រដ្ឋាភិបាល​របស់​ប្រទេសឡេតូនី​​​​ ដែល​មាន​ព្រំដែន​ជាប់​ប្រទេសរុស្ស៊ី ​និង​បេឡារុស និង​ជា​សមាជិក​រស់​អង្គការ​​​​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង​ ហៅ​កាត់​ណាតូ បាន​សម្រេច​​​ដាក់​​ភាព​​អាសន្ន​​នៅ​​តាម​​តំបន់​ជាច្រើន​ជាប់​ព្រំដែន​ជាប់​​ប្រទេស រុស្ស៊ី​​ និង​ប្រទេស​បេឡារុស​ រហូតដល់​​ ៣ ខែ​ ​​ចាប់​ពី​ថ្ងៃ​ទី​ ២៨ ​កញ្ញា​តទៅ​។

សេចក្តី​រាយការណ៍​​របស់​បណ្តាញ​​​ព័ត៌មាន​ប្រចាំ​តំបន់​បាល់​ទិក (BNN) ​បាន​​អះអាងថា ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ឡាតវី ​កើត​មាន​ឡើង​​ បន្ទាប់ពីការប្រកាស​​កេណ្ឌ​​ទ័ព​​​​​​ចំនួន​ ៣០​ ម៉ឺននាក់​​នៅក្នុង​ប្រទេសរុស្ស៊ី ដែល​នាំឱ្យ​មាន​ក្តី​បារម្ភ​ចំពោះ​អសន្តិសុខ​ និង​ជន​ចំណាកស្រុក​មក​ពី​ប្រទេសរុស្ស៊ី។​

​យោង​តាម​បណ្តាញ​ព័ត៌មាន BNN មន្ត្រី​ឡេ​តូនី​ បាន​អះអាងថា ដោយ​ពិចារណា​លើការ​សម្រេច​ចិត្ត​​របស់​រុស្ស៊ី​​ក្នុងការ​ប្រកាស​កេណ្ឌ​ទ័ព​ ផ្នែក​ខ្លះ​នៅ​ក្នុង​ប្រទេស​ ដែល​មាន​គោល​បំណង​បង្កើន និងអូសបន្លាយសង្រ្គាមនៅអ៊ុយក្រែន និង​តម្រូវការ​ដើម្បី​ការពារ​ការគំរាម​កំហែង​​ដែល​អាចកើត​មាន​ចំពោះ​សន្តិសុខ​ក្នុង​ស្រុក​ ​រដ្ឋាភិបាល​ឡេតូនី​ ​បាន​សម្រេ​ចចិត្ត​ប្រកាសភា​ពអាសន្ន​នៅក្នុង​ចំណុច​ឆ្លង​កាត់ព្រំដែន​ច្រើន និង​តំបន់មួយចំនួ​ន។

ស្ថានភាព​​គ្រា​អាសន្ន​នេះ ​​ត្រូវ​បាន​គ្រោងទុ​ក​ចាប់​ពីថ្ងៃ​ទី ២៨ ​ខែ​កញ្ញា ​ដល់​ថ្ងៃ​ទី ២៧​ ខែធ្នូ​ ឆ្នាំ ២០២២​។

ការ​ប្រកាស​​ស្ថានភាពអាសន្នត្រូវបាន​ដាក់​​នៅ Alūksne, Balvi និង Ludza ដែលសុទ្ធ​សឹង​ជាប់​ប្រទេស​រុស្ស៊ី​ទាំង​អស់​​។

សេចក្តីព្រាងច្បា​ប់​ដែល​បាន​ចេញផ្សាយតា​ម​​អនឡាញ​ ​បានលើក​ឡើង​​ពី​​តំបន់​ Augšdaugava ដែល​ជាប់​ព្រំដែន​ជាមួយប្រទេស​បេឡារុស​ ​ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​​​នៃ​ប្រទេសឡេ​តូនី​ ​បាន​​បំភ្លឺ​ថា រដ្ឋាភិបាល​ ​បាន​សម្រេចចិត្ត​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ននេះ​ ​សម្រាប់តែ​តំបន់​ទាំង៣ខាង​លើប៉ុណ្ណោះ​សម្រាប់​ពេលនេះ។ ​

​សារព័ត៌មាន​នោះ បាន​អះអាងថា ដោយ​​ពិចារណា​លើ​សម្ពាធ​កើនឡើង​ពី​អន្តោប្រវេសន៍​​​ខុស​ច្បាប់​​ពី​ប្រទេស​បេឡារុស រដ្ឋាភិបាល​របស់​ប្រទេស​ឡាតវី​ បាន​ប្រកាស​ភាពអាសន្ន​នៅក្នុងទីក្រុង Ludza, Krāslava និង​ Augšdaugava កាល​ពី​ឆ្នាំ​មុន។ ស្ថានភាព​​គ្រា​​អាសន្ន ​ត្រូវ​បាន​ពន្យា​រពេល​ជាច្រើន​ដង ដោយ​រយៈពេល​បន្ថែម​បច្ចុប្បន្ន​មាន​រហូត​ដល់​ថ្ងៃទី ១០​ ខែ​វិច្ឆិកា ឆ្នាំ ២០២២​៕

វីដេអូ៖