មន្ត្រី​អាមេរិក ៣​ នាក់ បាន​និយាយ​ថា ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត បាន​ចែករំលែក​ព័ត៌មាន​សម្ងាត់​ជាមួយ​ក្រុម​មន្ត្រី​អាមេរិកដែល​បាន​បង្ហាញ​ថា អ៊ីរ៉ង់​អាច​នឹង​កំពុង​រៀបចំខ្លួនក្នុងការ​វាយប្រហារ​ទៅលើ​ព្រះរាជា​ណាចក្រ​មួយ​នេះ។

ការព្រួយ​បារម្ភ​កាន់តែខ្លាំង​ឡើង​អំពី​ការវាយប្រហារ​លើ​ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត បានកើត​ឡើង​នៅពេលដែល​រដ្ឋបាល​លោក ចូ បៃដិន កំពុង​រិះគន់​ទីក្រុងតេអេរ៉ង់ ចំពោះ​ការបង្ក្រាប​លើ​ការ​បាតុករ​តវ៉ានៅក្នុង​ប្រទេស និង​ថ្កោលទោសចំពោះ​ការបញ្ជូន​យន្តហោះ​គ្មាន​មនុស្ស​បើក​រាប់រយ​គ្រឿងក៏ដូចជា​ជំនួយ​បច្ចេកទេស​ទៅកាន់​ប្រទេស​រុស្ស៊ី សម្រាប់​ប្រើប្រាស់ក្នុង​សង្គ្រាមនៅ​អ៊ុយក្រែន។

ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​បានលើកឡើងនៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «យើង​មានការ​ព្រួយបារម្ភ​អំពី​រូបភាព​គំរាមកំហែងហើយ​យើង​នៅតែ​បន្ត​ទាក់ទង​គ្នាតាមរយៈ​បណ្តាញ​យោធានិង​ចារកម្ម​ជាមួយ​អារ៉ាប៊ី​សាអ៊ូឌីត​ជានិច្ច។យើង​នឹងមិន​ស្ទាក់ស្ទើរ​ក្នុងការ​បញ្ចេញ​សកម្មភាព​ការពារ​ផលប្រយោជន៍​របស់​យើង​និង​ដៃគូរ​នៅក្នុង​តំបន់​នោះឡើយ»។

យ៉ាងណា​ក៏​ដោយអារ៉ាប៊ី​ សាអ៊ូឌីត មិនបាន​ធ្វើការ​ឆ្លើយតប​ទៅនឹង​សំណើសុំ​ការអត្ថាធិប្បាយ​បន្ថែម​នោះទេ។ ដោយឡែកស្ថាន​បេសកកម្ម​ការទូត​អ៊ីរ៉ង់​ប្រចាំនៅ​អង្គការសហប្រជាជាតិ (UN) បាន​ប្រាប់​សារព័ត៌មាន The Associated Press កាលពី​ថ្ងៃ​ពុធ​ថា ការអះអាង​របស់​សហ​រដ្ឋ​អាមេរិកគ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះទេ។ ស្ថាន​បេសកកម្ម​ដដែល​នេះ​បាន​បន្ត​ថា​៖ «របប​លោកខាងលិច និង​ពួក​ហ្សីយ៉ូន​និយមបាន​ផ្សព្វផ្សាយ​ព័ត៌មាន​លំអៀងក្នុង​គោលបំណង​បង្កើត​ផ្នត់គំនិត​អវិជ្ជមានចំពោះ​សាធារណរដ្ឋ​អ៊ិស្លាម​អ៊ីរ៉ង់ និង​បំផ្លាញ​និន្នាការ​វិជ្ជមាន​បច្ចុប្បន្នជាមួយ​បណ្តា​ប្រទេសក្នុង​តំបន់»។

មន្ត្រី​ម្នាក់​ក្នុងចំណោម​មន្ត្រីដែល​ទទួលបាន​ព័ត៌មាន​សម្ងាត់​បាន​ពណ៌នា​ថា វា​គឺជា​ការគំរាមកំហែង​វាយប្រហារ​ក្នុង​ពេលឆាប់ៗ​នេះ ឬ​ក្នុង​រយៈពេល ៤៨​ ម៉ោង​ទៀត។ ទោះជា​យ៉ាងណាគេ​មិនទាន់​ឃើញ​មាន​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​អាមេរិកជូនដំណឹង ឬ​ណែនាំ​ដល់​ជនជាតិ​អាមេរិកក្នុងប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត ឬ​កន្លែង​ផ្សេងទៀតនៅ​មជ្ឈិមបូព៌ាឱ្យ​ចាក​ចេញពី​ប្រទេស​នេះ​នៅឡើយ​ទេ។ លើស​ពីនេះមន្ត្រី​ទាំង ៣ រូបនោះ ក៏​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​ឡើយ គឺ​អាច​និយាយបានក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ប៉ុណ្ណោះ។

លោក​ឧត្តម​សេនីយ៍ Pat Ryder លេខាធិការ​ព័ត៌មាន​របស់​មន្ទីរ​បញ្ច​កោណបាន​និយាយ​ថា៖ «មន្ត្រី​យោធា​អាមេរិក​មាន​ការ​ព្រួយបារម្ភអំពី​ស្ថានភាព​គំរាមកំហែងនៅក្នុង​តំបន់​នេះ​ជាខ្លាំង»។

លោក​បន្ត​ថា​៖ «យើង​កំពុង​ទាក់ទង​ជាមួយ​ដៃគូ​អារ៉ាប៊ី​សាអ៊ូឌីត​របស់​យើងទាក់ទង​នឹង​ព័ត៌មានដែល​ពួកគេ​ត្រូវ​ផ្តល់ឱ្យ​អំពី​បញ្ហា​នេះ​នាពេលខាងមុខ​ទៀត។ ប៉ុន្តែ​អ្វីដែល​យើងបាន​និយាយ​ពីមុនហើយ​ខ្ញុំ​នឹង​និយាយ​ឡើងវិញ​នោះគឺថាយើង​នឹង​រក្សា​សិទ្ធិ​ការពារ​ខ្លួនមិន​ថា កងកម្លាំង​របស់​យើង​កំពុង​បម្រើការ​នៅទី​ណាមិន​ថានៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ឬ​កន្លែង​ផ្សេងទៀត​នោះទេ»។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិកលោក Ned Price ក៏បាន​លើកឡើង​ផងដែរ​ថា «អាមេរិក​ព្រួយបារម្ភ​អំពី​រូបភាព​គំរាមកំហែង» ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​លម្អិត​ឡើយ។ ដោយឡែកកាសែត The Wall Street Journal ក៏បាន​រាយការណ៍​ជា​លើកដំបូង​អំពី​អារ៉ាប៊ី​ សាអ៊ូឌីត ដែល​បាន​ចែករំលែក​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់កាលពី​ថ្ងៃ​អង្គារ។ ហើយ​អ៊ីរ៉ង់​បាន​ចោទ​ប្រកាន់ដោយ​មិនបាន​ផ្តល់​ភ័ស្តុតាង​ថា អារ៉ាប៊ី​ សាអ៊ូឌីត និង​ប្រទេស​គូប្រជែង​មួយ​ចំនួន​ទៀតបាន​នឹង​កំពុង​ញុះញង់​ប្រជាជន​អ៊ីរ៉ង់​ឱ្យធ្វើ​ការតវ៉ា​នៅតាម​ដងផ្លូវ។

ការតវ៉ា​ដោយ​កំហឹង​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន Iran International ដែលជា​បណ្តាញ​ព័ត៌មាន​ផ្កាយរណប​ភាសាហ្វាស៊ីដែលមាន​មូលដ្ឋាន​នៅ​ទីក្រុងឡុងដ៍ ហើយក៏​ជា​បណ្ដាញ​ព័ត៌មានដែល​គ្រប់គ្រង​ភាគច្រើនដោយ​ជន​ជាតិ​អា​រ៉ាប៊ី ​សាអ៊ូឌីត។

គួរ​រម្លឹក​ផងដែរ​ថា សហរដ្ឋ​អាមេរិកនិង​អារ៉ាប៊ី​ សាអ៊ូឌីត ធ្លាប់បាន​ស្តីបន្ទោស​ឱ្យ​ប្រទេស​អ៊ីរ៉ង់ កាល​ពី​ឆ្នាំ​ ២០១៩ ថា ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​ដ៏​ធំ​មួយនៅ​ភាគ​ខាងកើត​ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត​ ហើយ​បាន​ធ្វើឱ្យ​មានការ​កាត់បន្ថយ​ផលិត​កម្ម​ប្រេង​ពាក់កណ្តាល និង​បណ្តាល​ឱ្យ​តម្លៃ​ថាមពល​កើនឡើង​យ៉ាងខ្លាំង។ យ៉ាងណា​ក៏ដោយអ៊ីរ៉ង់​បាន​បដិសេធថា ពួកគេ​មិន​បាន​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​ទេ ប៉ុន្តែ​យន្តហោះ​គ្មាន​មនុស្ស​បើក​ផ្ទុក​គ្រាប់បែក​រាង​ត្រីកោណ​ដូចគ្នាដែល​ប្រើ​ក្នុងការ​វាយប្រហារ​នោះឥឡូវនេះ ​ត្រូវបាន​ដាក់ពង្រាយដោយ​កងកម្លាំង​រុស្ស៊ីក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន។

មិន​ត្រឹមតែ​ប៉ុណ្ណោះប៉ុន្មាន​ឆ្នាំ​មកនេះអា​រ៉ាប៊ី សា​អ៊ូឌីត ក៏​រង​ការវាយប្រហារ​ម្តង​ហើយ​ម្តងទៀតដោយ​យន្តហោះ​គ្មាន​មនុស្ស​បើកគ្រាប់មីស៊ីលនិង​កាំភ្លើង​ត្បាល់​បាញ់ដោយ​ក្រុម​ឧទ្ទាម Houthi ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់នៅ​ប្រទេស​យេម៉ែន។ ជាការ​ឆ្លើយតបអារ៉ាប៊ី​ សាអ៊ូឌីត បាន​បង្កើត​ក្រុម​ចម្រុះដើម្បី​ប្រយុទ្ធ​ជាមួយ​ពួក Houthis ក្នុង​ឆ្នាំ​ ២០១៥ ប៉ុន្តែ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​រិះគន់ចំពោះ​ការវាយ​ប្រហារតាម​អាកាសនៅក្នុង​សង្គ្រាមដែល​បាន​សម្លាប់​ជន​ស៊ីវិល​ជាច្រើន​នាក់។

ប៉ុន្មាន​សប្តាហ៍ថ្មីៗ​នេះរដ្ឋបាល​លោកបៃដិនបានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​អ៊ីរ៉ង់ចំពោះ​ការបង្ក្រាប​យ៉ាង​ឃោរឃៅ​លើ​បាតុករក្រោយ​ពី​ការ​ស្លាប់​របស់​កញ្ញាMahsaAminiអាយុ២២​ឆ្នាំកាលពី​ខែ​កញ្ញាបន្ទាប់ពី​ការ​ចាប់ខ្លួន​របស់​នាងដោយ​ក្រុម​ប៉ូលិស​អ៊ីរ៉ង់។លើសពីនេះអាមេរិក​ក៏បាន​ដាក់ទណ្ឌកម្ម​អ៊ីរ៉ង់ចំពោះ​ការផ្គត់ផ្គង់​យន្តហោះ​គ្មាន​មនុស្ស​បើក​ទៅ​ឱ្យ​រុស្ស៊ីសម្រាប់​ប្រើក្នុង​សង្គ្រាមនៅ​អ៊ុយក្រែន។

គួរ​ដឹងផង​ដែរ​ថាយ៉ាងហោចណាស់​មនុស្ស២៨៨​នាក់ត្រូវបាន​សម្លាប់និង១៤១៦០​នាក់ត្រូវបាន​ចាប់ខ្លួនក្នុងអំឡុង​ពេលចេញ​តវ៉ា​នេះ។ បើ​យោងតាម​ក្រុម​សកម្មជន​សិទ្ធិមនុស្សនៅក្នុង​ប្រទេស​អ៊ីរ៉ង់។បាតុកម្ម​នៅតែ​បន្ត​អូសបន្លាយ​ហើយ​សូម្បីតែ​ឆ្មាំ​បដិវត្តន៍​យោធាក៏មាន​ការភ័យខ្លាចហើយ​បាន​ព្រមាន​ប្រជាជន​អ៊ីរ៉ង់​ឱ្យ​បញ្ឈប់​ការធ្វើ​បាតុកម្ម​ទៀតផង។

អ៊ីរ៉ង់​បាន​បើក​ការវាយប្រហារ​ជា​បន្តបន្ទាប់​លើ​ទីតាំង​នៃ​តំបន់​បំបែក​ខ្លួន​ឃឺដ (Kurdish) នៅ​ភាគ​ខាងជើង​អ៊ីរ៉ាក់ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោចណាស់១៦​នាក់ក្នុងនោះ​ក៏មាន​ពលរដ្ឋ​អាមេរិក​ម្នាក់​ទៀតផង។

ទំនាក់ទំនង​របស់​សហ​រដ្ឋ​អាមេរិក​ជាមួយ​អារ៉ាប៊ី​សាអ៊ូឌីតក៏មាន​ភាព​តានតឹង​ផងដែរបន្ទាប់ពី​សម្ព័ន្ធមិត្តដែលជា​ប្រទេស​ផលិត​ប្រេង (OPEC+)បានប្រកាស​កាលពី​ខែតុលា​ថាខ្លួន​នឹង​កាត់បន្ថយ​ការផលិត​ចំនួន២​លាន​បារ៉ែលក្នុង ១​ថ្ងៃដោយ​ចាប់ផ្តើមនៅក្នុង​ខែវិច្ឆិកា។

សេតវិមាន​បាន​លើកឡើង​ថាអាមេរិក​កំពុង​ពិនិត្យមើល​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​អារ៉ាប៊ី​សាអ៊ូឌីតជុំវិញ​ការផ្លាស់ប្តូរ​នេះហើយ​បាន​បន្តថាការកាត់បន្ថយ​ផលិតកម្ម​ប្រេងកំពុង​ជួយ​ដល់​សមាជិកOPEC+ ជាពិសេសគឺ​ប្រទេស​រុស្ស៊ីក្នុងការ​សន្សំ​ប្រាក់​របស់ខ្លួនខណៈដែល​សង្គ្រាមនៅក្នុង​អ៊ុយក្រែនកំពុង​បន្តហើយ​រហូត​មកទល់ពេលនេះវា​បាន​ចូលក្នុង​ខែ​ទី​៩ហើយចាប់តាំងពី​ថ្ងៃ​ឈ្លានពាន​អ៊ុយក្រែន។

អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​សេត​វិមានលោកJohn Kirby កាលពី​ថ្ងៃ​អង្គារបាន​រំលឹក​ឡើងវិញ​ថា «អាមេរិក​នៅតែមាន​ការ​ព្រួយបារម្ភ​ថាអ៊ីរ៉ង់​អាច​ផ្តល់ឱ្យ​រុស្ស៊ី​នូវ​មីស៊ីល​បាញ់​នៅលើ​អាកាស​ផងដែរ»។លោក​បន្តថា​៖«យើង​មិនទាន់​ឃើញ​ការព្រួយបារម្ភ​របស់​យើង​ក្លាយជា​ការពិត​នៅឡើយ​ទេប៉ុន្តែ​វា​ជាការ​ព្រួយបារម្ភដែល​យើង​មាន»។

ទោះបីជា​សហរដ្ឋអាមេរិកនិង​ប្រទេស​ផ្សេងទៀត​បានលើកឡើង​ពី​ការព្រួយបារម្ភ​អំពី​ទង្វើ​របស់​អ៊ីរ៉ង់​ក៏ដោយ ក៏អាមេរិក​មិនបាន​ច្រានចោល​នូវ​លទ្ធភាព​នៃ​ការស្តារ​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ឆ្នាំ​២០១៥ដែល​ត្រូវ​បាន​សម្របសម្រួលក្រោម​រដ្ឋបាល​លោកបារ៉ាក់អូបាម៉ានិង​បាន​លុបចោលនៅ​ឆ្នាំ​២០១៨ក្រោម​រដ្ឋបាល​លោកដូណាល់ត្រាំ។

បេសកជន​ពិសេស​របស់​សហរដ្ឋ​អាមេរិកប្រចាំ​នៅ​អ៊ីរ៉ង់លោកRobert Malleyបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា «រដ្ឋបាល​បច្ចុប្បន្ន​មិនបាន​ផ្តោតលើ​កិច្ចព្រមព្រៀង​នោះទេដែល​វា​បាន​ជាប់គាំង​តាំងពី​ខែសីហា​មក​ម្លេះ»។យ៉ាងណា​ក៏ដោយបេសកជន​ពិសេស​រូបនេះបាន​បដិសេធ​ក្នុងការ​ប្រកាសថាកិច្ចព្រមព្រៀង​នេះ​បាន​រលត់​បាត់​ហើយដោយ​លើកឡើងថា «អាមេរិកនឹងមិន​សុំទោស​ដាច់ខាតក៏​ព្រោះតែ​ខ្លួន​បាន​ព្យាយាម​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​អាច​ធ្វើបានដើម្បី​ការពារ​អ៊ីរ៉ង់​ពី​ការ​ទទួល​បាន​នូវ​អាវុធ​នុយក្លេអ៊ែរ»។

គួរ​ដឹង​ដែរ​ថាកិច្ចព្រមព្រៀង​នេះ​បានផ្តល់​ឱ្យ​ទីក្រុងតេអេរ៉ង់​នូវ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារក្នុងការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ជា​ថ្នូរ​នឹង​ការយល់ព្រម​លុបចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួនក្នុងនោះ​រួមមាន​ការកំណត់​ចំនួន​សម្ភារៈដែល​អ៊ីរ៉ង់​អាច​ស្តុក​ទុកនិង​កំណត់​បរិមាណ​ប្រតិបត្តិការ​នៃ​ម៉ាស៊ីន​កម្រិត​ខ្ពស់​ជា​ដើម៕