កាលពីថ្ងៃសៅរ៍​រុស្ស៊ី​ បាន​ផ្អាក​កិច្ចព្រមព្រៀង​នាំ​គ្រាប់ធញ្ញជាតិ​ចេញតាម​ច្រក​សមុទ្រ​ខ្មៅ ​ក្រោម​កិច្ច​សម្របសម្រួល​របស់​អង្គការ​សហប្រជា​ជាតិ​ បន្ទាប់​ពីរុស្ស៊ី​ បានអះអាង​ថា វា​បង្ក​ឡើងដោយ​សារ​ការវាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយក្រែន​នៅ​តំបន់គ្រីមា។

ការណ៍នេះ​ បានធ្វើ​ឱ្យ​ ប៉ះពាល់​ដល់ផែន​ការ​បន្ធូរបន្ថយ​វិបត្តិ​ស្បៀង​អាហារ​ពិភពលោក​កាន់តែខ្លាំង។ ​ប្រធានា​ធិបតី​អាមេរិក​លោក​ចូ បៃដិន ​បាន​បរិហារ​ទៅ​កាន់រុស្ស៊ីថា​ ជាទង្វើ​ហួស​ហេតុ​ដែលធ្វើ​ឱ្យ​វិបត្តិខ្វះ​ស្បៀង​អាហារ​កាន់​តែធ្ងន់

ធ្ង​រ។

យ៉ាងណា​ក៏ដោយ ​ក្រសួង​ការពារជាតិ​រុស្ស៊ី ​បាន​លើកឡើង​ថា ​កាលពី​ព្រឹក​ថ្ងៃសៅរ៍​ អ៊ុយក្រែន ​បាន​ធ្វើការ​វាយ​ប្រហារ​កងនាវាចរណ៍​ នៅលើ​សមុទ្រខ្មៅ ​ក្បែរ​ទីក្រុង ​Sevast​opol​ តំបន់​គ្រីមា ដោយ​ប្រើ​យន្តហោះ​គ្មានមនុស្ស​បើក​ចំនួន​ ១៦​ គ្រឿង ​ហើយ​អ្នក​ឯកទេស​អង់គ្លេស​ជាច្រើន​អ្នកក៏​បាន​លូកដៃ​ចូលជួយ​ក្នុង​ការវាយ​ប្រហារ​មួយនេះ​ផងដែរ។​

គួរ​បញ្ជាក់​ផងដែរថា​ ការ​ផ្អាក​កិច្ច​ព្រមព្រៀងនេះ​ នឹងកាត់​ផ្ដាច់​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន​ពី​កំពង់​ផែ​សមុទ្រ​ខ្មៅ​។

លោក បៃដិន​ បាន​និយាយ​ប្រាប់​អ្នកសារ​ព័ត៌មាន​នៅក្នុង​រដ្ឋ​ Delaware ​ថា «ទង្វើ​របស់​រុស្ស៊ី​គ្មាន​អ្វី​ជា​វិជ្ជមាន​នោះទេ។​

អង្គការ​សហ​ប្រជាជាតិ​ បាន​ខិតខំ​យ៉ាងខ្លាំង​ក្នុង​ដំណើរ​ចរចា​កិច្ចព្រមព្រៀង​មួយនេះ​ ហើយវា​គួរ​តែ​ដល់​ទី​បញ្ចប់ហើយ»។ ​គួរដឹង​ដែរថា​ កិច្ច​ព្រមព្រៀងនេះ​សំដៅ​ដល់​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​ប្រទេស​អ៊ុយក្រែន ​ទៅកាន់​តំបន់​ដែល​កំពុង​ត្រូវការ​ស្បៀង​អាហារខ្លាំង ​ជា​ពិសេស​តំបន់ទ្វីប​អាហ្វ្រ៊ិក​និង​អាស៊ី ហើយ អ៊ុយ​ក្រែន​ជា​ប្រទេស​នាំចេញ​ដ៏​ធំបំផុត​មួយ​របស់​ពិភពលោក​ ប៉ុន្តែ​សកម្មភាព​នាំ​ចេញ ​តែង​ត្រូវ​បានអាក់​ខាន​ដោយ​សារតែ​ការ​ឈ្លានពាន​ពី​សំណាក់​កង​ទាហាន​រុស្ស៊ី​។

យោងតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Reuter​ រុស្ស៊ី ​បាន​ផ្ញើ​លិខិត​មួយ​ទៅកាន់​អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ ​លោក ​Antonio Guterres ​ដែល​ក្នុងនោះ​បានឱ្យ​ដឹងថា​ រុស្ស៊ីនឹង​ផ្អាក​កិច្ច​ព្រមព្រៀង​ដោយ​មិន​បាន​កំណត់​ថេរវេ លា​ជាក់លាក់​ណាមួយ​នោះទេ​ ដោយសារ​ខ្លួនមិន​អាច​ធានាបាន​នូវសុខ​សុវត្ថិភាព​របស់​នាវា​ស៊ីវិល​ទាំងអស់​ដែលធ្វើ​ដំណើរ​ក្រោម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​មួយនេះ​នោះ​ឡើយ។​

បើយោង​តាមការ​លើកឡើង​របស់​ឯកអគ្គរដ្ឋទូត​រងរុស្ស៊ី​ប្រចាំ​នៅ​អង្គការ​សហប្រជា​ជាតិ​បាន​ឱ្យដឹង​ថា រុស្ស៊ី​បាន​ស្នើឱ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃចន្ទ​ ដើម្បី​ជជែក​ពី​បញ្ហា​វាយ​ប្រហារ​ពី​សំណាក់​អ៊ុយក្រែន​កាលពី​ថ្ងៃសៅរ៍​។

នាវានាំ​ចេញចំនួន​៥​គ្រឿង​ និងនាវា​នាំ​ចូលចំនួន ​៤ ​គ្រឿង​បាន​ឆ្លងកាត់​តាម​ច្រក​របៀង​មនុស្សធម៌​ដោយ​សុវត្ថិភាព​ នេះ​បើ​យោងតាម​អ្នក​សម្រប​សម្រួល​របស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​មជ្ឈ​មណ្ឌល​សម្រប​សម្រួល​កិច្ច​ព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​នៅ​សមុទ្រខ្មៅ​ ដែលមាន​មូលដ្ឋាន​នៅទី​ក្រុង​អ៊ីស្តង់ប៊ុល​។

មជ្ឈមណ្ឌល​នៃ​កិច្ច​ព្រមព្រៀងនេះ​ ត្រូវបាន​បង្កើតឡើង​ដោយ​ភាគី​អង្គការ​សហប្រជា​ជាតិ​ រុស្ស៊ី ​អ៊ុយក្រែន ​និង​តួកគី​។

យោងតាម​លោក​ Amir Abdulla ​បាន​ឱ្យ​ដឹង​ថា​ រហូតមក​ទល់​ពេលនេះ​មាន​នាវា​ទាំងនោះ​ត្រៀម​នាំ​ចេញ និង​ត្រៀម​នាំ​ចូល​ប្រមាណជា​ជាង ​១០​ គ្រឿង​ កំពុង​ឈប់​ចត​រង់ចាំ​ធ្វើ​ដំណើរ​ចូល​ច្រក​របៀង។ ​គិត​ត្រឹមថ្ងៃ​អាទិត្យ គេ​មិនទាន់​ឃើញមាន​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ណា​មួយ​ធ្វើឡើង​ដើម្បី​អាចឱ្យ​នាវា​ទាំង​នោះ​អាច​បំផ្លាស់​​ ទី​បាន​នៅ​ឡើយទេ​។

កាល​ពី​ថ្ងៃអាទិត្យ​ អង់គ្លេស​បាន​លើកឡើងថា ​ការអះ​អាង​របស់​រុស្ស៊ី​ដែលថា​ កងទ័ព​ជើងទឹក​អង់គ្លេស​បាន​បំផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន​ហ្គាស​ធម្មជាតិ​ Nord Stream ​កាលពី​ខែមុន​ គឺ​មិន​ពិតនោះ​ទេ​។ ​ការ​អះអាង​បែបនេះ​ គឺជា​គោល​បំណង​របស់រុស្ស៊ី​ក្នុង​ការ​បង្វែរ​ការ​ចាប់​អារម្មណ៍​ពី​ការ​បរាជ័យ​របស់​យោធា​រុស្ស៊ី​នៅ​អ៊ុយក្រែន​តែ​ប៉ុណ្ណោះ​។

ប្រធានា​ធិបតី​អ៊ុយក្រែន ​លោក ​Volodymyr Zelenskiy បាន​និយាយថា «​ទង្វើ​មិន​សមហេតុ​សមផល​របស់​រុស្ស៊ី ​ត្រូវ​តែ​ទទួល​បាន​ការឆ្លើយ​តប​ជា​អន្តរជាតិ​យ៉ាងចាស់​ដៃពី​អង្គការ​សហ​ប្រជាជាតិ​ និងក្រុម​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ ២០ ​ប្រទេស ​(G20)»។​ ប្រធានាធិបតី​រូបនេះ​ បាន​បន្ត​ថា «នេះ​គឺជា​ការ​ប៉ុនប៉ង​ទាំង​កណ្ដាល​ថ្ងៃ​ដោយ​មិនខ្លាច​រអា​អ្នកណា​របស់​រុស្ស៊ី ​ដើម្បី​គំរាមកំហែង​ និង​ធ្វើឱ្យ​គ្រោះ​ទុរ្ភិក្ស​ទ្រង់ទ្រាយ​ធំ​បន្ត​កើតមាន​ឡើង​នៅទ្វីប​អាហ្រ្វិក ​និង​អាស៊ី ​ដូច្នេះ ​រុស្ស៊ី​គួរតែ​ត្រូវបាន​បណ្តេញ​ចេញពី ​G20​»​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក​ Dmytro Kuleba ​បាន​លើកឡើង​ដោយចំៗ​ថា «ទីក្រុង​ម៉ូស្គូ​កំពុង​ប្រើ​លេស​មិនពិត ​ដើម្បី​ជាន់ពន្លិច​កិច្ច​ព្រម​ព្រៀងនេះ»​។ ​លោក​បន្តថា​ «ខ្ញុំសូម​អំពាវ​នាវឱ្យ​ភាគីរដ្ឋ​ទាំងអស់ ​ទាមទារ​រុស្ស៊ីឱ្យ​បញ្ឈប់​ល្បែង​ទុរ្ភិក្ស​ហើយត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន»។ ​ដោយ​ឡែក​ សហភាព​អឺរ៉ុប​ក៏​បាន​លើកឡើង​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា ​«រដ្ឋភាគី​ទាំងអស់​មិន​ត្រូវ​ប្រព្រឹត្ត​សកម្មភាព​ឯកតោភាគី​ណាមួយ​ដែល ឈាន​ដល់ការ​បង្កឱ្យ​មាន​គ្រោះថ្នាក់នោះ​ទេ»​។

ល្បែង​ទុរ្ភិក្ស​

ចាប់​តាំង​ពី​រុស្ស៊ី ​និង​អ៊ុយក្រែន ​បាន​ចុះហត្ថលេខា​លើ​គំនិត​ផ្តួចផ្តើម​នាំ​ចេញគ្រាប់​ធញ្ញជាតិ​តាម​ច្រក​សមុទ្រខ្មៅ​ដែលគាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​នៅក្នុង​ប្រទេស​តួកគី​កាល​ពីថ្ងៃទី​២២​ ខែ​កក្កដា​ មក ​កសិផល​ជា​ច្រើន​ដូចជា​ ពោត​ ស្រូវ​សាលី ​ផលិត​ផលផ្កា​ឈូករ័ត្ន​ ស្រូវ​បាឡេ ​និង​សណ្តែក ​ប្រមាណ​ជា​ជាង ៩ លាន​តោន​ ត្រូវ​បាន​នាំចេញ​ទៅកាន់​តំបន់​ដែល​កំពុង​ខ្វះខាត​ខ្លាំង​។

ប៉ុន្តែនៅ​មុនថ្ងៃ​ទី ១៩​ ខែវិច្ឆិកា ​ដែលជា​ថ្ងៃ​ផុត​កំណត់​នៃ​កិច្ច​ព្រមព្រៀង​ រុស្ស៊ី​បាន​បញ្ជាក់​ម្តង​ហើយម្តង​ទៀត​ថា​កិច្ច​ព្រមព្រៀងនេះ​កំពុង​មាន​បញ្ហា​ធ្ងន់ធ្ងរ។​ រីឯ ​អ៊ុយក្រែន​វិញ ​បាន​ត្អូញត្អែរ​ថា ​ទីក្រុង​ម៉ូស្គូ ​បាន​រារាំង​នាវា​ដឹកទំនិញ​ជិត ២០០​ គ្រឿង​មិន​ឱ្យ ​ចូល​ទទួល​ដឹកយក​ទំនិញ​គ្រាប់​ធញ្ញជាតិ​នោះទេ។​ យ៉ាង​ណាក៏​ដោយ​ អ្នកនាំ​ពាក្យ​អង្គការ​សហ​ប្រជាជាតិ​បាន​និយាយថា៖«អង្គការ​សហប្រជាជាតិ​កំពុង​ទាក់ទង​ជា​មួយ​អាជ្ញាធរ​រុស្ស៊ី​អំពី​ស្ថានភាពនេះ​»។

លោក ​TuranOguz ​អ្នក​វិភាគ​វិស័យ​ការពារជាតិ​នៃ​ប្រទេស​តួកគី ​បាន​មាន​ប្រសាសន៍ថា​ «ទោះបី​ជា​តម្លៃ​នៅក្នុង​ទីផ្សារ​លោក​ខាងលិច​ ត្រូវបាន​ថយចុះ​ក៏ដោយ​ ប៉ុន្តែ​រុស្ស៊ី​មិន​បានទទួល​ អ្វី​ពី​កិច្ច​ព្រមព្រៀង​នេះទេ​។ ហើយខ្ញុំ​គិត​ថា​ហេតុផល​ចម្បង​ចំពោះ​ការ​ដកខ្លួន​ចេញ​របស់រុស្ស៊ី​គឺការ​ព្រងើយ​កន្តើយ​របស់​លោកខាង​លិច​ចំពោះ​រុស្ស៊ី​»​។ គួររំឭក​ ផង​ដែរថា ​ត្រឹម​តែរយៈ​ពេល​ ២៤​ម៉ោង​មុន​ការ​សម្រេច​ចិត្ត​របស់​រុស្ស៊ី​ អ្នក​នាំពាក្យ​របស់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​បាន​អំពាវនាវ​ដល់​ភាគី​នានា​ឱ្យ​នៅ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះបន្ត​។

ទោះជា​យ៉ាងណា​ក៏ដោយ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុស្សី ​លោក​ Dmitry ​Patrushev ​បាន​និយាយ​ថា៖ «រុស្ស៊ី​បាន​ត្រៀមខ្លួន​រួចជា​ស្រេច​ក្នុង​ការ​ផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​ប្រមាណ​រហូត​ដល់​ទៅ ៥០០​ ០០០​ តោន​ដល់​ប្រទេស​ក្រីក្រ​ក្នុង​រយៈពេល ​៤​ ខែ​ខាងមុខ​ដោយ​ឥតគិតថ្លៃ​ ដោយ​មាន​ជំនួយ​ពី​ប្រទេស​តួកគី​ និងជា​ការ​ជំនួស​ការ​ផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​ពី​ប្រទេស​អ៊ុយក្រែន​»​៕

វីដេអូ៖