កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​ ២០ ​ខែវិច្ឆិកា ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ជប៉ុន​ លោក ​Minoru Terada ​បាន​លាលែង​ពី​តំណែង ដោយសារ​ការ​ជាប់ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ថវិកា។ ​ត្រឹម​រយៈ​ពេល​មិនទាន់​បាន ១​ ខែ​ផង​ លោក​បាន​ក្លាយជា​សមាជិក​គណៈ​រដ្ឋមន្ត្រីទី៣​ ហើយ​ដែល​បាន​ចាកចេ​ញពីតំណែង​មន្ត្រី​ជាន់ខ្ពស់​ជប៉ុន។​ ការណ៍នេះ​ បាន​ដាក់​សម្ពាធ​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​ការ​គាំទ្រ​នាយក​រដ្ឋមន្ត្រី​ ហ្វូមីអូ ​គីស៊ីដា​(Fumio Kishida)។​

តាម​រយៈ​ការ​វាយតម្លៃ​ចំនួន​អ្នកគាំទ្រ​លោក​នាយក​រដ្ឋមន្ត្រី​ គីស៊ីដា ​បាន​ធ្លាក់​ចុះ​​បន្ទាប់​ពី​ករណី​ធ្វើ​ឃាត​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ​ស៊ីនហ្សូ ​អាបេ ​(Shinzo Abe) ​កាល ពី​ខែ​កក្កដា​កន្លងទៅ​។​

ព្រឹត្តិការណ៍​នោះ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ទំនាក់ទំនង​ដ៏ស៊ី​ជម្រៅ​រវាង​អ្នកនយោបាយ​​មកពី​គណបក្ស​ប្រជាធិប​តេយ្យសេរី​​ដែល​កំពុង​កាន់​អំណាច ​និង​ព្រះវិហារ​បង្រួបបង្រួម ​(Unifcation ​Church) ​ដែលជា​ក្រុម​ចលនា​សាសនា​ថ្មីមួយ​។​

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ​Minoru​ Terada​ បាន​ស្នើ​សុំ​លាលែង​ពី​តំណែង​ទៅ​កាន់​លោក​ គីស៊ីដា​ បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រាយការណ៍ថា​ នាយក​រដ្ឋមន្ត្រី​រូបនេះ​កំពុងរៀប​ចំ​បណ្តេញ​លោក​ចេញ​ពី​​តួនាទីជា​រដ្ឋមន្ត្រី។ ​យ៉ាងណាក៏​ដោយការិយាល័យ​រដ្ឋបាល​របស់​លោក គីស៊ីដា​ មិនអាច​​ទាក់ទង​បាន​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​រាយការណ៍​ខាង​លើនោះ​ទេ។​​

លោក ​Terada ដែលត្រូវ​បាន​រិះគន់​ចំពោះ​រឿង​អាស្រូវ​មូលនិធិ​នៃ​ថវិកា​ជា​ច្រើន​បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ថា​ ក្រុម​របស់​គាត់​មួយបាន​បញ្ជូន​ឯកសារ​ផ្តល់​មូលនិធិ​ដែល​បាន​ចុះហត្ថលេខា​ដោយ​មនុស្ស​​ដែលបាន​ស្លាប់ទៅ​ហើយ។​ ដោយឡែក ​លោក គីស៊ីដា​ បាន​និយាយថា ​គាត់​បាន​ទទួលយក​ការលាលែង​ពី​តំណែង​​​របស់​លោក ​Terada ដើម្បី​ផ្តល់​អាទិភាព​ដល់​កិច្ចពិភាក្សា​របស់​សភា​ រួមមាន​ការ​ពិភាក្សា​លើ​ថវិកា​បន្ថែម​លើកទី​២ ​សម្រាប់​ឆ្នាំ​សារ​ពើពន្ធ​ដែល នឹង​បញ្ចប់​ក្នុង​ខែមីនា​​ខាង​មុខ។​

នៅពេល​ដែ​ល​អ្នក​សារ​ព័ត៌មាន​បាន​សួរ​អំពី​បញ្ហា​រដ្ឋម​ន្ត្រី ៣​ នាក់ ​ហើយដែ​​ល​បាន​​លាលែង​ពី​តំណែង​ផ្ទួនៗ​គ្នា​ចាប់តាំង​​ពី​ថ្ងៃ​ទី​ ២៤​ ខែតុលា​មក​ លោក​ គីស៊ីដា បាន​​ឆ្លើយ​ថា៖ «ខ្ញុំពិតជា​សុំទោស​មែនទែន​​ហើយ​ខ្ញុំមាន​អារម្មណ៍​ថា​ មានការ​ទទួល​ខុស​ត្រូវ​ដ៏​ធ្ងន់​មួយ»។​ លោក​ក៏​បានលើក​ឡើង​ផង​ដែរថា ​លោក​គ្រោង​នឹង​ប្រកាស​ឈ្មោះ​អ្នក​ស្នង​តំណែង​របស់​លោក ​Terada ជាផ្លូវ​ការ​នៅព្រឹក​ថ្ងៃចន្ទ។ ​យោង​តាម​ទូរទស្សន៍​NHK ​របស់​ជប៉ុន​បាន​រាយការណ៍​ថា ​លោក​ទំនងជា​នឹងតែង​​តាំង​លោក​Takeaki Matsumoto ដែល​ជា​អតីត​រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន​។​

ការ​ចាកចេញ​ពី​តំណែង​របស់លោក ​Terada អាចធ្វើ​ឱ្យ​នាយករដ្ឋ​មន្រ្ដី​កាន់តែ​ទន់​ខ្សោយ​នៅក្នុង​របៀប​ដឹកនាំ​។ បើពិនិត្យមើលទៅ​លើការ​ស្ទង់​មតិថ្មីៗនេះ​ចំនួននៃ​​ការ​គាំទ្រ​នៅ​ទាប​ជាង​ ៣០ ភាគរយ ​ដែល​ជា​កម្រិត​មួយ​អាច​ធ្វើឱ្យ​ពិបាក​ក្នុងការអនុ​វត្ត​របៀប​វារៈ​នយោបាយ​របស់​លោក​។​

បន្ទាប់​ពី​បាន​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ទៅ​រក​ជ័យជម្នះ​ ពី​ការ​បោះឆ្នោត​ប៉ុន្មាន​ថ្ងៃបន្ទាប់​ពី​លោកអាបេ​ត្រូវ​បាន​គេបាញ់​សម្លាប់​នៅលើផ្លូវ​នៃ​យុទ្ធនាការ​នោះ​ លោក​គីស៊ីដា​ត្រូវបាន​គេរំពឹងថា ​នឹង​បន្ត​កាន់​តំណែង​រយៈពេល​ ៣ ឆ្នាំ ដោយ​មិន​តម្រូវឱ្យ​មាន​ការ​បោះឆ្នោត​ជាតិ​នោះទេ ​រហូត​ដល់​ឆ្នាំ​ ២០២៥​។​

គួររំឭក​ផងដែរថា​ ឃាតករ​ដែល​បាន​បាញ់​សម្លាប់​លោក ​អាបេ ​ធ្លាប់​បាន​លើក​ឡើងថា​ ម្តាយ​របស់លោក​ត្រូវ​បាន​ក្ស័យធន​ដោយ​សារ​តែ​ក្រុមចលនា​សាសនា​នៃ​ព្រះ​វិហារ​បង្រួប​បង្រួម ​ហើយ​លោក​បាន​ស្តីបន្ទោស​លោក ​អាបេ ​ចំពោះ​ការ​ព្យាយាម​លើក​តម្កើង​វិហារ​មួយនេះ។​ យ៉ាងណាមិញ ​គណ​បក្ស​ប្រជាធិប​តេយ្យសេរី​បាន​ទទួល​ស្គាល់​ថា ​តំណាង​រាស្រ្ត​ជា​ច្រើន​រូប មាន​ទំនាក់ទំនង​នឹង​ក្រុម​ចលនា​មួយនេះ ​ប៉ុន្តែ​បាន​បន្ថែមថា ​មិន​មាន​​ទំនាក់ទំនង​ដោយផ្ទាល់​ជា​មួយ​ស្ថាប័ន​គណបក្ស​នោះទេ។​​

គួរ​រំលេច​ឡើង​ផង​ដែរថា​ អ្នកបោះ​ឆ្នោត​ភាគ​ច្រើន​ក៏មិន​បាន​គាំទ្រ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក គីស៊ីដា​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ​សព​លោក ​អាបេនៅ​​ឯ​ចុងខែ​កញ្ញា​នោះដែរ។​ ដោយ​ឡែកកាល​​ពី​ថ្ងៃទី ២៤ ​ខែតុលា ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច លោក ​Daishiro Yamagiwa ​បានលា​លែងពី​​តំណែង ​ដោយសារ​លោក​មាន​ទំនាក់ទំនង​ជា​មួយ​ក្រុម​សាសនានោះ​ ប៉ុន្តែ​លោក គីស៊ីដា ​នៅតែ​ទទួល​រង​ការ​រិះគន់​ចំពោះ​អ្វី​ដែល​អ្នក​បោះឆ្នោត​បាន​មើល​ឃើញថា​ជា​ការ​យឺតយ៉ាវ​ និងមាន​ភាព​ច្របូក​ច្របល់​ក្នុងការ​គ្រប់គ្រង​ស្ថានភាព​។​

ការ​ខាតបង់​ ១ ​ទៀតនោះ ​គឺ​បណ្ដាល​មកពី​ការ​លាលែង​ពី​តំណែង​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក ​Yasuhiro Hanashi កាលពី​ពាក់​កណ្តាល​ខែវិច្ឆិកា។ ​យ៉ាងណា​ក៏​ដោយ ​ការ​អត្ថា​ធិប្បាយ​របស់​លោក ​ដែលត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ការ​ទទួល​ខុស​ត្រូវចំពោះ​មុខងា​ររបស់​លោក ​ជាពិ​សេស​គឺការ​ចុះហត្ថ​លេខា​លើការ​សម្រេច​ក្ដី​កាត់ទោស​ប្រហារ​ជីវិត​ហើយការ​លាលែង​​ពី​តំណែង​របស់​លោក​ Hanashi និង​លោក Terada ទំនង​ជា​មាន​ការ​ឈឺចាប់​ជា​ខ្លាំង​ ដោយសារ​​តែ​ពួកគេ​ជា​សមាជិក​នៃ​បក្សពួក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ គីស៊ីដា ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ជប៉ុន​៕​