កាលពីថ្ងៃសៅរ៍ទី ១៩ ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានព្រមានថាប្រទេសចិន និងរុស្ស៊ីកំពុងបង្កើតពិភពលោកមួយដែលប្រើប្រាស់កម្លាំងយោធាក្នុងការដោះស្រាយជម្លោះ។ លោកបានប្ដេជ្ញាថា សហរដ្ឋអាមេរិកនឹងបន្តការពារគោលការណ៍មនុស្សធម៌និងច្បាប់អន្តរជាតិជានិច្ច។
លោក Austin បានប្រាប់វេទិកាសន្តិសុខអន្តរជាតិ Halifax នៅប្រទេសកាណាដាថា៖ «ទីក្រុងប៉េកាំង ក៏ដូចជាទីក្រុងម៉ូស្គូកំពុងបង្កើតពិភពលោកមួយដែលប្រើកម្លាំងយោធា ដើម្បីបង្កើតនូវភាពត្រឹមត្រូវ កន្លែងដែលជម្លោះត្រូវបានដោះស្រាយដោយកងកម្លាំង និងកន្លែងដែលពួកផ្តាច់ការអាចកម្ទេចនូវសិទ្ធិសេរីភាព»។
លោកបន្តថា ៖ «សង្រ្គាមរបស់ទីក្រុងម៉ូស្គូប្រឆាំងនឹងទីក្រុងកៀវ បានគូសបញ្ជាក់ពីបញ្ហាដែលយើងប្រឈមមុខនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយប្រទេសចិនក៏កំពុងជំរុញឱ្យដំណោះស្រាយកាន់តែឃ្លាតឆ្ងាយពីចក្ខុវិស័យរបស់យើង នោះគឺប្រព័ន្ធអន្តរជាតិសេរី ស្ថិរភាព និងបើកចំហ»។
លោកក៏បានបញ្ជាក់ផងដែរថា សកម្មភាពរបស់ចិននៅជុំវិញកោះតៃវ៉ាន់កំពុងកើនកម្តៅ កាន់តែខ្លាំងឡើង ដោយយន្តហោះរបស់ទីក្រុងប៉េកាំងបានហោះក្បែរកោះមួយនេះជារៀងរាល់ថ្ងៃ ដើម្បីធ្វើការស្ទាក់ចាប់យន្តហោះអាមេរិក និងសម្ព័ន្ធមិត្តយ៉ាងគ្រោះថ្នាក់បំផុត។
សូមបញ្ជាក់ដែរថា ទីក្រុងវ៉ាស៊ីនតោនបានយល់ឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការកែប្រែស្ថានភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកថាជាបញ្ហាប្រឈមដែលជះផលវិបាកខ្លាំងបំផុតដែលសហរដ្ឋអាមេរិកកំពុងប្រឈមមុខនៅពេលនេះ។
យុទ្ធសាស្ត្រការពារជាតិរបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីខែមុនក៏បានឱ្យដឹងផងដែរថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជាការបង្ហាញពីការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដែលទីក្រុងម៉ូស្គូបង្កឡើងនិងដែលទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការរារាំង។
លោក Austin បានលើកឡើងដោយភ្ជាប់បញ្ហាប្រឈមទាំង ២ នៅក្នុងសុន្ទរកថារបស់លោកកាលពីថ្ងៃសៅរ៍ថា ប្រសិនបើប្រទេសមួយអាចគេចផុតពីការដាក់ទោសដោយអំពើហិង្សារបស់ខ្លួននោះប្រទេសផ្សេងទៀតនឹងធ្វើតាមជាមិនខាន។
លោកបានថ្លែងថា៖ «នៅក្នុងការធ្វើសង្គ្រាមក៏មានច្បាប់ដែរហើយប្រសិនបើមហាអំណាចមួយមិនគោរពច្បាប់ទាំងនោះ វាជាការលើកទឹកចិត្តឱ្យប្រទេសផ្សេងទៀតប្រឆាំងនឹងច្បាប់អន្តរជាតិនិងបទដ្ឋានអន្តរជាតិផ្សេងៗ។យើងប្តេជ្ញាការពារច្បាប់អន្តរជាតិទាំងនោះ ហើយជាពិសេសគឺគោលការណ៍គ្រឹះនៃអភ័យឯកសិទ្ធិមិនប្រយុទ្ធ»។
លោក Austin ក៏បានលើកឡើងទៀតថា កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ូស្គូ ក្នុងការស្វែងរកជំនួយគាំទ្រពីប្រទេសដូចជាអ៊ីរ៉ង់ និងកូរ៉េខាងជើង បានបង្កើតបញ្ហាប្រឈមផ្នែកសន្តិសុខថ្មីមួយទៀតសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។លោកថា៖ «រុស្ស៊ីបានងាកទៅរកអ៊ីរ៉ង់ និងកូរ៉េខាងជើង ដើម្បីជួយវាយប្រហារអ៊ុយក្រែន ដូចជាការប្រើប្រាស់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដើម្បីសម្លាប់ជនស៊ីវិលនៅអ៊ុយក្រែជាដើម»។
យោងតាមទីក្រុងវ៉ាស៊ីនតោនបានឱ្យដឹងថា ក្រុមទាហានអ៊ីរ៉ង់កំពុងស្ថិតនៅក្នុងតំបន់គ្រីមា ដើម្បីជួយរុស្ស៊ីធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើទឹកដីអ៊ុយក្រែន ប៉ុន្តែទីក្រុងតេអេរ៉ង់បានបដិសេធចំពោះការចោទប្រកាន់នេះ។
ដោយឡែក ប្រទេសអ៊ុយក្រែនកំពុងប្រឈមមុខនឹងរដូវរងាដ៏លំបាក រីឯទីក្រុងម៉ូស្គូអាចនឹងងាកទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅពេលដែលខ្លួនបានចាញ់នៅក្នុងសមរភូមិ។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសន្យាថានឹងប្រឈមមុខដោះស្រាយបញ្ហាទាំងអស់នេះ។ នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ។
លោកបន្តថា៖ «ការឈ្លានពានរបស់រុស្ស៊ី ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវពិភពលោកមួយដែលផ្តាច់ការ និងចលាចល ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងទាំងអស់គ្នាចង់រស់នៅនោះទេ»៕
វីដេអូ៖