភាព​ទទួលបាន​វ៉ាក់សាំង នៅលើ​ពិភពលោក​។​

​អ្នកវិទ្យាសាស្ត្រ​ស្ដីពី​ប្រព័ន្ធ​ភាពស៊ាំ​លោកស្រី ​Kylie Quinn អនុប្រធាន​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ RMIT នៅ​ទីក្រុង​មែ​ល​ប៊​ន​លើកឡើងថា​៖ «​អង្គការ​សុខភាព​ពិភពលោក​មិន​រារាំង​ការចែក​ចាយ​ដូ​ស​ទី​៣ ​សម្រាប់​មនុស្ស​ផ្សេងទៀត​ទេ ប៉ុន្តែ​ពួកគេ​និយាយ​យ៉ាងច្បាស់​ថា យើង​គួរ​ផ្ដោតទៅលើ​ក្រុមមនុស្ស ដែល​គួរ​ព្រួយ​បារម្ភ​បំផុត ហើយ​នេះ​ គឺជា​របៀប​​ដែល​យើង​ត្រូវការ​ផ្តល់អទិភាព​ដល់​ការផ្គត់ផ្គង់​វ៉ាក់សាំង​»៕

អត្ថបទគួរចាប់អារម្មណ៍