នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បាន​បដិសេធ ចំពោះ​ការ​លើកឡើង​ថា រដ្ឋា​ភិបាល​របស់​លោក​កំពុង​ស្វែង​រក​ឱកាស​ច្រានចោល​ការសម្រេច​ដកខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប (EU) ឬ​ហៅ​កាត់​ថា Brexit បើទោះ​បីជា​មាន​ការ​រិះគន់​កាន់តែ​ខ្លាំង​ឡើង​ពី​សាធារណជន​ប្រឆាំង​នឹង Brexit ក៏ដោយ។ លោក​បញ្ជាក់​បែបនេះ កាល​ពី​ថ្ងៃទី​ ២១ ខែ​វិច្ឆិកា។

នាយក​រដ្ឋមន្ត្រី​ដែល​តែងតែ​គាំទ្រ​ការចាក​ចេញ​ពី​សហភាព​អឺរ៉ុប​រូបនេះ បាន​ប្រាប់​បណ្ដា​អ្នកជំនួញ​ធុរកិច្ច​ថា ការរស់នៅ​ខាង​ក្រៅ​សហភាព​អឺរ៉ុប ទទួល​បាន​នូវ​អត្ថប្រយោជន៍ និង​ឱកាស​យ៉ាងច្រើន​រួចទៅ​ហើយ។ លោក​បានលើកឡើង​អំពី​យន្ដការ​ដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​ការ​ធ្វើ​អន្តោប្រវេសន៍ ដែលជា​ផែនការ​ដ៏​សំខាន់​នៃ​កិច្ចព្រមព្រៀង Brexit និង​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែ​ជិតស្និទ្ធ​ជាមួយ​បណ្ដា​ប្រទេស នៅ​អាស៊ី។ លោក​បាន​បន្ថែម​ថា​៖ «ខ្ញុំ​សុំ​និយាយ​ឱ្យបាន​ច្បាស់លាស់​អំពី​រឿងនេះ គឺថា​ក្រោម​ការដឹកនាំ​របស់ខ្ញុំ អង់គ្លេស​នឹងមិន​បន្ត​ទំនាក់ទំនង​ណាមួយ​ជាមួយ​អឺរ៉ុប ដែល​ពឹង​ផ្អែកលើ​ការអនុលោម​តាម​ច្បាប់​របស់​សហភាព​អឺរ៉ុប​ទៀត​នោះឡើយ»។

គួរ​រម្លឹក​ផងដែរ​ថា ប្រទេស​អង់គ្លេស​បាន​ដកខ្លួន​ចេញពី​សមាជិក​ភាព EU នៅ​ខែមករា ឆ្នាំ​ ២០២១ បន្ទាប់​ពី​ជម្លោះ​នយោបាយ​ជាច្រើន​ឆ្នាំ ចាប់តាំង​ពី​ការធ្វើ​ប្រជាមតិ​លើ​បញ្ហា Brexit នេះ ក្នុង​ឆ្នាំ​ ២០១៦ ដើម្បី​បំបែក​ខ្លួន​ចេញពី​សហគមន៍​អឺរ៉ុប​មួយ​នេះ។

ការចាកចេញ​របស់​អង់គ្លេស ជាការ​ដកខ្លួន​ចេញពី​គោលការណ៍​ទីផ្សារ​តែមួយ និង​ប្រព័ន្ធ​គយ​តែមួយ នៅ​អឺរ៉ុប។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សេរីភាព​ធ្វើដំណើរ​ចេញចូល​របស់​ពលរដ្ឋ​អង់គ្លេស​ទៅកាន់​រដ្ឋ​ជា​សមាជិក EU និង​យុត្តាធិការ​របស់​តុលាការ​អឺរ៉ុប​លើ​បញ្ហា ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​អង់គ្លេស​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ។ យ៉ាងណា​ក៏ដោយ កិច្ចព្រមព្រៀង រវាង​ទីក្រុង​ឡុង​ដ៍​និង​ទីក្រុង​ព្រុចសែល បាន​រក្សា​ការដោះដូរ​ពាណិជ្ជ​កម្ម​ជាមួយ​រដ្ឋ​សមាជិក​ទាំង ២៧​ប្រទេស ដោយ​មិន​គិត​ពន្ធ​ឱ្យ​នៅ​ដដែល។

ការអត្ថាធិប្បាយ​របស់​លោក ស៊ូណាក់ ដែល​បាន​ធ្វើឡើង​តាមរយៈ​របាយការណ៍របស់​កាសែត Sunday Times បាន​ឱ្យដឹង​ថា ឥស្សរជន​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​គ្រោង​នឹង​ដឹកនាំ​ប្រទេស​អង់គ្លេស​ឆ្ពោះទៅរក​គន្លង​ផ្លូវ ដែល​ដូចគ្នា​ទៅនឹង​ទំនាក់ទំនង​រវាង​ប្រទេស​ស្វ៊ីស​ជាមួយ EU។

គួរ​បញ្ជាក់ថា ប្រទេស​ស្វ៊ីស មាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​សហគមន៍​អ៊ឺរ៉ុប តាមរយៈ​កិច្ច​ព្រមព្រៀង​ទ្វេភាគី ដែល​អនុញ្ញាត​ឱ្យចូល​ទៅកាន់​ទីផ្សារ​តែមួយ និង​ការធ្វើដំណើរ​ចេញចូល ដោយ​សេរី ដោយ​គ្រាន់​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ស្វ៊ីស​ធ្វើ​ការ​ចាយប្រាក់​ចូលទៅ​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​កាន់តែ​ច្រើន។

យោងតាម​របាយការណ៍​ និង​ការ​អត្ថាធិប្បាយ កាលពី​សប្តាហ៍​មុន រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​លោក Jeremy Hunt បាន​ឱ្យដឹង​ថា លោក​មាន​គម្រោង​ចង់​ដកចេញ​នូវ​របាំង​ពាណិជ្ជកម្ម រវាង​អង់គ្លេស និង EU ឱ្យ​បាន​កាន់តែច្រើន។ យ៉ាងណា​ក៏ដោយ លោក Jeremy Hunt គឺ​ជា​មន្ត្រីជាន់ខ្ពស់​អង់គ្លេស​មួយរូប ដែល​តែងតែបាន​បោះឆ្នោត​គាំទ្រ​ឱ្យ​បន្ត នៅក្នុង​សមាជិក​ភាព​សហភាព​អឺរ៉ុប​កន្លងមក។

ទន្ទឹម​នឹងនេះ អតីត​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​មួយរូប ក្នុង​គណបក្ស​អភិរក្ស​និយម​លោក Lain Duncan Smith បាន​ប្រាប់​កាសែត The Sun ថា​៖ «រដ្ឋា​ភិបាល​ត្រូវតែ​ផ្តោត​សំខាន់​លើ​អ្វី ដែល​ខ្លួន​ត្រូវធ្វើ​ជាជាង​ការព្យាយាម​បើក​ការជជែក​ពិភាក្សាគ្នា​ឡើង​វិញ​អំពី​បញ្ហា​អឺរ៉ុប​នេះ»។

ការ​ប្រតិកម្ម​ដ៏​ខ្លាំងក្លា​នេះ បាន​ធ្វើឱ្យ​មានការ​នឹក​រឭក​ដល់​ភាព​ចម្រូងចម្រាស​គ្នា​ក្រោយ​ការ​បោះឆ្នោត​ប្រជាមតិ​ស្ដីពី​ការ​ដកខ្លួន​ចេញពី​សហភាព​អ៊ឺរ៉ុប​របស់​អង់គ្លេស។

អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក​បូរី​ស ច​ន​សុន (Boris Johnson)ដែលជា​អ្នកគាំទ្រ​ផែនការ​ចង់បាន​អង់គ្លេស​ឱ្យ​ដូច​ទៅនឹង​ប្រទេស​ស្វ៊ី​ស​របស់​លោកស្រី ថឺ​រី​សា ម៉េ(Theresa May)ដែលជា​អ្នក​កាន់តំណែង​មុន​របស់លោក បានសម្រេច​បាន​នូវ​គម្រោងការ និង​ចក្ខុវិស័យ​របស់លោក​ជុំវិញ​បញ្ហា​Brexit យ៉ាង​ជោគជ័យ។

គួរ​រមឹ្ល​កថា កាលពី​ឆ្នាំ ២០១៩ លោក​បានឈ្នះ​ការបោះឆ្នោត​ភ្លូកទឹកភ្លូកដី ហើយ​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី បន្ទាប់ មក​លោក​បា​នស​ន្យា​ថា​នឹងធ្វើ​ឱ្យ​រឿង​ Brexit សម្រេចបាន​ជោគជ័យ ខណៈដែល​ខ្លួន​កំពុងមាន​រឿងក្ដី​លែងលះគ្នា​ជាមួយ​ប្រពន្ធ​ក្នុង​ឆ្នាំ​ដដែល​នោះ។ យ៉ាងណាក៏ដោយ​បី​ឆ្នាំក្រោយ​មកទៀត​អង់គ្លេស​បាន​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ចំណែកឯ​ការរិះគន់​លើ​កិច្ចព្រមព្រៀង​របស់លោក ច​ន​សុន និង​គម្រោង​ Brexit ទាំងមូល​កំពុង​មានកា​រ​កើនឡើង​កាន់តែខ្លាំង។

ខណៈដែល​អតិផរណា​បាន​បន្ត​កើនឡើង​ខ្ពស់​ជាច្រើន​ទស្សវត្ស​ស្របពេល​ដែល​ការព្យាករណ៍​បង្ហាញថា​សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ​មិន​ធ្លាប់មាន​ពីមុន ការស្ទង់មតិ​ថ្មី​មួយ​ក៏បាន​ធ្វើឡើង​នៅលើ​គេហទំព័រ YouGov កាលពី​សប្តាហ៍​មុន។ ជា​លទ្ធផល ៥៦% នៃ​ចំនួន​អ្នក​ស្ទង់​មតិ បាន​គិតថា​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​គឺជា​រឿង​មិន​ត្រឹមត្រូវ​នោះទេ។ យ៉ាងណាក៏ដោយ ប្រមាណ​ជា ៣២% នៅតែ​បន្ត​គាំទ្រ​ការចាកចេញ​ពី​សហភាព​អ៊ឺរ៉ុប។

ការិយាល័យ​ឃ្លាំមើល​ថវិកា (OBR) បាន​វាយតម្លៃថា​ការចាកចេញ​ពី​សហភាព​អ៊ឺរ៉ុប​បានផ្ដល់​ផលប៉ះពាល់​អវិជ្ជមាន​យ៉ាងខ្លាំង​លើ​ការធ្វើ​ពាណិជ្ជកម្ម​អង់គ្លេស។ ការលើកឡើង​នេះ​ក៏​ទទួលបាន​ការគាំទ្រ​ដោយ​ធនាគារ​អង់គ្លេស​ផងដែរ។ការិយាល័យ​ឃ្លាំមើល​ថវិកា​មួយ​នេះ​ក៏បាន​ធ្វើការ​ស្តីបន្ទោស​ជុំវិញ​បញ្ហា Brexitដែល​បាន​បណ្ដាលឱ្យមាន​ការកាត់បន្ថយ​ទំហំ​ពាណិជ្ជកម្ម​ជារួម​និង​ការធ្វើឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អ៊ឺរ៉ុប។

ព័ត៌មាន​សេដ្ឋកិច្ច​បាន​ចុះផ្សាយ​ពាសពេញ​ទីក្រុង​ឡុង​ដ៍ អំពី​ការបាត់បង់​តម្លៃ​ទីផ្សារ​ភាគហ៊ុន​អង់គ្លេស​នៅ​ទ្វីបអឺរ៉ុប ដែលជា​ទីផ្សារ​ភាគហ៊ុន​ដ៏​ធំ​បំផុត​មួយ។ដោយឡែក ក្រុម​មេដឹកនាំ​ដែល​គាំទ្រ Brexit បាន​សន្យាថា​ នឹង​ខិតខំ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជុំវិញ​ពិភពលោក​រួមទាំង​ជាមួយនឹង​សហរដ្ឋអាមេរិក​ដែលមាន​ទីផ្សារ​ធំ​ទូលាយ អាច​នឹង​រកប្រាក់​ចំណេញ​បាន​ច្រើន។ប៉ុន្តែ​កិច្ចព្រមព្រៀង​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ទំនងជា​មិនអាច​ធ្វើឡើងឆាប់ៗនាពេលខាងមុខ​នោះទេ។

លោកនាយក​រដ្ឋមន្ត្រី ស៊ូ​ណាក់​ បាន​នឹង​កំពុង​ខ្នះខ្នែង​បង្កើត​កិច្ចព្រមព្រៀង​រវាង​អង់គ្លេស​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត​ប៉ុន្តែ​ក៏ត្រូវ​បាន​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សាធារណៈជន​ផងដែរ។កាលពី​សប្តាហ៍​មុន អតីតរដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក​ George Eustice បាន​លើកឡើងថា ​កិច្ចព្រមព្រៀង​ដែល​លោក​បាន​ជួយ​សម្របសម្រួល​ជាមួយ​អូស្ត្រាលី​កាលពី​ជិត​មួយឆ្នាំ​មុន​គឺ​មិនមែនជា​កិច្ចព្រមព្រៀង​ដ៏​ល្អ​សម្រាប់​អង់គ្លេស​នោះទេ។លោក​បាន​ប្រាប់​សមាជិកសភា​ក្នុង​សភា​អង់គ្លេស​ដោយ​លើកឡើង​ពី​សេរីភាវូបនីយកម្ម​ទីផ្សារ​សាច់គោ​និង​សាច់​ចៀម​ថា «ជារួម​ការពិត​នៃ​បញ្ហា​នេះ​គឺថា​អង់គ្លេស​បានផ្តល់​ឱ្យ​ច្រើនពេក ប៉ុន្តែ​ទទួលបាន​មកវិញ​តិចតួច​ប៉ុណ្ណោះ»។

រីឯ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​វិញ​ គណៈកម្មការ​អឺរ៉ុប​បាន​ថ្លែងថា «ទំនាក់ទំនង​របស់​យើង​ជាមួយ​អង់គ្លេស​គឺ​ផ្អែកលើ​កិច្ចព្រមព្រៀង​ស្ដីពី​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អ៊ឺរ៉ុប​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​និង​កិច្ចសហប្រតិបត្តិការ»។ យោងតាម​អ្នកនាំពាក្យ​គណៈកម្មការ​អឺរ៉ុប បានឱ្យដឹងថា កិច្ចព្រមព្រៀង​បណ្ដោះអាសន្ន​ពាក់ព័ន្ធ​នឹង​ម្ហូបអាហារ​និង​ផលិតផល​កសិកម្ម​ គឺជា​កិច្ចព្រមព្រៀង​ឬ​ការផ្តល់ជូន​ដោយ​យក​គំរូ​តាម​ប្រទេស​ស្វ៊ី​ស៕

វីដេអូ​៖