សត្វខ្លា​ឃ្មុំផេនដា​ដែល​ប្រទេស​ចិន​បាន​ផ្តល់ជាកាដូ​ជូន​កោះតៃវ៉ាន់​កាល​ពី​ ១៤ ​ឆ្នាំមុន​ជា​និមិត្ត​រូប​នៃ​ទំនាក់ទំនង​ដ៏​កក់ក្តៅ​រវាងភាគី​ទាំង ២ បាន​បាត់បង់​ជីវិ​តហើយ​ កាល​ពី​ថ្ងៃ​ទី ១៩​ ខែវិច្ឆិកា ​ឆ្នាំ ​២០២២ ​បន្ទាប់ពី​បាន​ឈឺ​ប្រកាច់​អស់ជា​ច្រើនថ្ងៃ​។ នេះ​បើយោងតាម​ការ​លើកឡើង​របស់​អ្នក​ថែទាំនៅ​ក្នុង​សួន​សត្វទី​ក្រុងតៃប៉ិ​។​

ខ្លាឃ្មុំដែល​បាន​ស្លាប់នេះ​មាន​ឈ្មោះថា​ទួន ទួន ​(Tuan Tuan) និង​ខ្លាឃ្មុំ​ដែល​ជា​ដៃ​គូឈ្មោះថា​ យួន​ យួន​ (Yuan Yuan) នៅ​មាន​ជីវិត​នៅឡើយ។ ​ខ្លាឃ្មុំផេន​ដាទាំង ២​ ត្រូវបាន​ទី​ក្រុងប៉េកាំង​ប្រគល់​ជូនជា​កាដូកា​ទូត​ដល់​តៃវ៉ាន់​នៅចុងឆ្នាំ ២​០០៨​ ដែល​ជា​ពេល​ដែល​ទំ​នាក់​ទំនង​រវាង​ភាគី​ទាំង​ ២​ នៅមាន​ភាព​ស្និទ្ធស្នាល​នៅឡើយ​។​​

​ប្រទេស​ចិនតែង​តែ​ចាត់​ទុកកោះ​តៃវ៉ាន់​ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ ហើយ​បាន​ប្តេជ្ញាថា​ នៅ​ថ្ងៃណាមួ​យនា​ពេល​ខាងមុខ​ នឹង​នាំ​យកកោះ​ស្វយ័ត​ប្រជាធិប​តេយ្យ​មួយនេះ ​មក​បង្រួបបង្រួម​ជា​មួយ​ចិន​ដីគោក​វិញ​ហើយ​ប្រសិន​បើ​កាលៈទេសៈ​បង្ខំ ចិន​ក៏​បាន​គំរាមថា​នឹង​ប្រើប្រាស់​កម្លាំង​យោធា​ទៀតផង​។​

ដោយឡែក​ឧទ្យាន​សួនសត្វ​បាន​លើក​ឡើង​នៅក្នុង​សេចក្តីថ្លែង​ការណ៍​ខ្លី​មួយ​ថា៖ ​«ក្រុម​គ្រូពេទ្យ​របស់យើង​បាន​បញ្ជាក់ ថា​ បេះដូង​របស់​ ទួន ​ទួន​បាន​ឈប់លោត​នៅម៉ោង​ប្រមាណ​ជា​ ៥​ និង​ ៤៨ ​នាទី​ល្ងាច​»​។​

មន្ត្រី​ប្រចាំការ​នៅក្នុង​សួនសត្វ​នោះ​បាន​និយាយថា ​៖ «​ខ្លាឃ្មុំផេន​ដា​មួយនេះ​ត្រូវ​បាន​ចាក់ថ្នាំ​សន្លប់​យ៉ាង​យូរ​ ដើម្បី​ស្កែន​ធ្វើ​កោសល្យ​វិច័យ​តាម​កុំព្យូទ័រ​នៅព្រឹក​ថ្ងៃសៅរ៍ ​ហើយ​ក្រុម​ការងារ​បាន​សម្រេច​ឱ្យ​ទួន ទួន​បន្ត​គេង​ទៀត​ បន្ទាប់​ពី​លទ្ធផល​បង្ហាញថា​ស្ថានភាព​របស់​គាត់គឺ​មិន​អាច​ព្យាបាល​បាន​ហើយគាត់​មិនអាច​រស់នៅ​បានរឹងមាំ​ដូចដើម​នោះទេ​»​។​

អ្នកនាំ​ពាក្យ​លោក​ Eric Tsao ​បាន​និយាយថា៖ «វា​ពិត​ជា​ឈឺចាប់​ និង​ប្រថុយ​ប្រថាន​ខ្លាំង​ណាស់​សម្រាប់ ​ទួន ទួន​ក្នុង​ការ​សង្គ្រោះ​គាត់​ពីការ​ប្រើថ្នាំ​សន្លប់»។​ ក្រុម​គ្រូ​ពេទ្យ​សត្វ​បាន​កត់សម្គាល់​ឃើញថា ​ក្នុងវ័យ ​១៨ ឆ្នាំ​របស់ ​ទួន ទួន​គាត់​បាន​ធ្លាក់ខ្លួន​ឈឺក្នុង​ខែ​សីហា នៅពេល​ដែល​គាត់​ចាប់​ផ្តើម​ប្រកាច់ ​ហើយ​រាងកាយ​ហាក់ដូចជា​ចុះខ្សោយ​ខ្លាំង​ និង​ងងុយ​ដេកកាន់​តែខ្លាំង​។ ជា​លទ្ធផល​នៃ​ការ​ស្កែន​វេជ្ជសាស្ត្រ​ បាន​បង្ហាញ​ថា​គាត់​មាន​ដំបៅ​ខួរក្បាល​។​

កាលពីខែមុន​ក្រុម​ការងារ​កន្លែង​សួនសត្វ​បាន​សង្ស័យថា​ទួន ​ទួន​មាន​ដុះដុំសាច់​ក្នុង​ខួរ​ក្បាល ​ដូច្នេះ​ហើយ​គាត់​ក៏​ត្រូវបាន​ផ្លាស់ប្តូរ​ទៅកា​ន់​កន្លែង​ថែទាំ​បន្ទាប់​មក ​ការ​ប្រកាច់​បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃមុននេះ​កាន់​តែ​ញឹកញាប់​ជាងមុន​ បើទោះ​បីជា​បាន​ចាក់ថ្នាំ​ហើយ​ក្ដី ក៏​មិន​អាច​សម្រាល​រោគ​សញ្ញានេះ​បាន​ដែរ​។​

ចំណែក​ឯ​នៅ​លើបណ្ដាញ​សង្គម​ឯណោះវិញ ​អ្នក​តាមដាន​បាន​បង្ហាញ​ការ​កាន់​ទុក្ខចំពោះ​ការ​ស្លាប់​របស់ ​ទួន ទួន​ ខណៈ​ដែល​អភិបាល​ក្រុង​តៃប៉ិ លោក​ Ko Wen-je បាន​ថ្លែង​អំណរ​គុណ​ដល់ខ្លា​ឃ្មុំផេន​ដា​មួយ​នេះ​សម្រាប់​ការ​នាំមក​នូវ​សុភមង្គល​ដល់​ប្រជាជន​តៃវ៉ាន់​ និង​ធ្វើឱ្យ​សួនសត្វ​តៃ​ប៉ិកាន់​តែ​អស្ចារ្យ​។​

សូម​រំឭកថា​ គូ​ស្នេហ៍​ខ្លាឃ្មុំ​ផេនដា​ទាំង ២ ​ប្រសិន​បើ​គេ​យក​ឈ្មោះ​គាត់ដាក់​រួមបញ្ចូល​គ្នា​ នោះ​មាន​ន័យថា​«ការ​រួបរួម»​។ ពួកគេ​ទាំង២​ បានក្លាយ​ជា​និមិត្ត​រូប​នៅ​កោះ​តៃវ៉ាន់ ​ចាប់តាំង​ពី​ឆ្នាំ ២០០៨ ​មក។​ គួរ​ដឹង​ដែរ​ថា ​ខ្លាឃ្មុំ​ភេទញី ​យួន​យួន បាន​ផ្តល់​កំណើត​ដល់​កូន​ភ្លោះញី​ ២ ​ក្បាល​បន្ថែម​ទៀត​ហើយ​។​

ប្រទេស​ចិន​បាន​ប្រើប្រាស់ ការ​ទូតខ្លា​ឃ្មុំផេនដា ​ជា​យូរយារ​ណាស់​មកហើយ។ ​អំណោយ ​ទួន​ទួន​ និង ​យួន​យួន​ គឺជា​កាដូ​មួយ​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ការ​គាំទ្រ​ដល់​តំណែង​ប្រធានាធិ​បតីចិន​លោក ​Ma Ying-jeou​នា​ពេលនោះ។​ កន្លងមក​ទីក្រុងប៉េកាំង​ផ្តល់​កម្ចី ឬ​ប្រវាស់​ខ្លាឃ្មុំ​ផេនដា​ទៅ​ឱ្យសួន​សត្វ​នៅ​បរទេស​ហើយ​ បន្ទាប់ពី​ផ្ដល់​កំណើត​ដល់​កូនថ្មី​ ប្រទេស​នោះ​ត្រូវ​ប្រគល់​កូន​ក្នុង​រយៈពេល ២ ទៅ ៣ ឆ្នាំត្រឡប់​ទៅ​ចិនវិញ ​ដើម្បី​បាន​ចូលរួម​ក្នុង​កម្ម​វិធី​បង្កាត់​ពូជ​របស់ចិន​។

ប៉ុន្តែ​សម្រាប់​ករណី​តៃវ៉ាន់វិញ​ជា​ករណី​លើកលែង​ដោយ​ចិនមិន​បាន​យក​កូន ឬ​ចៅ​របស់​ខ្លាឃ្មុំ​ផេនដា​ទៅវិញ​នោះទេ​​ ដោយបាន​ចាត់​ទុកថា​នេះជា​សំណង​ទៅលើ​ការ​វាយលុក​រយៈ​ពេល​ដ៏​ខ្លីរបស់​ប្រទេសចិន​ដែលបាន​កើត​ឡើង​នៅចុង​ទសវត្សរ៍​ឆ្នាំ​ ២០០០​ ។ ទោះ​ជា​យ៉ាង​ណា ទំនាក់ទំនង​រវាង​ចិន​និង​តៃវ៉ាន់​បាន​ធ្លាក់​ចុះ​ខ្លាំងចាប់​តាំង​ពី​ឆ្នាំ ២០១៦​ ដោយ​ទីក្រុង​ប៉េកាំង​បាន​កាត់ផ្តា​ច់​ទំនាក់ទំនង​ផ្លូវការ និង​មិនត្រឹមតែ​ប៉ុណ្ណោះ ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋា​ភិបាល​រវាង​ភាគី​ទាំង ២ ​ក៏​ត្រូវ​បាន​លុប​ចោល​ដូចគ្នា​៕