រឿង​ចៃដន្យ​ដ៏​គួរ​ឱ្យ​កត់សម្គាល់​មួយ គឺថា ខណៈ​ដែល​បណ្ដា​ប្រទេស​នានា​អ្នកធ្វើ​យុទ្ធនាការ និង​ម្ចាស់​អាជីវកម្ម កំពុង​ជួបប្រជុំ​គ្នា នៅក្នុង​ប្រទេស​អេហ្ស៊ីប ដើម្បី​ដោះស្រាយ​បញ្ហា​អាកាសធាតុ កំណើន​ប្រជាជន​ពិភពលោក​សរុប​ឯណោះ​វិញ បាន​កើន​ឡើង​រហូតដល់​ចំនួន ៨ ប៊ីលាន​នាក់ ដែល​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​សម្រាប់​មនុស្សជាតិ​ទាំងមូល។ តួលេខ​នេះ​មាន​ន័យថា ប្រជាជន​ពិភពលោក កំពុង​ធ្វើដំណើរ​ឆ្ពោះ​ទៅរក​ការកើនឡើង រហូតដល់​ចំនួន ១​ ម៉ឺន​លាន​នាក់ ឬ ១០​ ប៊ី​លាន​នាក់ ឬ​ច្រើន​ជាងនេះ​ទៀត នៅក្នុង​សតវត្សរ៍​ទី​២១ នេះ។

ទោះជា​យ៉ាងណា ក្រុម​ប្រទេស​ដែល​កំពុង​ជួបប្រជុំ នៅ​សន្និបាត​ភាគី​លើក​ទី​២៧ (COP27) ហាក់​មិន​ខ្វាយខ្វល់​អំពី​ទំនាក់ទំនង រវាង​កំណើន​ប្រជាជន​ពិភពលោក ដោយ​ឥតឈប់ឈរ និង​ការបន្ត​កើនឡើង​សីតុណ្ហភាព​របស់​អាកាស​ធាតុ​នោះទេ។ ទោះបីជា​ការពិត​បានបង្ហាញ​យ៉ាងច្បាស់​ថា មនុស្ស​រាប់ពាន់​លាន​នាក់ នឹង​បន្ត​រស់នៅក្នុង​រយៈពេល ៧០​ឆ្នាំ​ទៅ​មុខទៀត ហើយ​ពួកគេ​នឹង​ត្រូវ​ការប្រើប្រាស់​ធនធាន​កាន់តែ​ច្រើន និង​មានការ​បំភាយ​ឧស្ម័ន​កាន់តែខ្លាំង​ក៏ដោយ ក៏​បញ្ហា​កំណើន​ប្រជាជន នៅតែ​ត្រូវបាន​មេដឹកនាំ​ពិភពលោក មិន​អើពើ​មិន​ខ្វាយខ្វល់ និង​តែងតែ​បដិសេធ មិន​ព្រម​លើក​ជា​បញ្ហា​ធំ​នោះឡើយ។

ផ្នែក​មួយ​នៃ​បញ្ហា​នេះ គឺ​ភាព​រសើប​នៅពេលដែល​និយាយ​អំពី​ចំនួន​មនុស្ស​នៅលើ​ពិភពលោក។ ប្រវត្តិសាស្ត្រ​ពោរពេញ​ទៅដោយ​រដ្ឋាភិបាល​ហិង្សា ដែល​ព្យាយាម​បង្ខំ​ជន​ងាយ​រងគ្រោះ​ឱ្យប្រើ​ប្រាស់​វិធី​បង្ការ​មិនអាច​មានកូន​បាន។ ក្នុងនោះ​រួមមាន យន្តការ​កាត់បន្ថយ​ចំនួន​ប្រជាជន​ទូទៅ ត្រូវ​បាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​ផ្តាច់ការ និង​ពួក​ស្ដាំ​ជ្រុលនិយម។ ដោយឡែក​ការ​ព្រួយបារម្ភ ជុំវិញ​បញ្ហា​កំណើន​ប្រជាជន នៅក្នុង​បណ្ដា​ប្រទេស​អ្នកមាន តែងតែ​ត្រូវបាន​ចោទប្រកាន់​ថា មានការ​រើសអើង ឬ​ជា​រដ្ឋាភិបាល ដែល​ប្រកាន់យក​លទ្ធិ​ហ្វាស៊ីស​និយម។

អ្នកវិទ្យាសាស្ត្រ លោក James Lovelock តែងតែ​និយាយ​ថា​៖ «អ្នកណា​ក៏ដោយ ដែល​មិនបាន​មើលឃើញ​ពី​ទំនាក់​ទំនង រវាង​អាកាសធាតុ និង​ចំនួន​ប្រជាជន គឺជា​មនុស្ស​ល្ងង់ខ្លៅ ឬ​ព្យាយាម​លាក់បាំង​ពី​ការពិត»។

លោក​បន្ថែម​ថា បញ្ហា​បរិស្ថាន​ដ៏​ធំ​ទាំង​២ នេះ គឺ​ជាការ​មិន​អាច​បែងចែក​ពីគ្នា​ឱ្យដាច់​បានទេ ហើយ​ការ​លើកយក​បញ្ហា​ណាមួយ​មក​ពិភាក្សា ដោយ​មិន​អើពើ ចំពោះ​បញ្ហា​មួយ​ទៀត​នោះ ជា​រឿង​ដែល​មិន​សម​ហេតុផល​ទាល់តែសោះ។

រហូតមក​ដល់​ពេលនេះ បញ្ញវន្ត​លោក​ខាងលិច មាន​ជំនឿ​ជឿជាក់​ថា ចំនួន​ប្រជាជន​ពិភពលោក​ច្រើន មិនមែនជា​បញ្ហា​នោះទេ អ្វី​ដែលជា​បញ្ហា​នោះ គឺ​របៀប​ដែល​ពួកគេ​ប្រើប្រាស់​ធនធាន នៅលើ​ផែនដី​ទៅវិញ​ទេ។ ការ​ប្រើប្រាស់ និង​វិសមភាព គឺជា​បញ្ហា​ចម្បង​មិនមែន​ទំហំ​ប្រជាជន​នោះទេ។ ជាការ​ពិតណាស់​អ្នកមាន​បំផុត ១០% នៅលើ​ពិភពលោក ប្រើប្រាស់​ថាមពល​ប្រមាណ ២០ ដង ច្រើន​ជាង​អ្នកក្រខ្សត់​បំផុត ១០% នៅលើ​ពិភពលោក។ ដូច្នេះ​ប្រាកដ​ណាស់​អ្នកមាន​ត្រូវតែ​ផ្លាស់ប្តូរ​របៀបរបប​រស់​នៅ​របស់​ពួកគេ។ យ៉ាងណា​ក៏ដោយ ការ​លើកឡើង​ថា បម្រែ​បម្រួល​អាកាសធាតុ​ទាំងអស់​បណ្ដាល​មកពី​ការប្រើប្រាស់​ធនធាន នៅលើ​ភពផែនដី បានក្លាយ​ជា​លេស សម្រាប់​ប្រទេស​នានា ក្នុង​ការដែល​មិនបាន​ដាក់​ចេញ​នូវ​យន្តការ​កាត់បន្ថយ​ចំនួន​ប្រជាជន​របស់​ពួកគេ។

ការពិត​ដ៏​ពិបាក​ទទួលយក​មួយ​នោះ គឺថា​នៅក្នុង​យុគសម័យ​នៃ​ការប្រែប្រួល​អាកាសធាតុ​ចំនួន​មនុស្ស​រស់នៅ​លើ​ភពផែនដី គឺជា​បញ្ហា​ចម្បង​មួយ ព្រោះ​ផលប៉ះពាល់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​មនុស្ស ២ ទៅ ៣​ពាន់​លាន​នាក់ ធំធេង​ខ្លាំង​ណាស់។

បញ្ហា​ទាំងអស់នេះ ក៏​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្ត្រី​ផងដែរ។ ដោយ​ការព្រងើយ​កន្តើយ ចំពោះ​ចំនួន​ប្រជាជន តម្រូវការ​របស់​ស្ត្រី និង​កុមារី កំពុង​ត្រូវបាន​ដកចេញ​ដោយ​រដ្ឋាភិបាល ដែល​ឈ្លក់​វង្វេង​នឹង​ការប្រើប្រាស់​ធនធាន នៅលើ​ផែនដី ដើម្បី​ផ្ដោតលើ​ការអប់រំ និង​ផែនការ​គ្រួសារ ក្នុងការ​ដោះស្រាយ​ភាពអាសន្ន​នៃ​អាកាសធាតុ។

ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព លោកស្រី Malala Yousafzai បានលើកឡើង កាលពី​ឆ្នាំមុន​ថា​៖ «ពេល​ក្មេងស្រី​ទទួល​បាន​ការអប់រំ ហើយ​ពេល​ពួកគេ​រវល់​តែ​ផ្ដោតលើ​ការសិក្សា នៅ​សាលា ពួកគេ​នឹង​រៀបការ នៅពេល​ក្រោយ​បញ្ចប់​ការសិក្សា​នោះ ពួកគេ​នឹង​មានកូន​ចំនួន​តិច។ ការណ៍​នេះ​ជាការ​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ តាមរយៈ​ចំនួន​ប្រជាជន​កើនឡើង​តិចតួច»។

លោកស្រី​បន្តថា «ប្រសិនបើ​ក្មេងស្រី​គ្រប់រូប​អាច​យល់ដឹង និង​អនុវត្ត​សុខភាព​ផ្លូវភេទ សុខភាព​បន្ត​ពូជ និង​សិទ្ធិ​របស់​ពួកគេ តាមរយៈ​ការអប់រំ​ប្រកបដោយ​គុណភាព និង​ទទួលបាន​មធ្យោបាយ​ពន្យារកំ​ណើត តាមបែប​ទំនើប វា​ពិតជា​អាច​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​បាន​ច្រើន»។

យោងតាម​មូលនិធិ​ប្រជាជន​របស់​អង្គការ​សហ​ប្រជាជាតិ (UNFPA) ស្ត្រី​ចំនួន ២៥៧​ លាន​នាក់ មិនអាច​ទទួល​បាន​ការ​ពន្យារ​កំណើត បាន​ត្រឹមត្រូវ ពាក់កណ្តាល​នៃ​ការ​មាន​ផ្ទៃពោះ​ទូទាំង​ពិភពលោក កើតឡើង​ដោយ​មិនបាន​គ្រោងទុក ហើយ​ជិត ១/៤ នៃ​ស្ត្រី​ទាំងអស់ មិនមាន​ភ្នាក់ងារ​គ្រប់គ្រាន់ ដើម្បី​ពិគ្រោះ​យោបល់​អំពី​ការបដិសេធ​ការរួម​ភេទ​នោះទេ។

ប៉ុន្តែ​ប្រទេស​ដែលមាន​ជាងគេ​បំផុត​លើ​ពិភពលោក​រួមគ្នា​បរិច្ចាគ​ត្រឹមតែ ២-៣​រយ​លាន​ដុល្លារ​ប៉ុណ្ណោះ ក្នុង ១ ​ឆ្នាំ ទៅ​ដល់​ទីភ្នាក់ងារ​ប្រជាជន​របស់​អង្គការ​សហ​ប្រជាជាតិ។ ប្រទេស​មួយចំនួន​ថែមទាំង បាន​ជំរុញ​គោល​នយោបាយ​បង្កើន​ចំនួន​ប្រជាជន​របស់​ពួកគេ​ទៀតផង។ នៅ​ឆ្នាំ​ ២០១៧ លោក ដូណាល់ ត្រាំ បាន​កាត់​បន្ថយ​ការផ្តល់​មូលនិធិ​របស់​សហ​រដ្ឋ​អាមេរិក​ដល់ UNFPA ហើយ​កាលពី​ឆ្នាំមុន​អង់គ្លេស ក៏បាន​ធ្វើតាម​អាមេរិក​ផងដែរ ដោយ​កាត់បន្ថយ​ការរួមចំណែក​របស់ខ្លួន​ដល់ទី​ភ្នាក់ងារ​នេះ​ចំនួន ៨៥% ពី ២០០ លាន​ដុល្លារ មក​នៅត្រឹម​តែ ៣២​ លាន​ដុល្លារ​ប៉ុណ្ណោះ។

យ៉ាងណា​ក៏ដោយ ជំនួយ​របស់​សហរដ្ឋ​អាមេរិក ត្រូវបាន​ស្ដារឡើងវិញ បាន​មួយផ្នែក​ខ្លះ​ហើយ។ ជំនួយ​របស់​ប្រទេស​ទាំង​២ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា អាចជួយ​ការពារ​ការស្លាប់​របស់​ម្តាយ និង​កូន​ប្រហែល ២៥០ ០០០ ​នាក់ ការ​មាន​ផ្ទៃពោះ​ដោយ​អចេតនា​ចំនួន ១៤,៦​ លាន​នាក់ និង​ការ​រំលូតកូន ដែល​មិនមាន​សុវត្ថិភាព​ចំនួន ៤,៣​ លាន​នាក់។

កិច្ចពិភាក្សា​អន្តរ​រដ្ឋា​ភិបាល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដែល​ជា​មតិ​ឯកច្ឆន្ទ​របស់​អ្នក​វិទ្យាសាស្ត្រ​អាកាសធាតុ​ពិភពលោក បានកត់សម្គាល់​ថា កំណើន​ចំនួន​ប្រជាជន​ពិភពលោក​ជា​មួយ ក្នុង​ចំណោម​កត្តា​ជំរុញ​ដ៏​ធំ​បំផុត ​២ នៃ​ការ​កើនឡើង​នៃ​ការ​បំភាយ​ឧស្ម័ន​កាបូនិក។

អ្នកវិទ្យាសាស្ត្រ​បាន​និយាយ កាលពី​ដើម​ឆ្នាំនេះ​ថា​៖ «ផលិតផល ក្នុងស្រុក​សរុប សម្រាប់​មនុស្ស​ម្នាក់ និង​កំណើន​ប្រជាជន នៅតែ​ជា​កត្តា​ជំរុញ​ខ្លាំង​បំផុត​នៃ​ការ​បំភាយ​ឧស្ម័ន​កាបូនិក​បណ្ដាល​មកពី​ការដុត​ឥន្ធនៈ​ហ្វូស៊ីល ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ»។ ពួកគេ​ក៏បាន​ព្រមាន​ផងដែរ​ថា ប្រសិនបើ​ចំនួន​ប្រជាជន នៅតែ​បន្ត​កើនឡើង​វា​នឹង​កាន់តែ​ពិបាក ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​សីតុណ្ហភាព ១,៥ អង្សាសេ ដែល​បាន​កំណត់ ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​ ២០១៥។

នេះ​គួរតែ​ជា​ភ័ស្តុតាង​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់គ្នាដែលថា កំណើនប្រជាជន និង​ផលប៉ះពាល់​បរិស្ថាន នាពេល​អនាគត​របស់​វា គឺជា​វិបត្តិ​សកល​ទ្វេដង ហើយ​ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ប្រជុំ​នៅក្នុង​ប្រទេស​អេហ្ស៊ីប ត្រូវតែ​ទទួល​ស្គាល់​ជាបន្ទាន់​ថា បញ្ហា​ទាំង​២ កំពុង​ជំរុញ​ការបំផ្លិចបំផ្លាញ​ភពផែនដី និង​កំណើន​ភាព​ក្រីក្រ​កាន់តែ​ខ្លាំង៕