យោងតាម​ការចុះផ្សាយ​របស់ BBC News ក្រុម​យោធា​មីយ៉ាន់ម៉ា​នឹង​ដោះលែង​អ្នកទោស​ចំនួន ៦ ០០០ នាក់ ក្នុងនោះ​រួមមាន អតីត​ឯកអគ្គរាជទូត​អង់គ្លេស ផលិតករ​ភាពយន្ត​ជប៉ុន និង​ទីប្រឹក្សា​ជនជាតិ​អូស្ត្រាលី​ម្នាក់ ដែល​ធ្លាប់​ធ្វើជា​ទីប្រឹក្សា​ឱ្យ​លោកស្រី អ៊ុងសាន ស៊ូជី។

គួរ​រំឭក​​ផងដែរ​ថា អតីត​អ្នកការ​ទូត​លោកស្រី Vicky Bowman និង​អ្នក​ផលិត​ភាព​យន្ត​ឯកសារ​ជនជាតិ​ជប៉ុន លោក Toru Kubota ត្រូវ​បាន​ជាប់​ពន្ធនាគារ កាលពី​ដើម​ឆ្នាំ​ ២០២២ នេះ ចំណែកឯ​ទីប្រឹក្សា​លោកស្រី អ៊ុងសាន ស៊ូជី និង​ជា​សេដ្ឋវិទូ​ជនជាតិ​អូស្ត្រាលី លោក Sean Turnell ត្រូវ​បាន​ចាប់ឃុំខ្លួនភ្លាមៗ បន្ទាប់​ពី​រដ្ឋប្រហារ​កាលពី​ដើម​ឆ្នាំ ២០២១។

របប​យោធា​បាន​លើកឡើង​ថា ការ​លើកលែងទោស ចំពោះ​អ្នក​ជាប់ពន្ធនាគា​រទាំង​អស់នេះ គឺ​ដើម្បី​ជាការ​ប្រារព្ធ​ទិវា​ជាតិ​មីយ៉ាន់ម៉ា។ តែ​យ៉ាង​ណាក៏ដោយ នៅ​មាន​អ្នកទោស​ជាច្រើន​ទៀត ដែល​មិនទាន់​បាន​រួចខ្លួន។ ចាប់តាំងពី​បាន​កាន់អំណាចរបប​យោធា​មួយ​នេះ បាន​ចោទប្រកាន់ និង​ចាប់ខ្លួន​ពលរដ្ឋ​មីយ៉ាន់ម៉ា និង​ជនបរទេស​ប្រមាណ​ជា ១៦ ០០០ ​នាក់​ រួចមក​ហើយ។

គួរ​បញ្ជាក់​ឡើងវិញ​ផងដែរ​ថា របប​យោធា​សព្វថ្ងៃ​របស់​មីយ៉ាន់ម៉ា បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត តាមបែប​ប្រជា​ធិបតេយ្យ​របស់​លោក​ស្រី ស៊ូជី កាល​ពី​ខែកុម្ភៈ ឆ្នាំ​២០២១។ ព្រឹតិ្តការណ៍​នោះ បាន​បង្កឱ្យមាន​ការបាតុកម្ម​តវ៉ា នៅ​ទូទាំងប្រទេស និង​ចលនា​តស៊ូ​រីក​រាល​ដាល​ពាសពេញ​ផ្ទៃ​ប្រទេស។

ក្រឡេក​ទៅ​មើល​លោកស្រី Bowman វិញ លោកស្រី​ធ្លាប់​បាន​បម្រើការ​ជា​បេសកជន​ពិសេស​របស់​អង់គ្លេស​ប្រចាំ នៅ​ប្រទេស​មីយ៉ាន់ម៉ា ច​ន្លោះ​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៦។ អំឡុងពេល​ត្រូវបាន​គេ​ចាប់ខ្លួន កាលនោះ លោកស្រី​កំពុង​គ្រប់គ្រង​មជ្ឈមណ្ឌល​មីយ៉ាន់ម៉ា សម្រាប់​អាជីវកម្ម ដែលមាន​ការ​ទទួល​ខុសត្រូវ ឬ​ហៅ​កាត់​ថា MCRB ដែលមាន​មូលដ្ឋាន នៅ​ទីក្រុង​យ៉ាំងហ្គោន។

ជា​អ្នកចេះ​និយាយ​ភាសា​ភូមា​យ៉ាង​ស្ទាត់ជំនាញ លោកស្រី​ គឺជា​សមាជិក​ដ៏​ល្បីល្បាញ​ម្នាក់ ក្នុង​សហគមន៍​អន្តរជាតិ​តូច​មួយ​របស់​មីយ៉ាន់ម៉ា។ ដោយឡែក ស្វាមី​របស់លោក​ស្រី លោក Htein Lin ក៏​ជា​អតីត​អ្នកទោស​នយោបាយ​ម្នាក់​ផង ដែរ។ ស្វាមី​ភរិយា ១ គូ​នេះ ត្រូវ​បាន​ចាប់ឃុំខ្លួន នៅពេល​ពួកគេ​ត្រឡប់​មក​កាន់​ទីក្រុង​ពី​ផ្ទះ​របស់​ពួកគេ នៅឯ​រដ្ឋ Shan។ ក្រុម​អាជ្ញាធរ​យោធា​មីយ៉ាន់ម៉ា បាន​ចោទ​ប្រកាន់​ពួកគេ​ទាំង ២​ នាក់ ពីបទ​មិន​បាន​ចុះឈ្មោះ​លោកស្រី Bowman ថា​បា​នរស់នៅ​អាសយដ្ឋាន​ផ្សេង។ ទោះ​យ៉ាងណា​ក៏ដោយ ករណី​នេះ​ទំនងជា​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ច្រើនជាង​បទល្មើស​អន្តោ​ប្រវេសន៍​ជាក់ស្ដែង ព្រោះ​ជនបរទេស​កម្រ​ត្រូវបាន​កាត់ទោស​នៅក្នុង​ប្រទេស​មី​យ៉ាន់ម៉ា​ពី​បទ​ចោទ​ប្រកាន់​ខាងលើ​នេះ​ណាស់។

ទន្ទឹម​នឹង​នេះដែរ លោក Turnell ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​ទីក្រុង​យ៉ាំងហ្គោន ក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២១ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​យោធា​បាន​ធ្វើ​រដ្ឋប្រហារ ហើយ​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣​ ឆ្នាំ ដោយ​អនុលោម​តាមច្បាប់​សម្ងាត់​ផ្លូវការ។ លោក​គឺជា​ទី​ប្រឹក្សា​ជិតស្និទ្ធ​របស់​មេដឹកនាំ​ប្រឆាំង គឺ​លោកស្រី អ៊ុងសាន ស៊ូជី ដែល​លោកស្រី​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ជាង ២០ ​ឆ្នាំ​លើ​បទ​ចោទប្រកាន់​ជាច្រើន។

នៅពេលនោះ រដ្ឋា​ភិបាល​អូស្ត្រាលី​បាន​ច្រានចោល​សេចក្តី​សម្រេច​របស់​តុលាការ ក្នុង​សំណុំរឿង​របស់លោក Turnell ដោយ​កត់​សម្គាល់ថា ពលរដ្ឋ​របស់ខ្លួន​ម្នាក់នេះ ត្រូវបាន​កាត់ទោស​នៅក្នុង​តុលាការ​យោធា​បិទ​ជិត​មួយ។

រីឯ​អ្នក​ផលិត​ឯកសារ​លោក Toru Kobuta អាយុ ២៦​ ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន កាល​ពី​ខែ​កក្កដា នៅ​ជិត​ក្រុម​មនុស្ស កំពុង​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​រដ្ឋាភិបាល នៅ​ទីក្រុង​យ៉ាំងហ្គោន។ លោក​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១០ ​ឆ្នាំ​ពីបទ​បះបោរ និង​ពីបទ​បំពាន​ច្បាប់​ទំនាក់ទំនង​អេឡិចត្រូនិក។ យោងតាម​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បាន​ឱ្យដឹង​ថា អ្នកកាសែត​យ៉ាងតិច ៦៨​ នាក់ ត្រូវបាន​ឃុំខ្លួន នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា មុន​ពេល​ការ​លើកលែង​ទោស​នៅថ្ងៃនេះ កើតឡើង។

លោក Kobuta ដែល​បាន​មក​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ដំបូង ក្នុង​ខែកក្កដា មាន​គោលបំណង​ថត​រឿង​ភាពយន្ត​ឯកសារ​អំពី​ខ្សែ​ជីវិត​ពលរដ្ឋ​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​សម្ដី​មិត្តភក្តិ​របស់លោក ដែល​បាន​ប្រាប់​អ្នក​សារព័ត៌មាន កាលពី​ដើមឆ្នាំ​នេះ។

យោងតាម​គេហទំព័រ Film Freeway ផលិតករ​ភាពយន្ត​លោក Kubota បានចាប់ផ្តើម​អាជីព​របស់គាត់ នៅពេលដែល​គាត់​បាន​ជួប​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា នៅក្នុង​ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​ ២០១៤ ហើយ​ក្រោយមក​បាន​ផលិត​ខ្សែភាពយន្ត​ជាច្រើន​អំពី​ជនភៀសខ្លួន និង​បញ្ហា​ជនជាតិ ក្នុងប្រទេស​មីយ៉ាន់ម៉ា​ផ្ទាល់។

គួរ​រំលេច​ផងដែរ​ថា យោធា​មីយ៉ាន់ម៉ា ត្រូវបាន​អង្គការ​អន្តរជាតិ និង​ក្នុងស្រុក ចោទប្រកាន់​ពីបទ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ចាប់​តាំងពី​បាន​ឡើងកាន់​អំណាច​មក។ យោងតាម​ក្រុម​អ្នកឃ្លាំមើល​សមាគម​ជំនួយ សម្រាប់​អ្នក​ទោស​នយោបាយ មនុស្ស​ជាង ២ ៤០០​ នាក់ ត្រូវបាន​សម្លាប់​ដោយ​យោធា​មីយ៉ាន់ម៉ា ចាប់តាំងពី​រដ្ឋប្រហារ កាល​ពី​ដើម​ឆ្នាំ​ ២០២១៕

វីដេអូ​៖