ក្រុមមន្ត្រី​បាន​ប្រាប់​សារព័ត៌មាន The Associated Press នៅ​ថ្ងៃ​ពុធ ​ទី ​១៥ ខែ​វិច្ឆិកាថា នាវា​ដឹក​ប្រេង ១​ គ្រឿង ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មហាសេដ្ឋី​អ៊ីស្រាអែល ត្រូវ​បាន​វាយប្រហារ ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក (ដ្រូន) នៅឯ​ឆ្នេរ​សមុទ្រ​ប្រទេស​អូម៉ង់ ចំ​ពេល​កំពុង​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​ជាមួយ​ប្រទេស​អ៊ីរ៉ង់។

មន្ត្រី​ការពារជាតិ ដែល​មាន​មូលដ្ឋាន នៅ​មជ្ឈិមបូព៌ាបាន​និយាយ​ថា ការ​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង ដែលមាន​ទង់ជាតិ​លីបេរីយ៉ា មាន​ឈ្មោះ​ថា Pacific Zircon បាន​កើតឡើង កាលពី​យប់​ថ្ងៃ​អង្គារ នៅឯ​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​អូម៉ង់។ ក្រុម​មន្ត្រី​ទាំងនោះ បាន​លើកឡើង ដោយ​មិន​បញ្ចេញ​ឈ្មោះ​នោះទេ ដោយសារតែ​ពួកគេ​មិនមាន​ការ​អនុញ្ញាត​ឱ្យ​លើកឡើង អំពី​ការវាយប្រហារ​នេះ​ជា​សាធារណៈ​នោះឡើយ។

គួរ​ដឹង​ដែរ​ថា នាវា​ដឹក​ប្រេង Pacific Zircon គ្រប់គ្រង ដោយ​ក្រុមហ៊ុន Eastern Pacific Shipping មាន​មូលដ្ឋាន នៅ​ប្រទេស​សិង្ហបុរី ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​មហាសេដ្ឋី​អ៊ីស្រាអែល​ម្នាក់​ឈ្មោះថា Idan Ofer។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រុមហ៊ុន Eastern Pacific Shipping បាន​លើកឡើង​ថា នាវា​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Pacific Zircon ដែល​កំពុង​ដឹក​ប្រេង​ឧស្ម័ន​ត្រូវ​បាន​វាយប្រហារ​ដោយ​គ្រាប់ផ្លោង ចម្ងាយ​ប្រហែល ២៤០ ​គីឡូម៉ែត្រ បាញ់​ចេញពី​ឆ្នេរសមុទ្រ​នៃ​ប្រទេស​អូម៉ង់។

សេចក្ដី​ថ្លែងការណ៍​ដដែលបាន​បន្ត​ថា​៖ «យើង​កំពុង​ទាក់ទង​ជាមួយ​ក្រុមការងារ នៅលើ​នាវា​ផ្ទាល់ ហើយ​មិនមាន​ការ​រាយការណ៍​អំពី​ការរង​របួស ឬ​ការបំពុល​នោះទេ។ នាវិក​ទាំងអស់​មាន​សុវត្ថិភាព ប៉ុន្តែ​មានការ​ខូចខាត​បន្តិច​បន្តួច​ត្រង់​កន្លែង​ចំហៀង​ផ្នែក​ខាងក្រោម​របស់​នាវា ប៉ុន្តែ​មិនមាន​ការ​លេច​ធ្លាយ​ប្រេង ឬ​ទឹក​ហូរ​ចូល​ឡើយ»។

មន្ត្រី​អ៊ីស្រាអែល​ម្នាក់ ដែល​បាន​និយាយ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន AP ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​បកស្រាយ​លម្អិត​អំពី​ការ​វាយប្រហារ​ថា វា​ហាក់ដូច​ជា​អ៊ីរ៉ង់ បាន​ធ្វើការ​វាយប្រហារ ដោយ​យន្តហោះ​គ្មាន​ដ្រូន​ប្រភេទ Shahed-136 ព្រោះ​អ៊ីរ៉ង់ បាន​ផ្គត់ផ្គង់​ដ្រូន​ប្រភេទ​ទាំងនោះ​ទៅ​ឱ្យ​រុស្ស៊ី ក្នុង​គោលដៅ​បំផ្លិចបំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ជន​ស៊ីវិល នៅ​អ៊ុយក្រែន។

មន្ត្រី​រូបនេះ​បាន​លើក​ឡើង​បន្តថា មានការ​ឯកភាពគ្នា​លើ​រឿងនេះ នៅក្នុង​ក្រុម​ស៊ើបការណ៍​សម្ងាត់ និង​ការពារជាតិ​អ៊ីស្រាអែល​ថា វា​គឺជា​ការវាយប្រហារ​របស់អ៊ីរ៉ង់។ តែ​យ៉ាងណា​ក៏ដោយ រដ្ឋា​ភិបាល​អ៊ីរ៉ង់​មិនបាន​ប្រកាស​ទទួលខុស​ត្រូវ ចំពោះ​ការវាយប្រហារ​លើ​នាវា​មួយ​នេះ​ទេ ហើយ​ស្ថាន​បេសកកម្ម​របស់​អ៊ីរ៉ង់​ប្រចាំ នៅ​អង្គការ​សហ​ប្រជាជាតិ ក៏​មិនបាន​ឆ្លើយ​តបភ្លាមៗ ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ ជុំវិញ​បញ្ហា​នេះនោះ​ដែរ។ ជាការ​កត់សម្គាល់ តម្លៃ​ប្រេង​បាន​ឡើងថ្លៃ​មួយ​រំពេច បន្ទាប់ពី​ព័ត៌មាន​នៃ​ការវាយប្រហារ​មួយ​នេះ ត្រូវបាន​បែកធ្លាយ ដោយ​ការទិញ​លក់​ប្រេង​ឆៅ​មាន​តម្លៃ​លើសពី ៩៤​ដុល្លារ ក្នុង ១​បារ៉ែល។

ខណៈដែល​គ្មាន​នរណា​ម្នាក់ ចេញ​មុខ​ប្រកាស​ទទួលខុស​ត្រូវ ចំពោះ​ការវាយប្រហារ​នោះ ការ​សង្ស័យបាន​ធ្លាក់​មក​លើ​អ៊ីរ៉ង់​ភ្លាមៗ។ នេះ​អាចមកពី​កន្លងមក ទីក្រុង​តេអេរ៉ង់ និង​អ៊ីស្រាអែល បាន​ពាក់ព័ន្ធ​ទៅនឹង​សង្គ្រាម​ស្រមោល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ នៅ​មជ្ឈិមបូព៌ា។ ភាគី​ទាំង​ ២ តែង​ធ្វើការ​វាយប្រហារ​ដោយ​ដ្រូន ដោយ​បាន​កំណត់​គោលដៅ​លើ​នាវា ដែល​ពាក់ព័ន្ធ​ជាមួយ​អ៊ីស្រាអែល ជាពិសេស​នាវា ដែល​ធ្វើដំណើរ​ជុំវិញ​តំបន់។

សហ​រដ្ឋ​អាមេរិក ក៏បាន​រិះគន់​អ៊ីរ៉ង់ ចំពោះ​ការវាយប្រហារ​ជា​បន្តបន្ទាប់ ដែល​កើតឡើងនៅ​ឆ្នេរសមុទ្រ​នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម ក្នុង​ឆ្នាំ​ ២០១៩ កន្លង​ទៅ។ នៅពេលនោះ ទីក្រុង​តេអេរ៉ង់ បានចាប់ផ្តើម​បង្កើន​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក បាន​ដកខ្លួន​ចេញ​ដោយ​ឯកតោភាគី​ពី​កិច្ច​ព្រមព្រៀង​បរមាណូ​របស់​អ៊ីរ៉ង់​ជាមួយ​មហា​អំណាច​ពិភពលោក។

គួរ​រម្លឹក​ផងដែរ​ថា នៅ​ឆ្នាំ ​២០២១ មានការ​សង្ស័យ​ថា ដ្រូន​របស់​អ៊ីរ៉ង់ បាន​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​អ៊ីស្រា​អែល ឈ្មោះថា Mercer Street ដោយ​ថែម​ទាំង​បាន​សម្លាប់​មនុស្ស ២​នាក់ នៅលើ​នាវា​នោះ​ទៀត​ផង។

យ៉ាងណាមិញ គេ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​នាវា​ដឹក​ប្រេង Pacific Zircon នោះ នៅទីណា​នោះទេ កាលពី​ថ្ងៃ​ពុធ។ ទិន្នន័យ​ដែល​តាមដាន​តាមរយៈ​ផ្កាយរណប​ពី​ល្ងាច​ថ្ងៃ​អង្គារ​ផ្តល់ជូន​ដោយ MarineTraffic.com បាន​ដាក់​សញ្ញា​នាវា​ធ្វើ​ដំណើរ​ចូលទៅ​ក្នុង​សមុទ្រ​អារ៉ាប់ បន្ទាប់ពី​ចាក​ចេញពី​កំពង់ផែ Omani នៃ​ទីក្រុង Sohar ប្រទេស​អូម៉ង់។

ចាប់តាំងពី​បរាជ័យ​នៃ​កិច្ច​ព្រមព្រៀង​នុយក្លេអែរ​របស់​អ៊ីរ៉ង់ អ្នក​ជំនាញ​បាន​ព្រមាន​ថា អ៊ីរ៉ង់​ឥឡូវនេះ មាន​សារធាតុ​អ៊ុយរ៉ាញ៉ូម ដែល​ចម្រាញ់​បាន​គ្រប់គ្រាន់ ដើម្បី​ធ្វើ​អាវុធ​នុយក្លេអ៊ែរ​យ៉ាងហោច​ណាស់ អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​មួយ​ហើយ ប្រសិនបើ​ប្រទេស​នេះ​ជ្រើសរើស​ចង់​ផលិត ទោះបី​ជា​ទីក្រុង​តេអេរ៉ង់ តែងតែ​អះអាង​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​មិនមាន​សកម្មភាព​អ្វី​ក៏ដោយ។

លោក Torbjorn Soltvedt អ្នកវិភាគ​នៅ​ក្រុមហ៊ុន​ស៊ើបការណ៍​ហានិភ័យ ដែលមាន​ឈ្មោះថា Verisk Maplecroft បាន​និយាយ​ថា៖ «ការវាយប្រហារ​នេះ​មិនមាន​អ្វី​ជាការ​ភ្ញាក់ផ្អើល​ទេ»។

លោក​បាន​បន្តថា ហានិភ័យ​នៃ​ការ​វាយប្រហារ​ប្រឆាំងនឹង​ការដឹក​ជញ្ជូន និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល នៅក្នុង​តំបន់​បាន​កើនឡើង ដោយសារតែ​កង្វះ​វឌ្ឍនភាព ក្នុង​ទំនាក់​ទំនង​ការទូត​នុយក្លេអ៊ែរ រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីរ៉ង់ និង​ការសម្រេច ដោយ​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ដាក់​សម្ពាធ​បន្ថែម​លើ​ប្រទេស​អ៊ីរ៉ង់។ ចាប់តាំងពី​ឆ្នាំ​២០១៩ មក អ៊ីរ៉ង់​បាន​ឆ្លើយតប​ចំពោះ​ការ​ដាក់ទណ្ឌកម្ម​របស់​សហ​រដ្ឋ​អាមេរិក តាមរយៈ​ការបង្កើន​សកម្មភាព​យោធា​សម្ងាត់ នៅក្នុង​តំបន់។

លោក Soltvedt បាន​លើកឡើង​ថា៖ «វា​មិន​ត្រឹមតែ​មានការ​កើនឡើង​ហានិភ័យ ដែល​បណ្ដាលមកពី​ការបំផ្លិចបំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល នៅ​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ហានិភ័យ ដែល​ត្រូវ​ប្រឈមមុខ​គ្នា​ផ្នែក​យោធា​កាន់តែ​តានតឹង ហើយ​ផលវិបាក​នឹង​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែមទៀត សម្រាប់​ទីផ្សារ​ថាមពល​ពិភពលោក»។

ចំណុច​គួរ​កត់​សម្គាល់​មួយទៀត​នោះ គឺថា ការ​វាយប្រហារ​នាវា​ដឹក​ប្រេង​នេះ កើត​មានតែ​ប៉ុន្មាន​ថ្ងៃមុន​ព្រឹត្តិការណ៍ FIFA World Cup 2022 នៅ​ប្រទេស​កាតា។ ខណៈ​ដែល​រដ្ឋាភិបាល​ទីក្រុង​ដូហា ប្រទេស​កាតា ​កំពុង​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​តេអេរ៉ង់។ ប្រទេស​ទាំង​ ២ ជា​តំបន់​ដែល​សម្បូរ​ទៅដោយ​ឧស្ម័ន​ធម្មជាតិ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដូចគ្នា។ ម្យ៉ាងទៀត ​អ៊ីរ៉ង​ក៏​នឹងចូលរួម​ការប្រកួត​បាល់ទាត់​ដណ្ដើមពាន​រង្វាន់​ពិភពលោក នាពេល​ខាងមុខនេះ​ផងដែរ ដោយ​ក្នុង​នោះ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់​ក៏​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​អង់គ្លេស និង​សហរដ្ឋ​អាមេរិក សម្រាប់ហ្គេម ក្នុង​វគ្គ​សន្សំ​ពិន្ទុ ក្នុង​ពូល B របស់​ខ្លួន ខណៈ​ដែល​អ៊ីរ៉ង់ កំពុង​ចោទ​ប្រកាន់​ប្រទេស​មហា​អំណាច​ទាំង​២ ​ថា បាន​បង្ក​ភាព​ចលាចល នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ផ្ទាល់៕