អាជ្ញាធរ​ស៊ុយអែត​បានលើកឡើង​កាលពី​ថ្ងៃ​សុក្រ ទី​ ១៨ ខែវិច្ឆិកា​ថា ការផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream ដ៏​អាថ៌កំបាំង​កាលពី​ខែកញ្ញា ដែល​ធ្វើឱ្យ​បំពង់​បង្ហូរ​ឧស្ម័ន​ពី​រុស្ស៊ី​ទៅកាន់​អឺរ៉ុប មិនអាច​ដំណើរការបាន​។ ក្រោម​លទ្ធផល​ស៊ើបអង្កេត​បណ្ដោះអាសន្ន ការផ្ទុះ​បែកធ្លាយ​បំពង់​បង្ហូរ​ឧស្ម័ន​នេះ​បណ្តាលមកពី​ការប៉ុនប៉ង​បំផ្ទុះ​ដោយ​ចេតនា នេះ​បើ​យោងតាម​ការរកឃើញ​នូវ​ស្លាកស្នាម និង​ដាន​នៃ​គ្រឿងផ្ទុះ​មួយចំនួន​។ យ៉ាងណាក៏ដោយ ការស៊ើបអង្កេត​នៅ​មិនទាន់បាន​បញ្ចប់​នៅឡើយ​ទេ​។

​ព្រះរាជអាជ្ញា​ម្នាក់​ឈ្មោះថា Mats Ljungqvist និង​អង្គភាព​សេវា​សន្តិសុខ​ស៊ុយអែត បាន​រាយការណ៍​អំពី​ការត្រួតពិនិត្យ​របស់​ពួកគេ​លើ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 និង Nord Stream 2 នៅក្នុង​សមុទ្រ​បាល់​ទិ​ក ដោយបាន​រកឃើញថា វា​មានការ​ខូចខាត​យ៉ាងដំណំ ហើយ​ពួកគេ​ក៏បាន​បង្ហាញ​អំពី​សំណល់​ជាតិ​ផ្ទុះ​ដែល​ផលិត​នៅ​បរទេស​មួយចំនួន​ផងដែរ​។ យ៉ាងណាក៏ដោយ ការលើកឡើង​របស់​ពួកគេ​មិនបាន​ឆ្លើយតប​ទៅនឹង​សំណួរ​ដែលថា តើន​រណា​ជា​អ្នកទទួលខុសត្រូវ​? ហើយ តើ​ជនបង្ក​ទៅ​បំផ្ទុះ​នៅ​បាតសមុទ្រ​បាន​ដោយ​របៀប​ណា​?

​អង្គភាព​សេវា​សន្តិសុខ​ស៊ុយអែត​បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា «​ការងារ​វិភាគ​កម្រិត​ខ្ពស់​កំពុងដំណើរការ​នៅឡើយ ដើម្បី​អាច​ទាញ​ការសន្និដ្ឋាន​ឱ្យបាន​ច្បាស់លាស់​បន្ថែមទៀត​អំពី​ឧប្បត្តិហេតុ​នៃ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream នេះ​។ ការស៊ើបអង្កេត​មាន​លក្ខណៈ​ទូលំទូលាយ និង​ស្មុគស្មាញ ហើយ​ពេល​បញ្ចប់​បេសកកម្ម​នេះ អាច​នឹង​បង្ហាញថា​តើ​នរណាម្នាក់​នឹង​ត្រូវបាន​សង្ស័យ ហើយ​ក្រោយមក នឹង​ត្រូវបាន​កាត់ទោស​ចំពោះ​ទង្វើ​នេះ​»​។

​គួរ​ដឹង​ដែរ​ថា ការ​បំផ្ទុះ​បានកើត​ឡើង​នៅ​ភាគខាងត្បូង​នៃ​ដែន​ដីគោក​ប្រទេស​ស៊ុយអែត ត្រូវជា​ភាគ​ខាងកើត​នៃ​កោះ Bornholm របស់​ប្រទេស​ដា​ណឺ​ម៉ាក​។ ការស៊ើបអង្កេត​ជាច្រើន​កំពុងដំណើរការ ហើយ​អាជ្ញាធរ​របស់​ដា​ណឺ​ម៉ាក និង​អាល្លឺម៉ង់​ក៏​បាននិងកំពុង​ប្រមូល​ភ័ស្តុតាង​បន្ថែមទៀត​ផងដែរ​។

​គួរបញ្ជាក់​ផងដែរ​ថា មន្ត្រី​អឺរ៉ុប​បានចាប់ផ្តើម​ប្រើពាក្យ «​ការប៉ុនប៉ង​បំផ្ទុះ​ដោយ​ចេតនា​» ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​នៃ​ការផ្ទុះ​ដំណាលគ្នា​កាលពី​ចុងខែ​កញ្ញា​។ អ្នកជំនាញ​ផ្នែក​រញ្ជួយ​ដី​បាន​លើកឡើងថា «​ទិន្នន័យ​បានចង្អុលបង្ហាញ​ពី​ការផ្ទុះ​។ វា​មិនមែនជា​ការរញ្ជួយ​ដី​ដែល​កើតឡើង​ដោយ​ធម្មជាតិ ឬ​ការ​រអិល​បាក់​ដី​នោះទេ​»​។ លើសពីនេះ នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក លោកស្រី Mette Frederiksen បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា​ថា «​ទាំងនេះ​គឺជា​សកម្មភាព​ដោយ​ចេតនា មិនមែនជា​ឧបទ្ទវហេតុ​នោះទេ​»​។

​ដោយឡែក មេដឹកនាំ​អឺរ៉ុប​បាន​ចង្អុល​ទៅកាន់​រុស្ស៊ី​ថា ជា​តួអង្គ​តែមួយគត់​ដែលមាន​សមត្ថភាព​បច្ចេកទេស និង​បំណង​ចង់​បំផ្លាញ​បំពង់​បង្ហូរ Nord Stream តាមរយៈ​ការ​បំផ្ទុះ​នៅក្រោម​បាតសមុទ្រ​។

​គួរ​រំលេច​ឡើង​ផងដែរ​ថា ការ​ធ្លាយ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream មិនមាន​ផលប៉ះពាល់​ភ្លាមៗ​ដល់​ការផ្គត់ផ្គង់​ថាមពល​របស់​អឺរ៉ុប​នោះទេ ព្រោះ​រុស្ស៊ី​បាន​កាត់ផ្តាច់​លំហូរ​ឧស្ម័ន​អំឡុង​ពេលដែល​ទំនាក់ទំនង​ជាមួយ​អឺរ៉ុប​កាន់តែ​យ៉ាប់យ៉ឺន​ដោយសារ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ដូច្នេះហើយ កាលនោះ​បណ្តា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ឧស្ម័ន​ពីមុន​របស់​រុស្ស៊ី បាន​ព្យាយាម​បង្កើត​ឃ្លាំង​ស្តុក និង​រក្សាទុក​នូវ​ថាមពលជំនួស​រួចស្រេច​ហើយ​។

​មេដឹកនាំ​អឺរ៉ុប​បាន​លើកឡើងថា ការ​បំផ្ទុះ​បំពង់​ឧស្ម័ន​នេះ គឺមាន​គោលបំណង​គំរាមកំហែង និង​ជា​សារ​មួយ​បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​អឺរ៉ុប​អាច​នឹង​ងាយ​រងគ្រោះ ប្រសិនបើ​ពួកគេ​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន​។ ចាប់តាំងពី​ពេលនោះ​មក អឺរ៉ុប​បាន​រឹតបន្តឹង​សន្តិសុខ​ជុំវិញ​តំបន់​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​បាន​ជំរុញ​ប្រតិបត្តិការ​កងទ័ពជើងទឹក​ឱ្យមាន​ភាព​សកម្ម​ជាង​មុន​។

​ទោះយ៉ាងណា​ក៏ដោយ រុស្ស៊ី​បាន​បដិសេធ​ការទទួលខុសត្រូវ និង​បាន​ចោទសួរ​បែប​ចំអក​ទៅកាន់​អឺរ៉ុប​វិញ​ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​រុស្ស៊ី បានចាប់ផ្តើម​ដំណើរការ​នីតិវិធី​ទៅតាម​ផ្លូវច្បាប់​ចំពោះ​អំពើ​ភេរវកម្ម​អន្តរជាតិ​មួយ​នេះ​។

​គួរ​រំឭក​ឡើងវិញ​ថា ក្រុមហ៊ុន​ថាមពល​រុស្ស៊ី ឈ្មោះថា Gazprom បាន​បញ្ឈប់​ការបង្ហូរ​ឧស្ម័ន​តាមរយៈ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 កាលពីដើម​ឆ្នាំនេះ ដោយ​លើកឡើង​ពី​បញ្ហា​បច្ចេកទេស ខណៈដែល​មេដឹកនាំ​អឺរ៉ុប​បាន​ចោទប្រកាន់​ទីក្រុង​មូ​ស្គូ​ថា ទង្វើ​របស់​រុស្ស៊ី​ជាការ​គំរាមកំហែង​។ ដោយឡែក សម្រាប់​បំពង់​បង្ហូរ Nord Stream 2 ដែល​ទើបនឹង​សាងសង់​ហើយ​ថ្មី មិនទាន់​ត្រូវបាន​អនុម័ត​ឱ្យ​បើក​ដំណើរការ​នៅឡើយ​ទេ ដោយសារ​អាល្លឺម៉ង់​បាន​ផ្អាក​គម្រោង​នេះ ក្រោម​ហេតុផល​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

​គួរ​ដឹង​ដែរ​ថា ការផ្ទុះ​បំពង់​បង្ហូរ​ឧស្ម័ន​ទាំង​២​បានធ្វើឱ្យ​លេច​ធ្លាយ​ឧស្ម័ន​មេតាន​ដ៏​ច្រើន​បំផុត​ដែល​មិន​ធ្លាប់មាន​ទៅក្នុង​បរិយាកាស​។ ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​ថាមពល និង​អាកាសធាតុ មិនបាន​គិតថា​វា​នឹង​ជះឥទ្ធិពល​ខ្លាំង​ដល់​ការប្រែប្រួល​អាកាសធាតុ​នោះទេ​៕​