ការ​បោះឆ្នោត​ថ្នាក់ក្រោម​ជាតិ នៅ​តៃវ៉ាន់ នឹង​ប្រព្រឹត្ត​ទៅ នា​ថ្ងៃ​ទី​ ២៦ ខែ​វិច្ឆិកា ឆ្នាំ​ ២០២២ ខាងមុខ​នេះ។ អំឡុងពេល​នៃ​ការ​ឃោសនា គេ​សង្កេត​ឃើញ​ថា គណបក្ស​ប្រជាជន​តៃវ៉ាន់ (Taiwan People’s Party) កំពុង​មាន​ឈ្មោះ​បោះ​សំឡេង និង​ជា​គូប្រជែង​ដ៏​ខ្លាំង​មួយ។ ដោយ​បង្កើត​ឡើង កាល​ពី​ឆ្នាំ​ ២០១៩ គណបក្ស​នេះ​បាន​ក្លាយជា​គូប្រជែង​ដ៏​មាន​ឥទ្ធិពល​ទី​៣ នៅ​ក្នុង​បរិបទ​នយោបាយ​តៃវ៉ាន់។

គណបក្ស​ប្រជាជន​តៃវ៉ាន់ (TPP) ត្រូវបាន​គេ​កោត​សរសើរ​ថា ជា​កម្លាំង​នយោបាយ​ធំ​ទី​៣ បន្ទាប់​ពី​គណបក្ស​គួមីន តាង (KMT) និង​គណបក្សប្រជាធិប​តេយ្យ​ជឿនលឿន (DPP)​។ គួរ​កត់​សម្គាល់ថា គណបក្ស​នេះ​មិន​បានធ្វើ​យុទ្ធនាការ ដោយ​លើកយក​បញ្ហា​ឯករាជ្យ​របស់​តៃវ៉ាន់ ដូច​ទៅនឹង​គណបក្ស​ប្រជាធិប​តេយ្យ​ជឿនលឿន (DPP) ដែល​កំពុង​កាន់​អំណាច ហើយក៏​មិនបាន​លើកឡើង​អំពី​ការ​បង្រួបបង្រួម​ជាមួយ​ចិន​ដូច​ទៅនឹង​គណបក្ស​ប្រឆាំង​គួមីនតាង (KMT) នោះ​ដែរ។

គួរ​រំឭក​ផងដែរ​ថា គណបក្ស​ថ្មី​នេះ ត្រូវបាន​បង្កើតឡើង ដោយ​អភិបាលក្រុង​តៃប៉ិ​លោក កូ វ៉ឹន ចឺ (Ko Wen-je) កាលពី​ឆ្នាំ​ ២០១៩ ដោយ​មាន​គោល​បំណង​ជា​ជម្រើស​មួយ សម្រាប់​ពលរដ្ឋ​តៃវ៉ាន់ ដែលជា​ក្រុម​បៃតង ដឹកនាំ ដោយ​គណបក្ស​ប្រជាធិប​តេយ្យ​ជឿនលឿន និង​ក្រុម​ខៀវ ដឹកនាំ​ដោយ​គណបក្ស​ប្រឆាំង​គួមីនតាង។ យ៉ាងណាក៏​ដោយ​បើទោះបីជា​ការកើនឡើង​ប្រជាប្រិយ​ភាពខ្លាំង​ក៏ដោយ ក៏​នៅតែ​ត្រូវ​ប្រឈម​មុខ​ជាមួយ​នឹង​ឧបសគ្គ និង​ដំណើរ​ដ៏​វែងឆ្ងាយ​ទៅ​ខាងមុខ​បន្ត​ទៀត។

ក្រុមអ្នកវិភាគ​បានលើកឡើង​ថា គណបក្ស​ប្រជាជន​តៃវ៉ាន់ ជា​កម្លាំង​ទី​៣ ដែល​កំពុងមាន​ប្រជាប្រិយ​ភាពខ្លាំង ជាពិសេស​ក្នុងចំណោម​ពលរដ្ឋ​តៃវ៉ាន់​វ័យក្មេង ប៉ុន្តែ​មិនទាន់មាន​ការគាំទ្រ​ពី​ពលរដ្ឋ​តៃវ៉ាន់​វ័យ​ចំណាស់​ច្រើន​នៅឡើយ​ទេ។ សាស្ត្រាចារ្យ​សាកល​វិទ្យាល័យ​ជាតិ​តៃវ៉ាន់ Normal (National Taiwan Normal University) លោក ឈូ ឆាវ ហ្ស៊ាង (Chu Chao-Hsiang) បាន​មាន​ប្រសាសន៍​ថា​៖ «ពួកគេ​ត្រូវតែ​សហការ​គ្នា​ជាមួយ​គណបក្ស​ផ្សេង ដើម្បី​ក្លាយ​ជា​កម្លាំង​ពិតប្រាកដ​ខ្លាំងក្លា​មួយ និង​ដើម្បី​មានឱកាស​ប្រកួតប្រជែង​ជាមួយ DPP»។ សាស្ត្រាចារ្យ​រូបនេះ​បន្ត​ថា៖ «បច្ចុប្បន្ន​នេះ ការរួម​សហការគ្នា រវាង KMT និង TPP ទើប​តែ​ចាប់ផ្តើម​ដូច្នេះ យើង​ត្រូវ​រង់ចាំ​មើល​ថា តើ​វា​នឹង​វិវឌ្ឍ​ទៅ​ជា​យ៉ាងណា ក្នុង​រយៈពេល ២​ ឆ្នាំ​ខាងមុខ​នេះ»។

ក្រុមអ្នកវិភាគ​បានលើក​ឡើង​ថា ប្រជាជន​តៃវ៉ាន់​ជាច្រើន​បាន​ធុញទ្រាន់​នឹង​ជម្លោះ​នយោបាយ​ឥត​ឈប់ឈរ រវាង DPP និង KMT។ ពលរដ្ឋ​ហាក់​មាន​អារម្មណ៍​ថា ភាគី​ទាំង ​២ គួរតែ​លះបង់​ពេលវេលា ក្នុង​ការខិតខំ​ប្រឹងប្រែង​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជំនួស​វិញ ជារឿយៗ គេ​សង្កេតឃើញ​ថា កោះ​មួយ​នេះ​តែងតែបាន​ជាប់គាំង ក្នុង​ជម្លោះ​វាង​មហាអំណាច​សហរដ្ឋ​អាមេរិក និង​មហាអំណាច​ចិន ដូច្នេះហើយ​ការជួយ​ជំរុញ​ឱ្យ​កោះ​មួយ​នេះ អាចមាន​ផ្លូវ​ដើរ​ថ្មី​អាចជា​មូលហេតុ​នៃ​ការ​លេចឡើង​នូវ TPP។

សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ជាតិ​តៃវ៉ាន់ (National Taiwan University) លោក ​ផឹង ជីង ផឹង (Peng Jing-peng) បាន​ថ្លែង​ថា៖ «គណបក្ស​ប្រជាជន​តៃវ៉ាន់​មាន​ភាពច្បាស់លាស់ និង​មាន​វិជ្ជាជីវៈ ដោយ​មិន​ពឹង​ផ្អែក​លើ​គោល​នយោបាយ​ប្រកាស​ឯករាជ្យ ឬ​ការបង្រួប​បង្រួម​ជាមួយ​ចិន​ឡើងវិញ​នោះទេ។ ប្រជាជន​ហាក់​មានការ​គាំទ្រ​គណបក្ស​នយោបាយ ដែលមាន​គោលជំហរ​ថ្មី​នេះ។ ឥឡូវនេះ​យើង​មើលឃើញ​ថា អ្នកបោះឆ្នោត​មាន​ក្តីសង្ឃឹម​ខ្ពស់ ជាពិសេស​នៅ​ទីក្រុង​តៃប៉ិ (Taipei) និង​ទីក្រុង​ស៊ីនឈូ (Hsinchu)»។

គណបក្ស​ប្រជាជន​តៃវ៉ាន់ កំពុង​គាំទ្រ​បេក្ខភាព​លេចធ្លោ​មួយចំនួន នៅក្នុង​ការបោះឆ្នោត​ថ្នាក់ក្រោម​ជាតិ ដែល​ពលរដ្ឋ​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង និង​អង្គចៅក្រម​ប្រចាំ​ស្រុក​របស់​ពួកគេ នៅ​ថ្ងៃទី​ ២៦ ខែវិច្ឆិកា ខាងមុខនេះ។ ក្នុង​នោះ បេក្ខភាព​អភិបាលក្រុង​តៃប៉ិ​អ្នកស្រី វីវែន ហួង (Vivian Huang) គឺជា​គូប្រជែង​ដ៏​ខ្លាំង​ម្នាក់ ដែល​គាំទ្រ​ដោយ​គណបក្ស​ប្រជាជន​តៃវ៉ាន់។

និវត្តន៍​ជន លោក សួយ យុន ហ្វី(Sui Yun-fei) ដែល​ពីមុន លោក​តែងតែ​គាំទ្រ KMT ឥឡូវនេះ​កំពុង​ប្រកាស​គាំទ្រ​អ្នកស្រី ហួង ដែល​ធ្លាប់ជា​អភិបាលរង​ក្រុង​តៃប៉ិ ក្នុងការ​ឈរឈ្មោះ​ជា​បេក្ខជន​អភិបាលក្រុង​តៃប៉ិ នាពេល​ខាងមុខនេះ។

បុរស​វ័យ ៦៦​ឆ្នាំ​រូបនេះ បាន​លើកឡើង​ថា គាត់​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អតីត​អភិបាលរងក្រុង​តៃប៉ិ​រូបនេះ ដែល​បាន​ជួយ​ធ្វើ​ការកែលម្អ​ទីក្រុង ជាពិសេស​ក្នុង​សង្កាត់ ដែល​គាត់​រស់នៅ​អស់​រយៈពេល ៥៥​ឆ្នាំ​មកនេះ។ លោក​បាន​បន្ត​ថា​៖ «ខ្ញុំ​គិត​ថា ការបោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង​យើង​គួរ​បោះឆ្នោត​ឱ្យ​អ្នកណា ដែល​អាចធ្វើ​ការ​បាន។ ដូច្នេះ​យើង​គួរ​ទុក​និន្នាការ​គាំទ្រ​បក្ស​គួមីនតាង ឬក៏​បក្ស​ប្រជាធិប​តេយ្យ​ជឿនលឿន មួយ​ឡែក​សិន។ ខ្ញុំ​ជា​អ្នកបោះឆ្នោត​ដោយ​អព្យាក្រឹត ជ្រើសរើស​អ្នក​ដែល​មាន​ប្រាជ្ញា​ឈ្លាសវៃ ឧស្សាហ៍​ព្យាយាម និង​ខិតខំ​ប្រឹងប្រែង​ធ្វើការ ហើយ​នោះ គឺជា​អ្នកស្រី វីវែន ហួង»។

ដោយឡែក​អភិបាល​ក្រុង​តៃប៉ិ​លោក ​កូ វ៉ឹន ចឺ ដែលជា​ប្រធាន​គណបក្ស​ប្រជាជន​តៃវ៉ាន់ ក៏មាន​បំណង​ឈរឈ្មោះ​ជា​ប្រធានា​ធិបតី នៅ​ឆ្នាំ​ ២០២៤ ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាធិប​តេយ្យ​ជឿនលឿន ដែល​កំពុង​កាន់អំណាច​ផងដែរ។ លោក​បាន​លើកឡើង​ថា ភារកិច្ច​សំខាន់​បំផុត សម្រាប់​លោក​គឺ​ការបង្កើត​វប្បធម៌​នយោបាយ​ថ្មី​មួយ។ គួរ​ដឹង​ដែរ​ថា លោក​គឺជា​អ្នក​នយោបាយ​ដំបូង​គេ ដែល​បានប្រកាស​ជា​សាធារណៈ​ថា លោក​នឹងចូលរួម​ប្រជែង​បេក្ខភាព​ប្រធានាធិបតី​នៅ ២​​ ឆ្នាំ​ខាងមុខ។

យ៉ាងណាក៏ដោយ ក្រុម​អ្នកវិភាគ​បាន​កត់​សម្គាល់​ថា ទោះបីជា​មានការ​កើនឡើង​ប្រជាប្រិយភាព​នៃ​គណបក្ស​ប្រជាជន​តៃវ៉ាន់​ក៏ដោយ ក៏​វា​ហាក់បី​ដូចជា​លឿន​ពេក ក្នុងការ​ចាត់ទុក​លោក​ជា​បេក្ខភាព​ប្រធានាធិបតី​ដ៏​រឹងមាំ​ម្នាក់។ អ្នកជំនាញ​បាន​បញ្ជាក់ថា ការ​បោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​នេះ នឹង​ក្លាយជា​ការសាកល្បង​មួយ សម្រាប់​ប្រជា ប្រិយភាព​របស់លោក ​កូ វ៉ឹន ចឺ ក៏​ដូចជា​គណបក្ស​របស់លោក​ផ្ទាល់។ ប្រសិនបើ​លទ្ធផល​ល្អ​ជាង​ការ​រំពឹងទុក​នោះ នឹង​អាច​ត្រួស​ត្រាយផ្លូវ សម្រាប់​ការ​ប្រកួត​ប្រជែង​តំ​ណែង​ប្រធានា​ធិបតី នៅ​ឆ្នាំ ២០២៤។

លោក​សាស្ត្រាចារ្យ ឈូ ឆាវ ហ្ស៊ាង បាន​ថ្លែង​បញ្ជាក់​ថា៖​«លោក កូ វ៉ឹន ចឺ ធ្លាប់​ហៅ​ខ្លួនឯង​ថា ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាធិប​តេយ្យ​ជឿនលឿន ដូច្នេះហើយ អាច​នឹងមាន​ការពិបាក សម្រាប់​គាត់​ក្នុងការ​សហការ​ជាមួយ​គណបក្ស​គួមីនតាង​ដែល​ជា​គូ​ប្រជែង»៕

វីដេអូ​៖