​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោក យ៉ា​ស៊ុ​កា​ហ្ស៊ូ ហា​ម៉ា​ដា (Yasukazu Hamada) អះអាងថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប (ICBM) ដែលមាន​រយៈ​ចម្ងាយ​គ្រប់គ្រាន់ ក្នុង​ការបាញ់​ផ្លោង​ទៅដល់​ក្នុង​ទឹកដី​របស់​សហរដ្ឋអាមេរិក​។​

​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​ ​(ICBM) របស់​ទីក្រុង​ព្យុង​យ៉ាងនេះ បាន​ធ្លាក់​ក្នុង​ដែនទឹក​សមុទ្រ​ដែលមាន​ចម្ងាយ​ប្រមាណ ២១០ ​គីឡូម៉ែត្រ (១៣០ ម៉ា​យ​) ពី​ភាគ​ខាងលិច​កោះ​ហុក​កៃ​ដូ​។​

​ជាការ​ឆ្លើយតប សហរដ្ឋអាមេរិក​បាន​ថ្កោ​ស​ទោស​ទៅនឹង​ការបាញ់​មី​ស៊ី​ល​នេះ ខណៈដែល​កូរ៉េខាងត្បូង បានប្រកាស​បញ្ជា​ឱ្យមាន​វិធានការ​ធ្ងន់ៗ ក្នុងការ​ទប់ស្កាត់​ជាបន្ទាន់​ចំពោះ​ទង្វើ​របស់​កូរ៉េខាងជើង​នេះ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ១៧ ខែវិច្ឆិកា ឆ្នាំ​ ២០២២ លោក Choe Son Hui ប្រមុខ​ការទូត​កូរ៉េខាងជើង​បានចេញ​ព្រមាន​ពី​លទ្ធភាព​នៃ​ការឆ្លើយតប​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុង​ព្យុងយ៉ាង​តប​ទៅនឹង​ការបង្កើន​វត្តមាន​យោធា​នានា​របស់​សហរដ្ឋ​អាមេរិក​។ ហើយ​ព្យុងយ៉ាង ក៏បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ករ​យៈ​ចម្ងាយ​ខ្លី​ផងដែរ​នៅ​ថ្ងៃ​ដដែល​នោះ​។

​ការបាញ់​មី​ស៊ី​ល​របស់​ក្រុង​ព្យុងយ៉ាង កើតឡើង​ក្រោយ​ជំនួប​កាលពី​ថ្ងៃអាទិត្យ​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុ​ក​យោល ជាមួយ​ប្រធានាធិបតី​អាមេរិក ចូ បៃ​ដិ​ន និង​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្វូ​មី​អូ គី​ស៊ី​ដា​នៅ​កម្ពុជា​។ ក្នុង​កិច្ចប្រជុំ​នោះ មេដឹកនាំ​ប្រទេស​ទាំង​៣​នេះ​ព្រមព្រៀងគ្នា​រឹតចំណង​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​។​

​នៅ​ថ្ងៃ​សុក្រ ទី​ ១៨ វិច្ឆិកា លោកស្រី អេ​ឌ្រៀ​ន វ៉​ត​សុន (Adrienne Watson) អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​សេត​វិមាន​បាន​និយាយថា លោក បៃ​ដិ​ន ធ្លាប់បាន​ផ្តល់ព័ត៌មាន​បញ្ជាក់​ជា​ខ្លី​ថា​សហរដ្ឋអាមេរិក​នឹងមាន​កិច្ចពិភាក្សា​ជុំវិញ​បញ្ហា​នេះ​ជាមួយនឹង​សម្ព័ន្ធមិត្ត​ខ្លួន​។

​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ប្រមាណ​ជាង ៥០ ​គ្រាប់ ​ក្នុង​រយៈពេល ២​ ខែ​ចុងក្រោយ ដែល​ភាគច្រើន​ប្រភេទ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​។ ការបាញ់​បង្ហោះ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ជា​រឿង​កម្រ​ណាស់ ហើយ​ជា​វា​ជាការ​គំរាមកំហែង​ដោយផ្ទាល់​ចំពោះ​សហរដ្ឋអាមេរិក ដោយសារ​មី​ស៊ី​ល​នេះ​ត្រូវបាន​រចនា​ឡើង​ក្នុង​គោលដៅ​ពាំ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទៅកាន់​គ្រប់​គោលដៅ​នៃ​ទឹកដី​អាមេរិក​។​

​ប្រមុខ​យោធា​របស់​ក្រុង​សេ​អ៊ូ​ល​បាន​លើកឡើងថា មី​ស៊ី​ល​អន្តរទ្វីប ICBM ដែល​បាន​បាញ់​ចុងក្រោយ ទំនងជា​បាញ់​ចេញ​នៅ​ម៉ោង ១០ និង​ ១៥ នាទី (​ម៉ោង​ក្រុង​ស្រុក​) ក្បែរ​រដ្ឋធានី​ព្យុងយ៉ាង កូរ៉េខាងជើង​។​

​ប្រភពពី​យោធា​កូរ៉េខាងត្បូង​បាន​បញ្ជាក់ថា មី​ស៊ី​ល​នេះ​បាន​ហោះ​ដល់​រយៈកម្ពស់​ប្រមាណ ៦ ១០០ គីឡូម៉ែត្រ នៅលើ​គន្លង​អាកាស​ដ៏​ខ្ពស់​មួយ ហើយ​បានធ្វើ​ដំណើរ​នៅលើ​អាកាស​នោះបាន​រយៈ​ចម្ងាយ​ប្រមាណ ១ ០០០ គីឡូម៉ែត្រ (៦២១​ ម៉ា​យ​)​។​

​នៅក្នុង​គន្លង​អាកាស​ដ៏​ខ្ពស់​បែបនេះ មានន័យថា មី​ស៊ី​លអាច​ហោះ​ខ្ពស់​ទៅកាន់​ទី​អវកាស​បាន ប៉ុន្តែ​បើ​វា​បាញ់​នៅ​គន្លង​ធម្មតា​វិញ វា​អាច​ហោះ​បាន​រយៈ​ចម្ងាយ​ខ្លី​ជាង​នេះ​។​

​ប៉ុន្តែ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក យ៉ា​ស៊ុ​កា​ហ្ស៊ូ ហា​ម៉ា​ដា បាន​អះអាងថា មី​ស៊ី​ល ICBM របស់​កូរ៉េខាងជើង​នេះ មាន​រយៈ​ចម្ងាយ​គ្រប់គ្រាន់ សមល្មម​ក្នុងការ​បាញ់​ដល់​ទឹកដី​អាមេរិក​។​

​លោក​បន្តថា​៖ «​ផ្អែក​តាម​ការ​គណនា​ដែល​បាន​គុណគូរ​កន្លងមក មី​ស៊ី​ល​បាលី​ស្ទិ​ក​ដែល​ត្រូវបាន​បាញ់​ផ្លោង​លើក​នេះ អាចមាន​សមត្ថភាព​បា​ញ់​បាន​ចម្ងាយ​ប្រមាណ ១៥ ០០០ ​គីឡូម៉ែត្រ អាស្រ័យ​លើ​ទម្ងន់​ក្បាល​គ្រាប់​របស់​វា ហើយ​បើសិនជា​ដូច្នេះ​មែន វា​មានន័យថា ដែនដី​របស់​សហរដ្ឋ​អាមេរិក​ស្ថិតនៅក្នុង​ជួរ​នៃ​គន្លង​រយៈ​ចម្ងាយ​នេះ​»​។

​ជាមួយគ្នានេះ លោក គី​ស៊ី​ដា បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ប្រទេស​ថៃ​ឯ​ជំនួប APEC​ ថា ៖ «​យើង​បាន​ប្រាប់​(​ទីក្រុង​ព្យុងយ៉ាង​) ថា យើង​ពិតជា​មិនអាច​អត់ឱន​បានឡើយ ចំពោះ​សកម្មភាព​បែបនេះ​»​។​

​ទង្វើ​របស់​កូរ៉េខាងជើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ គឺ​តែងតែ​បាញ់​មី​ស៊ី​ល​ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​សកម្មភាព​យោធា​របស់​សហរដ្ឋអាមេរិក​នៅក្បែរ​ឧបទ្វីប​កូរ៉េ​។

​កាលពី​ខែតុលា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​រំលង​ប្រទេស​ជប៉ុន​។ នេះ​ជា​លើកដំបូង​បង្អស់​ដែល​ក្រុង​ព្រុង​យ៉ាង​បានធ្វើ​ដូច្នេះ​ក្នុង​រយៈពេល ៥​ ឆ្នាំ​ចុង​ក្រោយនេះ​។​

​នាពេល​បច្ចុប្បន្ន កូរ៉េខាងជើង​កំពុង​អភិវឌ្ឍ​បច្ចេកវិទ្យា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ ប្រភេទ​ថ្មី​របស់ខ្លួន​ដែលមាន​ឈ្មោះថា Hwasong-17​។ វា​មាន​ទំហំ​ធំ​ជាង​ប្រភេទ ICBMs ដែល​ធ្លាប់បាន​សាកល្បង​ដោយ​ជោគជ័យ​នាពេល​កន្លងមក​រួចទៅហើយ ខណៈ​អ្នកជំនាញ​ជឿជាក់ថា វា​អាចមាន​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​បាន​ច្រើន​ផង ដែលនាំឱ្យ​ពិបាក​ក្នុងការ​ការពារ​ពី​ឥទ្ធិពល​របស់​មី​ស៊ី​ល​នេះ​។

​បើតាម​ប្រភពពី​យោធា​កូរ៉េខាងត្បូង មានការ​ប៉ុនប៉ង​ក្នុង​ការបាញ់​បង្ហោះ​មី​ស៊ី​ល​ប្រភេទ​ថ្មី Hwasong-17 ជា​ច្រើនដង​រួចទៅហើយ​ពី​សំណាក់​កូរ៉េ​ខា​ងេ​ជើង ប៉ុន្តែ​វា​បានទទួល​បរាជ័យ​។ កាលពីដើម​ខែវិច្ឆិកា​នេះ កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​មី​ស៊ី​ល ICBM ប៉ុន្តែ​វា​បាន​បរាជ័យ​នៅ​ដំណាក់កាល​ពាក់កណ្តាល​នៃ​ការ​បង្ហោះ​។​

​លោក Yang Uk អ្នកជំនាញ​ផ្នែក​កិច្ចការ​យោធា​នៃ​វិទ្យាស្ថាន Asan បាន​ថ្លែងថា​៖ «​បើទោះបីជា​កូរ៉េខាងជើង​បាញ់​ដោយ​ជោគជ័យ​នៃ​មី​ស៊ី​ល Hwasong-17 ក៏ដោយ ប៉ុន្តែ​ការគំរាមកំហែង​នឹង​មិនអាច​កើតឡើង​គួរឱ្យកត់សម្គាល់​នោះទេ​»​។ លោក Yang Uk បាន​និយាយថា​៖ «​កូរ៉េខាងជើង​ត្រូវការ​បង្ហាញថា ខ្លួន​ខ្លាំង​ស្ទាត់ជំនាញ​លើ​បច្ចេកវិទ្យា ដើម្បី​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រភេទ​តូចៗ​បាន​ពេញលេញ​ជាមួយ ICBM»​។​

​គួររំឭកថា ទីក្រុង​ព្យុងយ៉ាង​បានធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​ចំនួន ៦ ​ដង នៅ​ចន្លោះ​ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ​ ២០១៧ ហើយ​ទីក្រុង​ព្យុងយ៉ាង​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការសាកល្បង​គ្រាប់​ទី​៧​។ អ្នកជំនាញ​ជឿជាក់ថា ការបាញ់​បង្ហោះ​មី​ស៊ី​ល​លើក​នេះ គឺជា​ឱកាស​ដើម្បី​សាកល្បង​បំណែក​នៃ​ឧបករណ៍​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង​។ កូរ៉េខាងជើង ក៏​កំពុង​ប្រឹងប្រែង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី និង​សមត្ថភាព​យោធា​ទូទៅ​របស់ខ្លួន​ផងដែរ​៕

វីដេអូ​៖