​គេ​រំពឹងថា​នឹងមាន​ភ្លៀង​ធ្លាក់​នៅក្នុង​រដ្ឋ​ជាច្រើន​នៃ​ប្រទេស​ម៉ាឡេស៊ី ចំ​ថ្ងៃ​បោះឆ្នោត​នៅ​ថ្ងៃទី ១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២២​។ ភ្នាក់ងារ​គ្រោះ​មហន្តរាយ បាន​ព្រមាន​ឱ្យមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ខ្យល់​មូសុង និង​ទឹកជំនន់​ហូរ​ជន់​ភ្លាមៗ (Flash flood)​។ តាមរយៈ​ការ​ព្យាករ ភ្លៀង​ផ្គរ​រន្ទះ​ភាគច្រើន​ក៏​នឹង​កើត​មាន​ឡើង​ផងដែរ​នាពេល​ល្ងាច​នៃ​ថ្ងៃ​បោះឆ្នោត​របស់​ម៉ាឡេស៊ី។

​យោងតាម​លោក Lim Ze Hui អគ្គនាយក​នៃ​នាយកដ្ឋាន​ឧតុនិយម​ម៉ាឡេស៊ី បាន​ឱ្យដឹង​ថា រដ្ឋ​មួយ​ចំនួន​ក្នុង​ប្រទេស​ម៉ាឡេស៊ី រួមមាន​ដូចជា រដ្ឋ Selangor Negeri Sembilan Melaka និង​ភាគ​ខាងលិច​នៃ​រដ្ឋ Johor ជា​បណ្ដា​រដ្ឋ​ដែល​ទទួលរង​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​។ នាយកដ្ឋាន​ឧតុនិយម​ម៉ាឡេស៊ី ក៏បាន​លើក​ឡើង​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់​ពេញ​មួយ​ថ្ងៃ​នៅ​ក្នុង​រដ្ឋ Kelantan និង​រដ្ឋ Terengganu ផងដែរ។

​អគ្គនាយក​នៃ​នាយកដ្ឋាន​រូបនេះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Bernama ថា​៖ «​សម្រាប់​រដ្ឋ​ស្ថិត​នៅ​ភាគ​ខាងជើង ត្រូវបាន​គេ​រំពឹង​ថា​អាកាសធាតុ​នឹង​ល្អ​នៅ​ពេល​ព្រឹក ប៉ុន្តែ ព្យុះ​ផ្គរ​រន្ទះ​នឹង​បោកបក់​ស្ទើរតែ​គ្រប់​រដ្ឋ​ទាំងអស់​នៅ​ពេល​ល្ងាច​។ វា​គ្រាន់​តែ​ជា​ព្យុះ​ផ្គរ​រន្ទះ​ធម្មតា ហើយ​គ្មាន​អ្វីដែល​ត្រូវ​ព្រួយបារម្ភ​នោះទេ»។

ការព្រមាន​នេះ​ធ្វើឡើង​បន្ទាប់ពី​ស្រុក​ជាច្រើន​នៅក្នុង​ទីក្រុង Selangor បាន​ជួបប្រទះ​នឹង​ទឹកជំនន់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​នៅ​ក្នុង​ជ្រលង​ភ្នំ Klang។

​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ និង​ជួយសង្គ្រោះ​របស់​រដ្ឋ Selangor បាន​លើក​ឡើង​ថា ក្រុម​ការងារ​របស់​ខ្លួន​បាន​ទទួល​ការហៅ​សង្គ្រោះ​បន្ទាន់​ពី​តំបន់​រង​ផល​ប៉ះពាល់​ចំនួន ២៧ ក្នុង​នោះ​រួមមាន​ស្រុក Sepang ស្រុក Hulu Langat និង​ស្រុក Petaling​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការបាក់​ដី​ក៏បាន​កើត​ឡើង​ផងដែរ​នៅឯ​ក្រុង Kajang ដោយ​បាន​បំផ្លាញ​ផ្ទះ​ពីរជាន់​មួយខ្នង។

​លោក Charles Santiago សមាជិកសភា​ដែល​កំពុង​កាន់​អំណាច​ប្រចាំ​ទីក្រុង Klang បាន​បង្ហោះ​វីដេអូ​នៅ​លើ​បណ្ដាញ Twitter ដោយបាន​បង្ហាញ​ពី​រថយន្ត​កំពុង​បើកបរ​ឆ្លងកាត់​ផ្លូវ​ដែល​មាន​ទឹកជំនន់​ជន់​យ៉ាងខ្លាំង។

​លោក Santiago បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​ខ្ញុំ​បាន​ទទួល​ការហៅ​ទូរស័ព្ទ​ជាច្រើន​ពី​ប្រជាជន​នៅ​ក្នុង​ទីក្រុង Klang​។ ពួកគេ​បាន​បង្ហាញ​ពី​ការ​ខកចិត្ត និង​ព្រួយបារម្ភ​ជាមួយ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បណ្ដាល​ឱ្យមាន​ទឹកជំនន់​បែបនេះ​។ យើង​បាន​សង្ឃឹមថា​រឿងនេះ​នឹងមិន​កើត​ឡើងទេ»។ តំបន់​ខ្លះ​នៃ​ទីក្រុង Klang និង​ទីក្រុង Shah Alam ត្រូវបាន​លិច​ក្នុង​ទឹក​ដែលមាន​រយៈកម្ពស់​រហូត​ដល់​ទៅ ៦០ សង់ទីម៉ែត្រ​ឯណោះ។

​លោក​បាន​សរសេរ​នៅលើ​បណ្ដាញ Twitter ដោយបាន​ភ្ជាប់ (Tag) គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ម៉ាឡេស៊ី និង​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Ismail Sabri Yaakob ថា​៖ «​ត្រឹមតែ ៤៨ ម៉ោង​ទៀត​ប៉ុណ្ណោះ វា​ដល់​ថ្ងៃ​បោះឆ្នោត​ហើយ»។

​គួរ​រំឭក​ផងដែរ​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​នាយក​រដ្ឋមន្ត្រី Ismail Sabri Yaakob បាន​មាន​ប្រសាសន៍​ថា ទីភ្នាក់ងារ​ពាក់ព័ន្ធ​នឹង​គ្រោះ​មហន្តរាយ និង​សន្តិសុខ​ទាំងអស់ ក៏ដូចជា​គណៈ​កម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​របស់​រដ្ឋ និង​ស្រុក ត្រូវបាន​បញ្ជា​ឱ្យមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ខ្យល់​មូសុង និង​ទឹកជំនន់​ដែល​កើតឡើង​ភ្លាមៗ​។ បទបញ្ជា​នេះ​ត្រូវបាន​ដាក់​ចេញ បន្ទាប់ពី​តំបន់​ជាច្រើន​នៅ​ក្នុង​រដ្ឋ​ផ្សេងៗ​ត្រូវបាន​ជន់​លិច​ដោយ​ទឹកជំនន់​ចាប់តាំង​ពី​យប់​ថ្ងៃ​ពុធ មក​ម្លេះ។

​លោកនាយក​រដ្ឋមន្ត្រី​រូបនេះ បាន​និយាយថា​៖ «​ភ្នាក់ងារ​ទាំងអស់​ត្រូវ​តែ​ត្រៀមខ្លួន ក្នុងការ​បញ្ចេញ​សកម្មភាព​យ៉ាង​ឆាប់រហ័ស និង​សមស្រប​ដើម្បី​ធានា​នូវ​សុខ​សុវត្ថិភាព​សាធារណៈ»។ លោក​បាន​បន្តថា​៖ «​បញ្ជា​ត្រូវបាន​ដាក់​ចេញ​ទៅកាន់​ភ្នាក់ងារ​ដែល​ពាក់ព័ន្ធ​រួមមាន​ប៉ូលិស និង​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​។ ជាក់ស្ដែង គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ទាំង​ថ្នាក់​រដ្ឋ និង​ថ្នាក់​ស្រុក បាន​និង​កំពុង​ចេញ​ធ្វើ​សកម្មភាព​ហើយ»។

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ចូលរួម​កម្មវិធី​មួយ​នៅឯ​រដ្ឋ Pahang នាយករដ្ឋមន្ត្រី​រូបនេះ​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ជាខ្លាំង​។ លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​មិន​ចង់​ឱ្យ​សោកនាដកម្ម​ទឹកជំនន់ ដែល​បាន​កើត​ឡើង​នៅ​តំបន់ Sri Muda ក្នុង​ស្រុក Shah Alam នៃ​រដ្ឋ Selangor កើត​មាន​ឡើង​ម្ដងទៀត​នោះទេ»។

​គួរបញ្ជាក់​ផងដែរ​ថា នាយកដ្ឋាន​ឧតុនិយម​ម៉ាឡេស៊ី បាន​ណែនាំ​ឱ្យ​សាធារណជន តាមដាន​គេហទំព័រ​របស់​ខ្លួន និង​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ក៏ដូចជា​កម្មវិធី​ទូរស័ព្ទ​ឈ្មោះថា myCuaca ដើម្បី​ទទួល​បាន​ព័ត៌មាន​ទាន់​ហេតុការណ៍​អំពី​ស្ថានភាព​អាកាសធាតុ​ជាប្រចាំ៕​