បណ្តាប្រទេសនៅអាហ្វ្រិកខាងលិច បានជួបជាមួយក្រុមមេដឹកនាំអឺរ៉ុបកាលពីថ្ងៃអង្គារ ដើម្បីការពិភាក្សាអំពីមធ្យោ បាយក្នុងស្រុកដើម្បីទប់ស្កាត់ជម្លោះជីហាដនៅតំបន់សាហែល ពីការគំរាមកំហែងដល់ ប្រទេសជាច្រើននៅឈូងសមុទ្រហ្គីណេ ប៉ុន្តែការជួបជុំគ្នាបានបញ្ចប់ដោយគ្មានសេចក្តីប្រកាសសំខាន់។
ប្រទេសឈូងសមុទ្រមានដូចជាប្រទេសហ្គាណា បេនីន តូហ្គោ និង កូតឌីវ័រ ប្រឈមនឹងការគំរាមកំហែងដែលកំពុងកើនឡើង និងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធអ៊ិស្លាមនិយមឆ្លងព្រំដែនភាគខាងជើងរបស់ពួកគេជាមួយនឹងប្រទេសបួគីណាហ្វាសូ និងនីហ្សេ។
ជំនួបនៅក្នុងរដ្ឋធានីអាក្រានៃប្រទេសហ្គាណា ក៏កើតមានឡើងផងដែរ ខណៈដែលប្រទេសលោកខាងលិចកាន់តែច្រើន បានដកកងរក្សាសន្តិភាពចេញពីប្រទេសម៉ាលី បន្ទាប់ពីរបបយោធារបស់ខ្លួន បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី។
ប្រធានាធិបតីហ្គាណា លោក Nana Akufo-Addo បាននិយាយថា សន្តិសុខនៅតំបន់សាហែល កាន់តែអាក្រក់ទៅៗ គឺគំរាមកំហែងហ៊ុមព័ទ្ធតំបន់អាហ្វ្រិកខាងលិចទាំងមូល។
លោកបាននិយាយថា៖«ក្រុមភេរវករដែលជំរុញដោយជោគជ័យជាក់ស្តែងរបស់ពួកគេនៅក្នុងតំបន់ កំពុងស្វែង រកមូលដ្ឋានប្រតិបត្តិការថ្មី ដែលជាការវិវឌ្ឍមួយដែលបានបង្កឱ្យមានការគំរាមកំហែងឆ្ពោះទៅភាគខាងត្បូង»។
ក្រោមអ្វីដែលហៅថា គំនិតផ្តួចផ្តើមទីក្រុងអាក្រា ប្រមុខរដ្ឋនៃឈូងសមុទ្រហ្គីណេ និងមេដឹកនាំមកពីប្រទេសនីហ្សេ និងបួគីណាហ្វាសូ បានជួបជាមួយក្រុមអ្នកតំណាងមកពីប្លុកអាហ្វ្រិកខាងលិច ECOWAS សហភាពអឺរ៉ុប អង់គ្លេសនិងបារាំង នៅក្នុងប្រទេសហ្គីណេ។
លោក បានអំពាវនាវឱ្យមានគំនិតផ្តួចផ្តើមក្នុងស្រុក ដើម្បីឆ្លើយតបនឹងការគំរាមកំហែង និងវិធីសាស្ត្រទូលំទូលាយដែលទាក់ទិននឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីកម្ចាត់ឫសគល់នៃក្រុមជីហាដនិយម។
«យើងនៅតែរឹងមាំក្នុងការប្តេជ្ញាទទួលយកមួយចំណែកធំនៃការទទួលខុសត្រូវនេះ»។
នៅពេលសន្និសីទនោះចប់ មេដឹកនាំអាហ្វ្រិកខាងលិចទាំងអស់ មិនបានចេញសេចក្តីប្រកាសអ្វីជាដំកំភួននោះទេ។ នេះបើយើងតាមសេចក្តីថ្លែងការណ៍ដែលសារព័ត៌មាន AFP បានឃើញ។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានកត់សម្គាល់ការប្តេជ្ញារបស់ដៃគូទាំងអស់ក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមនេះហើយបានផ្តល់អនុសាសន៍ថា វិធានការជាក់ស្តែង ជាពិសេសទាក់ទងនឹងការផ្តល់មូលនិធិ គួរតែត្រូវបានចាត់ឡើង ដើម្បីគាំទ្រដល់បណ្តាប្រទេស ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីអំពើភេរវកម្ម៕