នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ​១៧ ខែវិច្ឆិកា ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បាន​និយាយថា តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មិនមែនជា​ទីធ្លា​របស់​នរ​ណា​ម្នាក់​ឡើយ ហើយ​មិនគួរ​ក្លាយជា​សង្វៀន​នៃ​ការប្រកួតប្រជែង​របស់​មហាអំណាច​នោះទេ​។ នេះ​ គឺជា​ការព្រមាន​ប្រឆាំងនឹង​ភាព​តានតឹង​នៃ​សង្គ្រាមត្រជាក់​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែលជា​តំបន់​ប្រកួតប្រជែង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន​។

​ការ​ថ្លែង​របស់លោក ស៊ី ជីន​ពីង នៅមុន​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក ឬ​ហៅ​កាត់​ថា APEC នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ គឺជា​សារ​ឆ្លើយតប​សំដៅទៅ​កាន់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហរដ្ឋអាមេរិក​ជាមួយ​សម្ព័ន្ធមិត្ត​និង​ដៃគូ​ក្នុង​តំបន់ ក្នុងការ​បង្អាក់​នូវ​ការកើនឡើង​ឥទ្ធិពល​សេដ្ឋកិច្ច និង​យោធា​របស់​ប្រទេស​ចិន​។

​លោក​បន្ថែមថា​៖ «​គ្មានទេ​ការប៉ុនប៉ង​ធ្វើសង្គ្រាម​ត្រជាក់ ព្រោះ​វា​មិនត្រូវ​បានអនុញ្ញាត​ដោយ​ប្រជាជន ឬ​ពេលវេលា​នៅពេល​នេះឡើយ​»​។ លោក​បន្តថា​៖ «​យើង​គួរតែ​ដើរ​តាម​មាគ៌ា​នៃ​ការបើកចំហ និង​ការរួមបញ្ចូល​គ្នា​។ តំបន់​នេះ​មិនគួរ​កែប្រែ​ទៅជា​សង្វៀន​សម្រាប់​ការប្រកួតប្រជែង​របស់​មហាអំណាច​នោះទេ​»​។

​នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​របស់លោក​បាន​រំលេច​ថា​៖ «​លទ្ធិ​ឯកតោភាគី និង​លទ្ធិ​គាំពារ​និយម គួរតែ​ត្រូវបាន​បដិសេធ​ដោយ​អ្នក​រាល់គ្នា ហើយ​រាល់​ការប៉ុនប៉ង​យក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ធ្វើជា​អាវុធ​នយោបាយ គួរតែ​ត្រូវបាន​បដិសេធ​ពី​អ្នក​រាល់គ្នា​ផងដែរ​»​។

​គួរ​រំឭក​ផងដែរ​ថា ទំនាក់ទំនង​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​២ មាន​ភាព​តានតឹង​យ៉ាងខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្នុងនោះ​មានដូចជា​បញ្ហា​ពន្ធគយ កោះ​តៃវ៉ាន់ កម្មសិទ្ធិបញ្ញា ការដក​ស្វ័យភាព​ពី​ទីក្រុង​ហុងកុង និង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​។

​ជា​ឥរិយាបថ​មួយ​ដែល​ទីក្រុង​ប៉េកាំង​មើលឃើញថា​ជា​អំពើ​ដ៏​គឃ្លើន​នោះ​គឺថា មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​អាមេរិក​មួយរូប បាន​និយាយថា នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ អនុ​ប្រធានាធិបតី​អាមេរិក​លោកស្រី កា​ម៉ា​ឡា ហារី​ស នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​កោះ ប៉ា​ឡា​វ៉ាន (Palawan) របស់​ហ្វីលីពីន ដែលជា​កោះ​នៅ​កៀក​ជាប់​នឹង​ប្រជុំ​កោះ Spratly ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​តំបន់​កំពុងមាន​ជម្លោះ​។

​លោកស្រី ហារី​ស នឹង​ក្លាយជា​មន្ត្រីជាន់ខ្ពស់​បំផុត​របស់​អាមេរិក​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ ប៉ា​ឡា​វ៉ាន​។ ទស្សនកិច្ច​របស់លោក​ស្រី​អាច​បង្កើន​ភាព​តានតឹង​ជាមួយ​ទីក្រុង​ប៉េកាំង​កាន់តែខ្លាំង ដោយសារ​កោះ​មួយ​នេះ មាន​ទីតាំង​ស្ថិតនៅ​ជិត​ប្រជុំ​កោះ​ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ចិន​។

​គួរ​ដឹង​ដែរ​ថា ចិន​បាន​បូម​ខ្សាច់​បាតសមុទ្រ​ដើម្បី​សាងសង់​ដី​កោះ និង​ទាមទារ​តំបន់​សម្បូរ​ប្រេង និង​ឧស្ម័ន ដាក់​ក្រោម​ដែន​អធិបតេយ្យភាព​របស់ខ្លួន​។ ប៉ុន្តែ​ផ្នែក​ខ្លះ​នៃ​ប្រជុំ​កោះ Spratly នេះ ក៏ត្រូវ​បានទាមទារ​ដោយ​ប្រទេស​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម​ផងដែរ​។

​ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​ចាក់ផ្សាយ​ថា លោក ស៊ី ជីន​ពីង បាន​ប្រាប់​សម​ភាគី​ហ្វីលីពីន លោក​ប្រធានាធិបតី ហ្វឺ​ឌី​ណាន់ ម៉ា​កូ​ស នៅក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​បាងកក​ថា ភាពរឹងមាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ហ្វីលីពីន​និង​ចិន គឺ​អាស្រ័យ​លើ​ស្ថិរភាព​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង​។ គួរបញ្ជាក់​ផងដែរ​ថា លោកស្រី ហារី​ស នឹងធ្វើ​ទស្សនកិច្ច​នៅ​កោះ ប៉ា​ឡា​វ៉ាន បន្ទាប់ពី​បាន​ចូលរួម​កិច្ចប្រជុំ APEC និង​កិច្ចប្រជុំ​កំពូល​ក្នុង​តំបន់​ជា​បន្តបន្ទាប់ ដែល​ភាគច្រើន​នៃ​កិច្ចប្រជុំ​ទាំងនោះ បាន​ផ្ដោតលើ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ ជាពិសេស​ជុំវិញ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

​នៅឯ​កិច្ចប្រជុំ G20 លើ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី​ឯណោះ​វិញ បណ្ដា​ប្រទេស​នានា​បានអនុម័ត​ជា​ឯកច្ឆន្ទ​នូវ​សេចក្តីប្រកាស​មួយ ដើម្បី​ធ្វើការ​ថ្កោលទោស​ជុំវិញ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ប្រទេស​មួយចំនួន​បាន​មើលឃើញ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ខុសគ្នា​ពី​បណ្ដា​ប្រទេស​ទាំងអស់នោះ​។ យ៉ាងណាក៏ដោយ ប្រទេស​ឥណ្ឌូនេស៊ី​ដែលជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ បាន​និយាយថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​គឺជា​បញ្ហា​ដ៏​ចម្រូងចម្រាស​បំផុត​មួយ​។

​គួរ​ដឹងផង​ដែរ​ថា រុស្ស៊ី​ជា​សមាជិក​នៃ G20 ហើយក៏​ជា​សមាជិក​នៃ APEC ផងដែរ ប៉ុន្តែ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន មិនបាន​ធ្វើដំណើរ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​ទាំងអស់នេះ​នោះទេ ដោយបាន​ឱ្យ​ឧបនាយករដ្ឋមន្ត្រី​ទីមួយ លោក Andrey Belousov មក​តំណាង​គាត់​នៅឯ​កិច្ចប្រជុំ​កំពូល APEC​។

​ប្រទេស​ថៃ​ដែលជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ APEC កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានឱ្យដឹងថា មេដឹកនាំ​ទាំងអស់​ដែល​មក​ប្រមូល​ផ្តុំគ្នា​សម្រាប់​វេទិកា APEC គួរតែ​ងើបឡើង​ឱ្យ​ផុតពី​បញ្ហា​ចម្រូងចម្រាស​ទាំងអស់​។ រដ្ឋមន្ត្រីការបរទេស​ថៃ លោក Don Pramudwinai បាន​និយាយថា កិច្ចប្រជុំ​ដែលមាន​សមាជិក​ទាំង ២១ ប្រទេស​នេះ ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ ហើយ​វា​គឺជា​ចំណុចប្រសព្វ​ដ៏​សំខាន់​មួយ ខណៈពេលដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​បញ្ហា និង​ហានិភ័យ​ជាច្រើន​។

​រដ្ឋមន្ត្រីការបរទេស​ថៃ​រូបនេះ បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ថា​៖ «​លុបចោល​ផ្នត់គំនិត​ដែលថា​រាល់​បញ្ហា​គឺ​សុទ្ធតែ​អាច​ជ្រៀតចូល​ក្នុងការ​សន្ទនា និង​សកម្មភាព ហើយ​ការសម្របសម្រួល​ណាមួយ​កើតឡើង​នោះ ហាក់ដូចជា​មិនអាច​ទៅរួច​នោះទេ​។ នោះ​ហើយ​គឺជា​មូល​ហេតុដែល APEC នៅ​ឆ្នាំនេះ​ត្រូវតែ​ងើបឡើង​ពី​បញ្ហា​ប្រឈម​ទាំងនេះ ហើយ​ផ្តល់​ក្តីសង្ឃឹម​ដល់​ពិភពលោក​ទាំងមូល​»​។​

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Anthony Albanese ក៏​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​ចូលរួម​កិច្ចប្រជុំ​សំខាន់​នេះ​ផងដែរ ខណៈដែល​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​គឺជា​ភ្ញៀវ​ពិសេស​នៅក្នុង​កិច្ចប្រជុំ​។

​គួរ​កត់សម្គាល់ថា លោក ស៊ី ជីន​ពីង បានរៀបចំ​កិច្ចប្រជុំ​កំពូល​ដ៏​កម្រ​មួយ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូ​មី​អូ គី​ស៊ី​ដា នៅ​ទីក្រុង​បាងកក ដែលជា​កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ​លើកដំបូង​រវាង​ប្រទេស​ទាំង​២​ក្នុង​រយៈពេល​ជិត​៣​ឆ្នាំ​មកនេះ​។ ក្នុង​កិច្ចប្រជុំ​នោះ លោក គី​ស៊ី​ដា បានលើកឡើង​ពី​ការព្រួយបារម្ភ​អំពី​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។

​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​រូបនេះ​បានបញ្ជាក់​ជាថ្មី​ម្ដងទៀត​ជាមួយ​លោក ស៊ី ជីន​ពីង ថា ពួកគេ​នឹង​បើក​ការសន្ទនា​ឡើងវិញ​យ៉ាង​ជិតស្និទ្ធ​រវាង​មន្ត្រីការទូត​។ លើសពីនេះ មេដឹកនាំ​ទាំង​២​ក៏បាន​យល់ស្រប​គ្នា​ថា រុស្ស៊ី​មិនត្រូវ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន​ឡើយ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​បរិយាយ​បន្ថែម​អំពី​អ្វីដែល​លោក ស៊ី ជីន​ពីង បាន​និយាយ​អំពី​បញ្ហា​នេះ​ទេ​។

​យ៉ាងណាក៏ដោយ ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​រាយការណ៍​ថា លោក ស៊ី ជីន​ពីង បាន​ប្រា​ប់លោក គី​ស៊ី​ដា អំពី​បញ្ហា​នៅ​កោះ​តៃវ៉ាន់ ថា​វា​ជា​រឿង​ដែល​ពាក់ព័ន្ធ​នឹង​មូលដ្ឋានគ្រឹះ​នយោបាយ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ហើយ​ជម្លោះ​ដែនដី​មួយ​នេះ​គួរតែ​ត្រូវបាន​ដោះស្រាយ​ឱ្យបាន​ត្រឹមត្រូវ​។

​គួរ​ដឹង​ដែរ​ថា កិច្ចប្រជុំ​នេះ​ត្រូវបាន​ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​ភាព​តានតឹង​បាន​ស្ងប់ស្ងាត់​នៅ​កោះ​បាលី ដែលជា​កន្លែង​លោក ស៊ី ជីន​ពីង បាន​រិះគន់​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau ជុំវិញ​ការ​បែកធ្លាយ​កិច្ចប្រជុំ​បិទទ្វារ​មួយ​រវាង​ពួកគេ​ទាំង​២​។ លោក ស៊ី ជីន​ពីង ក៏បាន​បង្ហាញ​ឱ្យ​សាធារណជន​បានឃើញ​ផងដែរ នូវ​អាកប្បកិរិយា​មិន​ពេញចិត្ត​លោក Justin Trudeau យ៉ាងខ្លាំង​។

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈដែល​បណ្ដា​មេដឹកនាំ​បានរៀបចំ​ខ្លួន​សម្រាប់​ចូលរួម​កិច្ចប្រជុំ APEC របប​យោធា​មី​យ៉ាន់​ម៉ា​បានប្រកាស​លើកលែងទោស​ដល់​អ្នកទោស​ចំនួន ៥ ៧៧៤ នាក់ ដែល​ក្នុងនោះ​មាន​ផលិតករ​ភាពយន្ត​ជប៉ុន​ម្នាក់ អតីត​ឯកអគ្គរាជទូត​អង់គ្លេស​ម្នាក់ និង​សេដ្ឋវិទូ​អូស្ត្រាលី និង​ជា​អតីត​ទីប្រឹក្សា​របស់​មេដឹកនាំ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ម្នាក់​ផងដែរ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មី​យ៉ាន់​ម៉ា បាន​រាយការណ៍​ថា ៧០០ នាក់​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​គេ​ដោះលែង គឺជា​អ្នកទោសនយោបាយ​។

​សកម្មជន និង​ក្រុមប្រឆាំង​របស់​យោធា​បាន​ស្វាគមន៍​ចំពោះ​ការលើកលែងទោស​នេះ ប៉ុន្តែ​បាន​ព្រមាន​ពិភពលោក​កុំឱ្យ​ចាញ់​ល្បិចកល​របប​យោធា​មួយ​នេះ ដោយបាន​លើកឡើងថា របប​យោធា​មី​យ៉ាន់​ម៉ា​កំពុង​ប្រើប្រាស់​មនុស្ស​ជា​ឧបករណ៍​សម្រាប់​ការចរចា​តែប៉ុណ្ណោះ​។ ដោយឡែក នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​បាងកក រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក អង់​តូ​នី ប្ល៊ី​ង​កិន បាន​ស្វាគមន៍​ការដោះលែង​នេះ​ថា «​ជា​ចំណុច​ភ្លឺ​មួយ​នៅក្នុង​រយៈពេល​នៃ​ភាព​ងងឹត​ដ៏​យូរអង្វែង​»៕