ក្រុម​អ្នកជំនាញ​មក​ពីទី​ភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ របស់​អង្គការសហប្រជាជាតិ (UN) បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង ២ ក្នុង​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃអង្គារ។ ខណៈ​ដែល​រុស្ស៊ី បាន​ចោទប្រកាន់​ថា អាជ្ញាធរ​អ៊ុយក្រែន បាន​រៀបចំផែនការ​ប្រើប្រាស់​គ្រាប់បែក​វិទ្យុសកម្ម (Dirty Bomb) នៅក្នុង​ប្រទេស​របស់​ខ្លួន ដើម្បី​ទម្លាក់កំហុស​ទៅលើ​រុស្ស៊ី។

តែ​យ៉ាងណាក្ដី ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន បាន​ធ្វើការ​រាយការណ៍​ថា ការវាយប្រហារ​របស់​រុស្សី សំដៅ​ទៅលើ​តំបន់​ចំនួន ៨ ស្ថិតនៅ​ភូមិភាគ​អាគ្នេយ៍​នៃ​ប្រទេស​អ៊ុយក្រែន បាន​សម្លាប់​ជនស៊ីវិល ៤ នាក់ និង​រង​របួស ៤ នាក់​ផ្សេងទៀត ក្នុងរយៈពេល​ត្រឹមតែ ២៤ ម៉ោង។ ក្រៅពី​នេះ មនុស្ស​រាប់​ម៉ឺន​នាក់ បាន​ប្រឈម​នឹង​ការ​ដាច់​ចរន្ត​អគ្គិសនី និង​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ បន្ទាប់ពី​ការ​បាញ់​ផ្លោង​គ្រាប់​មី​ស៊ី​លរបស់​រុស្ស៊ី សំដៅ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ក្នុង​តំបន់​ចំនួន ១០ កាលពី​ថ្ងៃ​ចន្ទ។

អគ្គនាយក​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) លោក Rafael Grossi បាន​ប្រាប់​ថា៖ «បេសកកម្ម​ត្រួតពិនិត្យ​រក​ភ័ស្តុតាង​នៃ​គ្រាប់បែក​វិទ្យុសកម្ម ដែល​ស្នើ​ដោយ​ទីក្រុង​កៀវ ក្រោយ​មានការ​ចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​ពីសំណាក់​រុស្ស៊ី នឹង​ត្រូវ​បិទ​បញ្ចប់​ឆាប់ៗខាងមុខនេះ»។

យោង​តាម​ការ​ចុះផ្សាយ​របស់ AP News កាលពី​ថ្ងៃអង្គារ បន្ទាប់ពី​បរាជ័យ នៅ​សមរភូមិ​ជាច្រើន មន្ត្រី​កំ​ពូលៗរបស់​រុស្ស៊ី រួម​ទាំង​ប្រធានាធិបតី លោក វ្ល៉ា​ឌីមៀរ ពូ​ទីន បាន​ចោទប្រកាន់ ដោយ​គ្មាន​មូល​ដ្ឋាន​ដដែលៗថា អ៊ុយក្រែន កំពុង​រៀបចំ​ប្រើប្រាស់​គ្រាប់បែក ដែល​មាន​បន្សាយ​កាកសំណល់​វិទ្យុសកម្ម។

ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី ប្រចាំ UN លោក Vassily Nebenzia បាន​ធ្វើការ​ចោទប្រកាន់ ក្នុង​លិខិត ១ ដែល​ផ្ញើ​ទៅ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ នៅ​សប្តាហ៍​មុន​ថា កន្លែង​ស្រាវជ្រាវ​នុយក្លេអ៊ែរ និង​ក្រុមហ៊ុន​រុករក​រ៉ែ​របស់​អ៊ុយក្រែន បាន​ទទួលបញ្ជា​ដោយ​ផ្ទាល់​ពី​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelensky ដើម្បី​អភិវឌ្ឍ​គ្រាប់បែក​វិទ្យុសកម្ម​នេះ។

ជា​ការ​ឆ្លើយតប ប្រទេស​លោកខាងលិច បាន​ហៅ​ការ​អះអាង​របស់​ទី​ក្រុង​ម៉ូស្គូ​ថា «ជា​រឿង​ភូត​កុហក​ច្បាស់ក្រឡែត»។ ចំណែក​អាជ្ញាធរ​អ៊ុយក្រែន បាន​ច្រានចោល​ការ​ចោទ​របស់​រុស្ស៊ី ដោយ​លើកឡើង​ថា វា​គឺជា​ការប៉ុនប៉ង ដើម្បី​បង្វែរ​ការចាប់អារម្មណ៍​លើ​គម្រោងការ​របស់​ក្រុង​ម៉ូស្គូ ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​វិទ្យុសកម្ម ដែល​នេះ​ជា​មធ្យោបាយ ១ ដើម្បី​បង្ហាញ​ពិភពលោក​ថា ទង្វើ​របស់​រុស្ស៊ី គឺ​ត្រឹមត្រូវ។

គួរ​ដឹង​ដែរ​ថា IAEA បាន​លើកឡើង​ថា ទីតាំង​ស៊ើបអង្កេត ដែល​ស្ថិតនៅ​ក្រោម​ការ​ការពារ​របស់​ខ្លួន ត្រូវ​បាន​ចុះទៅ​ត្រួតពិនិត្យ​យ៉ាង​ទៀងទាត់ ដោយ​អធិការ​របស់ IAEA ដែល​បេសកកម្ម​របស់​ពួក​គេ គឺ​ការស្វែងរក​សកម្មភាព​ផលិត​នុយក្លេអ៊ែរ និង​ឧបករណ៍ ដែល​លាក់​ទុក​មួយចំនួន​ទៀត ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​គ្រាប់បែក​វិទ្យុសកម្ម។

ទីភ្នាក់ងារ​ដដែល​នេះ បានឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍ កាលពី​ថ្ងៃ​ចន្ទ​ថា៖ «IAEA ធ្លាប់​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​មួយ ក្នុងចំណោម​ទីតាំង​ទាំង ២ កាលពី ១ ខែមុន ហើយ​បាន​រក​ឃើញថា គ្មាន​សកម្មភាព ឬសម្ភារ​នុយក្លេអ៊ែរ ដែល​ត្រូវ​បាន​គេ​លាក់​ទុក នៅ​ទីនោះ​ទេ»។

ក្រុម​អ្នកឃ្លាំមើល​ថាមពលបរមាណូ​របស់ UN ក៏​មាន​អ្នកត្រួត​ពិនិត្យ នៅ​ឯរោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ដែល​កាន់កាប់​ដោយ​រុស្ស៊ី​ផង​ដែរ។ ការ​ប្រយុទ្ធ​គ្នា នៅ​ជុំវិញ​ស្ថានីយ​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​នេះ បង្កើន​ការ​បារម្ភ​ពី​ការ​លេច​ធ្លាយ​ដ៏​មហន្តរាយ​ដែល​អាច​កើត​នៅ​ទីនោះ។

កាលពី​ថ្ងៃអង្គារ ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន បាន​និយាយ​ថា ទីក្រុង និង​ទីប្រជុំជន ជុំវិញ​រោងចក្រ បាន​ជួបប្រទះ​នឹង​ការ​បាញ់​ផ្លោង​កាន់តែ​ធ្ងន់​ធ្ង​រឡើងៗ នៅចន្លោះ​ថ្ងៃ​ចន្ទ ដល់​ថ្ងៃអង្គារ។ ក្រុង Nikopol ជាទី​ក្រុង ដែល​ប្រឈមមុខ​ជាងគេ​ជាមួយនឹង​ការ​លេច​ធ្លាយ​រោងចក្រ ដែល​អាច​ហូរ​តាម​ទន្លេ Dnieper ដ៏​ធំ​មួយ ហើយ​អគារ​ផ្ទះល្វែង​ជាច្រើន សាលា​មត្តេយ្យ និង​អាជីវ​កម្ម​ផ្សេងៗជាច្រើន ត្រូវ​បាន​បំផ្លិច​បំផ្លាញ។

ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី បាន​កម្ទេច​ទីក្រុង និង​ភូមិ​ចំនួន ១៤ នៅ​តំបន់ Donetsk ភាគ​ខាងកើត នា​ថ្ងៃ​ចន្ទ និង​ថ្ងៃអង្គារ ដោយ​បាន​បំផ្លាញ​ផ្លូវ​រថភ្លើង ១ ផ្នែក​ធំ ធ្វើ​ឱ្យ​ខូចខាត​ខ្សែ​ថាមពល និង​បំផ្លាញ​ប្រព័ន្ធ​ទំនាក់ទំនង​ចល័ត ក្នុង​តំបន់​មួយចំនួន​ទៀត។ លើស​ពីនេះ មី​ស៊ី​ល ១ គ្រាប់ ក៏បាន​បាញ់ប្រហារ​លើ​ទីក្រុង Kramatorsk ដែល​ជាទី​ស្នាក់​ការ​កណ្តាល​របស់​កងទ័ព​អ៊ុយក្រែន។

លោក PavloKyrylenko អភិបាល​នៃ​តំបន់​ខូចខាត​នេះ បាន​និយាយ​ថា៖ «ការ​បាញ់​ផ្លោង​មី​ស៊ី​លរុស្ស៊ី បាន​សម្លាប់​ជនស៊ីវិល ៣ នាក់ និង​របួស ៣ នាក់​ផ្សេងទៀត»។ គួរ​រំឭក​ដែរ​ថា Donetsk គឺជា​តំបន់ ១ ក្នុងចំណោម​តំបន់​ចំនួន ៤ ដែល​ត្រូវ​បាន​ទី​ក្រុង​ម៉ូស្គូ ដា​ក់បញ្ជូល​ជា​តំបន់​ឧប​សម្ព័ន្ធ កាលពី​ខែមុន។

បើ​តាម​អភិបាលក្រុង​តំបន់​នោះ កាលពី​ថ្ងៃអង្គារ​ស្ត្រី​ម្នាក់​ត្រូវ​បាន​សម្លាប់ បន្ទាប់ពី​គ្រាប់​រ៉ុក្កែត​របស់​រុស្សី បាន​បាញ់ប្រហារ​ទៅលើ​អគារ​ផ្ទះល្វែង និង​សាលារៀន ១ កន្លែង​ក្នុង​ទីក្រុង Mykolayiv ភាគ​ខាងត្បូង​ប្រទេស។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ៊ុយក្រែន ជួបប្រទះ​នឹង​ផលវិបាក​ពី​ការវាយប្រហារ​ដ៏​ធំ​ពី​រុស្ស៊ី នៅ​ថ្ងៃ​ចន្ទ ដែល​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល និង​ទឹក ក្នុង​ទីក្រុង និង​តាម​ភូមិ​ជាច្រើន​ទៀត។

អភិបាលក្រុង​កៀវ លោក Vitali Klitschko បាន​និយាយ​ថា៖ «អាជ្ញាធរ​បាន​ព្យាយាម​ជួសជុល​ចរន្ត​អគ្គិសនី និង​ទឹក​ប្រើប្រាស់​ឡើងវិញ នៅក្នុង​អគារ​លំនៅ​ដ្ឋាន​នានា ក្នុង​រដ្ឋធានី ប៉ុន្តែ​ការ​ដាច់​ចរន្ត​អគ្គិសនី នឹង​បន្ត​នៅក្នុង​ទីក្រុង ដោយសារតែ​កង្វះ​ថាមពល​ផ្គត់ផ្គង់​ច្រើន»។ អភិបាល​តំបន់ ១ នៃ​ទីក្រុង​កៀវ លោក Oleksiy Kuleba ប្រាប់ កាលពី​ថ្ងៃអង្គារ​ថា ផ្ទះល្វែង​ចំនួន ២០ ០០០ ខ្នង នៅតែ​គ្មាន​ថាមពល​ប្រើប្រាស់។

ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​រដ្ឋ​របស់​អ៊ុយក្រែន Ukrenergo បាន​ប្រកាស នៅក្នុង​សេចក្តី​ថ្លែងការណ៍ ១ កាលពី​ថ្ងៃអង្គារ​ថា៖ «តំបន់​ចំនួន ៧ នឹង​ជួបប្រទះ​ការ​ដាច់​ចរន្ត​អគ្គិសនី ដើម្បី​កាត់បន្ថយ​ចំនួន​ប្រើប្រាស់ និង​ដើម្បី​រក្សា​តុល្យភាព ហើយនិង​ស្ថិរភាព នៅក្នុង​ប្រព័ន្ធ ដោយធ្វើ​យ៉ាងណា ចៀសវាង​ការ​ដាច់​ប្រព័ន្ធ​ផ្គត់ផ្គង់​ម្តង​ហើយ​ម្តង​ទៀត»។

នៅ​ទីក្រុង Kharkiv ដែល​ជាទី​ក្រុង​ធំ​ទី ២ របស់​អ៊ុយក្រែន សេវា​រថភ្លើង​ក្រោម​ដី​ត្រូវ​បាន​ផ្អាក​ម្តង​ទៀត កាលពី​ថ្ងៃអង្គារ ដោយ​មិនបាន​បញ្ជាក់​ហេតុផល​នោះ​ទេ។ នេះ​បើ​យោង​តាម​បណ្ដាញ​សង្គម Telegram របស់​រថភ្លើង​ក្រោម​ដី ១ នេះ។

នៅ​តំបន់ Kherson ដែល​ជា​តំបន់​កាន់កាប់​ដោយ​រុស្ស៊ី ឯនោះ​វិញ អាជ្ញាធរ​រុស្ស៊ី បាន​ជម្លៀស​ប្រជាជន រហូតដល់​ទៅ​ប្រមាណ ៧ ម៉ឺន​នាក់ ដែល​រស់នៅ​ចម្ងាយ ១៥ គីឡូម៉ែត្រ​ក្បែរ​ទន្លេ Dnieper ដោយសារតែ​ការ​ប្រមើល​មើល​ថា ការ​វាយលុក​ពី​អ៊ុយក្រែន​លើ​តំបន់​នេះ អាច​នឹង​កើតមាន នា​ពេល​ឆាប់ៗខាងមុខ។ នេះ​បើ​យោង​តាម​អភិបាល​តំបន់ ដែល​តែងតាំង​ដោយ​វិមាន​ក្រឹម​ឡាំង លោក Vladimir Saldo។ យ៉ាងណាក្ដី មន្ត្រី​ទូទៅ​របស់​អ៊ុយក្រែន កាលពី​ថ្ងៃអង្គារ បាន​ពណ៌នា​ការ​ជម្លៀស​ថ្មីនេះ​ថា ជា​ការ​ផ្លាស់ទី​លំនៅ ដោយបង្ខំ ព្រោះ​អ្នក​រស់នៅ​តាម​ច្រាំងទន្លេ Dnieper ត្រូវ​បាន​បណ្តេញ​ចេញពីផ្ទះ​របស់​ពួក​គេ។

នៅ​រុស្ស៊ី​ឯណោះ​វិញ កងទ័ព​ដែល​ទើបនឹង​កេណ្ឌ​បាន​សរុប ១២ ម៉ឺន​នាក់ ត្រូវ​បាន​រំពឹង​ថា នឹង​ត្រូវ​បាន​បញ្ជូន​ឱ្យទៅ​ធ្វើជា​ទាហាន ក្នុងរយៈពេល ២ ខែ​ខាងមុខនេះ។ ទន្ទឹម​នឹង​នេះ មន្ត្រី​យោធា​រុស្ស៊ី​បាន​ធានា​ថា ទាហានជើងគោក ដែល​ទើបនឹង​កេណ្ឌ​បាន​នេះ នឹង​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រយុទ្ធ នៅ​សមរភូមិ​អ៊ុយក្រែន និង​តំបន់​ឧប​សម្ព័ន្ធ​ទេ។

សេចក្តី​ព្រាងច្បាប់​នៃ​ការកេណ្ឌ​ទ័ព​បន្ថែម គ្រោង​នឹង​ចាប់ផ្តើម នៅ​ខែតុលា ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល ១ ខែ ដោយសារ​មានការ​ចល័ត​ទាហាន​ផ្នែក​ខ្លះ​ចំនួន ៣ សែន​នាក់ ទើប​បញ្ចប់ កាលពី​ថ្ងៃ​ចន្ទ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្សី លោក Sergei Shoigu បាន​និយាយ កាលពី​ថ្ងៃអង្គារ​ថា៖ «ក្នុងចំណោម​ទា​ហាន​ថ្មីៗ ទាំង ៣ សែន​នាក់ មាន​មួយចំនួន បាន​ចូល​ធ្វើទាហាន​តាម​ការប្រកាស​ដោយ​លោក ពូ​ទីន កាលពី​ថ្ងៃទី ២១ ខែកញ្ញា ក្នុង​នោះ​ទាហាន ៨៧ ០០០ នាក់ ត្រូវ​បាន​បញ្ជូន​ទៅកាន់​អ៊ុយក្រែន ហើយ​គ្រូបង្ហាត់​យោធា​ប្រហែល ៣ ពាន់​នាក់ ដែល​មាន​បទ​ពិសោធ​ប្រយុទ្ធ ក៏​ត្រូវ​ទទួលភារៈ​បណ្តុះបណ្តាល នៅ​ទីនោះ​ផង​ដែរ»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី និង​ទីភ្នាក់ងារព័ត៌មាន AP ឱ្យ​ដឹង​ថា ទាហានបម្រុង ដែល​គ្មាន​បទ​ពិសោធ​ធ្វើសង្គ្រាម ត្រូវ​បាន​បង្គាប់​ឱ្យ​ទិញ​សម្ភារ​មូលដ្ឋាន ដូចជា​កញ្ចប់​វេជ្ជសាស្ត្រ និង​អាវធំ​ខ្លួនឯង និង​មិនបាន​ទទួលការ​បណ្តុះបណ្តាល មុន​ពេល​បញ្ជូន​ទៅ​ប្រយុទ្ធ​ឡើយ​៕