ការ​សន្យា​ពី​សំណាក់​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ក្នុង​ការ​ឈានជើង​ចូល​ដោះស្រាយ​ការ​ចំណាយ​លើ​បញ្ហា​អាកាសធាតុ បាន​ផ្ដល់​ក្តី​សង្ឃឹម​សាជាថ្មី​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ ឬ​ហៅថា សន្និបាត​ភាគី​លើក​ទី​២៧ (COP27)។

កិច្ច​ប្រជុំ​កំពូល​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង Sharm el-Sheikh ប្រទេស អេហ្ស៊ីប ក្នុង​គោល​បំណង​ព្យាយាម​យ៉ាង​ស្វិតស្វាញ​ក្នុង​ការ​បង្កើត​កិច្ច​ព្រមព្រៀង​ស្ដីពី​អាកាសធាតុ។ តាម​គម្រោង​ការ​កិច្ច​ប្រជុំ​នេះ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​ទី១៨ ខែ​វិច្ឆិកា ប៉ុន្តែ​ដោយសារ​តែ​កិច្ច​ពិភាក្សា​មិនទាន់​ដាច់​ស្រេច​នៅឡើយ កិច្ច​ប្រជុំ​ក៏​ត្រូវ​បាន​បន្ត​រហូត​ដល់​ថ្ងៃ​សៅរ៍ ទី១៩ ខែវិច្ឆិកា។

គួរដឹងដែរថា សហភាពអឺរ៉ុប បាន​ស្នើ​មូលនិធិ​ថ្មី​មួយ​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​គ្រោះ​មហន្តរាយ​នានា​ដែល​បណ្ដាល​មក​ពី​បម្រែបម្រួល​អាកាសធាតុ។ ទន្ទឹម​នឹងនេះ ប្រទេស​កំពុង​អភិវឌ្ឍន៍​ទទូច​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​ដ៏​ល្អ​បំផុត​មួយ។ យ៉ាង​ណា​ក៏​ដោយ កិច្ច​ប្រជុំ​កំពូល​នេះ​ជិត​ដល់​ពេល​បញ្ចប់​ហើយ បន្ទាប់ពី​កិច្ច​ពិភាក្សា ២​សប្តាហ៍​ លើ​វឌ្ឍនភាព​នៃ​ដំណោះ​ស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ ប៉ុន្តែ​គេ​នៅតែ​មាន​ការ​ភ័យខ្លាច​ថា វា​អាច​នឹង​បរាជ័យ​នៅ​ពេល​និយាយ​អំពី​បញ្ហា​ថវិកា។

ប្រទេស​ដែល​ងាយរងគ្រោះ រួមទាំង ប៉ាគីស្ថាន ជាដើម ដែល​ជា​អ្នកដឹកនាំ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ បាន​លើក​ឡើង​ថា បណ្ដា​ប្រទេស​អ្នក​មាន​បាន​ជំពាក់​បំណុល​ក្នុង​ការ​ចំណាយ​លើ​ដំណោះស្រាយ​បញ្ហា​អាកាសធាតុ ដោយសារ​តែ​ពួកគេ​ជា​អ្នក​ដែល​បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ។ ទាំងអស់នេះ​ហើយ​ដែល​បណ្តាល​ឱ្យ​មាន​ការ​ឡើង​កម្ដៅ​នៅលើ​ភពផែនដី។

នៅរដូវក្ដៅនេះ គ្រោះ​ទឹកជំនន់​បាន​កើត​មាន​ឡើង​នៅ​ប្រទេស ប៉ាគីស្ថាន ហើយ​បាន​សម្លាប់​មនុស្ស​ប្រមាណជា ១៧០០ នាក់។ គ្រោះ​មហន្តរាយ​នេះ​បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្ដៅគគុក​នៅ​ក្នុង​កិច្ចពិភាក្សា​នៅ​ប្រទេស អេហ្ស៊ីប។

យ៉ាងណាក៏ដោយ បណ្ដា​ប្រទេស​អ្នកមាន​បែរ​ជា​នាំគ្នា​ព្រួយ​បារម្ភ​អំពី​ការ​ចុះហត្ថលេខា​លើ​សែកទទេ​ទៅវិញ។ អ្នក​សង្កេតការណ៍​បាន​លើក​ឡើង​ថា នៅពេល​ចាប់ផ្តើម​កិច្ច​ប្រជុំកំពូល សហរដ្ឋអាមេរិក​បាន​ប្តេជ្ញា​ថា​នឹង​មិន​ផ្ដល់​មូលនិធិ​ថ្មី​នោះ​ទេ ហើយ​អាមេរិក​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ក្នុង​កិច្ច​ចរចា​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​នេះ។

នៅព្រឹកថ្ងៃសុក្រ ដំណោះស្រាយ​ដែល​អាច​កើត​មាន​នោះ​គឺ សហភាព​អឺរ៉ុប បាន​ស្នើសុំ​មូលនិធិ​ពិសេស​មួយ ដែល​នឹង​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ម្ចាស់​ជំនួយ​លក្ខណៈ​ទូលំទូលាយ។ ការណ៍នេះ​បង្ហាញ​ថា ប្រទេស​ចិន ដែល​ជា​ប្រទេស​មួយ​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ក្នុង​បរិមាណ​ដ៏ច្រើន ក៏​អាច​រួមចំណែក​ផ្ដល់​ជា​មូលនិធិ​ផងដែរ។

កន្លងមក ប្រទេសចិន ស្ថិត​នៅក្នុង​ចំណោម​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​ជា​ប្រវត្តិសាស្ត្រ ចិន​បាន​រួមចំណែក​តិចតួច​ដល់​បញ្ហា​បម្រែបម្រួល​អាកាសធាតុ។ ប៉ុន្តែ​មូលនិធិ​ពិសេស​នេះ នឹង​អាច​អំពាវនាវ​ឱ្យ​ចិន និង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃទៀត​ចូលរួម​ជួយ​ផ្ដល់​ជា​កញ្ចប់​ថវិកា​ដើម្បី​ដោះស្រាយ​បញ្ហា​អាកាសធាតុ​ទាំងអស់គ្នា។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក Seve Paeniu បាន​ប្រាប់​សារព័ត៌មាន BBC News ថា «យើង​មាន​សេចក្តី​រីករាយ​ដែល​សហភាព​អឺរ៉ុប​ខិតខំ​ប្រឹងប្រែង​ផ្តោត​លើ​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត​នៅ​លើ​ពិភពលោក»។ គួរដឹង​ផងដែរ​ថា រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​រូបនេះ ជា​អ្នក​តំណាង​ឱ្យ​បណ្ដា​ប្រទេស​ដែល​កំពុង​ប្រឈម​នឹង​ហានិភ័យ​បំផុត​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​លើ​ពិភពលោក។

យ៉ាងណាក៏ដោយ សាស្ត្រាចារ្យ Michael Wilkins នៅសាលា Imperial College Business School ក្នុង​ទីក្រុងឡុង បាន​និយាយ​ថា សំណើ​របស់​សហភាព​អឺរ៉ុប​បាន​ភ្ជាប់​មក​ជាមួយ​នូវ​លក្ខខណ្ឌ ហើយ​សំណើនេះ​មិនត្រូវ​បាន​គាំទ្រ​ដោយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងអស់​នោះ​ទេ។

បញ្ហា​ថវិកានេះ គឺជា​ប្រធានបទ​ដ៏​សំខាន់​ដែល​ត្រូវ​បាន​ភាគី​ទាំងអស់​ព្រួយបារម្ភ និង​លើក​យក​មក​ជជែក​ក្នុង​សន្និបាត​ភាគី​លើក​ទី​២៧។ ហើយ បណ្ដា​ប្រទេស​ដែល​ទទួល​រង​ហានិភ័យ​ធ្ងន់ធ្ងរ​ពី​គ្រោះ​មហន្តរាយ​អាកាសធាតុ បាន​មាន​ការ​ពេញចិត្ត​ក្នុង​ការ​លើក​យក​បញ្ហា​កញ្ចប់​ថវិកានេះ​ដាក់ចូល​ក្នុង​របៀបវារៈ បន្ទាប់ពី​បាន​ព្យាយាម​អស់​រយៈពេល ៣០ ឆ្នាំមកហើយ។

អ្នកស្រី Nisha Krishnan មកពី​វិទ្យាស្ថាន​ធនធាន​ពិភព​លោក​បាន​ប្រាប់ BBC News ថា «វាពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​ពិនិត្យ​មើល​ទៅ​លើ​សហរដ្ឋអាមេរិក ក៏​ដូចជា​ប្រទេស​ចិន ថាតើ​ពួកគេ​នឹង​ដាក់​ចេញ​សកម្មភាព​បែបណា»។

ទន្ទឹមនឹងនេះ បេសកជន​អាកាសធាតុ​របស់​អាមេរិក លោក John Kerry ពេលនេះ​កំពុង​ធ្វើ​ចត្តាឡីស័ក្ដ បន្ទាប់ពី​បាន​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ១៩ នៅទីក្រុង Sharm el-Sheikh ប្រទេស​អេហ្ស៊ីប។ យ៉ាងណា​ក៏ដោយ អ្នកនាំពាក្យ លោក Whitney Smith បាន​ឱ្យ​ដឹង​ថា លោក Kerry បាន​ចាក់ថ្នាំ​បង្ការ​យ៉ាង​ពេញលេញ​ហើយ និង​មាន​រោគ​សញ្ញា​ស្រាល​នោះ​ទេ។ ហើយ​លោក​កំពុង​ធ្វើការ​ជាមួយ​ក្រុម​ការងារ​ចរចា និង​សមភាគី​បរទេស​ដោយ​ការ​ឆ្លើយឆ្លង​តាម​ទូរស័ព្ទ ដើម្បី​ធានា​បាន​នូវ​លទ្ធផល​ជោគជ័យ​នៃ​កិច្ច​ប្រជុំ​កំពូល។

គួរកត់​សម្គាល់​ផងដែរថា នៅ​បរិវេណ​ខាងក្រៅ​សាល​អង្គប្រជុំ អង្គការ​ក្រៅរដ្ឋាភិបាល និង​សកម្មជន​នៅ​តែ​បន្ត​អំពាវនាវ និង​ទាមទារ​ឱ្យ​មាន​ការ​ប្ដេជ្ញា និង​ការ​សន្យា​ច្បាស់លាស់​ពី​សំណាក់​មេដឹកនាំ​ប្រទេស​ដែល​ចូលរួម​ប្រជុំ​សន្និបាត​ភាគី​លើក​ទី២៧។

លោក Mohammed Sherif សកម្មជន​អាយុ ១៧ ឆ្នាំ​មក​ពី​ប្រទេស អេហ្ស៊ីប បាន​និយាយ​ថា «ចំណុច​តូច​មួយ​ដែល​ត្រូវ​ធ្វើ​នោះ គឺ​ត្រូវ​រៀបចំ​សម្រាប់​មនុស្ស​ជំនាន់ក្រោយ។ អ្នក​មិនអាច​ព្យួរ​ពួកយើង​ទុក​ចោល​នោះ​ទេ។ ដូច្នេះ វា​ពិត​ជា​ចាំបាច់​ណាស់​សម្រាប់​ទ្វីប​អាហ្រ្វិក។ ប្រទេស​នានា​ត្រូវតែ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះកញ្ចក់ និង​ជួយ​ប្រទេស​ផ្សេងទៀត​ឱ្យ​ចេះ​សម្រប​ខ្លួន»៕